មិត្ត​របស់​ប្រាសាទព្រះវិហារ បេតិកភណ្ឌ​ពិភពលោក​


ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ

ភ្នំពេញ: គណៈកម្មាធិការ មិត្តរបស់ប្រាសាទព្រះវិហារ (បេតិកភណ្ឌពិភពលោក) ជាអ្នករៀបចំវេទិកា“សន្និសីទ និង ពិព័រណ៍មិត្ត របស់ ប្រាសាទព្រះវិហារ” សូមគោរពជម្រាបជូន សាធារណជន ជាតិ និង អន្តរជាតិ ទាំងអស់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅឯ នាយសមុទ្រ ស្តីពីៈ “សន្និសីទ និង ពិព័រណ៍មិត្ត របស់ ប្រាសាទព្រះវិហារ” ដែលនឹងប្រារព្ធធ្វើឡើង នៅ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ចំនួន ៣ថ្ងៃ (១៤-១៥-១៦ ខែកក្កដា ឆ្នាំ២០១២) វេលាម៉ោង ៩ និង ៣០ នាទី ដល់ម៉ោង ១៥ ល្ងាច។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា “សន្និសីទ និង ពិព័រណ៍មិត្ត របស់ ប្រាសាទព្រះវិហារ” គឺមានបំណង ទទួលបាន ការចូលរួមពី គ្រប់មជ្ឈដ្ឋាន ប្រជាពលរដ្ឋ និងអន្តរជាតិ៖

១-ក្នុងទិសដៅ:

  • ពង្រឹងនិងពង្រីកនៃការយល់ដឹងជាសាធារណៈ ផ្តល់ពី គ្រប់មជ្ឈដ្ឋាន។
  • រួមគ្នាការពារអភិរក្ស អភិវឌ្ឍន៍ ប្រកបដោយចីរភាព និងប្រសិទ្ធភាព។

២- សាធារណជនអាចចូលរួមដោយឥតគិតថ្លៃនៅនឹងកន្លែង ដូចអាសយដ្ឋានដែលបានជម្រាបជូនខាងលើ។ សាធារណជនដែលមានរូបថត ឯកសារ សោតទស្សន៍ កំណាព្យ ចម្រៀង ឬសម្ភារៈអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ អាចដាក់តាំងនៅក្នុងពិធីនេះ តាមរយៈការសម្របសម្រួលដោយគណៈកម្មាធិការយើងខ្ញុំ។

៣-សាធារណជនក៏អាចចូលរួមជាប្រយោលក្នុងការដាក់តាំងរាល់រូបភាព ឬ ឯកសារដទៃទៀត ដែលជាបំណង របស់ឯកជននីមួយៗ ផ្ទាល់ក្នុងWebsite,Facebook, Social Media, Social Network ផ្ទាល់របស់ខ្លួនដោយគ្រាន់តែផ្ញើអាសយដ្ឋាន(Address) របស់ខ្លួន និង ជូនដល់ គណៈកម្មាធិការ ដើម្បីសម្រួលដល់សាធារណជន អាចចូលរួមទទួលព័ត៌មាននេះបានដោយសេរី ពីអាសយដ្ឋាន របស់អស់លោក។

សូមជម្រាបថា ពេលវេលាពិព័រណ៍រូបភាពជាផ្លូវការនេះ គឺចាប់ផ្តើមនៅថ្ងៃទី១៤-១៥-១៦ ខែកក្កដា ឆ្នាំ២០១២។ ហើយកម្មវិធី នេះគឺមានបំណង មិនបង្កើតឲ្យមានភាពញុះញង់ ឬអរិភាពជាមួយបុគ្គល ក្រុម ឬអង្គការណាមួយឡើយ។
គណៈកម្មាធិការ សូមរក្សាសិទ្ធិគ្រប់បែបយ៉ាង ដើម្បីធានានូវបំណងដ៏មានសារសំខាន់ខាងលើនេះ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង: ០១១ ៩១៩ ០៤៤, ០១២ ៤៤៤ ៩៧៦, ០១២ ៩០៨ ៨៤០, ០២៣ ២១៣ ០៧៤។ E-mail: friendofpreahviheartemple@gmail.com, fpt.whs@gmail.com។

ជាការកត់សម្គាល់ ការតាំងពិព័រណ៍នោះ ធ្វើឡើងក៏ដើម្បីសាទរដល់ខួបលើកទី៤ នៃការចុះឈ្មោះប្រាសាទព្រះវិហារ ជា សម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៕ S

ប្រភពឯកសារ៖ ខេមបូឌាអេចបេ្រសញូស៍មិត្តរបស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក