អប្សរា

អប្សរាម្នាក់ (ភាសាសំស្ក្រឹត: अप्सरा: apsarāḥ អប្សរាះ, ពហុវចនៈ अप्सरस: apsarasaḥ អប្សរសះ ឬភាសាបាលី: Accharā អច្ឆរា) ជា​ព្រលឹង​ ដួង​វិញ្ញាណ​ស្ត្រី នៃ​ពពក និង​ទឹក ក្នុង​ជំនឿ​ហិណ្ឌូ និង ពុទ្ធសាសនា។

អប្សរា​ជា​ភាវៈ​អរូបី ពួក​គេ​លេច​ចេញ​មក​ជា​ស្ត្រី​ក្មេង​ មាន​រូបសំរស់​ស្អាត ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​របាំ។ ពួក​គេ​ជា​ភរិយា​របស់ពួក គំធវ៌ ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រះ​ឥន្ទ្រ។ ពួក​អប្សរារាំ​តាម​ភ្លេង​ដែល​លេង​ដោយ​ប្តី​របស់​ពួក​គេ ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​រាជវាំង​របស់​ព្រះ​អាទិទេព ដើម្បី​បន្ធូរ​អារម្មណ៍​របស់​ព្រះ​អាទិទេព​និង​ពួក​វីរបុរស​ដែលបាត់​បង់​ កេរ្តិ៍​ឈ្មោះ។ អប្សរា​ត្រូវ​បាន​គេ​និយាយ​ថា អាច​ប្រែកាយ​បាន ហើយ​ជា​អ្នក​កំនត់​សំនាង​នៅ​ក្នុង​ល្បែង​ស៊ីសង។ ឧរ្វសី,មេនការម្ភា និង តិលោត្តម ជា​អ្នក​ល្បី​ល្បាញ​បំផុត ​ក្នុង​ចំនោម​ពួក​គេ។ អប្សរា​ម្នាក់​ៗ​នៃ​អប្សរា​ទាំង​២៦​នាក់​ ក្នុង​រាជវាំង​របស់​ព្រះ​ឥន្ទ្រ តំនាង​អោយ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ការ​សំដែង​សិល្បៈ។ អប្សរា​ជាប់​ទាក់​ទង​នឹង​ទឹក និង​នឹង​ពិធី​បួង​សួង​សុំ​កូន​រឺ​សមត្ថភាព​ផ្លូវ​ភេទ។ ក្នុង​ជំនឿ​ហិណ្ឌូ អប្សរា​ថ្នាក់​ទាប​បំផុត​ជួន​កាល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រលឹង​ ដែល​អាច​អន្ទង​មនុស្ស​ប្រុស​អោយ​ទៅ​រក​ក្តី​ស្លាប់​បាន។

អប្សរា​ក្នុង​អក្សរសាស្ត្រ​បុរាណ

ឫគ​វេទ

គម្ពីរ​ឫគវេទ​បាន​និយាយ​អំពី​ អប្សរា​ម្នាក់ ដែល​ជា​ភរិយា​របស់​គំធវ៌ ប៉ុន្តែ​គម្ពីរ​ឫគវេទ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អាច​មាន​អប្សរា​ច្រើន​ជាង​ម្នាក់។ អប្សរា​ដែល​មាន​ឈ្មោះ​ជា​ពិសេស​ដែល​គេ​ស្គាល់​គឺ ឧរ្វសី។ អប្សរា​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​សំដី​សាសង​គ្នា​រវាង ឧរ្វសី និង​គូស្នេហ៍​របស់​នាង គឺបុរុរវ។ ក្នុង​សាស្ត្រា​ហិណ្ឌូ​ផ្សេង​ទៀត បាន​និយាយ​អំពី​អប្សរា​ជា​ច្រើន ដែល​ដើរ​តួ​នាទី​ជា​ស្រី​បំរើ​របស់​ព្រះឥន្ទ្រ រឺ​ក៏​ជា​ស្រី​របាំ​នៅ​ក្នុង​រាជវាំង​របស់​គាត់។

មហាភារត

ក្នុង​រឿង​​ជា​ច្រើន​ទាក់​ទង​គ្នា​ក្នុង​មហាភារត អប្សរា​មាន​នៅ​ក្នុង​តួ​នាទី​ជំនួយ​ការសំខាន់​ៗ​ជា​ច្រើន។ វីរកថា​បាន​និយាយ​អំពី​តារាងផ្សេងៗ​នៃ​​ឈ្មោះ​អប្សរា​សំខាន់​ តារាង​និមួយៗ​មិន​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ។ ហើយ​នេះ​ជា​តារាង​មួយ ដែល​បាន​អធិប្បាយ​អំពី​ការ​លេច​ឡើង​នៃ​​អប្សរា​នៅ​ចំពោះ​មុខ​ម្ចាស់​ផ្ទះ​ និង​ភ្ញៀវ នៅ​ក្នុង​រាជវាំង​របស់​អាទិទេព៖

“ឃ្ឫតឆីនេះ​មួយ មេនកនេះ​មួយ រម្ភនេះ​មួយ បុរ្វ​ឆិត្តីនេះ​មួយ ស្វ័យំប្រភនេះ​មួយ ឧរ្វសីនេះ​មួយ មិស្រកេសីនេះ​មួយ ទន្ទគោរីនេះ​មួយ វរុថិនីនេះ​មួយ គោបលីនេះ​មួយ សហជន្យានេះ​មួយ កុម្ភយោនីនេះ​មួយ ប្រជគរនេះ​មួយ ឆិត្រសេនានេះ​មួយ ឆិត្រលេខានេះ​មួយ សហនេះ​មួយ មធុរស្វននេះ​មួយ ពួក​នេះ​និង​បរិវារ​រាប់​ពាន់​នាក់ មាន​ភ្នែក​ដូច​ជា​ស្លឹក​ឈូក ដែល​ប្រើ​សំរាប់​សណ្តំ​បេះ​ដូង​អ្នក​ប្រត្តិបត្តតបៈ រេ​រាំ​នៅ​ទី​នោះ។ ហើយ​មាន​ចង្កេះ​រាវ និង​ត្រគាក​ធំ​ ពួក​គេ​ចាប់​ផ្តើម​ចលនា​ផ្សេងៗ រំញ័រ​ដើម​ទ្រូង​មូល​ក្តំ​របស់​ពួក​នាង ហើយ​ចោល​កន្ទុយ​ភ្នែក​មើល​ទស្សនិកជន​គ្រប់​គ្នា​នៅ​ជុំ​វិញ ហើយ​កាច់​ឫក​កាច់​រាង​ដើម្បី​ល្បួង​យក​បេះ​ដូង​ និង​សេចក្តី​អង់​អាច​និង​ទឹក​ចិត្ត​របស់​ទស្សនិកជន”។

លក្ខណៈ​របស់​អប្សរា​ម្នាក់ៗ

ឯកសារ​មហាភារត​ បាន​និយាយ​ប្រាប់​អំពីអប្សរា​ម្នាក់​ៗ ដូច​ជា តិលោត្តម (តិល =គ្រាប់ល្ង + ឧត្តម= ឧត្តម) ដែល​បាន​ជួយ​ពិភពលោក​ពី​កំហឹង​របស់​បង​ប្អូន​អសុរា សុន្ទ និង ឧបសុន្ទ ហើយ ឧរ្វសី ដែល​ព្យាយាម​តាម​ចែចង់​មហាបុរស អរ្ជុន។

អត្ថបទ​ខ្លីអំពី​អប្សរា​និង​ពួក​ឥសី

រឿង​ខ្លី​ៗ​នៅ​ក្នុង​មហាភារត បាន​និយាយ​អំពី​អប្សរា​ត្រូវ​បាន​បញ្ជូន​មក​បំបែក​កម្មដ្ឋាន​របស់​ឥសី​ មិន​អោយ​ធ្វើ​តបៈ​បាន​សំរេច។ រឿង​មួយ​ដែល​និយាយ​អំពី​ឆាក​ឈុត​នេះ​គឺ​ការ​រៀប​រាប់​របស់​វីរនារី​​នៃ​ វីរកថា សកុន្តលា ដែល​និយាយ​រៀប​រាប់​អំពី​ឪពុក​ម្តាយ​របស់​នាង

“មាន ​កាល​មួយ​នោះ ឥសី វិស្វមិត្រ បាន​បង្កើត​ថាមពល​ដ៏​ខ្លាំង​ក្លា​មួយ ដោយ​ប្រើ​វិធី​តប ​របស់​គាត់ រហូត​ដល់​ព្រះ​ឥន្ទ្រ​មាន​ការ​ភ័យ​ខ្លាច។ ដោយ​សំរេច​ចិត្ត​ថា ឥសី​រូប​នេះ​គួរ​តែ​បោះ​បង់​ចោល​តប​ចោល ព្រះ​ឥន្ទ្រ​ក៏​បញ្ជូន​ អប្សរា មេនក ទៅ​ដាក់​ស្នេហ៍​តាបស​រូប​នេះ។ មេនក មាន​ការ​ភ័យ​ខ្លាច​ចំពោះ​កំហឹង​របស់​តាបស​ដ៏​ពូកែ​រូប​នេះ ប៉ុន្តែ​នាង​ត្រូវ​តែ​ស្តាប់​តាម​បញ្ជា​របស់​ព្រះឥន្ទ្រ។ នៅ​ពេល​ដែល​នាង​ទៅ​ជិត​វិស្វមិត្រ ខ្យល់​របស់​ព្រះ​វាយុ បាន​បក់​បំប៉ើង​សំលៀកបំពាក់​របស់​នាង​​ចេញ​ពី​ខ្លួន។ ដោយ​ឃើញ​នាង​គ្មាន​សំលៀក​បំពាក់​បែប​នេះ ឥសី​ក៏​លង់​​ក្នុង​សំនាញ់​តណ្ហា។ អប្សរា​និង​ឥសី រស់​នៅ​សប្បាយ​ជា​មួយ​គ្នា​មួយ​រយៈកាល ដែល​ក្នុង​អំលុង​ពេល​នោះ តប​របស់វិស្វមិត្រ​ត្រូវ​បាន​ ខក​ខាន។ ជា​លទ្ធផល​ មេនក បាន​ផ្តល់​កំនើត​បុត្រី​ម្នាក់ ដែល​នាង​បាន​បោះបង់​ចោល​នៅ​មាត់​ទន្លេ។ បុត្រី​នោះ​គឺ​នាង សកុន្តលា អ្នក​និយាយ​រឿង​នេះ​​នេះ​ឯង”។

អប្សរា​នៅ​ក្នុង​សិល្បៈ

អប្សរា​នៅ​ក្នុង​សិល្បៈ​របស់​ជ្វា​និង ពលី(បា-លី) បុរាណ ប្រទេស​ឥណ្ឌូនេស៊ី

រូប​ភាព​អប្សរា​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រាសាទ​នានា​ របស់​ជ្វា​បុរាណ សង់​កាល​ពី​សម័យ​អធិរាជ សៃលេន្ទ្រៈ ដល់​ចក្រភព​ មជបហិត។ ជា​ទូទៅ​អប្សរា​ មិន​ត្រូវ​បាន​គេរក​​ឃើញថា​​ឆ្លាក់​ក្នុង​គោល​បំនង​តែង​លំអ​ប្រាសាទនោះ​ទេ តែ​ច្រើន​តែ​ជា​ផ្នែក​មួយ​នៃ​វីរកថា ដូច​ជា​នៅ​ បូរ៉ូបុដួរ មេនដុត ប្រាំ​បាណាន់ ប្លៅ​សាន់ និង ប៉េនាតារាន់។ នៅ​ បូរ៉ូបុដួរ អប្សរា ត្រូវ​បាន​ចាត់​ទុក​ជា​ស្រី​សួគ៌​ដ៏​ស្អាត ត្រូវ​បាន​គេ​ឆ្លាក់​​ជា​រូប​ឈរ រឺ ហោះ ជា​ទូទៅ​ដៃ​កាន់​ផ្កា​ឈូក បាច​ផ្កា រឺ​បក់​បោយ​កន្សែង ហាក់​ដូច​​ជា​ប្រើ​ដើម្បី​ជួយ​អោយ​ហោះ​អញ្ចឹង។ នៅ​លើ​ប្រសាទ​មេនដុត ជិត​ បូរ៉ូបុដួរ មាន​ឆ្លាក់​ទេវតា​មួយ​ក្រុម កំពុង​ហោះ​ហើរ​លើ​ស្ថានសួគ៌ ដោយ​ក្នុង​នោះ​មាន​រូប​អប្សរា​ដែរ។

ជា​ទូទៅ អប្សរា ត្រូវ​បាន​គេ​ចាត់​ថា​ជា​ស្រី​សួគ៌ រស់​នៅ​ជា​មួយ​ព្រះឥន្ទ្រ។ ពួក​គេ​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​ភារកិច្ច​ពិសេស៖ បញ្ជូន​ទៅ​ផែន​ដី​ដោយ​ព្រះ​ឥន្ទ្រ ដើម្បី​ចែចង់​ពួក​ឥសី ដែល​អាច​បង្ក​គ្រោះ​ថ្នាក់ រឺ​អាច​នឹង​មាន​អំនាច​ខ្លាំង​ជាង​ព្រះឥន្ទ្រ។ ឆាក​ឈុត​នេះ មាន​ជា​ញញៗ​ក្នុង​ប្រពៃណី​ជ្វា ដូច​ជាក្នុង​រឿង “កុកាវិន អរជុនវិវាហ” និពន្ធ​ដោយ កន្វ នា​ឆ្នាំ ១០៣០ ក្នុង​រាជ​ស្តេច ឰលន្គគ។ រឿង​នោះ​បាន​និយាយ​ថា អរជុន ដើម្បី​ឈ្នះ​យក្ស​ និវតកវច បាន​តាំង​ចិត្ត​ធ្វើ​តប នៅ​ពេល​នោះ​ព្រះ​ឥន្ទ្រ​បាន​បញ្ជូន​អប្សរា​មក​ចែចង់​បំបែក​កម្មដ្ឋាន​គាត់។ អរជុន​បាន​ឈ្នះកាមតណ្ហា​របស់​ខ្លួន​ឯង ក៏​ទទួល​បាន​ពរ​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ក៏​ធ្វើ​សង្គ្រាម​ឈ្នះ​យក្ស​នោះ​ទៅ។

អប្សរា​នៅ​ក្នុង​សិល្បៈ​និង​ស្ថាបត្យកម្ម​ខ្មែរ

អប្សរា​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ចំលាក់​នានា​លើ​ប្រសាទ​ បុរាណខ្មែរ។ ចំលាក់​នៅ​លើ​ប្រាសាទ​ខ្មែរ​មាន​រូប​ស្ត្រី​សួគ៌ពីរ​ប្រភេទ៖រូប​មួយ​បង្ហាញ​ ពី​លក្ខណៈ​កំពុង​តែ​រាំ រឺ​រៀប​ចំ​នឹង​រាំ មាន​ឈ្មោះ​ថា​អប្សរា និង​មួយ​ទៀត​មាន​រូប​ភាព​ឈរ​នៅ​នឹង​ថ្កល់ មុខ​មើល​ទៅ​មុខ មាន​លក្ខណៈ​ជា​អ្នក​ការ​ពារ​ប្រាសាទ ​មាន​ឈ្មោះ​ថា​ទេវតា។(១)

រូប​ចំលាក់​អប្សរា​មាន​ច្រើន​នៅ​លើ​ប្រសាទ​អង្គរវត្ត។ អ្នក​ប្រាជ្ញ​បាន​រាប់​ឃើញ​ថា មាន​រូប​អប្សរា​ចំនួន​ច្រើន​ជាង ១ ៨៦០ នៅ​លើ​ប្រសាទ​សវ.​ទី​១២​នេះ ខ្លះ​ឆ្លាក់​លើ​សសរ ខ្លះ​លើ​ជញ្ជាំង ខ្លះ​លើ​កំពូល​ប្រសាទ។

ការ​សិក្សា​មួយ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩២៧ ដោយ​លោក​ Sappho Marchal បាន​រៀប​រាប់​អំពី​ម៉ូត​សក់ ការតុប​តែងលើ​​ក្បាល សំលៀក​បំពាក់ ជំហរ គ្រឿង​អល្លង្ការ និង​ផ្កា​លំអ ដែល​លោក​ Marchal បាន​សន្និដ្ឋាន​ថា ចំលាក់​អស់​នេះ​ផ្អែក​លើ​ជីវភាព​ពិតៗ​របស់​មនុស្ស​សម័យ​អង្គរ។ អប្សរា​ខ្លះ​​យក​ដៃ​អោប​អប្សរា​ផ្សេង​ទៀត ហើយ​ហាក់​ដូច​ជា​កំពុង​ស្វាគមន៍​អ្នក​ទស្សនា។(២)

ការស្រាវជ្រាវចុងក្រោយនៃអប្សរាខ្មែរ

កន្លងមកក្នុងការសិក្សាស្រាវជ្រាវមិនថាអំពីវប្បធម៌ ឬ ប្រវត្តិសាស្រ្ដកូនខ្មែរទាំងឡាយតែងតែយកឯកសារបរទេសជាគោល។ ដូចជាប្រវត្តិបឋមក្សត្រខ្មែរហៅថាព្រះនាងលីវយី លីវយីជាភាសាចិនមិនមែនភាសាខ្មែរទេ។ ជាក់ស្ដែងរឿងដែលទាក់ទងនឹងអប្សរានេះក៏ដូចគ្នាដែរ គឺយើងពឹងផ្នែកទៅលើឯកសារបរទេសទាំងស្រុងមកអោយនិយមន័យអប្សរា ការកកើតនិងតួនាទីរបស់អប្សរា។

ក/. យោងតាមនិយមន័យខាងលើ អប្សរាជាព្រលឹងដួងវិញ្ញាណស្រ្ដីនៃពពក និង ទឹកក្នុងជំនឿហិណ្ឌូ និង ពុទ្ធសាសនា។
ខ/. យោងតាមគម្ពីរឫគវេទថាតួនាទីអប្សរាជាស្រីបំរើរបស់ព្រះឥន្រ្ទ។
គ/. អប្សរានៅក្នុងសិល្បៈរបស់ជ្វាជាស្រីសួគ៌ដ៏ស្អាតរស់នៅជាមួយព្រះឥន្ទ្រ។
ឃ/. មតិខ្លះនិយាយថាអប្សរាជាស្រីរបាំនៅឋានសួគ៌។
ង/. យោងតាមរឿងកូរសមុទ្រទឹកដោះ អប្សរាជាវត្ថុទិព្វមួយក្នុងចំនោមវត្ថុទិព្វជាច្រើនដែលកើតចេញពីការកូរសមុទ្រទឹកដោះនៃពពួកទេវតា និង អសុរៈ។

យើងបានយោងតាមច្រើនណាស់មកហើយ ឥឡូវដល់ពេលដែលយើងត្រូវបើកបញ្ញាដើម្បីត្រិះរិះពិចារណាថា តើអប្សរាដែលស្ថិតនៅលើប្រាសាទអង្គររបស់យើងនោះ ដូចនៅនឹងអ្វីដែលគេយោងនោះដែលឬទេ។ ចូរធ្វើការវិភាគអប្សរាក្នុងចំនុច៖

ក/. តើនៅលើប្រាសាទអង្គរមានឆ្លាក់រូបពពកក្បែរអប្សរាឬទេ?
ខ/.គ/. តើនៅលើប្រាសាទអង្គរមានរូបព្រះឥន្រ្ទប៉ុន្មាន ហើយនៅក្បែរអប្សរាទាំងឡាយមានរូបព្រះឥន្រ្ទដែរឬទេ?
ឃ/. តើមានអប្សរាប៉ុន្មាននាក់ដែលធ្វើកាយវិការរាំនៅលើជញ្ជាំងប្រាសាទ?
ង/. ក្នុងមតិចុងក្រោយនេះអាចត្រូវ ព្រោះនៅលើជញ្ជាំងប្រាសាទអង្គរមានចម្លាក់ដែលគេតែងនិយាយថាជារឿងកូរសមុទ្រទឹកដោះ តែនោះមិនមែនជារឿងដើមនៃប្រទេសមួយនេះទេ។

ចូរក្រលេកអោយជិតបែរមើលជុំវិញខ្លួន កុំចាំបាច់ទៅមើលដល់ឆ្ងាយនាំលំបាក។ ក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ្យជួនណាតបានពន្យល់ថា៖
អប្សរា (អ៍ប ប្សៈរ៉ា) ដូចគ្នានឹង អច្ឆរាៈ ស្រីអប្សរា (ម.ព. អច្ឆរា និង អប្សរ)។
តើក្នុងន័យខាងលើនេះអប្សរាជាច្រើនសន្ធឹកសន្ធាប់ដែលឆ្លាក់នៅលើជញ្ជាំងប្រាសាទនោះជាអប្សរាដូចដែលបានបកស្រាយខាងលើដែរឬទេ? ពាក្យថាអច្ឆរា គឺជាស្រីដែលបង្កើតភាពអច្ឆរិយៈ ឧទាហរណ៍មួយសាមញ្ញបំផុតទឹកដីនេះមានប្រាង្គប្រាសាទរាប់ពាន់ ដែលសូម្បីតែប្រទេសឥណ្ឌាដែលជាប្រទេសផ្សព្វផ្សាយព្រះពុទ្ធសាសនា និង ហិណ្ឌូសាសនាក៏មិនមានផង។ រហូតមកដល់បច្ចុប្បន្ន យើងអោយឈ្មោះរបស់យើងថាជាព្រះរាជាណាចក្រអច្ឆរិយៈ។ ស្រីដែលបង្កើតភាពអច្ឆរិយៈនោះជាអ្នកណា? គឺបឋមក្សត្ររបស់យើងដែលជាស្រីដំបូងបង្អស់ដែលគ្រប់គ្រងប្រទេសមួយនេះ ពង្រីកបានវិសាលភាពធំទូលាយរហូតដល់សម័យមហានគរដ៏រុងរឿង សុទ្ធសឹងជាកេរមរតកដែលមហាវិរៈក្សត្រខ្មែរគ្រប់ជំនាន់បានកសាងឡើង។ ហេតុដូចនេះហើយបានយើងគោរពលទ្ធិមាតាធិប្បតេយ្យយកមេជាធំ។

សរុបសេចក្ដីមក អប្សរា គឺ អច្ឆរា ស្រីដែលបង្កើតដែនដីអច្ឆរិយៈគឺបឋមក្សត្ររបស់យើង​ ដែលជារាជនីនៃអប្សរាទាំងឡាយ។ ចុះអប្សរាដទៃទៀតសំដៅលើអ្នកណា គឺសំដៅលើកូនចៅជំនាន់ក្រោយនៃប្រទេសមាតាធិប្បតេយ្យនេះឯង។

ស្រាវជ្រាវដោយ គៀត ចាន់ថុន
បកស្រាយដោយ សុខគឹមហេង

 

ឯកសារ​យោង

  • (១)  Maurice Glaize, Monuments of the Angkor Group, p.37.
  • (២)  Sappho Marchal, Khmer Costumes and Ornaments of the Devatas of

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: