ពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរ


ក្រោយការភ្ជាប់ពាក្យ ការរៀបការត្រូវតែប្រារព្ធធ្វើឡើងតាមប្រពៃណីជាតិ បន្ទាប់ពីបានសុំការអនុញ្ញាតច្បាប់។ ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូស្វាមីភរិយាថ្មីតែបានទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងចាស់ទុំញាតិមិត្តទាំងសងខាង។ ដំបូន្មានទាំងនោះទាក់ទងទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីលើកកំពស់ ទំនាក់ទំនងប្រកបដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍របស់គេ។

ហេតុអ្វីបានជាគេត្រូវរៀបអាពាហ៍ពិពាហ៍?

មនុស្សត្រូវតែរៀបការព្រោះមូលហេតុដូចខាងក្រោម៖

  • កសាងគ្រួសារមួយដោយមានការទទួលស្គាល់ ពីច្បាប់ ពីប្រពៃណី និងពីសង្គម
  • បង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន ដើម្បីបន្តពូជពង្សវង្សត្រកូល
  • បំពេញតម្រូវការខាងជីវសាស្ត្រ មានមិត្តរួមជីវិត
  • ធ្វើឲ្យអ្នកដែលយើងស្រឡាញ់មានចិត្តសប្បាយរីករាយ ធានាសុវត្ថិភាព សេចក្ដីស្រឡាញ់ និងអារម្មណ៍
  • រស់នៅដោយខ្លួនឯង មិនពឹងផ្អែកលើម្ដាយឪពុក។

ការរៀបអាពាហ៍ពិពាហ៍អាចមានហេតុផលផ្សេងៗទៀត ប៉ុន្តែចំណុចសំខាន់ដែលត្រូវចងចាំគឺការរួមរស់ស្របច្បាប់រវាងបុរស និងស្ត្រី។ ការរៀបការមានសារៈសំខាន់ណាស់ព្រោះវាជាសញ្ញានៃការចាប់ផ្ដើមជីវិតគ្រួសារថ្មី។ គូស្វាមីភរិយាថ្មីមានទំនួលខុសត្រូវដូចខាងក្រោម៖

  • រក្សាទំនាក់ទំនងក្នុងគ្រួសារឲ្យល្អប្រកបដោយសុភមង្គល
  • រៀបចំ និងអនុវត្តផែនការគ្រួសារ
  • មានមុខជំនាញដើម្បីងាយរកការងារធ្វើ
  • ថែរក្សា និងរៀបចំគេហដ្ឋានឲ្យស្អាត មានអនាម័យ
  • រក្សាទំនាក់ទំនងល្អ និងយោគយល់ចំពោះសាច់ថ្លៃ និងញាតិមិត្តជិតឆ្ងាយ
  • លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ
  • គោរព ទទួលខុសត្រូវ យោគយល់ និងថែរក្សាគ្រួសារគ្រប់ពេលវេលា។

ច្បាប់អាពាហ៍ពិពាហ៍នៅកម្ពុជា

អាយុ

អាយុរៀបការ គឺជាបញ្ហាដ៏សំខាន់ក្នុងការយកមកគិតពិចារណានៅមុនពេលរៀបការ។ នៅក្នុងមាត្រាទី៥នៃច្បាប់អាពាហ៍ពិពាហ៍ចែងថា បុរសអាចរៀបការនៅអាយុ២០ឆ្នាំ ហើយស្ត្រីត្រូវតែមានអាយុចាប់ ពី១៨ឆ្នាំឡើងទៅ ។
មូលហេតុនៃការកំណត់អាយុនេះ គឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលលើសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលមានបំណងកសាងគ្រួសារឲ្យបានរឹងមាំ មានសុភមង្គល និងធានាការចិញ្ចឹមបីបាច់ថែរក្សាអប់រំកូនរបស់គេបានល្អប្រសើរ។
ទោះជាយ៉ាងនេះក៏ដោយ ដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងគ្រួសារមួយប្រកបដោយសុភមង្គល បុរសគួររៀបការក្នុងអាយុ ២៥ឆ្នាំ និងស្ត្រី ២១ឆ្នាំ។

ការជ្រើសរើសគូស្រករ

ប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិស្ដីពីផែនការសកម្មភាពប្រជាករ និងអភិវឌ្ឍន៍ (ICPD ១៩៩៤)។ នៅក្នុងកិច្ចព្រមព្រៀងនោះ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកមកអនុវត្តលើច្បាប់អាពាហ៍ពិពាហ៍នៅក្នុងប្រទេស តាមមាត្រាដូចខាងក្រោម៖

១. មាត្រាទី១៦ ការប្រកាសអំពីសិទ្ធិមនុស្ស

បុរសស្ត្រីដែលមានអាយុរៀបការមានសិទ្ធិរៀបការ និងបង្កើតគ្រួសារដោយមិនប្រកាន់សញ្ជាតិ ជនជាតិ និងសាសនាឡើយ។ ពួកគេមានសិទ្ធិស្មើៗក្នុងការរៀបការ និងដំណោះស្រាយក្នុងជីវិតអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ ត្រូវតែធ្វើឡើងដោយមានការព្រមព្រៀងរវាងសាមីខ្លួនទាំងពីរដោយគ្មានការគំរាមកំហែង និងបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។ គ្រួសារជាកោសិកាសង្គមតាមបែបធម្មជាតិ មានសារៈសំខាន់ និងមានសិទ្ធិទទួលការការពារពីសង្គម និងពីរាជរដ្ឋាភិបាល។

២. មាត្រាទី២៣ ស្ដីអំពីសន្ធិសញ្ញាអន្តរជាតិអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងនយោបាយ

គ្មានការរៀបអាពាហ៍ពិពាហ៍ណាមួយដែលត្រូវធ្វើឡើងដោយគ្មានការព្រមព្រៀង និងដោយគ្មានការស្ម័គ្រចិត្តពីភាគីទាំងសងខាងទេ ។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាទោះបីមានគ្រួសារមួយចំនួនជ្រើសរើសគូស្រករតាមរយៈម្ដាយឪពុកក៏ដោយ ក៏សាមីខ្លួនភាគច្រើនបានធ្វើការសម្រេចចិត្តដោយខ្លួនគេផ្ទាល់ក្នុងការជ្រើសរើសគូអនាគត។

ពិធីរៀបអាពាហ៍ពិពាហ៍

ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជាត្រូវបានរៀបចំឡើងតាមលំដាប់លំដោយដូចខាងក្រោម៖

  • ស្វែងយល់ថា តើភាគីទាំងសងខាងអាចរស់នៅបានសេចក្ដីសុខនឹងគ្នាឬទេ?
  • ដំណាក់ចែចូវ
  • ការកំណត់វេលាភ្ជាប់ពាក្យ
  • ពិធីរៀបមង្គលការ។

ពិធីដែលបានរៀបរាប់ខាងលើនេះ គេអាចធ្វើជាលក្ខណៈធំ ឬតូចទៅតាមលទ្ធភាពស្ថានភាពគ្រួសារ។ តែគេក៏មិនភ្លេចដែរថា អ្វីដែលសំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍ គឺសុភមង្គលក្នុងគ្រួសារ។ ការរៀបចំពិធីរៀបមង្គលការត្រូវបានធ្វើឡើងតាមដំណាក់កាលដូចខាងក្រោម៖

ការរៀបចំមុន

ជាធម្មតាមុននឹងឈានចូលដល់ថ្ងៃរៀបមង្គលការ ប្រជាជនកម្ពុជា ត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងច្បាប់អាពាហ៍ពិពាហ៍
មាតាបិតាទាំងសងខាង និងសាមីខ្លួនទាំងពីរត្រូវរៀបចំឯកសារមួយចំនួន ដើម្បីសុំការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន និងរៀបចំពិធីមង្គលការដូចខាងក្រោម៖

  • សំបុត្រកំណើតមួយច្បាប់
  • វិញ្ញាបនប័ត្របញ្ជាក់ទីលំនៅ និងនៅលីវ
  • សេចក្ដីប្រកាសពីកន្លែងរៀបការ
  • លិខិតយល់ព្រមពីរដ្ឋអំណាច ដោយសុំសំបុត្រអាពាហ៍ពិពាហ៍ពីរដ្ឋអំណាច និងបិទប្រកាសជាសាធារណៈឲ្យបាន១0ថ្ងៃមុនថ្ងៃរៀបការចូលមកដល់
  • រៀបចំសម្លៀកបំពាក់រៀបការ និងវត្ថុចាំបាច់ដទៃទៀត បើគូស្វាមីភរិយាថ្មីត្រូវទៅរស់នៅផ្ទះផ្សេង
  • រៀបចំបញ្ជីឈ្មោះភ្ញៀវ និងសំបុត្រអញ្ជើញ
  • រកអាចារ្យ និងនិមន្តព្រះសង្ឃ
  • រៀបចំកន្លែង និងអាហារសម្រាប់ទទួលភ្ញៀវ
  • រៀបចំអញ្ជើញភ្ញៀវឲ្យបានយ៉ាងតិច ៥ថ្ងៃមុនពេលរៀបការ
  • សម្អាត និងតុបតែងផ្ទះសម្បែងឲ្យបានមុនពេលរៀបការ ១ថ្ងៃ ឬ២ថ្ងៃ។

ពិធីរៀបអាពាហ៍ពិពាហ៍

តាមប្រពៃណីខ្មែរ ពិធីរៀបមង្គលការត្រូវធ្វើឡើងរយៈពេលបីថ្ងៃ តាមកម្មវិធីដូចខាងក្រោម៖

ថ្ងៃទី១

ជាថ្ងៃចូលរោង គឺថ្ងៃដែលគេដង្ហែកូនកម្លោះចូលទៅរោងដែលគេសង់នៅក្បែរផ្ទះកូនក្រមុំមុននឹងនាំឡើងទៅផ្ទះខាងស្រី។ នៅពេលដង្ហែនោះមានភ្លេងលេងកំដរផង។

ថ្ងៃទី២ ជាថ្ងៃដែលគេប្រារព្ធពិធី

  • ពិធីលើកកំណត់៖ គេដង្ហែគ្រឿងភស្តុភារបណ្ណាការ(ជំនូន)ឡើងទៅលើផ្ទះខាងស្រី។
  • ពិធីសែនជំនាងផ្ទះ៖ គេដាក់ចំណីក្នុងកន្ទោង លើកដាក់ទៅក្នុងច្រម ជាកន្លែងសម្រាប់តង្វាយជូនដល់ជំនាងផ្ទះ
  • ពិធីសែនដូនតា៖ គេរៀបចំសែនដូនតាទាំងសងខាង។
  • ពិធីស៊ីស្លា៖ គេលើកម្លូស្លាជូនមេបាចាស់ទុំពិសា។
  • ពិធីកាត់សក់៖ ជាដំបូងអាចារ្យបួងសួងសុំរបស់ទិព្វពីទេវតា និងវត្ថុស័ក្តិសិទ្ធិ រួចឧទ្ទិសរំងាប់ចង្រៃ ហើយឧបកិច្ចកាត់សក់បីកន្ត្រៃដាក់ក្នុងកន្ទោងដែលដាក់បណ្តែតក្នុងផ្តិល។ បន្ទាប់មកអ្នកច្រៀងកំប្លែងបានបួងសួងសុំកន្ត្រៃ ក្រាស កាំបិតកោរ កញ្ចក់… រួចច្រៀងរៀបរាប់ពីព្រៃព្រឹក្សា និងការដើរលក់កន្ត្រៃ។
  • ពិធីសូត្រមន្ត៖ គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។
  • ពិធីរៀបភោជនាហារជូនភ្ញៀវ៖ គេនិយមរៀបចំពិធីជប់លៀងភ្ញៀវនៅពេលយប់។

ថ្ងៃទី៣ ជាថ្ងៃផ្ទឹម ដែលគេមានរៀបចំពិធីដូចតទៅ

គឺថ្ងៃនេះហើយ ដែលគូស្វាមីភរិយាសន្មតជាថ្ងៃជោគមង្គលសម្រាប់ការចាប់ផ្ដើមដំណើរជីវិតរួមគ្នា។
ប៉ុន្តែសព្វថ្ងៃនេះ គេបានបំព្រួញពិធីរៀបអាពាហ៍ពិពាហ៍ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុននោះ គឺចាប់ពីព្រលឹម គេហែកូនកម្លោះ ទៅផ្ទះកូនក្រមុំ ដោយនាំគ្រឿងភស្តុភារ ទៅជាមួយផង។ បន្ទាប់មកគេរៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់ ដូចបានរៀបរាប់ខាងលើ។ ដល់ពេលល្ងាចគេរៀបចំពិធីជប់លៀងនៅគេហដ្ឋានខាងស្រី ឬនៅភោជនីយដ្ឋានជាកិច្ចបញ្ចប់ពិធី។ ដោយមានគូស្វាមីភរិយាថ្មី អមដោយយុវជន យុវនារីកិត្តិយស(អ្នកកំដរ) ឈរនៅច្រកចូលរោងពិធី ចាំទទួល និងជូនផ្កាថ្លែងអំណរគុណចំពោះភ្ញៀវដែលបានអញ្ជើញមកចូលរួម។ មាតាបិតាទាំងសងខាងត្រូវឈរទទួលភ្ញៀវដែលអញ្ជើញមកចូលរួមជិតកូនកម្លោះ កូនក្រមុំ៕

ឯកសារវិភាគ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩

ប្រភពឯកសារ៖ វិគីភីឌា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: