ព្រះ​រាជ​ជីវ​ប្រវត្តិ​របស់​សម្តេច​ព្រះ​បរម​នាថ ​នរោត្ដម ​សីហ​មុនី ព្រះ​មហា​ក្សត្រ​ នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា


ភ្នំពេញ៖

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។

ព្រះរាជជីវប្រវត្តិ

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រសូតនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន បន្តរាជសម្បត្តិពីព្រះរាជបិតា។

ការសិក្សា

នាឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគី កាលពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គរស់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ។

ព្រះរាជគោរម្យងារ

មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា “ស្ដេចក្រុមឃុន” ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងជា “សម្ដេចព្រះបរមនាថ” នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។

ព្រះរាជាភិសេក

បន្ទាប់ពីព្រះបិតាទ្រង់ សម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅ ក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖”ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី”

ប្រែសេចក្ដីថា៖ “អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។”
ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវាង ព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)។

គ្រឿងឥស្សរិយយស

  • ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
  • ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
  • មន្ត្រីធំនៃកងពលកិត្តិយស នៃសាធារណរដ្ឋបារាំង
  • មេដាយប្រាក់នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង

ភាសា

ក្រៅពីភាសាខ្មែរ ព្រះករុណាចេះភាសាឆេក បារាំង និងអង់គ្លេស៕

ប្រភពឯកសារអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: