ល្បែង​ចោល​ឈូង​


​ល្បែង​ចោល​ឈូង ជា​ល្បែង​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ ប្រុស​ស្រី​ទូទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅពេល​យប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែចេត្រ ពិសាខ​)​។ គេ​ចែកគ្នា​ជា​២​ពួក ប្រុស​១​ពួក ស្រី​១​ពួក​។ ក្នុង​១​ពួកៗ មាន​គ្នា​ចំនួន​ពី​១០​នាក់​ឬ​២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា ២​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា​៨ ឬ​១០ ម៉ែត្រ​។ គេ យក​ក្រមា​ឬ​កន្សែង​មក​ឆ្នូ​ល​ឱ្យ​មូល​ចងរិត​ឱ្យ​តឹង​ណែន​ល្អ ទុក​ឱ្យមាន​កន្ទុយ​បន្ដិច​ហៅថា «​ឈូង​» សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅមក​រកគ្នា​។ ល្បែង​ចោល​ឈូង​នេះ​ផងដែរ​គេ​បាន​បែង​ចែកជា​ពីរ​គឺ​៖

  • ឈូង​ច្រៀង​រាំ​
  • ឈូង​លោះ​ខ្ញុំ​

​របៀប​នៃ​ការលេង ល្បែង​ចោល​ឈូង​នេះ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅឱ្យ​ពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅខាង​ប្រុស​វិញ​ពួក​ខាង​ប្រុស​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី​។ កាល​ចាប់បាន​ហើយ ចោល​សំដៅទៅ ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុសគេ​ចាត់ជា​ស្អុយ រួច​គេ​ផ្តើម​បោះ ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា​ច្រៀង​រាំ​ជូន​ឈូង​។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា « ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​មាសស្ងួន ទទួល​ឈូង​ទៅ​»​។ ពួក​ស្រីៗ​ក្រៅពីនោះ​គ្រប់គ្នា​ទទួល​ថា «​ឱ​ណា​កែវ​កែវ​ពិ​អា ឱ​ណា​កែវ អឺយ អឺ​អឺ​ង​អឺយ​!» រួចហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ប្រុសៗ ទ​ទួ​យក ហើយក៏​ផ្ដើម​បោះ​ឈូង​នោះ​ទៅឱ្យ​ពួក​ខាង​ស្រី​វិញ​។ បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា​ប្រុស​នោះ ត្រូវ​រាំ​នាំ​ឈូង​ទៅជូន​ស្រី​ដោយ​ច្រៀង​ជា​ទំនុក​ថា «​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួ​ល​​ឈូង​ទៅ​»​។ ពួក​ប្រុសៗ​គ្រប់គ្នា​ទទួល​បន្ទរ​ថា «​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​! »​ហើយ​ហុច​ឈូង​នោះ​ទៅឱ្យ​ពួក​ស្រីៗ​ទទួលយក​ទើប ផ្ដើម​បោះ​តទៅទៀត​។​

ល្បែងចោលឈូង

  • របៀប​លេង​ឈូង​លោះ​ខ្ញុំ​

​របៀប​នៃ​ការលេង​ឈូង​លោះ​ខ្ញុំ មុនដំបូង​ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង​១​ទំនុក​ជាមុន​។ ឯ​ទំនុកច្រៀង​ឈូង មាន​ច្រើនបែប​ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក​។ ទីនេះ​ស្រង់​យកតែ​ទំនុក​ធម្មតា ដែល​អ្នក​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់គ្នា​ថា​៖ «​បង​បោះ​ឈូង​ទៅ អូន​អើយ កំពស់​ចុង​ដូង​(​ស្ទូ​ន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​»​ឬថា បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង ៘ ច្រៀង​ហើយ​គេ​ស្រែកថា «​ឈូង​អឺយ​ឈូង​!»​ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ ឱ្យ​ពួក​ស្រីៗ​ចាប់ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅរក​ប្រុស​ណា​ដែល​ត្រូវ​ចិ​ត្ដ បើ​ចោ​ល​​​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ​។ បើ​ចោល​មិនត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី ហើយ​ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យកទៅ​លើក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល​។ បើ​ខាង​ណា​ប៉ិនប្រសព្វ​គេ​ចោល​យក​ម្ខាង​ទាល់តែ​អស់​។ កាលណា​អស់​គ្នា​ហើយ គេ​ផ្ដើម​លេង​សាជាថ្មី ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅឱ្យ​ខាង​ប្រុស​មុន​វិញ​។ មុននឹង​ស្រីៗ​បោះ​ឈូង​ទៅឱ្យ​ប្រុស​គេ ស្រែកច្រៀង​ថា «​អូន​បោះ​ឈូង​ទៅ បង​អើយ​កំពស់​ចុង​ស្លា​ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង ប្អូន​៘ ច្រៀង​ហើយ​គេ​ស្រែកថា ឈូង​អឺយ​ឈូង​! ហើយ​គេ​បោះ​ឈូង​ទៅ លើ​ពួក​ប្រុសៗ​។​ឯខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅទៅ​ស្រីៗ កាល​ត្រូវ​លើ​ស្រី​ណា​ម្នាក់​គេ​ចាប់យក​ស្រី​នោះមក​ទុក​ខាងគេ​។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែកគ្នា​លេង​សាជាថ្មី​។ មនុស្ស​ដែល​គេ​ចាប់បាន​នោះ ជួនកាល​គេ​ចង​មុខ​ជិត លែងឱ្យ​រត់​ទៅកាន់​ទី​ផ្សេងៗ ជាការ​កម្សាន្ត​សប្បាយ​។ របៀប​បែប​ទី​២ នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្ដង​ក៏មាន​។ ល្បែង​នេះ​រាប់​ចូលក្នុង​ពួក​ការហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ដៃ​ឱ្យ​ត្រង់​ផង ជាការ​កម្សាន្ត​សប្បាយ ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង​។​

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: