រឿងមាយាដកខ្ញី


រឿងមាយាដកខ្ញី ​និយាយអំពីកិច្ចកលរបស់ស្រ្ដី ស្ដ្រីខូច ស្រ្ដីផិត ស្ដ្រីក្បត់ ស្រីចិត្ដចើកដែលមិនចេះស្កប់ស្កល់ មិនចេះឆ្អែតឆ្អន់ នឹង កាមតណ្ហាសោះឡើយ ភាសិតក្នុង​ស្រីហិតោបទេសបានសរសេរទុកថា «ធម្មជាតិស្រ្ដី នឹងថាអៀនខ្មាស់ក៏មិនមែន នឹងថាមានខ្លួនទូន្មានហើយ ក៏មិនមែន នឹងថាមានចិត្ដស្មោះត្រង់ចំពោះប្ដីក៏មិនមែនពុំនោះ នឹងថា មានសេចក្ដីភ័យខ្លាចក៏មិនមែនដែរ សេចក្ដីពិត គឺមិនមានបុរសចង់ នេះជាហេតុនៃសេចក្ដីស្មោះត្រង់ (បរិសុទ្ធ)នៃស្រ្ដីទាំងឡាយ»។

ការដាក់កំហុស ការគៀបសង្កត់ ការតិះទៀនវាយតំលៃ ការពោលពាក្យគ្រោតគ្រាត រហូតប្រព្រឹត្ដនូវអំពើអានាចារមានចាប់បង្ខំ ចាប់រំលោភ ទៅលើស្រ្ដីភេទទាំងឡាយ​ហាក់ដូចជាមានកើតឡើង​គ្រប់កាលៈទេសៈ គ្រប់សម័យកាលហើយជួនកាលយើងឃើញថា ស្រ្ដីវាគ្រាន់តែជាឧបករណ៍មួយ សំរាប់បុរសប្រលែងលេងសើចប៉ុណ្ណោះ។ ចំនែកបុរសភេទវិញ គេចាត់ទុកជាមាសទឹកដប់ ល្អអិតខ្ចោះ ទោះជាបុរសមានកិច្ចកលមាយា បោកបញ្ឆោត ផិតក្បត់ មានប្រពន្ធមួយហើយមួយទៀត រឺ ច្រើនរាប់រយ យ៉ាងណា ក៏ដោយ ឥតមាននរណាសរសេរទុក កត់ត្រាទុក តាក់តែងជារឿងទុកហើយទំនៀមទំលាប់ ក៏ហាក់អិតបានស្ដីបន្ទោស ទៅលើបុរសភេទក្នុងករណីក្បត់នេះទេ។ សត្វលោកឈ្មោលញី មនុស្សលោកប្រុសស្រី​សុទ្ធសឹងតែជាសត្វមួយ​ពួកដែលមានកាម សញ្ញា (ចេះឈប់សំរាក ចេះលំហែកាយ ចេះអាណិតស្រលាញ់ ដូចៗគ្នា ស្មើគ្នាទាំងអស់) ។ មនុស្សប្រុសតែងប្រើ បញ្ញាកិច្ចកលស្វែង រកកាមារម្មណ៍ (ស្រ្ដី) គ្រប់វិធីការ ចុះស្រ្ដីវិញនាងមិនចាំបាច់ រិះរក ស្វែរក រឺជ្រើសរើសអ្វីទេ នាងត្រូវតែដេកចាំ ចាំតែបុរសត្រូវការនាងតែប៉ុណ្ណឹង?…។

—————————————————-

មានបុរសម្នាក់ និង ស្ដ្រីម្នាក់ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា អែនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្ដី តែមានមាយាច្រើន ។ ថ្ងៃមួយនាងប្រពន្ធប្រាថ្នា​ចង់ជួបនឹងសាហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើដូចម្ដេចនឹងទៅជួបបានដោយភូមិនោះឆ្ងាយពីគ្នា បើដើរទៅគេថាខ្មោចលង។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា៖ «អ្នក! ល្ងាចនេះយើងគិតទៅរកទិញមាន់មួយមកធ្វើស៊ីបានម្ដង អ្នកចង់ស៊ីទេ?។ ប្ដីតបវិញថា «ចង់ស៊ីដែរ» ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី »។ ប្ដីថា «អើ ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយក៏បបួលគ្នា​ចុះដើរទៅរកទិញមាន់អ្នកស្រុកនៅភូមិជិតផ្ទះសាហាយនោះ។

ប្ដី និង ប្រពន្ធបបួលគ្នាសួររកទិញគ្រប់តែផ្ទះ។ នាងប្រពន្ធដើរបែកពីប្ដីទៅជួប នឹងសាហាយវានិយាយកិច្ចកលផ្សេងៗ រួចមកជួបនឹងប្ដីវិញហើយប្រាប់ប្ដីថា អ្នក!ផ្ទះឯណោះគេមានមាន់លក់​គេប្រាប់ខ្ញុំម៉ិញ»។ ប្ដីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមាន់មួយយួរត្រលប់ទៅផ្ទះវិញ។ ពេលនោះជាពេលព្រលប់ ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់តែនាងប្រពន្ធធ្វើមាយាគត់ទ្រូងថា «ឱ! អ្នកអើយភ្លេចដូចគេលត់ទៅហើយ»។ ប្ដីសួរថា «ភ្លេចអ្វី ?»។ ប្រពន្ធថា «ភ្លេចខ្ញីទៅហើយអ្នក បើដូច្នោះអ្នកអែងនៅនេះសិនចុះ ខ្ញុំរត់ទៅវាឆាប់» ហើយនាងនោះរត់ទៅ ប្ដីក៏ឈរចាំប្រពន្ធ។

ឯនាងប្រពន្ធកាលណាឃ្លាតពីប្ដីហើយ ក៏គេចទៅជួបប្រុសសាហាយខ្លួន ហេតុតែរលឹកសាហាយខ្លាំងណាស់ក៏ប្រះដេកទៅដី មិនរកផ្ទះសំបែងទេ ដោយប្រញាប់ទៅជួបប្ដីវិញ។ ឯប្រុសសាហាយ​នោះក៏ទទួលភារ:នាងនោះទៅរួច នាងនោះយកខ្ញីពីសាហាយ ហើយផ្ដាំថា «ល្ងាចនេះអោយអ្នកឯងចាំមើល បើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះ» និយាយកិច្ចការសព្វគ្រប់ហើយ​នាងនោះ​ក៏ត្រលប់មកឯប្ដីដើម។

កាលដែលនាងប្រះដេកនោះ ដីក៏នៅប្រលាក់ជាប់ នឹងខ្នងមិនទាន់បោសនៅឡើយ ព្រោះដើរមកដោយប្រញាប់ លុះដើរមកដល់ប្ដីខ្លួនហើយក៏សើចក្អាកក្អាយ និយាយទៅកាន់ប្ដីខ្លួនថា «អ្នកឃើញម៉ិញប្រហែលជាសើចដាច់ខ្យល់ហើយ»។ ប្ដីសួរថា «សើចអី ?»។ ប្រពន្ធតបថា «ឯអ្នកមើលខ្នងខ្ញុំ បោសអោយបន្តិចណា! ហ្នឹងហើយខ្ញុំដកខ្ញីទៅ វារបូតដៃទាំងអស់មក ខ្ញុំដួលផ្ងារទៅក្រោយបះជើងច្រោង បានជាប្រលាក់ខ្នងខ្ញុំអស់»។ ប្ដីមិនដឹងក៏បោសខ្នងអោយប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះ ធ្វើបាយ និងធ្វើមាន់ស៊ី ធ្វើរួចហើយពេល​ងងឹតស៊ីបាយរួច​ប្រពន្ធនិយាយនឹងប្ដីថា «អ្នកផ្លុំប៉ីទៅខ្ញុំនឹងស្ដាប់» ប្ដីក៏យកប៉ីមកផ្លុំ។ ប្រពន្ធដេកស្ដាប់ៗ បន្តិចទៅក៏កិលមកដេកលើភ្លៅប្ដីហើយថា «ពិរោះណាស់អ្នក ! អ្នកផ្លុំប៉ីមើលរន្ធដែររឺទេ ? បើអ្នកមិនមើលរន្ធ ធ្វើម្ដេចនឹងចាប់បើកបិទត្រូវទំនុក ?»។ ប្ដីតបថា «ទេមិនបាច់មើលរន្ធទេ ព្រោះដៃចាំស្ទាត់ហើយ ចំនាំរន្ធផង»។ ប្រពន្ធថា «បើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើល​អ្នកនៅតែផ្លុំពិរោះដដែលរឺទេ?។ ប្ដីតបថា «បិទចុះ ផ្លុំក៏នៅពិរោះដូចមុនដែរ»។ ប្រពន្ធយកដៃបិទភ្នែកប្ដីខ្លួនទាំងពីរ រួចហើយក៏កន្ធែកជើងអោយសាហាយនោះឃើញ។ ប្រុសសាហាយ ឃើញ សាហាយខ្លួនបិទភ្នែកប្ដីបានហើយ កន្ធែកជើងអោយសញ្ញាដូច្នោះ ក៏ចូលទៅរួមសង្វាសនឹងនាងនោះទៀត ។ លុះសាហាយនោះថយចេញ ទើបប្រពន្ធលែងបិទភ្នែកប្ដី។ ប្ដីនោះក៏មិនដឹងដល់ កិច្ចកលនោះឡើយ ។ ព្រោះហេតុនេះ បានជាមានពាក្យបុរាណថា មាយាដកខ្ញី មានទាំងទំនុកច្រើនផងថា ៖

ស្រីអើយនាងស្រី      ស្រស់ទៅដកខ្ញុំ      ដកដួលទាំងខ្លួន
កាលដកលើកមុន      តូចតន់លាក់ខ្លួន      ដកក្រោយសំនួន
ផ្ទួនអោយប្ដីស្លាប់      ប្ដីនាងអ្នកផ្លុំ      នាងសុំធ្វើត្រាប់
បន្ទរអឹងអាប់      ចប់បទអុំទូក។

 

កុំពត់ស្រលៅ កុំប្រដៅស្រីខូច

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: