រឿងភ្នំនាងកង្រី


នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេកផ្កាប់មុខសណ្តូកខ្លួន។ ភ្នំនោះឈ្មោះភ្នំកង្រី នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀត​នៅជុំវិញនោះដែរ តែបែ្លកជាងគេនៅត្រង់ចងេ្កះភ្នំនោះ មានម្អមដុះច្រើនណែនតាន់តាប់។ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេលឺចាស់ៗ ដំណាលថា ម្អមនោះកើតពី​រោមនាងកង្រី យក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោមយោនី នៃនាងកង្រីនោះឯង។ មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំតាំងពីបុរាណ​មកមិនដឹងជានរណាសាងទេ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពី​បុរាណកាល)

រឿងភ្នំនាងកង្រីមានសេចក្តីសងេ្ខបដូចតទៅនេះ៖

កាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ។ ក្រោយពីបន់ ប្រពន្ធក៏មានកូនដល់ទៅ១២នាក់ សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ រកអាហារចិញ្ចឹមកូនគ្មាន ក៏បរទេសដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ។ ក្រោយពីឪពុកេប្រាសចោល កូនទាំង១២នាក់ក៏នាំគ្នាដើរទៅក្នុងព្រៃ​ដល់នគរ​មួយ ជានគរយក្សស្រីឈ្មោះ នាង សន្ធមារ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រី។ នាងសន្ធមាបានឃើញនាងទាំង១២នាក់ ក៏តំណែងខ្លួន ជាមនុស្សស្រី នាំយក​នាងទាំងនោះ​ទៅទុកក្នុងប្រាសាទរបស់ខ្លួនឲ្យបំរើនាងកង្រីជាកូន។

កាលនាងទាំង១២នាក់ដឹងថា នគរនោះជានគរយក្ស នាងសន្ធមាជាយក្ខិនីហើយ ក៏នាំគ្នារត់ចេញ។ នាងសន្ធមារ បានតាមរកទៅឃើញ នាងទាំង១២ជាមហេសីព្រះបាទរថសិទ្ធិ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជា មហេសីព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារធ្វើពុទ្ធជាឈឺធ្ងន់ ញុះញង់ពេទ្យឲ្យទូលព្រះបាទរថសិទ្ធិ ឲ្យឆ្កៀលភែ្នកនាងទាំង​១២មកធ្វើជា ថ្នាំព្យាបាលរោគខ្លួន និងឲ្យយកនាងទាំង១២នាក់ដែលមានគភ៌‌គ្រប់គ្នា ទៅទុកក្នុងរណ្តៅ មួយជាមួយគ្នាបង្អត់អាហារ ហើយអោយយកគ្រាប់ភែ្នកនាងទាំង១២នាក់​ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឲ្យនាង កង្រីជាកូនថែរក្សា។ បណ្តានាងទាំង១២នាក់នោះ នាងបងៗ១១នាក់ ត្រូវគេឆ្កៀលភែ្នកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង ដោយមកពីជាតិមុននាងពៅឆ្កៀលភែ្នកត្រីតែម្ខាងដែរ។ នាងទាំង១២ដែលមានគភ៌‌នោះ មានពៅបានព្រះពោធិ៏សាត់ មកចាប់ផៃ្ទ។ វេលានាងបងៗកើតកូនមកភ្លាម គេហែកកូនចែកសាច់គ្នាស៊ីអស់។ ចំណែកនាងពៅ កើតកូនមកឲ្យឈ្មោះ ថា ពុទ្ធិសែន ហើយលាក់ទុកមិនឲ្យនាងបងៗដឹងទេ។ ចំណេរកាលខាងក្រោយមក វេលាពុទ្ធិសែនធំពេញជំទង់ឡើង នាងសន្ធិមារ ដឹងថាជាកូននាងទី១២ ក៏ប្រើឲ្យជិះសេះ នាំសំបុត្រទៅឲ្យនាងកង្រី ដោយដាក់សេចក្តីថា “បើពុទ្ធិសែនមកដល់យប់ ឲ្យស៊ីទាំងយប់ ដល់ថៃ្ងឲ្យស៊ីទាំងថៃ្ង” ។ តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្តាលព្រៃ មហាឫស្សីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់ និងឃើញសំបុត្រដែលចងនៅសេះ ក៏ហែកសំបុត្រនោះចោល ហើយសរសេរសំបុត្រជាថ្មីថា “បើពុទ្ធិសែន មកដល់យប់ ឲ្យរៀបការទាំងយប់ បើដល់ថៃ្ងរៀបការទាំងថៃ្ង ជាមួយនាងជាកូន “។

ពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាង កង្រីបានឃើញសំបុត្រក៏រៀបការជាមួយពុទ្ធិសែនភ្លាម។ ព្រះពុទ្ធិសែនបានសោយរាជ្យនគរយក្សមិនយូរប៉ុន្មាន ដោយនាងកង្រីថ្វាយដំណឹងអំពី ប្រស្រីភែ្នកមាតាលោក និងអំពីថ្នាំសំរាប់ដាក់ភែ្នកអោយជាហើយ និង ថ្នាំសំរាប់ បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាធ្រាត។ នាងកង្រីក៏យំសោកស្លាប់នៅ កណ្តាលព្រៃ ហើយពុទ្ធសែនមកដល់នគរវិញដោយសុវត្ថិភាព។ ទ្រង់ដាក់ថ្នាំកែភែ្នកមាតា និងមាតាធំឲ្យជាឡើង ហើយទ្រង់សំលាប់នាងសន្ធមារទៅ ទ្រង់បានសោយរាជ្យជំនួសព្រះបិតា ជាសុខកេ្សមក្សាន្ត រហូតទ្រង់ចូលព្រះទីវង្គត។

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: