រឿងធនញ្ជ័យ


នេះ​នឹង​និយាយ​ពី​រឿង​ធនញ្ជ័យ​ កាល​ដើម​ឡើយ​មកចាប់​កំណើត​ក្នុង​ពោះ​នាង​ម្ដាយ​ៗ​​ដេក​ទៅ​យល់​សប្ដិតែ​ទៀប ឯ​ព្រឹក​ដូច​ជា​យល់​សូង យល់​សប្ដិ​បេះ​ដូង​បេះ​ទាំង​បាន​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញ​បូរមី​ នាង​នោះ​ភ្ញាក់​ឡើង​ពី​ដេក​គិត​ថា សប្ដិ​នេះ​ល្អ​ណាស់​ បើ​ដូច្នេះ​អញ​នឹង​ទៅ​ឱ្យ​ហោរ​មើលឱ្យ​បាន​ដឹង​ថា​សប្ដិ​នេះ​ល្អ ឬ​អាក្រក់​ គិត​ស្រេចយក​ទៀន​ធូប​ ទៅ​ដល់​ផ្ទះ​ហោរ​ ​ អ្នក​ហោរ​មិន​នៅ នៅ​ប្រ​ពន្ធ​ហោរ នាង​នោះ​ទៅ​ដល់​ផ្ទះ​ហោរ​ហើយ​សួរ​ថា​ អ្នក​ហោរ​នៅ​ទេ ប្រពន្ធ​ហោរ​ប្រាប់​ថាមិន​នៅ​ទេ​ រក​គាត់​ថ្វីនាង នាង​នោះ​ប្រាប់​ថា​ មក​រក​គាត់​ឱ្យ​ទាយ​ ត្បិត​ខ្ញុំ​ដេក​ទៅ​យល់​សប្ដិ​ទៀប​ ឯ​ព្រឹក​ហាក់​ដូច​យល់​សូង យល់​សប្ដិ​ឡើង​បេះ​ដូង​បោះ​បាន​ទាំង​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញ​បរមី​ ប្រពន្ធ​ហោរ​ប្រាប់​ដឹង​សព្វ​គ្រប់​ថា​ នាង​នោះ​នឹង​កើត​កូន​ៗ​នោះ​ប្រុសហើយ​នឹង​បាន​ជា​ស្ដេច ដឹង​ដូច្នោះ​គិត​ថា​ អញ​នឹង​ទាយ​ឱ្យ​ទៅ​ជា​ខ្ញុំ​គេ នាង​នោះ ស្ដាប់​នាង​ប្រពន្ធ​ហោរ​ទាយ​ដូច្នោះ​ហើយ ក៏​លា​វិល​មក​ផ្ទះ​វិញ។

ដល់​សម្រាល​កូន​នោះ​មក​ប្រុស បាន​អាយុ​៧​ឆ្នាំ​ ដើរ​ទៅ​លេង​ខាង​ផ្ទះ​មហា​សេដ្ឋី​សព្វៗ​ថ្ងៃ ឯ​ប្រពន្ធ​មហា​សេដ្ឋី​ត្បាញ​លើ​ផ្ទះ​ បោះ​ត្រល់​ទៅវា​ធ្លាក់​ទៅ​ដី​ក្រឡេក​មើល​ទៅ​ឃើញ​ធនញ្ជ័យ​នៅ​នោះ ស្រែក​ហៅ​ថា​អាជ័យ​រើស​ត្រល់ឱ្យ​អញ ទើប​ធនញ្ជ័យ​សូរ​ថា​ បើ​ខ្ញុំ​រើស​ត្រល់​ តើ​ឱ្យ​របស់​អ្វីខ្ញុំ ប្រពន្ធមហាសេដ្ឋីថា អញ​ឱ្យ​អំបុក​អាជ័យ​ឯង​ ធនញ្ជ័យថា​ឱ្យ​តិច​ ឬ​ច្រើន នោះ​នាង​ប្រពន្ធ​មហា​សេដ្ឋីប្រាប់​ថា​អញ​ឱ្យ​ច្រើន​ ទើប​ធនញ្ជ័យ​រើស​ត្រល់ ហើយ​អង្គុយ​ចាំ​ទារ​អំបុក​អំពី​ប្រពន្ធ​មហាសេដ្ឋីថា​ ឱ្យ​អំបុក​មក ខ្ញុំ​នឹង​ទៅ​ផ្ទះ ប្រពន្ធ​មហា​សេដ្ឋី​ឱ្យ​អំបុក​មក​ធនញ្ជ័យៗថា​តិចណាស់​ ឱ្យ​ច្រើន​ទៀត ទើបប្រពន្ធ​មហាសេដ្ឋី​ឱ្យ​យក​អំបុក​មក​ឱ្យ​ធនញ្ជ័យច្រើន​មួយ​កញ្ជើ ធនញ្ជ័យនៅ​តែ​ថា​ឱ្យ​ច្រើន​ទៀត នោះប្រពន្ធ​មហាសេដ្ឋី​ថា​ អញ​ឱ្យ​អស់​ច្រើន​ប៉ុណ្ណោះឯង ធនញ្ជ័យ​ស្ដាប់​ហើយ​ ខឹង​យំ​ទារ​តែ​អំបុក​ច្រើន​ៗ​នោះ​ ឭទៅ​ដល់​មហាសេដ្ឋី​ៗ​ដើរ​ចូល​មក​មើល​ហើយ​សួរថា អាជ័យ​ថ្វី​ក៏​យំ ទើប​ប្រពន្ធ​មហាសេដ្ឋី​ប្រាប់​ថា ខ្ញុំ​ឱ្យ​រើស​ត្រល់​ឱ្យ​ខ្ញុំ​ថា​ឱ្យ​អំបុក​ច្រើន ឥឡូវ​ខ្ញុំ​ឱ្យ​មួយ​កញ្ជើវា​នៅ​តែ​ថា ឱ្យ​ច្រើន​ទៀតឥឡូវ​នេះ​វា​អង្គុយ​តែ​យំ នោះ មហាសេដ្ឋី​ថា ឱ​ឯង​មិន​ដឹង​ចិត្តអាជ័យ​ទេ មាន​តែ​អញ​ឱ្យ​វា ទើប​វា​ព្រម​សុខ​ចិត្ត ទើប​មហាសេដ្ឋី​ហៅ​ថា អាជ័យ​មក​ឯ​ណេះ​អញ​នឹង​​ឱ្យ​អំបុក​ឯង​ច្រើន ឯ​ធន​ញ្ជ័យ​ឭ​មហាសេដ្ឋី​ហៅ​ដូច្នោះ​ហើយ ដើរ​ទៅ​តាម​មហាសេដ្ឋី ទើប​មហា​សេដ្ឋី​ឱ្យ​យក​ចង្អេរ​១​មក​ដាក់​អំបុក​នឹង​ចង្អេរ​បាន​ជា​២​ដុំ​ហើយ ​សួរ​ថា អាជ័យ​អា​មើល​អំបុក​ណា​ច្រើន​ ធនញ្ជ័យ​ថា​នេះ​ច្រើន នេះ​តិច ទើប​មហាសេដ្ឋី​ថា បើឯ​ណា​ច្រើន​អាឯង​យក​ច្រើន​នោះ​ចុះ​ ធនញ្ជ័យ​យក​អំបុក​នោះ​ ហើយ​ក៏​គិត​តែ​ក្នុង​ចិត្ត​ឯង​ថា ឱ​អញ​ចាញ់​បោក​មហាសេដ្ឋី​នេះ​ហើយ អញ​នឹង​ផ្ចាញ់​ប្រាជ្ញា​គាត់​នេះ​ឱ្យ​បាន ទើប​អញ​សុខ​ចិត្ត។ ធនញ្ជ័យ​គិត​ដូច្នោះ​ស្រេច​ហើយ​ដើរ​ទៅ​ដល់​ម្ដាយ ឪពុក ប្រាប់​ម្ដាយ​ថា អ្នក​ម៉ែ​ទៅ​យក​ប្រាក់​សេដ្ឋី ខ្ញុំ​នឹង​ទៅជា​ខ្ញុំ​មហាសេដ្ឋី នឹង​បម្រើ​លោក​តា​ចិត្ត​ខ្ញុំ​ប៉ង ខ្ញុំ​មិន​នៅ​នឹង​អ្នក​ម៉ែ​ទេ។ ម្ដាយ​ធនញ្ជ័យ​ស្ដាប់​កូន​ថា​ដូច្នោះហើយ​សួរ​កូន​ថា អ្នក​មាស​ម្ដាយ ម្ដាយ​នឹង​មាន​ជំពាក់​បំណុល​គេ​ក៏​ទេ ម្ដេច​ក៏​ឱ្យ​ម្ដាយ​យក​កូន​ទៅ​នៅជា​ខ្ញុំ​គេ​ដូច្នោះ ទើប​ធនញ្ជ័យ​ប្រាប់​ម្ដាយ​ថា ខ្ញុំ​ទៅ​នៅផ្ចាញ់​ប្រាជ្ញា​លោក​មហាសេដ្ឋី​ទេ ឱ្យ​កូន​ទៅ​នៅជា​ខ្ញុំ​មហាសេដ្ឋី​អំពី​ថ្ងៃ​នោះ​ឯង។

ឯ​មហា​សេដ្ឋី​ក៏​ប្រើ​ចៅធនញ្ជ័យ​ ឱ្យ​កាន់ថាស​ស្លា​ដើរ​តាម​ទៅ​គាល់​ស្ដេច​សព្វៗ​ថ្ងៃទៅ ឯ​ធនញ្ជ័យ​ដើរ​ក្រដល់ ត្បិត​មហា​សេដ្ឋី​ជិះ​សេះ​នឹង​ដើរ​មិន​ទាន់ បាន​ជា​មហាសេដ្ឋី​ស្រដី​ថា អាជ័យ​ឯង​ដើរ​ដូចម្ដេច​ក៏​មិន​ទាន់​អញ ទើបធនញ្ជ័យ​ប្រាប់​ថា ត្បិត​ខ្ញុំ​ខ្លាច​វា​ជ្រុះ​ប្រអប់​អំពី​ថាស​ស្លា ទើប​មហាសេដ្ឋី​ស្រដី​ប្រាប់​ថា​ អំពី​ថ្ងៃ​នេះ​ទៅ អាឯង​រត់​ឱ្យ​តែ​បាន​តែ​ទាន់​សេះ​អញ បើ​វា​ជ្រុះ​របស់​កុំ​ឈប់​រើស​ឡើយ ធនញ្ជ័យ​ស្ដាប់​ហើយ​ឆ្លើយ​ថា​បាទ។

លុះ​ដល់​ថ្ងៃ​ឯ​ក្រោយ​វិញ​ទៀតនោះ ធនញ្ជ័យ​នឹង​ទៅតាម​មហាសេដ្ឋី​ កាល​មហាសេដ្ឋី​ឡើង​ជិះ​សេះ​បរ​ចេញ​ទៅ ធនញ្ជ័យ​ក៏​រត់​តាមក្រោយសេះ​ជ្រុះ​អស់​ប្រអប់​ស្លា​អំពី​ក្នុង​ថង់ស្រេះ​នោះ នៅ​តែ​ថាស​ស្លា ហើយ​និងថង់​ស្រែះ​ទទេ លុះ​ទៅដល់​សាលា​មហាសេដ្ឋី​ចុះអំពី​លើ​ខ្នង​សេះ​ហើយ​ឡើង​លើ​សាលា ជួបជុំ​ អង្គុយ​នឹង​អស់​នាម៉ឺន​ធំ​តូច ហើយ​ហៅ​ទៅថា អាជ័យ​យក​ថាស់​ស្លា​មក​ឱ្យ​អញ​ស៊ី ឯធនញ្ជ័យ​យក​ថាស​ស្លា​ជូន​មហាសេដ្ឋី ហើយ​ថយ​មក​អង្គុយ​នៅទី​មួយ​ដ៏​សម​គួរ​នឹង​ខ្លួន​ឯង​ មហា​សេដ្ឋី​ទទួល​ថាស​ស្លា​មកហើយ ក៏​មើល​ទៅ​ឃើញ​តែ​ថាស​ទទេ ខ្មាស​គេ​មិន​ហ៊ាន​ស្រដីថា​អ្វីៗ​ឡើយ លុះ​ដល់​ពេល​ត្រលប់​មក​ផ្ទះ​វិញ ហើយហៅថា អាជ័យ​អា​មក​ណេះ ឯ​ធ្នញ្ជ័យ​ឭ​មហាសេដ្ឋី​ហៅ​ដូច្នោះ​ហើយ​ ក៏​ដើរ​ចូល​ទៅ។ មហាសេដ្ឋីក៏​សួរថា អាជ័យ​ឯង​ដូច​ជា​ធ្លាក់​ប្រអប់​អស់មិន​រើស​ឡើង​វិញ ធ្នញ្ជ័យ​នជម្រាប​ថា​ខ្ញុំ​ខ្លាច​ដើរ​មិន​ទាន់តាម​លោក​តា បាន​ជា​ខ្ញុំ​មិន​ហ៊ាន​ឈប់​រើស ត្បិត​លោក​តា​ផ្ដាំ​ឱ្យ​ខ្ញុំឱ្យ​ទាន់​សេះ​លោកតា​នោះ​ឯង ឯ​មហាសេដ្ឋី​ស្រដី​ប្រាប់​ថា បើ​ទៅ​លើក​ក្រោយ ជ្រុះ​របស់​អ្វី​ឱ្យ​រើស​កុំខាន បើ​មិន​បាន​រើស អញ​វាយ​អាឯង ធនញ្ជ័យ​ស្ដាប់​ឭ​សម្ដី​ផ្ដាំ​ដូច្នោះ​ហើយ​ក៏​ចាំទុក។ លុះ​ដល់​ព្រឹក​ឡើង​នឹង​ទៅ​គាល់​ស្ដេច ហើយ​ឡើង​ជិះ​សេះ ហើយ​ធនញ្ជ័យ​កាន់​ថាស​ស្លា​ដើរ​តាម​ក្រោយ​សេះ ដែល​មហាសេដ្ឋី​ជិះ​នោះ​ឯង ឯ​សេះ​នោះ​វា​ជុះ​អាចម៍ ធនញ្ជ័យ​ក៏​រើស​អាចម៍​សេះនោះ​ដាក់​ក្នុង​ថាស​ស្លា​នោះ ទាល់​តែ​ពេញ ហើយ​ដើរ​តាម​ក្រោយ​ទៅ មហា​សេដ្ឋី​ជិះ​សេះ​ទៅ​ដល់​មុន​ រក​មើល​ធនញ្ជ័យបាត់។

លុះ​ដល់​ធនញ្ជ័យ​ដើរ​ទៅ​ដល់​ក៏​សួរថា អាឯង​មក​ឱ្យ​អញ​នឹង​សួរមើល​អាឯង​ថ្វី​ក៏​ដើរ​មិន​ឱ្យទាន់​​អញ ទើប​ធនញ្ជ័យ​ជម្រាប​ថា បាន​ជា​ខ្ញុំ​ដើរ​មិន​ទាន់​លោកតា​នោះ ត្បិត​ខ្ញុំ​បាទឈប់​រើស​អាចម៍​សេះ​វា​ធ្លាក់​ច្រើន​ណាស់ត្បិត​ប្រសាសន៍​លោក​ តា​ផ្ដាំ​ថា បើ​របស់​អ្វី​វា​ជ្រុះ​ ឱ្យ​ខ្ញុំ​បាទ​ឈប់​រើស ហេតុ​ដូច្នេះ​បាន​ជា​យូរ​ ទើប​មហាសេដ្ឋី​ថា អាឯង​ឱ្យ​ថាស​ស្លា​មក​អញ ធនញ្ជ័យ​ឱ្យ​ថាស​ស្លា​មក​មហាសេដ្ឋី មហាសេដ្ឋី​មើល​មិន​ឃើញ​អាចម៍​​នៅ​ក្នុង​ថង់​ស្រែះ​នោះ ក៏​អៀន​ខ្មាស់​អស់​នាម៉ឺន​ដែល​អង្គុយ​នៅ​សាលា​ជាមួយ​គ្នា មហាសេដ្ឋី​មិន​ស្រដីថា​អ្វីៗ​ឡើយ ហើយ​ក៏​ចុះ​អំពី​សាលា​ឡើង​សេះ​បរ​ទៅផ្ទះ​វិញ ឯធនញ្ជ័យ​ក៏​យក​ថាស​ស្លាមក​ហើយ​ក៏​ដើរ​ទៅ​តាម​មហាសេដ្ឋី លុះ​ដល់​ទៅ​មហាសេដ្ឋី។ ហៅថា​អាជ័យ​ឯង​កុំ​ដើរ​តាម​អញទៅ​គាល់​ឡើយ អាឯង​សម​តែ​នៅ​ចាំ​ចំការវិញ​ទើប​សម​នឹង​មុខងារ​អាឯង ហើយ​មហាសេដ្ឋី​ស្រដី​ប្រាប់​ថា តាំងតែ​ពី​ថ្ងៃ​នេះ​ទៅ​ អាឯងទៅ​ចាំ​ចំការ​តែ​សព្វៗ​ថ្ងៃទៅ​ ឯធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ឆ្លើយ​ថា​ បាទ ហើយ​ក៏​ដើរ​ទៅ​ចាំ​ចំការ​នោះដូច​មហាសេដ្ឋី​ប្រើដូច្នោះ​ឯង។

ឯ​អស់​ដំណាំ​នៅក្នុង​ចំការ​នោះ សត្វ​គោ​ក្របី​វា​ស៊ី​អស់ ធនញ្ជ័យ​នឹង​មាន​ដេញ​ក៏​ទេ លុះ​ដល់​មហាសេដ្ឋី​ដើរ​ទៅ​មើល​ចំការ​នោះ ក៏​មិន​ឃើញ​មាន​ដំណាំ​អ្វី​ឡើយ ឃើញ​តែ​គោ​ក្របី​វា​ស៊ី​អស់ ហើយ​ហៅ​ថា អាជ័យអើយ អា​មក​ណេះ​អញ​នឹង​សួរ​អាឯង​មើល ឯធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ដើរ​ចូល​ទៅហើយ​ក៏​សំពេះ​ក្រាប​នៅ មុខ​មហាសេដ្ឋី នៅ ស្ងៀម​ចាំ​ស្ដាំ​មហាសេដ្ឋី​នឹង​ថា​ដូចម្ដេច មហាសេដ្ឋី​សួរ​ថា អាជ័យ​ដើរ​ទៅ​ឯណា​ក៏​មិន​ដេញ​គោ​ក្របីវា​ស៊ីដំណាំ​អស់ ទើប​ធនញ្ជ័យឆ្លើយ​ថា បាន​ជា​ខ្ញុំ​បាទ​ពុំ​ដេញ​គោ​ក្របី​វា​ស៊ី​ដំណាំ​នោះ ត្បិត​លោក​តា​មិន​ផ្ដាំ​ឱ្យ​ដេញ​គោ​ក្របី លោក​តា​ផ្ដាំ​តែ​ថា ឱ្យ​ខ្ញុំ​បាទ​មើល​តែ​ចំការ​ ឥឡូវ​នេះ​ចំការ​វា​នៅ​ទេ នឹង​មាន​បាត់​ទេ ឯ​មហាសេដ្ឋី​ស្ដាប់​ហើយ​ក៏​ស្ងៀម ហើយ​គិត​ថា​អាជ័យ​នេះហៅ​ពេញ​ជា​កាច​ណាស់ បើ​ដូច្នោះ តើ​នឹង​ប្រើ​ការ​អ្វី​បាន​ ទើប​មហា​សេដ្ឋី​គិត​ថា មាន​តែ​ប្រើ​វា​ឱ្យ​ឃ្វាល​គោ​វិញ ទើប​មហា​សេដ្ឋី​ហៅ​ថា អាជ័យ​អាឯង​មក​ឯ​ណេះ ធនញ្ជ័យ​ឭ​ហើយ​ឆ្លើយ​ថា​ បាទ ហើយ​ដើរ​ចូល​ទៅដល់ហើយ​អង្គុយ​នៅស្ងៀម ឯ​មហាសេដ្ឋី​ប្រាប់​ថា អាជ័យ​ទៅឃ្វាល​គោ​សព្វ​ៗ​ថ្ងៃ​កុំ​ឱ្យ​ខាន​ឡើយ ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ជម្រាប​មហាសេដ្ឋី​ថា ត្បិត​ខ្លួន​ខ្ញុំ​បាទ​ឥត​មាន​ប្រពន្ធ ឥឡូវ​នេះ​លោក​តា​ឱ្យ​ទៅ​ឃ្វាល​គោ​នោះ ខ្ញុំ​បាទ​អរ​ហើយ​នឹង​បាន​ប្រពន្ធច្រើន​ ខ្ញុំ​បាទ​ជម្រាប​ថា​គោ​ញី​ទាំង​អស់​ ដែល​មាន​ប៉ុន្មាន​នៅ​ក្នុង​រោង​នេះ ឈ្មោះ​តែ​គោ​ញី ខ្ញុំ​បាទ​យក​ធ្វើ​ជា​ប្រពន្ធ​ទាំង​អស់។

ធនញ្ជ័យ​ជម្រាប​មហាសេដ្ឋី​រួច​ហើយ​ក៏​លា​ ទៅសព្វ​ៗ​ថ្ងៃ ហើយបើ​មាន​គោ​ឈ្មោល​ឯណា​វា​មក​ពាក់​គោ​ញី​នោះ ធនញ្ជ័យ​ក៏​ចាប់​ថា គោ​ញី​នោះ វា​លួច​ប្រពន្ធ​ខ្លួន​ហើយ​ចង​ទុក​ជា​​ច្រើន​ណាស់​ ម្ចាស់​គោ​ឈ្មោល​គេ​មក​សុំ​យក ធនញ្ជ័យ​មិន​ឱ្យ ហើយ​ប្រាប់​ថា​គោ​អ្នកឯង​លួច​ប្រ​ពន្ធ​អញ បើ​ចង​បាន​មាន​តែ​យក​ប្រាក់​មក​ឱ្យ​អញ​ ទើប​អញ​បើក​ឱ្យ​យក​ទៅ បើមិន​យក​ប្រាក់​មក​ឱ្យ​អញ​ៗ​មិន​បើក​វា​ទេ​ ឯ​ម្ចាស់​គោ​នោះ​កាល​បើ​បាន​ឭ​ធនញ្ជ័យ​ថា​ដូច្នោះ​ហើយ ក៏​វិល​ទៅ ជម្រាប​លោក​មហាសេដ្ឋី​ថា សូម​ជម្រាប​លោក​មហាសេដ្ឋី​បាន​ជ្រាប ត្បិត​លោក​ឱ្យ​ធនញ្ជ័យ​ឃ្វាល​គោ​នោះ​វា​ចាប់​គោ​ឈ្មោល​យើង​ខ្ញុំ​រាល់​គ្នា​ អស់​គោ ២០ ឬ៣០ វាថា​គោ​នេះ​ទៅ​លួច​ប្រពន្ធ​វា ហើយ​វាថា គោញី​ទាំង​អស់​នោះ​ឯង​លោក​មហាសេដ្ឋី​ឱ្យ​ជា​ប្រពន្ធ​វា បើ​ដូច្នេះ​ខ្ញុំ​បាទ​ទាំង​អស់​គ្នា ពុំ​សុខចិត្ត​នឹង​ធនញ្ជ័យ​ធ្វើ​មិន​ត្រូមត្រូវ​សូម​ឱ្យ​លោក​ឱ្យ​យកគោ​ខ្ញុំ​ បាទ​វិញ។

ឯ​មហាសេដ្ឋី​ស្ដាប់​ហើយ ក៏​គិត​ថា​អញ​ប្រើ​អាជ័យ​នេះ​នឹង​កើត​ទោស​ច្រើនទៅ​ទៀត ហើយប្រើ​មនុស្ស​ម្នាក់​ថា អាឯង​ទៅ​ហៅ​អា​ជ័យ ហើយ​យក​ទាំង​គោ​ដែល​វា​ចាប់​នោះ​មក​ផង បម្រើ​នោះ​ស្ដាប់​ហើយ​ក៏​ដើរ​ទៅ​ហៅ​​ធនញ្ជ័យ​ដូច​ពាក្យ​មហាសេដ្ឋី​ប្រើ​នោះ​ ឯង ទៅ​ដល់​ហើយ​ប្រាប់​ថា ចៅជ័យ​ឥឡូវ​នេះ​លោក​មហាសេដ្ឋី​ប្រើ​អញ​មក​ហៅ​ចៅ​ជ័យ​ឯង ហើយ​ឱ្យ​យក​ទាំង​គោដែល​ចាប់​របស់​គេ​នោះ​ទៅ​ផង ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ឆ្លើយ​ថា បើ​ដូច្នោះ ឯង​ជួយ​ដឹក​គោ​ឱ្យ​អញ​ផង ហើយ​ក៏​ដឹក​គោ​នោះ​យក​ទៅដល់​មហាសេដ្ឋី អា​បម្រើ​ទៅ​ជម្រាប​ថា ចៅ​ជ័យ​មក​ដល់​ហើយ​យក​ទាំង​គោ​នោះ​មក​ផង មហាសេដ្ឋី​សួរថា អាជ័យ​ឯង​ដូចម្ដេច​ក៏​បាន​ជា​ទៅ​ចាប់​គោគេ​ហើយ​ថា​ជា​សួច​ប្រពន្ធ​អា​ឯង ឯ​​ធនញ្ជ័យ​ជម្រាប​ថា ខ្ញុំ​បាទ​បាន​ជម្រាប​សូម​យក​គោ​ញី​នោះ​ឯង​ជា​ប្រពន្ធ​ខ្ញុំ​បាទ ឥឡូវ​នេះ​គោ​ឈ្មោល​ទាំង​អស់​នេះ​ឯង​វា​ដេញ​ចង់​ប្រពន្ធ​របស់​ខ្ញុំ​ហើយ​បាន​ ជា​ខ្ញុំ​បាទ​ចាប់​ចង​ទុក​នឹង​យក​មក​ប្ដឹង​លោក​តា បើ​លោកតា​មាន​ប្រសាសន៍​ដូច​ម្ដេច​ក៏​ខ្ញុំ​បាទ​ព្រម មិន​ហ៊ាន​ទទឹង​ទេ។

ឯ​មហាសេដ្ឋី​ស្ដាប់​ធនញ្ជ័យ​ជម្រាប​ ដូច្នោះ​ហើយ ទើប​ប្រាប់​ថា អាឯង​ឱ្យ​គោ​របស់​គេ​ទៅ​ម្ចាស់​គេ​វិញ ហើយ​ខ្លួន​អាឯង​កុំ​ទៅ​ឃ្វាល​គោ​ទៀត វា​បង្កើត​ទោស​ច្រើន​ណាស់ អាឯង​បាន​តែ​ប្រើការ​ក្នុង​ផ្ទះ​វិញ​ទើប​ជា ឯ​​ធនញ្ជ័យ​ក៏​ខាន​ពុំ​បាន​ទៅ​ឃ្វាល​គោ​អំពី​ថ្ងៃ​នោះ​ឯង មហាសេដ្ឋី​ក៏​ប្រើធនញ្ជ័យ​ឱ្យ​ធ្វើ​ការ​ក្នុង​ផ្ទះ​សព្វ​ថ្ងៃ​ទៅ។

មាន​កាល​មួយ​ថ្ងៃ​មហាសេដ្ឋី​ចេញ​ទៅ​អង្គុយ ​លេង​នៅ​សាលា​ក្រៅ​ និយាយ​នឹង​អស់​នាម៉ឺន​ដែល​គេ​មក​គិត​ការ​អ្វីៗ​នឹង​មហាសេដ្ឋី អំពី​ព្រឹក​ដល់​ថ្ងៃ​ជិត​ត្រង់ ពេល​ឃ្លាន​បាយ ប្រពន្ធ​មហាសេដ្ឋី​ស្រដី​ប្រើ​ថា​អាជ័យ​ទៅ​ហៅលោក​តា​អាឯង​មក​ពីសា​បាយ វា​ថ្ងៃ​ណាស់​ហើយ។

ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ដើរ​ទៅ​ហៅ​ មហាសេដ្ឋី​ថា លោក​តា​អើយ​ពីសាបាយ ដើរ​បន្តិច​ទៅ​ហៅ​ម្ដងស្រែក​ហៅ​ទៅ​ឭ​ដល់​មហាសេដ្ឋី​ៗ​ក៏​ខ្មាស់​គេ​ណាស់ តែ​មិន​ស្រដី​ថា​ឱ្យ​ដឹង​ឡើយ ធនញ្ជ័យ​ហៅ​ហើយដើរ​ទៅ​ដល់​មហាសេដ្ឋី​ហើយ​ស្រែក​ថា លោក​យាយ​ឱ្យ​ហៅ​លោក​តា​ទៅ​ពីសា​បាយ ត្បិត​ថ្ងៃ​ណាស់​ហើយ មហាសេដ្ឋី​ខឹង ហើយ​ចុះ​ពី​សាលា​ដើរ​ទៅ​ដល់​ផ្ទះ​ហើយ​ស្រដី​ថា ដូចម្ដេចក៏​បាន​អាជ័យឯង​ស្រែក​ហៅ​អញ​ខ្លាំង​អញ​ម្ល៉េះ​បើដើរ​ដល់​ជិត​សឹម​ ប្រាប់​វា​អ្វី ធនញ្ជ័យ​​ឆ្លើយ​ថា ខ្ញុំ​បាទ​នឹង​ធ្វើ​ឯង​ក៏ទេ ត្បិត​លោក​យាយ​ប្រើ​ឱ្យ​ហៅលោកតា​មក​ពី​សា​បាយ បាន​ជា​ខ្ញុំ​បាទហៅ​ដូច្នោះ​ឯង មហាសេដ្ឋី​ស្រដីថា អាឯង​អំពី​ថ្ងៃ​នេះទៅ បើ​គេ​ប្រើ​ឱ្យ​ទៅ​ហៅ​អញ អាឯង​ដើរ​ឱ្យ​ដល់ទៅ​សឹម​ប្រាប់​អញ​តិចៗ កុំ​ឱ្យគេ​ឭ​ឡើយ បើ​អាឯង​ហៅ​ដូច​ពី​មុន​នោះ​ទៀត អញ​វាយ​អាឯង​មិន​ខាន ឯ​ធនញ្ជ័យ​​ក៏​ចាំ​ទុក​ក្នុង​ចិត្ត​ហើយ​នៅ​យូរ​បន្តិច​ទៅ។

មាន​កាល​មួយ ថ្ងៃ​មហាសេដ្ឋី​ដើរ​ទៅ​អង្គុយ​ឯ​សាលា​ក្រៅ​បង្គាប់​មនុស្ស​ម្នា​ឱ្យ​ធ្វើការ គ្រា​នោះ​ភ្លើង​ឆេះ​ផ្ទះ​មហាសេដ្ឋី​នោះ​ឯង ប្រពន្ធ​មហាសេដ្ឋី​ភ័យ​ហើយ​ហៅ​ថា អាជ័យទៅ​ហៅ​លោកតា​អាឯង​ប្រាប់​ថា​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ ឯធនញ្ជ័យ​​ក៏​ដើរ​ហៅ​មហាសេដ្ឋី​ថា លោកតា​អើយ​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ តែ​ថា​តិចៗ​ជើង​ប្រឹង​តែ​ដើរ មាត់​ក៏​ប្រាប់​តិចៗ​ថា លោកតា​អើយ​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ មហាសេដ្ឋី​ក្រឡេក​មើល​មក​ឃើញ​​ធនញ្ជ័យ​​​ដើរ ហើយ​ធ្វើ​មាត់​ម្ហបៗ មហាសេដ្ឋី​មន្ទិល​ក្នុង​ចិត្ត​ហើយ​ស្រែក​សួរ​ថា អាជ័យ​អើយ​អាឯង​ថា​អី​ក៏​មិន​ថា​ឱ្យ​ខ្លាំង​មក អញ​នឹង​ឭ ឯ​ធនញ្ជ័យ​​ក៏​ថា​តិចៗ​ដូច​ដែល​នោះ​ឯង លុះ​ដើរ​ទៅ​ដល់​ហើយឱន​ទៅ​ខ្សិប​ថា លោកតា​ភ្លើង​ឆេះ​ផ្ទះ​អស់​ហើយ ឯ​មហាសេដ្ឋី​ស្ដាប់​ដឹង​ដូច្នោះ​ហើយ​ប្រើ​អាជ័យ​ថា ទៅ​យក​របស់​ស្រាល​ៗ​ឱ្យ​ឆាប់ទៅ ធនញ្ជ័យ​​ក៏​រត់​ទៅ​យក​ឯ​សម្បុក​មាន់​ដែល​វា​ពុំ​ទាន់​បាន​ភ្លើង​ឆេះនោះ យក​ទៅ​ទុក​ច្រើន ប្រមាណជា​៣០​សម្បុកមាន់​នោះ លុះ​ដល់​ភ្លើង​រលត់​ហើយ មហាសេដ្ឋី​ស្រដី​ប្រាប់​គេឱ្យ​យក​អស់​របស់ដែល​យក​បាន​ភ្លើង​ពុំ​បាន​ឆេះ​នោះ ​មក​អស់​ហើយ បាត់​តែ​ធនញ្ជ័យ​ពុំ​ឃើញ​យក​មក នោះ​មហាសេដ្ឋី​ហៅ​អាជ័យឯង​យក​បាន​របស់​អី​ទុក​ខ្លះ​យក​មក​ឱ្យ​អញ​នឹង​មើល ឯធនញ្ជ័យ​ថា​ខ្ញុំ​បាទ​យក​បាន​ច្រើន​ចាំ​ខ្ញុំ​បាទ​ទៅ​យក​មក​ជូនហើយ​​ ធនញ្ជ័យ​ទៅ​យកសម្បុក​មាន់​នោះ​មក​ឱ្យ​មហាសេដ្ឋី ឯ​មហាសេដ្ឋី​ថា អាជ័យ​ដូចម្ដេចក៏​ទៅ​យក​សម្បុក​មាន់​វិញ ឯ​របស់​ឯទៀត​ក៏​អា​ឯង​មិន​យក ឯ​ធនញ្ជ័យ​ឆ្លើយ​ថា ត្បិត​លោក​តា​ផ្ដាំ​ថា​យក​របស់​ស្រាលៗ​នោះឯង បាន​ជា​ខ្ញុំ​យក​សម្បុក​មាន់​នោះឯង វា​ស្រាលជាង​របស់ដទៃ។​

ឯ​មហាសេដ្ឋី​ក៏ប្រាប់​ថា អាឯង​ទៅ​រកចាប់​នរណា​ជាដើម​ភ្លើង​ឱ្យ​ឆេះ​ផ្ទះ​នេះ ​ឯ​​ធនញ្ជ័យ​ឭហើយ​ក៏ដើរ​ទៅ​ចាប់​ជើង​ក្រាននោះ​ចងដាក់​ឃ្នាង​នាំ​មក​ ជូនមហាសេដ្ឋី​ហើយ​ស្រដី​ជម្រាប​ថា ជើង​ក្រាននេះ​ឯង​ចា​ដើម​ភ្លើង​តែងតែ​នាំ​ឆេះអំពី​ជើង​ក្រាន​នេះ​ឯង រាល់​ផ្ទះ​មនុស្ស​សព្វ​ថ្ងៃ ប្រាកដ​ជា​ឆេះ​ជើងក្រាននេះ​ឯង ថា​បើ​មិន​មែន​ទេ ខ្ញុំបាន​ទទួល​ខុសឱ្យ​លោកតា​ធ្វើទោស ឯ​មហាសេដ្ឋីស្ដាប់​ហើយ​ក៏​គិតតែ​ក្នុង​ចិត្ត​ថា អាជ័យ​នេះ​ឃើញថា​អញ​នឹង​ប្រើ​វា​មិន​បាន បើ​ប្រើ​ទៅ​ឃើញថា​នឹង​ខូច​របស់​ទ្រព្យច្រើន បើ​ដូច្នោះមាន​តែអញ​នាំ​ទៅ​ថ្វាយ​ស្ដេច​ឱ្យ​ស្រឡះអំពី​ខ្លួន​អញ គិត​ដូច្នោះ​ហើយ​ក៏​ប្រាប់ថា​អាជ័យឯង អញ​នឹង​យក​ទៅ​ថ្វាយ​ហ្លួង​ក្នុង​ព្រឹក​ស្អែក​នេះ​ឯង​ហើយ​ឯ​​ធនញ្ជ័យ​ក៏​ ស្ងៀម​ទៅ។

លុះ​ដល់​ព្រឹកឡើង ឯ​មហាសេដ្ឋីក៏​រៀប​ខ្លួន​នឹង​ឡើង​ទៅ​គាល់ ហើយ​យក​​ធនញ្ជ័យ​ទៅផង លុះ​ដល់​ហើយក្រាប​បង្គំគាល់ទើប​ទូល​ថា សូម​ទាន​ក្រាប​ទូល​ត្បិត​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មាន​ក្មេង​ម្នាក់​មាន​ ប្រាជ្ញា​ណាស់ នឹង​ដេញ​ប្រាជ្ញា​វា​មិន​ទាន់​ឡើយ គ្មាន​មនុស្ស​ឯ​ណា​នឹង​កុហក​ដូច​គ្មាន ឥឡូវ​នេះ​ខ្ញុំ​ទូល​បង្គំ​យក​មក​ថ្វាយ​ជា​ខ្ញុំ​លួង​ធូលី​ព្រះ​បាទ ឯ​ព្រះមហាក្សត្រ​ស្ដាប់​ហើយ​មាន​បន្ទូល​ត្រាស់​ហៅ​ថា អាជ័យ​ចូល​មក​ឱ្យ ឯ​ធនញ្ជ័យក៏​ឆ្លើយ​ថា ព្រះករុណា​ពិសេស ហើយ​ខិត​ចូល​ទៅក្រាប​ជិត​មុខ​ព្រះ​ភក្ត្រ ទើប​មហាក្សត្រ​សួរថា អាជ័យ​ឯង​នេះចេះ​កុហក​មែន​ឬទេ ឯ​ធនញ្ជ័យ​ក្រាប​ទូល​ថា ចេះ​មែន ស្ដេច​ត្រាស់​ថា បើ​ដូច្នោះ​អាឯងកុហក​អញ​នឹង​មើល ទើប​ធនញ្ជ័យ​ក្រាប​ទូលថា ឯ​កុហក​នេះ​មាន​ក្បួន​នៅ​ផ្ទះ​ទូល​បង្គំ​ជា​ខ្ញុំ ទើប​ស្ដេច​ត្រាស់​ថា បើ​ដូច្នោះ​អាឯង​ទៅ​យក​មក​នឹង​កុហក​អញ​មើល ទើប​ធនញ្ជ័យ​ក្រាប​ទូលថា​មាន​តែ​ឱ្យ​​ហោរាសិក​ម្នាក់​ទៅ​យក​ក្បួន​កុហក​អំពី ​ផ្ទះ​ទូល​បង្គំ​ជា​ខ្ញុំ​ទើប​ស្ដេច​ត្រាស់​ប្រើ​មហាតលិក​ម្នាក់ថា អាឯង​ទៅ​យក​ក្បួន​កុហកពី​អាជ័យ​ឱ្យ​ឆាប់ ឯ​មហាតលិក​នោះ​ក្រាប​ថ្វាយ​បង្គំ ហើយ​ក៏​រត់​ទៅ​ដល់​ផ្ទះ​​ធនញ្ជ័យ ហើយ​ប្រាប់​ម្ដាយ​ធនញ្ជ័យ​ថា ត្បិត​​ធនញ្ជ័យ​ប្រាប់​ថាឱ្យ​មក​យក​ក្បួន​កុហក​នោះ ឯ​ម្ដាយ​ស្ដាប់​ហើយ​ឆ្លើយ​ថា​គ្មាន​ទេ ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ត្រាស់​សួរថា អាជ័យ​អា​​ឯង​ថា​មាន​ក្បួន​កុហក​នៅ​ឯ​ផ្ទះ ឥឡូវ​នេះ​ឱ្យ​ទៅ​យក​ម្ដាយ​អាឯង​ថា​គ្មាន​ទេ ទើប​ធនញ្ជ័យ​ក្រាប​ទូល​ថា​នេះ​ហើយ​ហៅ​ថា​កុហក​ថ្វាយ​ហើយ​សូម​ទាន​ជ្រាប។

ស្ដេច​ស្ដាប់​ក៏​ទ្រង់​ព្រះ​សម្រួល ហើយ​ក៏​មាន​ព្រះ​បន្ទូលថា អាជ័យ​ឯងនៅ​គាល់​បម្រើ​អញ​សព្វៗ​ថ្ងៃ​កុំ​ឱ្យខាន ឯ​ធនញ្ជ័យ​ទទួល​ព្រះ​បន្ទូល​ហើយ​ក៏​នៅ​ស្ងៀម​ ហើយ​គាល់​បម្រើ​គ្មាន​ខាន​ដល់​មួយ​ថ្ងៃ។

មាន​កាល​មួយ ថ្ងៃស្ដេចគិត​ក្នុង​ព្រះរាជ​ហឫទ័យ​ថា អញ​នឹង​ល្បង​ប្រាជ្ញា​អាជ័យ​ចង់​ដឹង​មើល​ លុះ​ដល់​ព្រឹក​ឡើងហើយ​ស្ដេច​យាង​ទៅ​កំពង់​ទឹក​ហើយ​ស្ដេច​យាង​ទៅ​កំពង់​ទឹក​ ហើយ​បាន​ហៅ​អស់​នាម៉ឺន​ធំតូចទាំង​ប៉ុន្មាន​ៗ​រក​ពង​មាន់​មួយ​ម្នាក់​ឱ្យ​ ក្ដាប់​ចុះ​ទៅ​ក្នុង​ទឹក​មុជ​ទៅងើប​ឡើង​ឱ្យ​ថា តុក្កតត​ពង​១ ថ្វាយ​ស្ដេច ឯ​​ធនញ្ជ័យ​កុំ​ឱ្យ​ដឹង​ឡើយ​ឯ​អស់​នាម៉ឺន​រក​ពង​មាន់​បាន​១​ម្នាក់​ហើយ​ចុះ​ ទឹក មុជ​ទៅ​ងើប​ឡើង​ថា​តុក្កតត​ពង​១​ ថ្វាយ​ហើយ ម្នាក់​មុជ​ទៅ​ទៀត​ហើយ​ងើប​ឡើង​ថា ដូចគ្នា​ហើយ​ថ្វាយ​ពង​មាន់​នោះ​គ្រប់​គ្នា ហើយ​នៅ​តែ​ធនញ្ជ័យ​ក្រោយ​គេ មិន​បាន​ដឹង​ខ្លួន​ថា​ស្ដេច​ឱ្យ​ចុះ​ទឹក​កាន់​ពង​មាន់​ទៅ​ដូច្នោះ​ឡើយ ហើយ​ស្ដេច​ឱ្យ​ហៅ​មក​ថា អាជ័យ​អាឯង​ចុះ​ទឹក​មុជ​ទៅ​ងើប​ឡើង​នឹង​អាល​ថ្វាយ​ពង​មាន់​ឱ្យ​ដូចគេ ធនញ្ជ័យ​នឹង​រក​ពង​មាន់​គ្មាន​ហើយ​ក៏​មុជ​ទឹក​ទៅ​ងើប​ឡើង​ថា កឹគគិគលគក ឯ​ស្ដេច​មាន​បន្ទូល​សួរថា ឯណា​អាជ័យ​ពង​មាន់ ទើប​ធនញ្ជ័យ​ថា ត្បិត​ទូល​បង្គំ​នេះ​ជា​មាន់​ឈ្មោល​ជាន់​មាន់​ញី​ទាំង​អស់​នេះ​ឯង បាន​ជា​មាន​ពង បើ​កុំ​ទូល​បង្គំ​ជា​ឈ្មោល​ហើយ​ជាន់ហើយ​ជាន់​មាន់​ញី​ទាំង​នេះ គ្មាន​ពង​ទេ​ក្រាប​ទូល សូម​ទ្រង់​ជ្រាប ស្ដេច​ស្ដាប់​ហើយ​ក៏​កោត​ប្រាជ្ញា​ធនញ្ជ័យ​ ហើយ​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​អាយុឯង​មាន​ប៉ុន្មាន​ឆ្នាំ​ហើយ ធនញ្ជ័យ​ក្រាប​ទូលថា អាយុ​ទូល​បង្គំ​ជា​ខ្ញុំ​បាន​១១​ឆ្នាំ។

ស្ដេច​ស្ដាប់​ហើយ មាន​ព្រះ​បន្ទូល​ប្រាប់អស់​នាម៉ឺន​ឱ្យ​បាន​ដឹង ត្បិត​ស្ដេច​នឹង​យាង​ទៅ​ប្រពាត​ព្រៃ ឱ្យ​អស់​នាម៉ឺន​រៀប​ខ្លួន​ចាំ​កំណត់ដប់​ថ្ងៃ​ទៀត​ទើប​ស្ដេច​យាងទៅ​ ឯ​អស់​នាម៉ឺនបាន​ប្រាប់​ព្រះ​បន្ទូល​ប្រាប់​ដូច្នោះ​ហើយ ក៏​រៀប​ខ្លួនគ្រប់​នាម៉ឺនតាម​មុខងារ​រៀង​ខ្លួន លុះ​ដល់​ថ្ងៃ​ស្ដេច​ចេញ​ទៅ​ហើយ​ហៅ​ធនញ្ជ័យ​មក​មាន​ព្រះ​បន្ទូល​បង្គាប់​ថា អាជ័យ​ឯង​អញ​ឱ្យ​ជិះ​ដំរី​ដែល​ដាក់​ក្រយា​ស្ងោយ​ទៅ​ឱ្យ​បាន​ទាន់​អញ បើ​មិន​ទាន់​អញ​ ឯង​នឹង​មាន​សេចក្ដី​ខុស​មិន​លែង​ឡើយ ឯ​ដំរី​នោះ​ស្ដេច​ឱ្យ​យក​ដំរី​ចាស់​នឹង​ដើរ​មិន​ចង់​រួច​ ហើយ​ឱ្យ​ធនញ្ជ័យ​ជិះ​ទៅ ឯធនញ្ជ័យ​ក៏​ឡើង​ជិះ​បរ​ទៅ​វា​ដើរ​មិន​ទាន់​គេ​ឡើយ ធនញ្ជ័យ​ក៏​ធ្វើ​ក្ដោង ហោយ​យក​ថ្នោល​ដោលលើ​ខ្នង​ដំរីនោះឯង។ ព្រះ​មហាក្សត្រ​ស្ដេច​យាង​ទៅ​ដល់​ព្រះពន្លា ហើយ​ឱ្យ​រក​​ធនញ្ជ័យក៏​បាត់​ហើយ​ត្រាស់ថា អាជ័យ​នេះ​ខុស​ហើយ​មិន​ខាន លុះ​ដល់​យូរ​បាន​បី​ម៉ោង​ទើប​ធនញ្ជ័យមក​ដល់​ ព្រះ​មហាក្សត្រ​ស្ដេច​ឱ្យ​ហៅ​ធនញ្ជ័យ​មក​សួរថា អាជ័យ​ឯង​បរ​ដំរីដូច​ម្ដេច​ក៏​មិន​ទាន់​អញ អាឯង​ខុស​ហើយ​ត្បិត​អញ​បាន​ប្រាប់​ថា ឱ្យ​មក​ទាន់​កុំ​ខាន ឯ​ធនញ្ជ័យ​ស្ដាប់​ព្រះ​បន្ទូល​ ហើយ​ក៏​ក្រាប​ទូលថា ត្បិត​ដំរី​វា​មិន​ដើរ ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ធ្វើ​ក្តោងបើក ហើយ​ធ្វើ​ថ្នោល​ដោលផង ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​បានប្រហែល​ក៏ទេ ហើយ​ស្ដេចក្រសាល​សប្បាយ​ទៅ​លុះ​ដល់​ថ្ងៃ​រសៀល​វិល​មក​វិញ ហើយ​ចូល​ផ្ទំ។

ហើ​យ​ស្ដេច​គិត​ក្នុង​ព្រះ​ហឫទ័យថា អាជ័យ​នេះ​មាន​ប្រាជ្ញា​ណាស់ នឹងគិត​ធ្វើ​ដូចម្ដេច​ឱ្យ​ទាល់​ប្រាជ្ញា​វា​នោះ បើ​ដូច្នោះ មាន​តែ​អញ​នឹង​ដេញ​ប្រាជ្ញា​វា​ទៀត ស្ដេច​ទ្រង់​ព្រះ​រាជហឫទ័យ​ដូច្នោះ​ហើយ ​​ឱ្យ​អស់​នាម៉ឺន​មុខ​មន្ដ្រី​ នូវ​អស់​មហាតលិក​ឃុនម៉ឺន​ នូវនាម៉ឺន​រកងារក្នុង​ងារ​ដែល​នៅ​ក្នុង​ព្រះ​នគរ ឱ្យ​មក​ជួប​ជុំ​នឹង​ទ្រង់បង្គាប់​ឱ្យ​ហែ​ស្ដេច​ចេញ​ទៅ​លើ​ព្រៃ​ក្នុង​ថ្ងៃ​ ស្អែក​នេះ​ឯង តែ​ឱ្យ​ជិះ​សេះហែ​ឱ្យ​គ្រប់​គ្នា តែ​អ្នក​ណា​គ្មាន​សេះជិះ​នឹង​បាន​ថា​មាន​សេចក្ដី​ខុសមិន​លែង​ឡើយ ឯ​​ធនញ្ជ័យ​​កុំវា​ដឹង​សេចក្ដី​នេះ​ឡើយ បើព្រឹក​ឡើង​នឹង​ចេញ​ទៅ ហើយ​សឹម​នឹង​ប្រាប់​អាជ័យ​ថា ឱ្យ​រក​សេះ​ជិះ​ទៅ លុះ​ដល់​ព្រឹក​ឡើង​ហើយ​ស្ដេច​ចេញ​ទៅ អស់នាម៉ឺន​ឡើង​ជិះ​សេះហែ​ស្ដេច ឯ​ព្រះមហាក្សត្រ​ឱ្យ​ហៅ​​ធនញ្ជ័យ​​មក​ហើយ​ទ្រង់​បង្គាប់ថា អាជ័យ​ឯង​មក​ហែ​អញទៅ ហើយឱ្យរក​សេះជិះទៅ​ ដើរ​ទៅ​ជើង​ទទេ​អញ​នឹង​យក​ទោស​អាឯង​ខុស ឯ​ធនញ្ជ័យ​​ស្ដាប់​ហើយ​ទទួល​ព្រះ​បន្ទូល​រត់​ទៅ​រក​គេ​គ្មាន ឥត​នរណា​នឹង​ឱ្យ ព្រះ​មហាក្សត្រ​ប្រាប់​​ធនញ្ជ័យ​​ហើយយាង​ស្ដេចចេញ​ទៅ ឯ​ធនញ្ជ័យ​​កាល​រក​សេះ​មិន​បាន ហើយ​ទៅ​យក​សេះ​កូន​ចគ្រង្គ​ក្ដាប់​នឹង​ដៃ ហើយដើរទៅ​ហែ​ស្ដេច។ ព្រះមហាក្សត្រ​ស្ដេច​ទៅដល់​ព្រះ​ពន្លា​ហើយ​រក​​ធនញ្ជ័យ​​មិន​ឃើញ​​ធនញ្ជ័យ​​ ដើរ​អំពី​ចម្ងាយ លុះ​ដល់​ល្មម​ស្ដេច​ទត​មក​ឃើញ​ក៏​ប្រឹង​រត់​ទៅ​ដល់​ ហើយ​ក្រាប​ថ្វាយ​បង្គំ ព្រះ​មហាក្សត្រ​ស្ដេច​មាន​ព្រះ​បន្ទូលសួរ​ថា អាជ័យ​អញ​ឱ្យ​ឯង​ជិះ​សេះ​មក ឥឡូវ​នេះ​ក៏​មិន​ជិះ​សេះ​មក ។ ធនញ្ជ័យ​​ក្រាប​ទូល​ថា សេះ​នេះ​ដែល​ខ្ញុំ​ជិះ​ហែ​ម្ចាស់ ស្ដេច​ស្ដាប់​ហើយ​ក៏​ស្ងៀម​នៅ​មិន​មាន​ព្រះ​បន្ទូល​ជា​អ្វីឡើយ ហើយ​ស្ដេច​ក៏​វិល​មក​ក្នុងព្រះ​រាជវាំង​វិញ។

លុះ​ដល់​ព្រឹក​ឡើងស្ដេច​ត្រាស់​ឱ្យ​ហៅ​ ធនញ្ជ័យ​​មកគាល់​ហើយ​មាន​ព្រះ​បន្ទួល​ថា អាជ័យ​ឯង​ទៅ​បោស​ក្រោម​ដំណាក់​កុំ​ឱ្យ​មាន​សំរាម​នៅ​ក្រោម​ដំណាក់​សព្វ​ៗ​ ថ្ងៃទៅ បើ​ឯង​ខាន​នឹង​បាន​សេចក្ដី​ខុស​មិន​លែង​ឡើយ ឯ​ធនញ្ជ័យ​​ស្ដាប់​ព្រះ​បន្ទូល ហើយ​ក៏​រៀប​ខ្លួន​ចេញ​ទៅ​បោស​ក្រោម​ដំណាក់អស់​អ្នក​ម្នាង​នោះ ហើយ​អស់​ទាំង​ស្ត្រី​បម្រើ​វាដើរ​ទន្រ្ទាំ​លើ​ក្បាល​​ធនញ្ជ័យ​​តែ​សព្វ​ៗ​ ថ្ងៃ ឯ​ធនញ្ជ័យ​​គិត​ថា​អស់​ទាំង​ស្ត្រី​នេះ​ដើរ​លើ​ក្បាល​អញ បើ​ដូច្នោះ​អញ​នឹងគិត​ធ្វើ​កុំ​ឱ្យ​ស្ដេចប្រើ​កុំ​ឱ្យ​មក​បោស​ក្នុង​ដំណាក់​ នេះ​ទៀត​បាន​ឡើយ។ គិត​ស្រេច​ហើយ​​ធនញ្ជ័យ​​ក៏​ជេរ​ថា មេ​ដក​ទង​ចោរ​ទាំង​អស់​នេះ វាបាន​ស៊ី​ក៏​តែ​គូថ វា​មិន​បាន​ស៊ី​ក៏​​តែ​ពី​គូថ​វា ស្រែក​ជេរ​ខ្លាំង ឭដល់​ទៅ​អស់​អ្នក​ម្នាង​នៅ​លើ​ដំណាក់​នោះ អ្នក​ម្នាង​ខឹង​នឹង​ធនញ្ជ័យ​​ក៏​បបួល​គ្នា​ឡើង​ទៅ​ក្រាប​ទូល​ថា សូម​ទ្រង់ជ្រាប​ព្រះ​រាជហឫទ័យ​ ត្បិត​ត្រាស់​ប្រើ​អាជ័យ​ឱ្យ​វា​ទៅ​បោស​ក្រោម​ដំណាក់​ ឥឡូវ​នេះ​វា​ជេរ​បញ្ជោរ​អស់​យើង​ខ្ញុំ​ជា​ទម្ងន់ មុខគួរ​ឱ្យ​ខ្មាស​អស់​មនុស្ស​ផង​ទាំង​ពួង​នឹង​ធ្វើ​ជាព្រះ​ម្នាង​ស្ដេច​មិន​ បានសូមជ្រាប ឯ​ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ថា វា​ជេរ​ដូច​ម្ដេច ទើប​អ្នក​ម្នាង​ទូល​ថា ជេរ​មេដក​ទង​ចោរ​ទាំង​អស់​នេះ វា​បាន​ស៊ី​តែ​ពីគូថ វា​មិន​បាន​ស៊ី​ក៏​តែ​ពី​គូថ​វា ស្ដេច​ស្ដាប់​ហើយ​ក៏​ទ្រង់​ព្រះ​ក្រោធ ត្រាស់​ឱ្យ​ហៅ​​ធនញ្ជ័យ​​មក​ហើយ​មាន​បន្ទូល​សួរ​ថា អាជ័យ​ឯង​អញ​ប្រើ​ឱ្យ​ឯង​ទៅ​បោស​ក្រោម​ដំណាក់​ ដូចម្ដេច​ក៏​បាន​ជា​អាជ័យ​ឯង​ជេរ​បញ្ជោរ​អស់​ប្រពន្ធ​អញមែន​ឬទេ?។ ទើប​​ធនញ្ជ័យ​​ក្រាប​ទូលថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​បាន​ជេរ​បញ្ជោរ​អស់​អ្នកក៏​ទេ ប៉ុន្តែ​កាល​ទូល​ព្រះ​បង្គំ​ចូល​ទៅ​បោស​ក្រោម​ដំណាក់​នោះ​មាន​ពីង​ពាង​ព័ទ្ធ ​ក្រោម​ដំណាក់​នោះ​ច្រើន ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ចូលទៅ​បោស​វាជាប់​ក្បាល​ទូល​ព្រះ​បង្គំជាខ្ញុំ បាន​ជា​ជេរ​វា មេ​ដក​ទង​ចោរ​ទាំង​អស់​នេះ វាបាន​ស៊ី​ក៏​តែ​គូថ វា​មិន​បាន​ស៊ី​ក៏​​តែ​ពី​គូថ​វា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​បាន​ជេរ​អស់​អ្នក​ម្នាង​ជា​ម្ចាស់​ក៏ទេ សូម​ទ្រង់​ជ្រាប។ ព្រះ​មហាក្សត្រ​ស្ដាប់ហើយ​ក៏​មាន​ព្រះ​បន្ទូល​នឹង​អ្នក​អស់ម្នាងថា អស់​ឯង​កុំ​ខឹង​នឹង​វា​ៗ​នឹង​បាន​ជេរ​ឯង​ក៏ទេ វា​ជេរ​តែ​ពីងពាង​ទេ ទើប​អស់​អ្នកម្នាង​ក្រាប​ទូលថា អំពី​ថ្ងៃ​នេះ​ទៅ​ម្ចាស់​កុំ​ឱ្យ​អាជ័យ​វា​ទៅ​បោស​ក្រោម​ដំណាក់​នោះ​ទៀត​ឡើយ ព្រះ​មហាក្សត្រ​ក៏​ហាម​ធនញ្ជ័យ​មិន​ឱ្យ​ទៅ​បោស​ក្រោម​ដំណាក់​នោះ​ទៀត អំពី​ថ្ងៃ​នោះ។

ឯ​ធនញ្ជ័យ​ក៏​ខាន​ពុំ​បាន​ចូល​ក្រោម​ដំណាក់​នោះ អំពី​ថ្ងៃ​នោះ​ឯង។

ព្រះមហាក្សត្រ​គិត​ក្នុង​ព្រះ​ហឫទ័យ​ថា អាជ័យ​នេះ​វា​​មាន​ប្រាជ្ញា​ណាស់​ នឹង​ដេញ​ប្រាជ្ញា​មិន​ទាន់ បើ​ដូច្នោះ អញ​នឹង​ឱ្យ​វាយក​មាន់​វា​មក​ជល់​នឹង​មាន់​អញ​ ហើយ​អញ​នឹង​ឱ្យ​ហាម​ប្រាមអ្នក​នគរ​អញ​កុំ​ឱ្យ​នរណា​ឱ្យ​មាន់​ខ្លាំង​ ប្រជល់មក​​ធនញ្ជ័យ​ទិញ ឬ​ខ្ចី បើ​នរណា​ឱ្យ​ខ្ចី ឬ​លក់​ឱ្យ​ធនញ្ជ័យ នឹង​យក​ទោស​ខុស​មិន​ខាន​ឡើយ គិត​ក្នុង​ព្រះ​ហឫទ័យ​ដូច្នោះ​ហើយ​ស្ដេច​ក៏​ក្រសាល​សប្បាយ​ទៅ លុះ​ដល់​ព្រឹក​ឡើង​ស្ដេច​ចេញ​មក​គង់​នៅ​សាលា​ក្រៅ ទ្រង់​ឱ្យ​ហៅ​អស់​នាម៉ឺន​មក​ជួប​ជុំ ហើយ​មាន​ព្រះ​បន្ទូល​បង្គាប់ឱ្យ​រក​មាន់​មក​ជល់នឹង​ព្រះលាន ហើយ​ឱ្យ​​​ធនញ្ជ័យ​មក​ដល់​ហើយ​មាន​ព្រះ​បន្ទូល​បង្គាប់​ថា អាជ័យ​ឯង​ទៅ​រក​មាន់​អាឯង​មក​ជល់​នឹង​មាន់​អញ​ឱ្យ​បាន​មក​ឥឡូចនេះ​ឯង ឯ​​ធនញ្ជ័យ​ក្រាប​ថ្វាយ​បង្គំ​លា​ហើយ​គិត​ថា ព្រះ​មហាក្សត្រ​លោក​នឹង​ផ្ចាញ់​ប្រាជ្ញា​អញ​ហើយ​ បើ​អញ​នឹង​រក​ទិញ​មាន់គេ​ លោក​ហាម​ប្រាម​មិន​ឱ្យ​នរណា​លក់​ឱ្យ​ឡើយ​ បើ​ដូច្នោះ​ងាយ​ទេ​ អញ​នឹ​ងយក​មាន់​អញ​នេះ​ឯង​ គង់​តែ​នឹង​ជល់​ឈ្នះ​មាន់​ព្រះ​មហាក្សត្រ​មិន​ខានឡើយ គិត​ហើយ​ក៏​ដើរ​ដល់​ផ្ទះ​ខ្លួន​ហើយ​ចាប់​យក​កូន​មាន់​ ដែល​ទើប​នឹង​ដុះក្រាស់នោះ​មក ហើយ​យក​សម្ពត់​រុំ​កូន​មាន់​នោះ​រួច​ដើរទៅ លុះ​ដល់​ព្រះមហាក្សត្រ​ហើយក្រាប​ថ្វាយ​បង្គំ ស្ដេច​ទត​មើល​មិន​ឃើញ​ធនញ្ជ័យ​យក​មាន់​មកដល់ទ្រង់​បង្គាប់​នោះ​ ក៏​ទ្រង់​មាន​ព្រះ​បន្ទូលសួរថា អាជ័យ​ឯណា​មាន់អាឯង​ដែ​ត្រូវ​ជល់នឹង​មាន់​អញ​នោះ ឯ​ធនញ្ជ័យ​ក៏​ក្រាប​ទូលថា ឱ្យ​តែ​យក​មាន់​ព្រះ​រាជ​ទ្រព្យនោះ​មក​នឹង​ជល់​នឹង​ព្រះ​ទូល​បង្គំ​ជាខ្ញុំ ទើប​ព្រះ​មហាក្សត្រ​ត្រាស់​ប្រើ​ឱ្យ​ទៅ​យក​មាន់ព្រះ​មហាក្សត្រ​មក​ជល់ ហើយ​ឱ្យ​លែ​ងមាន់​នោះ នៅ​ទី​ដែល​ប្រជល់​នោះ​ឯង ឯអស់​នាម៉ឺន​ក៏​ដាក់​ឱ្យ​ជល់​គ្នា ដោយ​គូៗ​គ្រប់​គ្នា ឯ​ព្រះ​មហាក្សត្រ​មាន​ព្រះបន្ទូល​តឿន​ទៅថា អាជ័យ​​ថ្វី​ក៏​មិន​លែង​មាន់​អាឯង​ទៅ​មើល ឯ​ធនញ្ជ័យ​ឭ​ព្រះ​បន្ទូល​តឿន​ដូច្នោះ​ហើយ ក៏​យក​កូន​មាន់​ដែល​គ្រប​នឹង​សម្ពត់​ស​ដាក់​ទៅឱ្យ​ជល់​នឹង​មាន់​ ព្រះរាជទ្រព្យ​ ឯ​កូន​មាន់​នោះ​វា​ឃើញ​មាន់​ធំ​នោះ វា​ស្មាន​ថា​ជា​មេ​វា ហើយ​រត់​ទៅ​សសុល​ក្រោម​ពោះ​​មាន់​ធំនោះ ឯ​មាន់​ធំ​ឃើញ​កូន​មាន់​នោះ​រត់មក​សសុល​ក្រោម​ពោះ​ដូច្នោះ​ហើយ វា​ក៏​រត់​ចេញ​ ឯ​ធនញ្ជ័យ​ក៏​ស្រែក​ទះ​ដៃ​ថា មាន់​ធំ​នោះ​ចាញ់​មាន់​អញ​ហើយ មិន​ហ៊ាន​ជល់​ទេ វារត់​ទៅ​ហើយ ឯ​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​ក្រោធ​នឹង​​ធនញ្ជ័យ​ ហើយ​ក៏​វិល​ចូល​ទៅ​ក្នុង​ព្រះ​រាជ​មន្ទីរ ហើយ​ទ្រង់​ព្រះ​រាជ​ចិន្ដាថា បើ​ដូច្នោះ​អញ​ប្រជល់​ក្របី​វិញ។

មាន​កាល​មួយ ថ្ងៃ​ស្ដេច​ត្រាស់​ហៅ​អស់​នាម៉ឺន​មក ហើយ​មាន​ព្រះ​បន្ទូល​ហាម​អស់​នាម៉ឺន​ថា បើ​អាជ័យ​វា​រក​ខ្ចី​ក្របី​នរណា​ កុំ​ឱ្យ​រាស្ត្រ​ណា​ឱ្យ​ឡើយ បើ​នរណា​ឱ្យ​ខ្ចីហើយ​នឹង​មាន​ទោសខុស​ ទ្រង់​ហាម​អស់នាម៉ឺ​ន​ស្រេច​ហើយ ក៏​យាង​ចូល​ទៅ​ក្នុង​ដំណាក់វិញ ឯ​ធនញ្ជ័យ​នឹង​បាន​ដឹង​ថា ស្ដេច​ហាម​ដូច្នោះ​ក៏ទេ។

លុះ​ព្រឹក​ឡើង​ស្ដេច​ចេញ​មក​គង់​នៅសាលា​ ក្រៅ​ ហើយ​ប្រើ​ឱ្យ​យក​ក្របី​ព្រះរាជ​ទ្រព្យ​មួយ​ដែល​ឡើង​កំឡាំង​មក​ដល់ ឥត​មាន​ក្របី​ឯណា​នឹងដល់ បាន​ឡើយ យក​មក​ដល់​ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ហៅ​ធនញ្ជ័យ​ឱ្យ​យក​ក្របី​មក​ប្រជល់​នឹង​ ក្របី​ព្រះរាជទ្រព្យ​កុំ​ខាន​ឡើយ ឱ្យ​យក​មក​ជា​មួយ​នឹង​បម្រើ​កុំ​ខាន បម្រើ​ស្ដាប់​ហើយ​ក៏​ទៅ​ប្រាប់​​ធនញ្ជ័យ​ដូច​មាន​ព្រះ​បន្ទូល​បង្គាប់នេះ​ឯង ធនញ្ជ័យ​ស្ដាប់​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ក៏​ចុះ​អំពី​ផ្ទះ​ទៅ​​ចាប់យកកូន​​ក្របី​​ទើប​នឹង​សម្រាល​១០​ថ្ងៃ ហើយ​ចង​កូន​ក្របី​នោះដឹក​ជា​មួយ​នឹង​បម្រើ​ទៅ​ដល់ ហើយ​ក្រាប​ថ្វាយ​គាល់ ឯ​ព្រះ​មហាក្សត្រ​ស្ដេច​ទតមក​យល់​ក្របី​​ធនញ្ជ័យ​ដឹក​យក​មក​ដល់​ ក៏​ទ្រង់​បង្គាប់​​ធនញ្ជ័យថា​ ឱ្យ​យក​ក្របី​អាឯង​ឱ្យ​វា​ជល់​នឹង​មើល ទើប​ធនញ្ជ័យ​​ដឹក​កូន​ក្របីទៅ​ទៀប​ក្របី​ធំនោះ​ឯង ឯ​កូន​ក្របីនោះ វា​មើល​ទៅ​ឃើញ​ក្របី​ធំនោះ​ហើយ វា​ស្មាន​ថា​ជា​មេ​វា វា​ក៏​រត់​ទៅ បៅ​ពងផ្លោក​ក្របី​នោះ។ ឯ​ក្របី​ធំនោះ​វារសើប វា​ក៏​ស្ទុះ​បោ​លដាច់​ខ្សែ​នឹង​ចាប់​ក៏​មិន​បាន​ ឯ​​ធនញ្ជ័យ​ស្រែក​ថា ចាញ់ហើយ​ៗ​កូន​ក្របីនោះ​ក៏​បោល​តាម​ក្របី​ឈ្មោល​នោះ​ឯង ព្រោះ​វា​ថា​ជា​មេ​របស់​វា ព្រះមហាក្សត្រ​ទត​ទៅ​ឃើញ​ថា ក្របី​ព្រះ​រាជ​ទ្រព្យ​នោះ​វា​បោល​ទៅ ហើយ​ឃើញកូន​ក្របី​បោល​តាមពីក្រោយ​ដូច្នោះ ក៏​អៀន​ក្នុង​ព្រះហឫទ័យ​ណាស់។

ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​ នាម៉ឺន​ឱ្យ​ឃាត់​ធនញ្ជ័យ​កុំ​ឱ្យ​ចូល​ព្រះ​រាជវាំង​ឡើយ បើ​នរណា​វា​ឱ្យ​​ធនញ្ជ័យ​វា​ចូល​ក្នុ​ងវាំង​ អញ​នឹង​យក​ទោស​ខុសមិន​លែង​ឡើយ មាន​ព្រះ​បន្ទូល​ហាម​ហើយ ស្ដេច​ចូល​ទៅ​ក្នង​ដំណាក់​វិញ ឯ​អស់​នាម៉ឺន​ហៅ​​ធនញ្ជ័យ​មក​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​បង្គាប់ឱ្យ​ប្រាប់​អាជ័យឯង​ថា ពី​ថ្ងៃ​នេះ​ទៅ​ដល់​១០​ឆ្នាំ កុំ​ឱ្យចូល​ក្នុង​ព្រះ​រាជវាំង​ទៀត​ បើឯង​មិន​ស្ដាប់​ឯង​នឹង​បាន​សេចក្ដី​ខុល​មិន​ខាន​ឡើយ ឯ​ធនញ្ជ័យ​ស្ដាប់​ហើយក៏​ស្ងៀម​ទៅ ហើយលា​ចេញ ដើរ​ទៅ​ផ្ទះអាត្មា​វិញ លុះ​យូរ​ប្រមាណ​បាន​បួន​ថ្ងៃ​នឹង​ដល់ថ្ងៃ​សីល ស្ដេច​នឹង​និមន្ដ​លោកគ្រូ​សង្គ្រាជ ចូលទៅ​ទេសនា ធនញ្ជ័យ​ដឹង​ដូច្នោះ​ហើយ​ ដើរ​ទៅ​អង្គុយ​ក្នុង​សាលា ជួប​នឹង​នាម៉ឺន​មុខ​មន្ត្រី​តូច​ធំ ជុំ​គ្នា​ច្រើន ហើយ​​ធនញ្ជ័យ​ធ្វើ​ជា​ស្រដីថា ក្នុង​ថ្ងៃ​សីល​នេះស្ដេច​នឹង​ហៅ​អញ​ទៅក្នុង​វាំង​មិន​ខាន​ឡើយ ឯ​អស់​នាម៉ឺន​ឭ​​ធនញ្ជ័យ​ថា​ដូច្នោះ​ហើយ ក៏​សើច​ទាំង​អស់​គ្នា​ហើយ​ថា អើ​អា​ជ័យគេ​ចូល​ទៅ​បាន​មែន​ហើយ ថា​ដូច្នោះ​ហើយ​ក៏​ចុះ​ដើរ​ទៅ​ផ្ទះ​ដទៃៗ ឯ​ធនញ្ជ័យ​ក៏​ទៅ​ផ្ទះ​វិញ លុះ​ដល់​ព្រឹក​ឡើង​នោះ ជា​ថ្ងៃ​សីល ស្ដេច​ឱ្យ​ទៅ​និមន្ដ​លោក​សង្គ្រាជ​ចូល​ទេសនា​ក្នុង​ព្រះ​រាជវាំង ឯ​ធនញ្ជ័យ​​ក៏​ទៅ​អង្គុយ​ចាំ​ផ្លូវ​លោក​សង្គ្រាជ លោក​គ្រូ​សង្គ្រាជ​ក៏​ដើរ​តាម​ផ្លូវ​ទៅ​ជួប​នឹ​ងធនញ្ជ័យ​ ឯ​ធនញ្ជ័យ​មើល​ឃើញ​លោក​គ្រូ​សង្គ្រាជ​ដើរ​មក​ដល់ហើយ​ ក្រាប​ថ្វាយ​បង្គំទូល​ថា សូមលោកគ្រូ​មេត្តា​ឈប់​សិន ត្បិត​ខ្ញុំ​ដឹង​ការ​មួយ​ជា​មន្ទិល ខ្ញុំ​នឹង​ទូល​ឱ្យ​ជ្រាប​លោក​គ្រូ​សង្គ្រាជ​ស្ដាប់​ហើយ​ក៏​ឈប់​នៅឯ​​ធនញ្ជ័យ ​ក៏​ដើរ​ទៅ​ជិត​ទូលថា មើល​ទៅ​សក់​ក្បាល​ខ្ញុំ​ដូចជា​សក់​ក្ងោក មើល​ទៅ​មុខ​លោកគ្រូ​គ្រាន់​តែ​ជាគូថ​ខ្ញុំ ឯ​លោកគ្រូ​សង្គ្រាជ​ស្ដាប់​ហើយ​ខ្ញាល់​នឹង​ធនញ្ជ័យ​ដៀល​មុខ​ដូច្នោះ ហើយ​លោក​អញ​នឹង​ទៅទូល​ព្រះ​មហាក្សត្រ​ លុះ​ទៅដល់​ជួបនឹង​ស្ដេច​ហើយ​ថ្វាយ​ព្រះ​ពរ​ទូល​ថា ត្បិត​អាជ័យ​វា​ស្រដី​ឱ្យ​អា​ត្មា​ភាព​ថា មើល​ទៅ​សក់​ខ្ញុំ​ដូច​សក់​ក្ងោក មើល​ទៅ​មុខ​លោក​គ្រាន់​ជា​គូថ​ខ្ញុំ សូម​មហារាជ​យក​​ធនញ្ជ័យ​មក​ជំនុំ​ជំរះ​ឱ្យ​អាត្មា​ភាព​ដូច្នោះ​ទៀត ព្រះ​មហាក្សត្រ​ស្ដាប់​ព្រះ​ពុទ្ធ​ដីកាលោកគ្រូ​សង្គ្រាជ​ដូច្នោះហើយ ស្ដេច​ត្រាស់​ប្រើ​មហាតលិក​ម្នាក់​ឱ្យ​ទៅ​ហៅ​​ធនញ្ជ័យ​ឱ្យ​ចូល​ទៅ​គាល់​ ស្ដេច​ឱ្យ​ឆាប់ កុំ​យូរ​ឡើយ ឯចៅ​​ធនញ្ជ័យ​ស្រដី​ឱ្យ​លោក​ដូច្នោះ​ហើយ​ ទៅ​អង្គុយ​នៅ​សាលា​ជា​មួយ​អស់នាម៉ឺនហើយថា​បន្តិច​ទៅ​ស្ដេច​នឹង​ឱ្យ​មក​ហៅ​ អញខ្ញុំ​នឹង​ចូលទៅ គាល់​មិន​ខាន​ឡើយ កាលណា​ឭ​​ធនញ្ជ័យ​ស្រដី​ដូច្នោះ​ហើយ នាម៉ឺន​ទាំង​អស់នោះ​ស្រដី​ចំអក​ថា មែន​ហើយ​បន្តិច​គេ​ចូល​ទៅ​គាល់​ហ្លូង​មិនខានឡើយ បម្រើ​នោះ​ដើរ​ទៅដល់​ឃើញ​​ធនញ្ជ័យ​ហើយ​ប្រាប់​ថា ត្បិត​ព្រះ​ករុណា​មាន​ព្រះ​បន្ទូល​ឱ្យហៅ​ជ័យ​ឯង​ទៅ​ឥឡូវ​នេះ​កុំ​ខាន ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ប្រាប់​អស់​នាម៉ឺន​ថា ខ្ញុំ​ថា​ម្ចាស់​នឹង​ឱ្យ​ហៅ​ខ្ញុំ​ចូល​ទៅ​វាំង​មិន​ខាន អស់លោក​មិន​ជឿ​ខ្ញុំ ថា​ហើយ​ធនញ្ជ័យ​ក៏​ចុះ​តាមបម្រើចូល​ទៅក្នុង​វាំង​ ទៅ​ដល់​ក្រាប​ថ្វាយ​បង្គំ​ហើយ​ស្ងៀម​នៅ ឯ​ព្រះមហាក្សត្រ​ទត​ទៅ​ឃើញ​ធនញ្ជ័យ​មក​ដល់​ ហើយ​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​ឯង​បាន​ស្រដី​ថា​ដូចម្ដេច ឱ្យ​លោក​សង្គ្រាជ​មែន​ឬ ឯ​​ធនញ្ជ័យ​ទូល​ថា ទូល​ព្រះ​បង្គំ​ថាមែន តែនឹង​ដៀល​ត្មេះ​លោក​ក៏ទេ ថា​នោះ​ជា​​ឱ្យ​ខ្លួន​ខ្ញុំ​ទូល​ព្រះ​បង្គំ​ទេ​តើ ត្បិតលោក​ចូល​ក្នុង​វាំង​ ឯ​ខ្លួនទូល​ព្រះ​បង្គំ​មិនបាន​ចូល បាន​ជា​ទូល​ព្រះ​បង្គំ​ថា មើល​សក់​ក្បាល​ខ្ញុំ​ដូច​សក់​ក្ងោក មើល​ទៅ​មុខ​លោកគ្រូ​គ្រាន់​តែ​គូថ​ខ្ញុំ ព្រះ​មហា​ក្សត្រ​ស្ដាប់​ហើយ​ វា​ថា​មាន​ព្រះ​បន្ទូល​នឹង​លោក​សង្គ្រាជ​ថា លោក​កុំ​ខ្ញាល់​នឹង​អាជ័យ​ឡើយ វា​ថា​ជាឧបមា​ខ្លួន​វា​ទេ ហើយ​ស្ដេច​បណ្ដេញ​ថា អាជ័យ​ឯង​កុំ​ចូល​មក​ក្នុង​វាំង​អញទៀត ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ថ្វាយ​បង្គំ​លាទៅផ្ទះ​វិញ ស្ដេច​មាន​ព្រះ​បន្ទូល​ដូច្នោះហើយ គិតក្នុង​ព្រះ​ហឫ​ទ័យ​ថា​ ឥត​អ្នក​ណា​ដេញ​ប្រាជ្ញា​វា​បាន អញ​ហាម​មិន​ឱ្យ​វា​ចូល​វាំង​ ឥឡូវ​នេះ​វា​ចូល​បាន​ មិន​មាន​ទើស ត្បិត​ប្រាជ្ញា​វា​មាន។

ក្រោយ​មក​ស្ដេច​មាន​ព្រះ​បន្ទូល​បង្គាប់​ ថា ឱ្យ​អស់​ស្រី​នៅ​ក្នុង​វាំង​ទៅ​ជុះ​អាចម៍​ដាក់​ផ្ទះ​អាជ័យ​ បើ​វា​ថា​ដូចម្ដេច​ឱ្យ​ចាប់​យក​ទោស​ខុស​ឯ​ស្រី​អ្នក​ក្នុង​វាំង​បាន​ឭ​ព្រះ​ បន្ទូល​បង្គាប់ដូច្នោះ​ហើយ ក៏​បបួលគ្នា​ទៅ​ជុះ​អាចម៍​ដាក់​ផ្ទះ​ធនញ្ជ័យ ទៅ​ដល់​ហើយ​ប្រាប់​ធនញ្ជ័យ​ថា ត្បិត​ម្ចាស់​លោក​ឱ្យ​មក​ជុះ​អាចម៍​ដាក់​ផ្ទះ​ជ័យ​ឯង​ ឯ​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ឆ្លើយ​ថា បើ​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ ខ្ញុំ​មិន​ហ៊ាន​ឃាត់​ទេ តាម​ចិត្ត​អស់​អ្នក​ចុះ បើចង់​ជុះ​ក៏​ជុះ​ចុះ តែ​ជុះ​កុំនោម បើ​នោម​ផង​ហៅ​ល្មើសព្រះ​បន្ទូល ខ្ញុំ​មិន​ព្រម​ទេ អស់​អ្នក​ទាំង​នោះ​ស្ដាប់​​ធនញ្ជ័យ​ថា​ដូច្នោះ​ហើយ ដ៏​បបួ​ល​គ្នា​ជុះ​អាចម៍​ដាក់​ផ្ទះ​​ធនញ្ជ័យ​ តាម​ព្រះ​បន្ទូល​ស្ដេច​បង្គាប់​នោះ ឯ​ធនញ្ជ័យ​ក៏​ដើរ​មើល ហើយ​ឃើញ​នោម​ផង ធនញ្ជ័យ​វាយ​អស់​ស្រី​ដែល​ជុះ​ហើយ​នោម​ផង អស់​ស្រី​ទាំង​នោះ​ដឹង​​ធនញ្ជ័យ​វាយ​ដូច្នោះ​ហើយ ក៏​រត់ទៅទូលស្ដេច​ឱ្យ​ទ្រង់​ជ្រាប​ លុះ​ទៅដល់​ហើយ​ក្រាប​ថ្វាយ​បង្គំ​ទូល​ថាត្បិត​ម្ចាស់​ប្រើ​ឱ្យ​ទៅ​ជុះ​ អាចម៍ដាក់​ផ្ទះ​​ធនញ្ជ័យ​ អស់​យើង​ខ្ញុំ​ទៅ​ជុះ​ដាក់​តាម​ព្រះ​បន្ទូល ឥឡូវ​នេះ​​ធនញ្ជ័យ​វាយ​អស់​យើង​ខ្ញុំ វា​ថា​វា​ឱ្យ​ជុះ​ដាក់​ផ្ទះ​វា សូម​ទ្រង់ជ្រាប ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ត្រាស់​ថា ឱ្យ​អស់​ទាហាន​ចាប់​យក​អាជ័យ​យក​មក​ជំនុំ ឯ​អស់​ទាហាន​ស្ដាប់​ព្រះ​បន្ទូល​ដូច្នោះ​ហើយក៏​ទៅ​ចាប់​​ធនញ្ជ័យ​ដូច​ព្រះ​ បន្ទូល​ លុះ​ទៅ​ដល់​ផ្ទះ​ធនញ្ជ័យ​ ក៏​ឡើង​ទៅលើ​ផ្ទះ​ចាប់​ធនញ្ជ័យ​ចង​ រួច​ប្រាប់​ថា ត្បិត​ស្ដេច​មាន​ព្រះ​បន្ទូល​ឱ្យ​មក​ចាប់​យក​ឯង​ទៅ​ ព្រោះ​ទ្រង់​ខ្ញាល់​ណាស់​ ឯ​​ធនញ្ជ័យ​ស្ដាប់​ហើយ​គិតថា បើ​ដូច្នោះ​នឹង​គិត​ឱ្យ​វា​ចង​អញ​បាន​ គិត​ស្រេច​ហើយ​ក៏​ថា អស់​ទាំង​អ្នក​ឯង​នឹង​ចង​អញ​នេះ​មិន​បាន​ទេ តែ​អញ​ថា​ឱ្យឯង​ស្លាប់​ ឯង​នឹង​ស្លាប់​មិន​ខាន ឯង​មិន​ដឹង​ទេ នេះ​ឯង​ហើយ ឈ្មោះ​​ធនញ្ជ័យអ្នក​ប្រាជ្ញ សូវ​លែង​វិញ​ជា ឯ​អស់​ទាហាន​ទាំង​អស់ ស្ដាប់​ពាក្យ​ធនញ្ជ័យ​ហើយ​ក៏​មិន​ហ៊ាន​ចង​ដៃធនញ្ជ័យ ហើយ​ស្រាយ​ចេញ ឯ​​ធនញ្ជ័យ​ក៏​ដើរ​ជើង​ទទេ ទៅ​ដល់​ហើយ​ក្រាប​ថ្វាយ​បង្គំ​ស្ងៀម​នៅ​ចាំ​ស្ដាប់​ព្រះបន្ទូល ឯ​ព្រះ​មហាក្សត្រ​ទត​មក​ឃើញ​ធនញ្ជ័យ​មក​ដល់​ហើយ​មាន​ព្រះ​បន្ទូល​បណ្ដឹងថា អាជ័យ​ដូច​ម្ដេច​ក៏​បានជា​អាឯង​ដេញ​វាយ​អស់​សាវឡឹក​ដែល​អញ​ឱ្យ​ទៅ​ជុះ​អាចម៍ ​ដាក់​ផ្ទះ​អាឯង​នោះ តើ​អាឯង​ខុស​ ឬ​អា​ឯង​ត្រូវ ទើប​​ធនញ្ជ័យ​យក​សេចក្ដី​ក្រាប​ទូល​ថា បាន​ជា​ទូល​បង្គំ​ជា​ខ្ញុំ​វាយ​នោះ ត្បិត​អស់លោក​សាវឡឹកធ្វើ​ល្មើស​ព្រះ​បន្ទូល ខុស​មិន​ត្រូវ ត្បិត​ទ្រង់​បង្គាប់​ថា ឱ្យ​ទៅ​តែ​ជុះ​អាចម៍​ទេ នឹង​មាន​ព្រះ​បន្ទូល​ថា ឱ្យ​ទៅ​នោម​ឯណា ឥឡូវ​នេះ​អស់​អ្នកទាំង​នោះទៅ​ជុះ​ផង​នោម​ផង ហេតុ​ដូច្នោះ​បាន​ជា​ខ្ញុំ​វាយ សូម​ទ្រង់​ជ្រាប។ ឯ​មហាក្សត្រ​ស្ដាប់​ហើយក៏​ស្ងៀម​ ពុំ​មាន​ព្រះ​បន្ទូល​ថា​អ្វីៗ​ឡើយ និង​យក​ទោស​​ធនញ្ជ័យ​មិន​បាន។

លុះ​ឯ​ក្រោយ​ទៀត ឭ​ល្បី​ទៅ​ដល់​ស្រុក​ចិន​ថា ស្រុក​ខ្មែរ​មាន​អ្នក​ប្រាជ្ញ​ម្នាក់​មាន​ប្រាជ្ញា​ណាស់ មិន​មាន​អ្នក​ឯណា​នឹង​ផ្ចាញ់​ប្រាជ្ញា​មាន​ ស្ដេច​ស្រុក​ចិន​គិត​នឹង​អស់​នាម៉ឺន​ថា យើងនឹង​គិត​ធ្វើ​ចំណោទ​ទៅ​ឱ្យ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែររក ស្ដេច​ក្រុន​ចិន និង​អស់​នាម៉ឺន​ឱ្យ​រក​ផ្លែ​ឪឡឹក​៣ ត្បិត​ពូជ​ឪឡឹក​ក្នុង​ស្រុក​ចិន​នោះ​មាន​៣​យ៉ាង មួយ​យ៉ាង​នោះ​ក្នុង​ផ្លែ១ មាន​គ្រាប់​តែ​១ ផ្លែ​មួយ​ទៀត​មាន​គ្រាប់​ពីរ ផ្លែ​មួយ​ទៀត​មាន​គ្រាប់​បី ស្ដេច​ស្រុក​ចិនឱ្យ​​រៀប​ចំ​សំពៅ​១០០ ក្នុង​សំពៅ​មួយមាន​ចិន​៥០០​ជា​ចំណុះ សំពៅ​គ្រប់​ទាំង​៥០០សំពៅ ហើយ​ធ្វើ​សំបុត្ររាជសារ​ ក្នុង​សេច​ក្តី​សំបុត្រ​ថា ត្បិត​ស្រុក​ខ្មែរ​មាន​អ្នក​ប្រាជ្ញ​មាន​ប្រាជ្ញា​ណាស់ ឈ្មោះធនញ្ជ័យ បើ​ដូច្នោះ​ ស្ដេច​ស្រុក​ចិន​ឱ្យ​នាំ​ផ្លែ​ឪឡឹក​បី​មក​នឹង​សំពៅ​៥០០ ក្នុង​សំពៅ​៥០០​មាន​មនុស្ស៥០០​គ្រប់​សំពៅ នាំ​មក​ឱ្យ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​ទាយ​ផ្លែ​ឪឡឹកទាំង​បី​នេះ ថា​ឪឡឹក​ទី​មួយ​មាន​គ្រាប់​ប៉ុន្មាន បើ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរទាយ​ត្រូវ នោះ​យើង​ភ្នាល់​ដាក់​សំពៅ​ទាំង​៥០០​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ចំណុះ​ សំពៅនោះផង បើ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​ទាយ​មិន​ត្រូវ យើង​នឹង​យក​ស្រុក​ខ្មែរ​លុះ​ធ្វើ​សុភអក្សរ​រួច​ហើយ​ឱ្យ​នាម៉ឺន​ធំ​ម្នាក់ នឹង​អ្នក​ប្រាជ្ញម្នាក់​នាំ​ចេញ​មក លុះ​មក​ដល់​ហើយ នាម៉ឺន​ចិន​នាំ​សំបុត្រ​ឡើង​ក្រាប​ទូលស្ដេច​ស្រុក​ខ្មែរ​ៗ​ឱ្យ​ធនញ្ជ័យ​មក​ ប្រាប់​ថា ឥឡូវ​នេះ ស្ដេច​ស្រុក​ចិន​នាំ​សារ​មក​ថា ឱ្យ​ទាយ​ផ្លែ​ឪឡឹក​ក្នុង​ផ្លែមួយ តើ​មាន​គ្រាប់​ប៉ុន្មាន បើអា​ឯង​ទាយ​ត្រូវក៏​ហី​ទៅ បើ​អា​​ឯង​ទាយ​មិន​ត្រូវអញ​នឹង​យក​ទោស​ដល់​ជីវិត។ ធនញ្ជ័យ​ឭ​ហើយ​ក្រាប​ទូល​ថា កុំ​ព្រួយ​ព្រះ​រាជ​ហឫទ័យ​ធានា​ទូល​បង្គំ​ទាយ​ឱ្យ​ត្រូវ ប៉ុន្តែ​ក្នុង​ចិត្ត​ធនញ្ជ័យ​ភ័យ​ណាស់​ដែល​បាន​ជា​អួត​ថា​ជា​អ្នក​មាន​ ប្រាជ្ញា​យូរ​មក​ហើយៗ​ធនញ្ជ័យ​លា​ទៅ​ផ្ទះ​វិញ លុះ​ទៅ​ដល់​ផ្ទះ​ធនញ្ជ័យ​ដេក​គិត​រក​ប្រាជ្ញា​នឹង​ទាយ​ផ្លែ​ឪឡឹក​នោះ ដេក​អត់​បាយ​អំពី​ព្រឹក លុះ​ត្រា​តែ​ល្ងាចហើយ​ ធនញ្ជ័យ​នឹង​គិត​រក​មិន​ឃើញ ក៏​គិត​ថា ឥឡូវ​នេះ​ស្ដេចឱ្យ​ដោះ​ប្រស្នា​នឹង​ស្ដេច​ក្រុង​ចិន បើ​ដោះ​មិន​រួច ស្ដេច​នឹង​សម្លាប់ បើ​ដូច្នោះ​អញ​គង់​តែនឹង​ស្លាប់ អញ​មុជ​ទឹក​ឱ្យ​ស្លាប់​ទៅ​ទើប​ជា។ លុះ​ដល់​ព្រលប់យប់​​ងងឹត ធនញ្ជ័យ​ចុះ​ទៅ​កំពង់ទឹក ហើយ​ចុះ​ទៅ​មុជ ដើម្បី​ឱ្យ​ស្លាប់ក្នុ​ងទឹកដល់​មុជ​ទឹក​ទៅចេះ​អណ្ដែត​ខ្លួន​ឡើងហើយ​រសាត់​ ទៅដល់​ចង្កូត​សំពៅ​ចិន ធនញ្ជ័យ​កាន់​ចង្កូត​សំពៅ​នោះ​បាន​ឭ​នាម៉ឺន​ចិន នឹង​អ្នក​ប្រាជ្ញ​ស្រុក​ចិន​និង​អ្នក​ប្រាជ្ញ​ស្រុក​ចិននិយាយ​គ្នា​នៅ​ក្នុង ​បាត​សំពៅ​ថា បើយើង​ធ្វើ​ប្រស្នា​ឪឡឹក​ហើយ​ តើ​យើង​ធ្វើ​ប្រស្នា​អ្វី​តទៅ​ទៀត ត្បិត​ឪឡឹក​នេះ​ផ្លែ​វា​តែបី ផ្លែ​១​គ្រាប់​១ ផ្លែ​មួយ​ទៀត​គ្រាប់​២ ផ្លែ​មួយទៀត​គ្រាប់​៣​ប៉ុណ្ណោះ យើង​គិត​ធ្វើ​ប្រស្នា​ពីរ​បី​យ៉ាង​ទៀត​បំណាច់​ស្ដេច​ប្រើ​មក បើគេ​ទាយ​ត្រូវ​មួយ​យ៉ាង នៅ​មួយ​យ៉ាង​ទៀត កុំ​ឱ្យ​តែ​មួយ​យ៉ាង​ហើយ​អស់​ទៅ​តែ​ម្ដង ហាក់​ជា​ប្រាជ្ញ​យើង​តិច​ណាស់ ឯ​អ្នក​ប្រាជ្ញ​ស្រុក​ចិន​ឆ្លើយឡើង​ថា យើង​ចំណោទ​ពីរ​បី​យ៉ាង​ទៀត។ នាម៉ឺន​អស់​នោះ​សួរថា ចំណោទ​អ្វីទៀត។ អ្នក​ប្រាជ្ញ​ថា យើង​និយាយ​គ្នា​នេះ កុំ​ឱ្យ​នរណា​ដឹង​ក្រែង​មាន​មនុស្ស​មក​លប​ស្ដាប់ ហើយ​នាម៉ឺន​ និង​អ្នក​ប្រាជ្ញរក​មើល​មនុស្ស​គ្មាន ក៏​បបួល​គ្នា​និយាយពី​ប្រស្នា​ពីរ​បី​យ៉ាង​នេះ អ្នក​ប្រាជ្ញ​និយាយ​ថា យើង​យក​សាច់​ជ្រូក​១​នាឡិ ឱ្យស្ដេច​ស្រុក​ខ្មែរ​ទុក​សោយ​បាន​ពីរ​ឆ្នាំ កុំ​ឱ្យ​ប្រឡាក់​អំបិល កុំ​ឱ្យ​ធ្វើ​ងៀត ឱ្យ​ទុកជា​សាច់​ស្រស់​ស្ដេចសោយ​បាន​ពីរ​បី​ឆ្នាំ​កុំ​ឱ្យ​ស្អុយ​ខូច នាម៉ឺន​សួរថា ធ្វើ​ដូចម្ដេច​នឹង​បាន​ពីរ​ឆ្នាំ សាច់​ជ្រូក​១​នាឡិប៉ុណ្ណោះ។ អ្នក​ប្រាជ្ញ​ឆ្លើយ​ថា បើ​ដល់​ជិត​ថ្ងៃ​នឹង​ជាប់​ឆ្នាំ នឹង​ចូល​ឆ្នាំ​ថ្មី យើង​យក​សាច់​ជ្រូកមក​ទុក​ស៊ី​តែ​ពីរ​បី​ថ្ងៃ​ក៏​រាប់​ជា​ពីរ​ឆ្នាំ ត្បិត​ឆ្នាំ​ចាស់​មួយ​ថ្ងៃ ឆ្នាំ​ថ្មី​មួយ​ថ្ងៃ ត្រូវ​ជា​ពីរ​ឆ្នាំ បើ​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​រក​មិន​ឃើញ យើង​នឹង​យក​នគរ​ជា​ចំណុះ​យើង។ មួយ​ទៀត​នោះ យើង​ឱ្យ​មនុស្ស​ចាប់​ចាប​មួយ​មក ហើយ​យក​ទៅ​ឱ្យ​ស្ដេច​ស្រុក​ខ្មែរ ឱ្យ​រៀប​ធ្វើ​សម្ល​យក​មក​ឱ្យ​ពល​យើង​ក្នុង​សំពៅ​ទាំង​៥០០​ស៊ី​ឱ្យ​ឆ្អែត នាម៉ឺន​ទាំង​អស់​នោះសួរថា ដូចម្ដេច​សត្វ​តូច​១ ហើយ​យកទៅធ្វើ​សម្ល​ម្ហូប​មក​ឱ្យ​ពល​យើង​ទាំង​អស់​ស៊ី​ឱ្យ​ឆ្អែត​បាន អ្នក​ប្រាជ្ញ​នោះ ប្រាប់​ថា បើ​គេ​មាន​ប្រាជ្ញ គេ​ឱ្យ​យក​ម្ចុល​មក​ឱ្យ​យើង​ដំ​ធ្វើ​ជា​ពូ​ថៅ​ធំ១ និង​យក​ទៅ​ពុះ​កាប់​យកសាច់ស្ល​ឱ្យ​ពល​ស៊ី។ មួយ​ទៀត​យើង​បង្គាប់​ស្ដេច​ស្រុក​ខ្មែរ​ឱ្យ​ធ្វើ​យុថ្កា​បាន​៥០ និង​យក​មក​បោះ​ចត​សំពៅ​យើង​ឱ្យ​គ្រប់​៥០០ ឱ្យ​ធ្វើ​ក្នុង​ថ្ងៃ​មួយ​ឱ្យ​រួច ក្នុង​យុថ្កា​មួយ​ទំហំ​៣​ចាប់។ នាម៉ឺន​សួរ​ថា ធ្វើ​ដូច​ម្ដេច​នឹង​ធ្វើ​យុថ្កា​ដល់​៥០០​ឱ្យ​រួច​ក្នុង​មួយ​ថ្ងៃ​នោះ។ អ្នក​ប្រាជ្ញ​នោះ​ថា ឱ្យ​យក​ចំបើង​មក​ចង​ធ្វើ​ជា​រាង​យុថ្កា​ហើយ​ដាក់​លើ​ដី យក​ភ្លើង​ដុត​ឱ្យ​ឆេះទៅ​នៅ​តែ​ផេះចំបើង​ជាប់​នឹង​ដី ហើយ​ហៅ​មនុស្ស​ឱ្យ​មក​សែង​យក​ទោ​បោះ​ចង​សំពៅ​ បើ​ជា​អ្នក​ប្រាជ្ញ​មែន ធ្វើ​យ៉ាង​នេះ ទើប​ទល់​ប្រាជ្ញ​គ្នា​បាន។ ឯ​នាម៉ឺន​ឭ​អ្នក​ប្រាជ្ញ​ប្រាប់​សព្វគ្រប់​ដូច្នោះ មាន​ចិត្ត​ត្រេកអរ​ណាស់ ថា​ស្រុក​ខ្មែរ​មុខ​ជា​បាន​ក្នុង​កណ្ដាប់​ដៃ​យើង​មិន​ខាន។ ឯ​ធនញ្ជ័យ​តោង​ចង្កូត​សំពៅចាំ​ប្រុង​ត្រចៀក​ស្ដាប់​សព្វគ្រប់​គ្មាន​ខ្វះ​ ឡើយ ដល់​នាម៉ឺន​និង​អ្នកប្រាជ្ញ​ស្រុក​ចិន​លែង​និយាយ​គ្នា ធនញ្ជ័យ​មុជ​ហែល​មក​ឯ​កំពង់​វិញ ហើយដើរ​ឡើង​ទៅ​លើ​ផ្ទះ មាន​ចិត្ត​អរណាស់ អញ​អស់​ស្លាប់​នេះ​គឺ​ទេវតា​ជួយ​អញ​មិន​ឱ្យ​ស្លាប់ លុះ​វេលា​កាលណា នាម៉ឺន​ចិន និង​អ្នកប្រាជ្ញ​យក​ផ្លែ​ឪឡឹកទាំង​បី​ឡើង​អំពី​សំពៅ ចូល​ទៅគាល់​ស្ដេច​ស្រុក​ខ្មែរ ក្នុង​ព្រះ​រាជ​រោង ស្ដេច​ឱ្យ​ហៅ​ធនញ្ជ័យ​ប្រជុំ​អស់​នាម៉ឺន​មុខ​មន្ដ្រី​ពាស​ពេញ​អស់​រាជ​រោង នាម៉ឺន​ចិន និង​អ្នកប្រាជ្ញ​ចិន​យក​ផ្លែ​ឪឡឹក​ទាំង​បីមក​ឱ្យ​ធនញ្ជ័យ​ទាយ ឯធនញ្ជ័យ​ទាយ​ត្រូវ​ទាំង​អស់។ អ្នក​ប្រាជ្ញ​ស្រុក​ចិន លុះ​ដល់​ធនញ្ជ័យ​ដោះ​ចំណោទ​ស្រុក​ចិនដូច​យើង​និយាយ​មកពី​មុន​គ្មាន​សល់​ តិចឡើយ។ ស្ដេច​ខ្មែរ​ជ្រាប អ្នក​ប្រាជ្ញ​ចិន​ទល់​ប្រាជ្ញ​នឹង​​ធនញ្ជ័យ ទ្រង់​ឱ្យ​យក​សំពៅ​ទាំង​៥០០ទុក​តែ​សំពៅ​មួយ​ឱ្យ​នាម៉ឺន និង​អ្នកប្រាជ្ញ​ចិន​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ ហើយ​ស្ដេច​ប្រទាន​រង្វាន់ឱ្យ​ធនញ្ជ័យ​ជា​ច្រើន ឯ​ស្ដេច​ស្រុក​ចិន​ពី​ថ្ងៃ​នេះមក​ ខ្លាចប្រាជ្ញធនញ្ជ័យ​មិន​ហ៊ាន​ឱ្យ​មក​ចោទ​ប្រស្នា​ទៀត ប៉ុន្តែ​នឹក​ខ្ញាល់​ក្នុង​ព្រះហឫទ័យថា បើ​ឥត​ពី​ធនញ្ជ័យ​ទៅ​កាល​ណា នឹង​ឱ្យ​ភ្នាល់​ចោទ​ប្រស្នា​ទៀត។

លុះ​ឯ​ក្រោយ​មក​ទៀត ស្ដេច​ស្រុក​ខ្មែរ​ទ្រង់​ព្រះ​ចិន្ដា​គិត​ដល់​សេចក្ដីធនញ្ជ័យ​ចាញ់​ប្រាជ្ញ​ ជា​ច្រើន ហើយ​ក្រែង​ធនញ្ជ័យ​ ធនញ្ជ័យ​​នៅ​ជិត​វាំង​ដណ្ដើម​យក​រាជ​សម្បត្តិ ត្បិត​​ធនញ្ជ័យ​មាន​ប្រាជ្ញា​ច្រើន​ណាស់ ស្ដេច​មាន​ព្រះ​បន្ទូលថា អា​ជ័យ​ឯង​នៅ​ស្រុក​នេះ​មិន​បាន​ទេ អញ​ឱ្យ​អាឯង​ទៅ​នៅ​ទន្លេ មាន​ស្រុក​ណា​នៅ​ប្រប​ទន្លេទៅ​នៅ​តាម​ចិត្ត​អាឯង កុំ​នៅ​ក្នុង​ស្រុក​នេះ​ឡើយ ធនញ្ជ័យ​ស្ដាប់​ព្រះ​បន្ទូល​ហើយ ក្រាប​ថ្វាយ​បង្គំ​លា​ទៅដល់​ផ្ទះ​ហើយ និយាយ​ប្រាប់​ម្ដាយ​ថា ហ្លូង​មាន​ព្រះ​បន្ទូល​ប្រើ​ខ្ញុំ​ឱ្យ​ទៅ​នៅ​តាម​មាត់​ទន្លេ ឱ្យ​ធ្វើ​ស្រូវ​រក​ស៊ី​តាម​ចិត្ត ឯ​ទន្លេ​នោះឱ្យ​ជា​របស់​ខ្ញុំ​ហើយ ឯ​ម្ដាយ​ស្ដាប់​ហើយ​ក៏ថា បើ​ដូច្នោះ កូន​ទៅ​នៅតាម​ព្រះ​បន្ទូល​ចុះ ឯ​ខ្លួន​ម្ដាយ​នៅ​ផ្ទះ​នេះ​ហើយ ធនញ្ជ័យ​ស្ដាប់​ម្ដាយ​ហើយ ក៏​លា​ម្ដាយ​ទៅ​ប្រាប់​អស់​នាម៉ឺន នូវ​អស់​រាស្ដ្រ​ប្រជាដែល​នៅ​ក្នុ​ងមាត់​ទន្លេ​ថា ត្បិត​ហ្លូង​មាន​ព្រះ​បន្ទូល​ឱ្យ​អញ​ជា​ធំ ស្រដី​ក្នុង​ទន្លេ​ទាំង​អស់​នឹង​ធ្វើស្រែ​ស្រូវ ឥឡូវ​នេះ​អញ​ប្រាប់​អ្នក​រាល់​គ្នា បើ​ដើរ​ជើង​ទឹក​នឹង​ប្រាប់​អញ អញ​នឹង​កត់​ជា​ថ្លៃ​ទន្លេ និង​ព្រែក ទូក​ដែល​រក​ស៊ី​សព្វ​ថ្ងែ​នេះ ព្រះ​រាជ​ទ្រព្យ​អំពី​ថ្ងៃ​នេះ​ទៅ បើ​អ្នក​ឯ​ណា​មិន​បាន​ចូល​មក​ប្រាប់​អញ នឹងបាន​សេចក្ដី​ខុស អញ​នឹង​ធ្វើ​ទោស​តាម​ច្បាប់​មិន​ប្រណី​ឡើយ ហើយ​ធនញ្ជ័យយក​ដើម​ឫស្សី​មក​ពុះ​ជា​ចំរៀក​តូចៗ ត្បាញ​ជា​ភ្នែក​ក្រូច​កាត់​ជា​៨​ជ្រុង ហើយ​យក​ឫស្សី​មួយដើម​វែងចង​ដាក់​លើ​ចុង​ឫស្សី រួច​យក​ស្លឹក​ត្នោត​ដេរ​ជា​កណ្ដប ហើយ​កាត់​ជា​ស្លាប​ទង់​ជ័យ ដោយ​លើ​ចុង​ឫស្សី​ធ្វើ​ឃ្នាងតូច​មួយ យក​ផ្ដៅ​ធ្វើ​ជា​រំពាត់ ចង​ព្យួរ​ជា​មួយ​តម្បាញ​ភ្នែក​ក្រូចនោះឯង បញ្ឈរ​ឡើង ហើយ​​ធនញ្ជ័យ​ប្រាប់​ថា នេះ​ឈ្មោះត្របែង​ដៃ ឱ្យ​ចូល​ប្រាប់​គយ បើ​រាស្ដ្រ​ណា​ដើរ​ជួញ​ប្រែ​រក​ស៊ី​ឃើញ​ត្របែង​នេះ ដៃ​គយ​ឱ្យ​ចូល​ប្រាប់​ទើប​រួច​ទោស ប្រាម​ប្រាប់​ដូច្នោះ​ហើយ ក៏​ចុះ​ទូក​ចែវ​មើល​តាម​មាត់​ទន្លេ ទីណា​មាន​ព្រែក កំពង់​ណា​ល្មម​ធ្វើ​ស្រូវ​ប្រាំងបាន លុះ​មើល​ជុំ​វិញ​ហើយ មក​កត់​សម្គាល់​ឱ្យ​ឈ្មោះ​នៅ​ស្ទឹង​បារាយណ៍​ទឹក​ថា្ល ស្ទឹង​មួយ​ទៀត​ចុះ​មក​ក្នុង​ទន្លេ​ឱ្យ​ឈ្មោះ​ ចុងខ្នៀស មាន​ជ្រោយ​មួយ​ឈ្មោះ​ជ្រោយ​ស្លាបព្រាហ្មណ៍ ទើប​មាន​ព្រែក​មួយ​ឈ្មោះ​ថា កំពង់​ចាម មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ថា កំពង់​ភ្លុក ព្រែក​មួយ​ទៀត​ឈ្មោះស្ទឹង​ព្រំស្រុក ព្រែក​មួយទៀត​នៅ​ថា ស្ទឹង​ក្រែង មាន​ជ្រោយ​មួយ​ទៀត​ឈ្មោះ​ថា ពេជគ្រី មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ថា ពាមបាំង មាន​ជ្រោយមួយ​ទៀត​ហៅ​ថា ប្រទាស់​ឆេះ មាន​បន្លិច​មួយ​ឈ្មោះ​ថា បន្លិច​ច្រកែង នៅ បន្លិច​ច្រកែង​នោះ​ខាង​ឯ​មាត់​ទន្លេ​ឈ្មោះ​នាង​សៅ មាន​ព្រែក​ឈូង​ប្រទល់​មាត់​ទន្លេ​នោះ ឈ្មោះ​បាយក្អែក មាន​កោះ មួយ​ទៀត​ឈ្មោះ​កោះ​ថ្ពាល់​បើស មាន​ព្រែក​មួយ​ទៀត​ឈ្មោះថា ព្រែក​ខ្សាច់ មាន​ស្ទឹង​មួយ​ឈ្មោះ​ពាម​សែន មាន​ព្រែក​មួយ​ឈ្មោះ ផាត់​សណ្ដាយ មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​ស្លូត មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ ផ្លូវទូក មាន​កោះ​មួយ​ឈ្មោះ​កោះក្អែ មាន​ព្រែក​ពី​ឈ្មោះ​ព្រែក​គូរ ១​ព្រែក​ប្រមាល់​១ មាន​ព្រែក​មួយ ឈ្មោះ​ប្រឡាយ​មាស មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ព្រែក​ក្ងោក មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​ចក្រវត្តិ មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​កំប៉ោង​យោង​ទឹក មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ព្រែក​ខ្សុច មាន​ព្រែក​មួយ​ទៀត​ឈ្មោះ​ព្រែក​អារ៉ង់ មាន​កំពង់​មួយ​ឈ្មោះ​កំពង់​អូរ​ មាន​កំពង់​មួយ​ទៀត​ឈ្មោះ​កំពង់​ខ្សាច់ស មាន​កោះ​មួយ​ទៀត​ឈ្មោះ​កោះ កំញ៉ាន​តូច មាន​កំពង់​មួយ​ទៀត​ឈ្មោះ​កំពង់​ព្រះ មានកំពង់​មួយ​ទៀត​ឈ្មោះ កំពង់​អណ្ដូង មាន​កោះ​មួយ​ទៀត​ឈ្មោះ​កោះ ឆ្នុក​ទ្រូ មាន​ព្រែក​មួយ​ឈ្មោះ​ព្រែក​ស្លាម​ធ្លក មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ស្វាយ​ក្រអែ មាន​ជ្រោយ​មួយ​ឈ្មោះ ជ្រោយ​ព្រះ ផ្ដៅ មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ខ្សាច់​ល្អិត មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ផ្លូវ​ធំ មាន​ជ្រោយ​មួយ​ឈ្មោះ ជ្រោយ​ចាហឹង មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ហ្លូង មាន​កំពង់​មួយ​ឈ្មោះ​ កំពង់​ប្រាក់ មាន​កំពង់​មួយ​ឈ្មោះ​កំពង់​ទួល មាន​ស្ទឹង​មួយ​ឈ្មោះ​​ពាម​ព្រះស្ទឹង មាន​ជ្រោយ​មួយឈ្មោះ​ជ្រោយ​សន្លុង​តិច១ ឈ្មោះ សន្លុង​ធំ មាន​ជ្រោយ​មួយ ឈ្មោះ​ជ្រោយ​ស្លាប​ស្ទាំង មាន​ជ្រោយ​មួយ​ឈ្មោះ ជ្រោយ​កំញ៉ាន​ធំ មាន​ស្ទឹង​មួយ​ឈ្មោះ​ស្ទឹង​ដូនទ្រី មានស្ទឹង​មួយ​ឈ្មោះ​ពាម​មាត់​ពីរ ឱ្យ​ជុំ​ទន្លេ ហើយ​​ធនញ្ជ័យ​វិល​មក​ឯ​កំពង់​ប្រាក់​ វិល​មើល​ទី​និង​ធ្វើ​ស្រែ ហើយ​ដើរ​ឡើង​ទៅ​ព្រៃ​មើល​ស្ទឹង​នោះ ល្មម​នឹង​ធ្វើ​ស្រែ​បាន ទឹក​មាន​ច្រើន​បាន​ជា​ឱ្យ​ឈ្មោះ​បរិបូរណ៍ អំពី​ថ្ងៃ​នោះឯង​​ទើប​ឱ្យ​ទូលមួយ ជា​ឯ​កើត​ស្ទឹង​ខាង​ត្បូង​ឈ្មោះ ទូល​រកា ខាង​ត្បូង​ទូល​រកានោះ មាន​វាល​មួយ​ធំ ល្មម​ធ្វើ​ស្រែ​សាប​បាន បាន​ជា​ឱ្យ​ឈ្មោះ​ថា វាល​អង្កាម ត្បិត​ធនញ្ជ័យ​​យក​អង្កាម​ទៅ​បាយ​ពេញ​វាល​នោះឯង ឯ​ទន្លេ​នោះ​ធនញ្ជ័យ​ហៅ​ថា វាល​ភក់ ហើយ​យក​អង្កាម​ទៅបាច​ពេញ​ទន្លេ​នោះ​ឯង ហើយ​គាត់​ឱ្យ​ហៅ​ឈ្មោះថា ទន្លេសាប ហើយ​ធនញ្ជ័យ​ឱ្យ​ហាម​ប្រាម​ថា បើ​នរណា​ចែក​ទូក​ឱ្យ​ប្រយ័ត្ន​ក្រែង​វា​ខូច​សំណាប​អញ បើ​មិន​ស្ដាប់​អញ​នឹង​ចាប់​​ឱ្យ​សង ហើយ​លក់​ជា​ប្រាក់​តម្លឹង​៣០​ដាច់​សូរិល​ខ្លួន១ ទូក​១។

ឯអស់​រាស្ត្រ​ចែក​រក​ស៊ី​ក្នុង​ទន្លេ​ នោះជា​ច្រើន នឹង​ចែក​ទៅឯណា​ឱ្យ​ចៀសពី​សំណាប​នោះមិន​បាន ធនញ្ជ័យ​ក៏​ចាប់​ទូក​អំបាល​នោះ​ថា ចែវចូល​ក្នុ​ងសំណាប​ លក់​យក​ប្រាក់​បាន​ទូក ១​ជា​ប្រាក់​៣០​នោះឯង ឯ​អស់​រាស្ដ្រ​នោះ​ខឹង​ហើយ បបួល​គ្នា​ឡើង​ទៅ​ក្រាបទូល​ថា ត្បិត​ធនញ្ជ័យ​ធ្វើ​ស្រែក្នុង​ទន្លេនោះ ហើយ​យក​អង្កាម​ទៅបាច​ពេញ​អស់​ទន្លេ ហើយ​ប្រាម​ប្រាប់​អស់​យើង​ខ្ញុំថា កុំ​ឱ្យ​ចូល​ក្នុង​សំណាប​នោះ​បើ​ចូល​នឹង​ចាប់​លក់​យក​ជា​ប្រាក់​តម្លឹង​ទូល​ ១ បើដូច្នោះ​យើង​ខ្ញុំ​ពុំ​សុខ​ចិត្ត​ឡើយ សូម​មេត្តា​ឱ្យ​កោះ​ធនញ្ជ័យ​ជំនុំ​ឱ្យ​ទាន​បាន​ដឹង​ដំណើរ ត្បិត​យើង​ខ្ញុំ​មិន​ដែល​ឭ​ព្រះ​បន្ទូល​ថា មាន​ច្បាប់​ចាប់​លក់​យក​ប្រាក់​ហូត​យក​ពន្ធ​រទេះ​គ្រប់​ទំនិញ​ ក្នុង​ព្រះ​នគរ ដូច​ធនញ្ជ័យ​ថា​នោះ​ទេ ព្រះ​មហា​ក្សត្រ​ស្ដាប់​ហើយ​ក៏​ឆ្ងល់​ព្រះ​ហឫ​ទ័យ​នឹង​ធនញ្ជ័យ​ណាស់​ ហើយ​ត្រាស់​ប្រើ​អាមាត្យ​មួយនាក់​ថា អាឯង​ទៅ​ហៅអាជ័យ​មក​ឱ្យ​ឆាប់ កុំ​បង្អង់​យូរ​ឡើយ អាមាត្យ​ស្ដាប់​ព្រះ​បន្ទូល​ហើយ ក៏​ក្រាបថ្វាយ​បង្គំ​លា ដើរ​ទៅ​រក​ធនញ្ជ័យ​ ឃើញ​ហើយ​ក៏​ប្រាប់​ថា ត្បិត​មាន​ព្រះ​បន្ទូល​ពិសេសឱ្យ​មក​ហៅ​​ធនញ្ជ័យ​ឯង ឱ្យ​ទៅ​ជា​មួយ​នឹង​យើង ជា​ព្រះ​រាជ​បម្រើ​នេះ​កុំ​ខាន​ឡើយ បើ​ខាន​នឹង​ខុសធនញ្ជ័យ​ឯង ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ស្លៀក​ពាក់​សំពត់​អាវ រួច​ហើយ​ក៏​ដើរ​ទៅជាមួយ​បម្រើ​នោះ​ឯង លុះ​ទៅដល់ហើយ ក៏​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​គាល់ស្ងៀម​ នៅ​ចាំ​ស្ដាប់​បន្ទូល។ ឯ​ព្រះ​មហាក្សត្រ​ទត​ឃើញ​ធនញ្ជ័យមក​ដល់​ហើយ ក៏​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​អញ​ឱ្យ​អាឯង ទៅនៅទន្លេ ឱ្យ​រក​ស៊ី​ធ្វើ​ស្រេ​យក​ស្រូវ ឥឡូវ​នេះ​អាឯង​ទៅ​ធ្វើដូច្នោះ​ តើអាឯង​គិត​ដូចម្ដេច បើ​ដូច្នោះ​ឯង​ថា​មក​អញ​នឹងស្ដាប់​ ទើប​ធនញ្ជ័យថា ពុំចេះ​នឹង​ទ្រង់​អស់​ព្រះមេត្តានឹង​អស់​ទាំងនេះ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​គិត​ឃើញថា​ កើតជានគរ​មាន​ស្ដេច​សោយរាជ្យ​ហើយ ឱ្យ​ចង​ជា​ច្បាប់​ប្រាប់​អស់​នាម៉ឺន​នូវ​ពល​ឱ្យ​បានដឹង នេះឯង​ជា​ពន្ធ​ព្រះរាជទ្រព្យ ឱ្យ​បាន​ដឹងថា ច្បាប់​ជំនុំ​សេចក្តី​ស្រដី​គ្រប់​មុខ ឱ្យ​នាម៉ឺន​ធំ​តូច​ដឹង​ជា​សណ្ដាប់ ប្រាប់​អស់​រាស្ដ្រ​នៅ​ស្រុក​ក្រៅ ឱ្យ​ចិញ្ចឹម​ចៅ​ហ្វាយ​ស្រុក ស្នង​ក្រលា​ពាស ជំទប់ ចៅមឿង មេស្រុក ទើប​ឱ្យ​បាន​ដឹង​អំពីខេត្ត​ចៅហ្វាយស្រុក​តូច​ស័ក្ដិ​យស ខ្នង​ពោះ​នាម៉ឺន​ក្នុង ខ្នងពោះ​ចៅហ្វាយស្រុក​នៅ​ក្រៅ​ឱ្យ​មានជា​សណ្ដាប់ ប្រាប់​ឈ្មោះ ចៅហ្វាយ​ស្រុក​មាន​ជា​ដូច្នោះ ឈ្មោះ​ខេត្ត​ដូច្នោះ រួច​ធនញ្ជ័យ​ក្រាប​ទូល​ថា ខ្ញុំ​ទូល​បង្គំ​នឹង​ចង់​បាន​ទ្រព្យ​ខ្លួន​ក៏ទេ ធ្វើ​ដូច្នោះ​បានជា​អាករ​សួយ រៃ​ក្នុងព្រះ​នគរ​ដាក់​ជា​ព្រះ​រាជទ្រព្យបាន​ដឹង​តរៀង​ទៅ។

ស្ដេច​ព្រះមហាក្សត្រាធិរាជ​ទ្រង់​ស្ដាប់​ ធនញ្ជ័យ​ក្រាប​ទូលដូច្នេះហើយ ស្ដេច​មាន​ព្រះ​បន្ទូល​ថា ​អាឯង​ថា​ដូច្នោះ​ត្រូវ​ហើយ តែ​ដែល​អា​លក់​រាស្ដ្រ​នៅ​ធ្ងន់​ណាស់ អា​យក​តែ​បាទ​១​វិញ។

ឯ​​ធនញ្ជ័យ​ក៏​បាន​ទទួល​ព្រះ​បន្ទូល​ ហើយក្រាប​លា​ទៅបាទ​១ អំពី​លោក​សង្ឃ ហើយ​ទៅប្រាប់​អស់​មនុស្ស​ដែល​ចាប់​លក់​អំពី​មុន​ថា ត្បិត​ហ្លួងមិន​ឱ្យ​យក​ប្រាក់​តម្លឹង​៣០​ទេ វា​ធ្ងន់​ណាស់ ឱ្យ​អញ​យក​បាត្រ​១ អំពី​អស់​ឯង​វិញ ប្រាប់​ហើយ​យក​បាត្រ​មក​វាស់ ឯ​អស់​រាស្ដ្រ​ខ្លះ​នឹង​យក​ប្រាក់​មក​វាស់​ឱ្យ​ពេញ​បាត្រ​នោះ​មិន​បាន ធនញ្ជ័យ​ក៏​ប្រើ​ទារ ឯ​អស់​រាស្ដ្រ​នោះ​រត់​ទៅ​ក្រាបទូល​ថា ពុំ​ចេរ​និង​ទ្រង់​មេត្តា ត្បិត​​ធនញ្ជ័យ​ថា​ម្ចាស់​មិន​ឱ្យ​យក​ប្រាក់​តម្លឹង​៣០​ ឱ្យយក​បាត្រ​មួយ​ ឥឡូវ​គាត់​ឱ្យ​យក​បាត្រ​លោក​សង្ឃ​មក​វាស់​វិញ ដូច្នេះ​ឃើញ​ថា​ធ្ងន់​ណាស់ ហើយ​ខ្ញុំ​នឹង​រក​ប្រាក់​ឱ្យ​ពេញ​បាត្រ​នោះ​មិន​បាន​ទេ ស្ដេច​មហាក្សត្រ​ស្ដាប់​ហើយ ក៏​ត្រាស់​ប្រើ​ឱ្យ​ហៅ​អា​ជ័យ​ឱ្យ​មក​ឆាប់ ឯ​អាមាត្យ​ឭ​ព្រះ​បន្ទូល​ប្រាប់​ដូច្នោះហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​លា ទៅ​ហៅ​ធនញ្ជ័យ​មកហើយ មាន​ព្រះ​បន្ទូល​សួរថា អាជ័យអាថា​អញ​​ឱ្យយក​បាត្រ​ទៅ​យក​ប្រាក់​ពី​រាស្ដ្រ​អង្កាល់ ឯ​ធនញ្ជ័យ​ក្រាប​ទូល​ថា ម្ចាស់​មាន​ព្រះ​បន្ទូល​ថាឱ្យ​១​បាត្រ​វិញ កុំ​ឱ្យ​យក​៣០​តម្លឹង​ឡើយ បាន​ជា​ទូល​ព្រះ​បង្គំ​យក​តាម​ព្រះ​បន្ទូល​វិសេស​នោះ ឯ​មហាក្សត្រ​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា អញ​ឱ្យ​យក​៤​ស្លឹង​បប្រាក់​ចាយ​សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​គេ​ហៅ​ថា​មួយ​បាត្រ ឥឡូវ​នេះ​អាយក​តែ​៤​ស្លឹង​វិញ កុំ​យក​បាត្រ​ទៅវាស់​នោះមិន​ត្រូវ​ទេ។ ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា អាជ័យ​ឯង​នេះ​ធ្វើ​ឱ្យ​ក្ដៅ​ទឹក​ដីអញ​ណាស់ នឹង​ទុក​នៅ​មិន​បាន ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ហៅ​នាយ​ពេជ្ឍ​ឃាត​យកធនញ្ជ័យ​សម្លាប់​ ដូច​ព្រះបន្ទូល​បង្គាប់​នោះហោង ឯ​អស់​ពេជ្ឈ​ឃាត​នាំ​ធនញ្ជ័យទៅ​ដល់​ទូ​កហើយ ឱ្យ​យក​ទូក​មួយ​មករកគ្នា​ដាក់​អង្គុយ អុំ​គ្រប់​ចំណុះ​ទូក​ពេញហើយ ដាក់​ធនញ្ជ័យចំ​កណ្ដាល​ហើយតាំង​ហ៊ោ​បី​ដង ចេញ​ទូក​ទៅ ធនញ្ជ័យ​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​បញ្ឆោត​អស់​ទាំង​ពេជ្ឈឃាត​កុំ​ឱ្យ​សម្លាប់​អញ​បាន គិត​រួច​ហើយ​និយាយ​ថា អស់​បង​ប្អូន​ឥឡូវ​នេះ អញសម្លាប់​ហើយ អញ​នឹង​លែង​ឱ្យ​អស់​បង​ប្អូន​សប្បាយ​ម្ដង​កុំ​ខ្លាច បើរ​ត់​តើ​នឹង​ទៅឯ​ណា នៅ​ក្នុង​ទឹក​នោះ​ឯង ឯ​អស់​ពេជ្ឈឃាត​ស្ដាប់​ពាក្យ​ធនញ្ជ័យ​ហើយគិតថា​ តើ​នឹង​មាន​បើនឹង​រត់ តើ​ដូចម្ដេច​ក៏​នឹង​រួច​ក្នុងតែ​អញ​នឹង​ចាប់​បាន គិត​ដូច្នោះ​ហើយ​ក៏​ស្រាយ​​ធនញ្ជ័យ​​ចេញ ឯ​ធនញ្ជ័យ​​ក៏​ថា​ឱ្យខ្ញុំ​ទៅកន្សៃ​ទូក ហើយ​ខ្ញុំនឹង​ច្រៀង​បន្ទរលេង​ឱ្យ​សប្បាយ ឯ​អស់​ពេជ្ឈឃាត​ក៏​ព្រមឱ្យ​ធនញ្ជ័យ​​ទៅអង្គុយ​ឯ​កន្សៃ​ច្រៀង​បន្ទរ​ថា បើ​អញ​ថា​​ធនញ្ជ័យ​​ធ្លាក់​ទឹក ឯង​ថា​ហៃ​អើៗ ឯ​អស់​អ្នក​អុំ​ទូក​ក៏​ព្រម​ថា​ហៃ​អើៗ លុះ​ថា​តែ​ដូច្នោះ​រឿយ​ៗ​ទៅហើយ វា​ពុំ​បាន​ជា​គិត​ថា ​ធនញ្ជ័យ​​នឹង​លោត​ទឹក​រត់​ដូច្នោះ គិត​តែ​សប្បាយ​ក៏​ថា​ទៅ នឹង​ដឹង​ថា​ដូច្នោះ​ក៏​ទេ។ ឯ​​ធនញ្ជ័យ​​ថា​ឱ្យ​ស្រែក​ឱ្យ​ខ្លាំងជាង​ពីដើម​ទៀត​លុះ​​ល្មម​តែ​នឹង​លោត​ ទឹក​ហើយ​ ​ធនញ្ជ័យ​​ក៏​លោត​ទៅ​ក្នុង​ទឹក​ប្រូង​ទៅ។

ឯ​អ្នក​កន្សៃ​ស្រែក​ថា ​ធនញ្ជ័យ​​ធ្លាក់​ទឹក​ទៅហើយ អ្នក​ក្បាល​ថា​ហៃ​អើៗដូច​អំពីដើម​នោះ​ឯង ឯ​​ធនញ្ជ័យ​​ក៏​ប្រឹង​ហែល​ទៅ​ដល់​ត្រើយ ហើយ​ដើរ​រើស​ស្បង់​ចីពរ​បាន ហើយ​ចូល​ទៅ​ជួន​នឹង​លោក​សង្ឃរាជនៅ​ក្នុង​កុដ​លោក​នោះ ជា​សុខសប្បាយ​ដូច​សព្វ​ដងរៀង​មក ឯ​អស់​អ្នក​អុំ​ទូក​នោះ​លុះ​បន្តិច​ដឹង​ថា ​ធនញ្ជ័យ​​លោត​ទឹក​ទៅ​ ហើយ​ក៏​បន្ទោស​គ្នា​ថា អញ​មិន​ដឹង​ទេ សេចក្ដី​នេះ​តាម​តែ​លោក​នាយ​ចុះ ខុស​ត្រូវ​យើង​មិន​បាន​ស្រាយ​​ធនញ្ជ័យ​​ទេ ជជែក​គ្នា​ហើយ​វិល​មក​វិញ ហើយ​ឡើង​ទៅក្រាបទូល​ថា សូមទាន​ក្រាបទូល ត្បិត​ទ្រង់​បង្គាប់​ឱ្យ​នាំ​​ធនញ្ជ័យ​​ទៅសម្លាប់​នោះ ​ធនញ្ជ័យ​​ក៏ខឹង​ចិត្តលោត​ទឹក​ទាំង​ចំណង​លិច​បាត់ទៅ មិន​ឃើញ​អណ្ដែត​ឡើង​ឡើយ។​ ឯ​ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ មាន​ព្រះ​បន្ទូល​ថា វា​ហើយ​ទៅ​ចុះ កុំ​ឱ្យ​តែ​វា​រស់​ឡើង​វិញ មាន​ព្រះ​បន្ទូល​ដូច្នោះហើយ គង់​កំសាន្ដ​ព្រះទ័យ​ជា​សប្បាយ​ឥត​មាន​ខ្ញាល់​ឡើយ។

លុះ​ដល់​យូរ​បន្ដិច​ទៅ ដឹង​ឭដល់​ស្រុក​ចិន​ថា នៅ​ស្រុក​គោក​ធ្លក ជា​ស្រុក​ខ្មែរ​មាន​អ្នក​ប្រាជ្ញ​មួយ​ឈ្មោះ​​ធនញ្ជ័យ​ ឥតមាន​អ្នក​ប្រាជ្ញ​ឯណា​នឹង​ស្មើ​ប្រាជ្ញ​ចៅ​​ធនញ្ជ័យ​​នោះ​បាន ប៉ុន្តែ​ឥឡូវ​នេះ​ គេ​សម្លាប់​ទៅ​ហើយ បើ​ដូច្នោះ​ឃើញថា នឹង​យក​នគរ​ងាយ ស្ដេច​ស្រុក​ចិន​គិត​ឃើញ​ដូច្នោះហើយ ឱ្យ​ហៅ​នាម៉ឺន​ធំ​តូច​មកដល់​ហើយ ស្ដេច​ឱ្យ​ជំនុំ​រឿង​នឹង​ចាប់​យក​នគរ​ខ្មែរ​ ត្បិត​ស្ដេចនគរ​ខ្មែរ​សម្លាប់​អ្នក​ប្រាជ្ញ​ទៅហើយ បើ​នាម៉ឺន​ជំនុំ​គិត​គ្នា​ឃើញដូចម្ដេច​ ឱ្យ​មក​ប្រាប់​អញ។ ឯ​អស់​នាម៉ឺន​បានស្ដាប់​ព្រះបន្ទូល​ហើយ​មក​ជំនុំគ្នា​ថា បើ​គេ​សម្លាប់​អ្នក​ប្រាជ្ញ​នោះ វា​ជា​ហើយ យើង​ឱ្យ​អ្នក​ប្រាជ្ញ​យើង​ទៅចោទ​ប្រស្នា បើ​រក​មិន​ឃើញ យើ​ង​យក​នគរ​នោះ​បាន​ងាយ គិត​ឃើញ​ដូច្នោះ​ហើយ ឡើង​ទៅ ក្រាបទូល​ឱ្យ​ទ្រង់​ជ្រាប ថា​អស់​យើង​ខ្ញុំ​គិត​ទៅឃើញ​ថា ឱ្យ​អាចារ្យ​យើង​បាន​៤នាក់​ ទៅ​ចោទ​ប្រស្នា​ភ្នាល់​យក​នគរនេះ​ឃើញ​ថាងាយ ត្បិត​អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​ស្លាប់​ទៅ​ហើយ ស្ដេច​ស្ដាប់​ហើយក៏​ព្រម​តាម​នាម៉ឺនទូលនោះ ហើយ​ឱ្យ​យក​អាចារ្យ​៤​នាក់​មក​ មកដល់​ហើយ​ទ្រង់​ផ្ដាំ​ថា ឱ្យ​ទៅ​ចោទ​ប្រស្នា ភ្នាល់​នឹង​ស្ដេច​ស្រុក​ខ្មែរ បើ​អ្នកណា​ចាញ់​យក​នគរ​ធ្វើ​ជា​ចំណុះ ផ្ដាំ​រួច​ហើយ​ឱ្យ​យក​សំពៅ​បាន​៤​ ឱ្យ​មួយ​ម្នាក់​គ្រប់​អាចារ្យ​ទាំង​បួន ហើយ​ធ្វើ​ព្រះ​បន្ទូល​មក​ស្រុក​ខ្មែរឱ្យ​បាន​ជ្រាបថា ឯ​សេចក្ដី​ក្នុង​សំបុត្រព្រះ​បន្ទូល​នោះ​ថា ព្រះ​រាជ​សារមេត្រី​អំពី​ស្ដេច​ក្រុង​ចិន ថ្វាយ​មក​ស្ដេច​ស្រុក​ខ្មែរ​សូម​បាន​ជ្រាប ត្បិត​ឭ​ដំណឹង​ដោយ​រាស្ដ្រ​ទៅ​រក​ស៊ី​ស្រុក​ខ្មែរ​ថា​ស្រុក​ខ្មែរ​មាន​ អ្នកប្រាជ្ញ​មួយ ឈ្មោះ​ធនញ្ជ័យ​ជា​អ្នកប្រាជ្ញ​ធំ ឥឡូវនេះ​យើង​ប្រើ​អ្នក​ប្រាជ្ញ​ស្រុក​យើង​ឱ្យ​មក​ចោទ​អាថ៌​ប្រស្នា​ភ្នាល់​ គ្នា បើ​អ្នកប្រាជ្ញ​នគរណាចាញ់ នឹង​យក​នគរ​នោះ​ឯង ថ្វាយ​មក​សួរ គួរ​ពុំ​គួរ​តាម​ព្រះទ័យ សេចក្ដីអស់តែ​ប៉ុណ្ណោះ​ឯង ធ្វើ​ព្រះ​បន្ទូល​ហើយ​ដាក់​ក្នុងបំពង់​ឱ្យ​ទៅ​អាចារ្យ​ទាំង​៤ ចុះ​សំពៅ​បើក​ដល់​ស្រុក​ខ្មែរ ហើយ​ចត​នៅ​ប្រប​កំពង់​ហើយ​ឡើង​យក​សំបុត្រ​ទៅ​ថ្វាយ​ស្ដេច​នគរ​គោក​ធ្លក ហើយ​វិល​មក​នគរ​វិញ ឯ​មហាក្សត្រ​ខ្មែរ​ឃើញ​សំបុត្រ​ព្រះរាជសារ ឱ្យ​បើក​មើលឃើញ​ក្នុង​សេចក្ដី​សព្វគ្រប់ ដូច​យើង​បាន​ស្រដី​អំពី​មុន។ ឯ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ គិត​ស្ដាយ​​ធនញ្ជ័យ​ថា បើ​អញ​មិន​ឱ្យ​សម្លាប់​វា យល់​ជា​មិន​ពិបាក​ចិត្ត​ទេ។

យើង​នឹង​ស្រដី​អំពី​កាល​ធនញ្ជ័យ​ទៅ​បួស​ បាន​យូរ​ខែ ឯ​លោក​សង្ឃ​ឈ្មោះ​​ធនញ្ជ័យ​នោះគិត​ថា អញ​នឹង​ទៅ​យក​ចង្ហាន់​បិណ្ឌ​បាត​ក្នុង​ព្រះរាជវាំងឱ្យ​ជួប​នឹង​ស្ដេច ចង់​ដឹង​មើល​បើ​ឃើញ​អញ តើ​ស្គាល់​ ឬទេ? លោក​ជ័យ​គិត​ដូច្នោះ​ហើយ ក៏​ឃ្លុំ​ចីពរ​យក​បាត្រ​មក​ស្ពាយ ដើរ​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​លោកសង្ឃ​ជា​ច្រើន ឯ​លោក​ជ័យ​នៅ​ក្រោយ​គេ​បង្អស់​ ព្រះ​មហា​ក្សត្រ​ចេញ​មក​ដាក់​បាត​លោក​ដូច​សព្វ​ដងគ្រប់​អង្គ នៅ​តែ​លោក​តា​ជ័យក្រោយ​គេ​បង្អស់ ស្ដេច​ទត​ទៅ​ឃើញ ស្ដេច​មាន​ព្រះ​បន្ទូល​ថា អញ​មើលមុខ​លោក​នេះ​ដូច​ជា​មុខ​លោក​ជ័យ ឯ​លោក​ជ័យ​ថា ជ័យហើយ​ថា​មិន​ជ័យ រួច​ដើរ​ហួស​ទៅ ឯ​ព្រះ​មហាក្សត្រ​ស្ងៀម​ទៅ។

លុះ​ដល់​មាន​សារ​មក​ពី​ស្រុក​ចិន​ឱ្យ​ចោទ​ ប្រស្នា​នោះ ស្ដេច​គិត​ថា​កាល​អំពី​មុន អញ​ឃើញ​លោក​សង្ឃ​មក​យក​បាត្រប្រហែល​អាជ័យ​ក្រែង​វា​មិន​ស្លាប់​ទេ ហើយ​វា​ទៅបួស​ បើ​ដូច្នោះ អញ​ឱ្យ​អាមាត្យដើររក​ដោយ​វត្ត​លោកសង្ឃ​បួស​មែន ហើយ​ស្ដេច​បង្គាប់​ឱ្យ​អា​មាត្យ​៤​នាក់ ថា​អាឯង​ទៅ​រក​អាជ័យ​ក្រែង​វា​រត់​ទៅបួស ឯ​អាមាត្យ​ស្ដាប់​ហើយក៏​ថ្វាយ​បង្គំលា​ដើរ​ទៅ​រក​ធនញ្ជ័យនៅ​វត្ត​លោកសង្ឃ ទៅ​ឃើញ​នៅវត្ត​បួស​ជា​សង្ឃ​ហើយ​អាមាត្យ​ទូល​ព្រះ​ពុទ្ធ​ដីកាថា ត្បិត​មាន​ព្រះ​បន្ទូល​ពិសេស​ឱ្យ​និមន្ត​លោក​ទៅ លោកតា​ស្ដាប់​ហើយ​ក៏​និមន្ដ​ទៅ​តាម​អាមាត្យ​ លុះ​ទៅ​ដល់​ហើយ​ក៏​គង់​ស្ងៀម ឯ​ព្រះ​មហាក្សត្រ​ទត​ឃើញ​​ធនញ្ជ័យហើយ​ក៏​ត្រកអរ​ណាស់​ហើយ​សួរ​ថា លោក​តា​ជ័យ​អន់​ចិត្ត​នឹង​ព្រះ​ករុណា​ ឬ​ដូចម្ដេច? ឯ​លោកតា​ជ័យ​ថ្វាយ​ព្រះពរ​ថា​ទេ ទើប​មាន​ព្រះ​បន្ទូល​ថា ត្បិត​មាន​អាចារ្យ​ពី​ស្រុក​ចិន គេ​ឱ្យ​មក​ចោទ​ប្រស្នា​យក​នគរ បើ​ដូច្នោះ​ តើ​ជា​លោក​ដោះ​រួច​ឬទេ? ឯ​លោក​តា​ជ័យ​ថា ដោះ​ថ្វាយ​កុំ​ព្រួយ​ព្រះ​ហឫទ័យ ស្ដេច​ស្ដាប​ហើយ​ក៏​ត្រេក​អរ​ក្នុង​ព្រះហឫទ័យ ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​លោក​តា​ជ័យ​ថា បើ​ដូច្នោះ មាន​តែ​សឹក​ចេញ​ទើប​ជា ទើ​បលោក​តាជ័យ​ថ្វាយ​ព្រះពរ​ថា អាត្មា​ភាព​សឹក​ថ្ងៃ​នេះ​ឯង​កុំ​ព្រួយ​ព្រះ​ហឫទ័យ​ឡើយ ហើយ​ស្ដេច​ឱ្យ​សំពត់​អាវ​ក្រមា​ក្រវាត់។ លោកតា​ជ័យ​ទទួល​យក​សំពត់​អំពី​ព្រះមហាក្សត្រ ហើយ​លា​វិល​ទៅសឹក​ចេញ ស្លៀក​សំពត់​អាវ​ក្រវាត់​ក្រមា ហើយ​ក៏​ចូល​ទៅថ្វាយ​គាល់ ស្ដេច​ទត​ឃើញ​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា បណ្ឌិត​ជ័យ​គេ​មក​ហើយ មើលទៅ​ល្អ​សមជា​បណ្ឌិតអ្នក​ប្រាជ្ញ​បាន​ជា បើ​អ្នក​ឯណា​បួស​ហើយ​សឹក​វិញ​គេ​ហៅ​ថា បណ្ឌិតៗដូច្នោះ​ឯង​ រួច​ហើយ​ស្ដេច​ដណ្ដឹងថា ឥឡូវ​នេះ​នឹង​ឱ្យ​អាចារ្យ​ចិន គេ​ឡើង​មក​ចោទ​ប្រស្នា​ថ្ងៃ​ណា ទើប​បណ្ឌិត​ជ័យ​ក្រាបទូល​ថា ក្នុង​បី​ថ្ងៃ​ទៀតឱ្យ​ឡើង​មក​នឹង​ចោទ​ប្រស្នា​គ្នា ហើយ​បណ្ឌិតជ័យ​ឱ្យ​គេ​រក​គម្ពីរ​ឱ្យ​ច្រើន ហើយ​ឱ្យ​រក​មហាតលិក​បាន​បួននាក់ ឱ្យ​យក​ខ្មៅ​ដុស​ឱ្យ​បាន​ច្រើនដាក់​នឹង​ថាស​នោះ បួន ហើយ​ឱ្យ​យក​ក្ដា​ធំ​រលីង​បួន​ជ្រុង​មក​ឱ្យ ហើយ​ឱ្យ​ចាប់​ក្ដាម​ឱ្យ​បាន​៤ក្អម ហើយ​ឱ្យ​យក​ក្រដាស់​ស​ពុម្ព​ធំឱ្យ​ច្រើន​មក​ឱ្យ ទូល​ព្រះ​បង្គំ​នឹង​ធ្វើ​ប្រស្នា​ថ្វាយ​ កុំ​ព្រួយ​ព្រះរាជហឫទ័យ ឯ​ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ ឱ្យ​រក​តាម​ពាក្យ​ធនញ្ជ័យ​បង្គាប់ បាន​មក​ហើយ​ឱ្យ​យក​ទៅ​ប្រគល់​ឱ្យ​​ធនញ្ជ័យ រួច​ហើយ​ឱ្យ​បម្រើ​ទៅ​ប្រាប់​អាចារ្យ​ស្រុក​ចិន​ដែល​មក​ចត​សំពៅ​នៅ​កំពង់ នៅ​មុខ​ព្រះលាន មានព្រះ​បន្ទូល​ឱ្យ​ប្រាប់​មក​ថា បី​ថ្ងៃទៀត​ឡើង​ទៅ​ចោទ​ប្រស្នា​នឹង​អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​យើង​ចុះកុំ​ ខានឡើយ ឯ​អាចារ្យ​ស្រុក​ចិន​ស្ដាប់​ហើយ​ទទួល​តាម លុះ​ដល់​ថ្ងៃ​ត្រូវ​សន្មត់ហើយ​អាចារ្យ​ចិន​ឡើង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​ក៏​ដើរ​ចុះ​ទៅទទួល​ពាក់​កណ្ដាល​ផ្លូវ មុខ​ព្រះលាន​ស្ដេច​នោះឯង អាចារ្យ​ស្រុក​ចិន​មើល​ទៅឃើញ​​ធនញ្ជ័យដើរ​មក​អំពី​ចម្ងាយ​ហើយ​ធ្វើ​ប្រស្នា ចង្អុល​ទៅ​មើល ឯ​​ធនញ្ជ័យ​ចង្អុល​ទៅឯ​ព្រះអាទិត្យ អ្នក​ប្រាជ្ញ​ចិន​ចង្អុល​ទៅក្រៅ​ដី លា​បាត​ដៃ​ហើយ​លើក​ម្រាម​ដៃ​បញ្ឈរ​ឡើង​ទៅ​លើ អ្នក​ប្រាជ្ញ​ចង្អុល​ចុះ​ទៅ​ក្រោម ​​ធនញ្ជ័យ​ចង្អុល​មក​ខ្លួន​ឯង។

ឯ​អ្នក​ប្រាជ្ញ​ស្រុក​ចិន​សួរថា កាល​យើង​ចង្អុល​ទៅ​លើ​មេឃ ហើយ​អ្នកឯង​ចង្អុល​ទៅ​ព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ដូចម្ដេច ទើប​​ធនញ្ជ័យ​ថា អញ​ដឹងថា អ្នក​ឯង​ចង្អុល​ទៅ​លើ​មេឃ​នោះ គឺ​អ្នក​ឯង​សួរ​ថា​មាន​សត្វ​អ្វី ឯ​អញ​ចង្អុល​ទៅព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ ឬ​ទេ? អ្នក​ប្រាជ្ញ​ចិន​ថា អញ​ដឹងអ្នក​ឯង​ថា​មេឃ​នោះមាន​តែ​ព្រះ​អាទិត្យ​ព្រះច័ន្ទ​នោះឯង​នៅ​លើមេឃ ទើប​អ្នកប្រាជ្ញ​ស្រុក​ចិន​ថា ដែល​អញ​ចង្អុល​ទៅ​ក្រៅ​ដី​នោះ តើ​អ្នក​ឯងថាដូចម្ដេច? ទើប​​ធនញ្ជ័យ​ឆ្លើយ​ថា​ អញ​ដឹង​ហើយ ឯង​ចង្អុល​ទៅ​ខាង​ក្រៅ​នោះថា សត្វអ្វី ទើប​​ធនញ្ជ័យថា អញ​ធ្វើ​ម្រាម​ដៃ​ឡើង​ទៅ​លើ​ជុំវិញ​នោះ តើ​អ្នក​ឯង​ថា​សត្វ​អ្វី ទើប​អាចារ្យ​ចិន​ថា អញ​ដឹង បាន​ជាឯង​ធ្វើ​ដូច្នេះ ថា​ក្រៅ​ផែនដី​មាន​ទឹក​សមុទ្រ ក្រៅ​សមុទ្រ​នោះ មាន​ភ្នំ​ចក្រ​វាល​ក្រៅ​នោះ​ឯង ទើប​អាចារ្យ​ចិន​ថា អញ​ចង្អុល​ចុះ​ក្រោម​នោះ តើ​អ្នក​ឯង​ដឹង ឬ​ទេ? ​ធនញ្ជ័យ​អញ​ដឹង ឯង​ចង្អុល​ចុះ​ក្រោម​នោះថា នៅ​លើដីនេះ តើ​មាន​សត្វ​អ្វី? ​ធនញ្ជ័យ​ថា​អញ​ចង្អុល​មក​ខ្លួន​អញ​នោះ តើ​ឯង​ដឹង​ឬទេ? ឯ​អាចារ្យ​ចិន​ថាអញ​ដឹង ឯង​ចង្អុល​ខ្លួន​ឯង​នោះថា នៅ​លើ​ដី​មាន​តែ​មនុស្ស។ សួរ​ឆ្លើយ​ទទួល​គ្នា រួច​ហើយ​អាចារ្យ​ចិនលា​ធនញ្ជ័យ​វិល​ទៅ​សំពៅ​វិញ។

លុះ​ព្រឹក​ឡើង​មក​ជួបនឹង​​ធនញ្ជ័យ ឯ​អាមាត្យ​ចិន​ធ្វើ​ប្រស្នា​ឱ្យ​ធនញ្ជ័យ ចាប់​ធ្វើ​ជា​រង្វង់ ឯ​​ធនញ្ជ័យ​ធ្វើ​បត់​ដុំ​ដៃ​បង្ហាញ​ទៅ​ អាមាត្យ​លា​ម្រាម​ដៃ​ទាំង​៥ បង្ហាញ​មក​​ធនញ្ជ័យ ​ធនញ្ជ័យ​បង្ហាញ​ម្រាម​១ បង្ហាញ​ទៅអាចារ្យ​ចិន អាចារ្យ​ចិន​ឃើញ​ហើយ​វិល​ទៅ​សំពៅ​វិញ ឯ​​ធនញ្ជ័យ​ក៏វិល​ទៅផ្ទះ​វិញ។

លោកគ្រូ​សង្រាជ​បាន​ឭ​​ធនញ្ជ័យ​ចោទ​ ប្រស្នា​នឹង​អាចារ្យ​ចិន ដូច្នោះហើយ ក៏​និមន្ដ​មក​សួរ​ចង់​ដឹង​ដំណើរការនោះ ជួប​នឹង​​ធនញ្ជ័យ​ជ័យ​ហើយ​ដណ្ដឹង​ថា កាល​អ្នក​ចោទ​ប្រស្នា​នឹង​ចិន​ធ្វើ​ដូចម្ដេច ទើប​​ធនញ្ជ័យ​ទូល​ថា ចិន​ធ្វើ​ដៃ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញ​ម្រាមដៃ​១។

ទើបលោកគ្រូ​សង្គ្រាជ​ដណ្ដឹងថា បើដូច្នោះ​តើដូចម្ដេច តើដូចម្ដេច ទើប​​ធនញ្ជ័យ​ថា ឯចិន​ធ្វើ​ដៃ​ជារង្វង់​ដូច្នោះ​ខ្ញុំ​ថា​ធ្វើ​អង្រុត​រុត​ត្រី ទើប​ខ្ញុំ​បង្ហាញ​កែង​ដៃនោះ ថា​បើ​អង្រុត​រុត​ត្រី​ដូច្នោះ តើ​អង្រុត​បាន​ត្រី​ប៉ុន្មាន ឯ​បង្ហាញ​ម្រាម​ដៃ​ប្រាំ​នោះថា បើ​បាន​ត្រីប៉ុណ្ណោះ ល្មម​ធ្វើ​ងៀត​បាន​៥​ចម្រៀក ឯ​បង្ហាញ​ចង្អុល​ដៃ​មួយ​ថា​ស៊ី​មួយ​ថ្ងៃ​មួយ​ចម្រៀក ក្នុង​ត្រី​មួយកន្ទុយ បាន​៥​ថ្ងៃ​ទើប​អស់។ ឯ​លោកគ្រូសង្គ្រាជ​បាន​ដឹង​ហើយ​ក៏វិល​ទៅកុដិ​វិញ។

ទើបលោក​សម្ដេច​ចៅហ្វាយ​ទៅ​សួរ​​ធនញ្ជ័យចង់ ​ដឹង​អំពី​ប្រស្នាចិននោះថា​ដូចម្ដេច​ប្រាប់​អញ​ផង អញ​ចង់​ដឹង ​ធនញ្ជ័យ​ស្ដាប់​ហើយ​ជម្រាបថា ចិន​ធ្វើ​ដៃ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញ​ម្រាមដៃ​១ លោក​សម្ដេច​ចៅហ្វាយ​ដណ្ដឹង​ថា បើដូច្នោះថា​ដូចម្ដេច ​​ធនញ្ជ័យ​ប្រាប់​ថា​ ចិន​ឱប​ដៃ​ជា​រង្វង់នោះ​ថា នឹងចាប់​យក​នគរ។ ខ្ញុំ​បង្ហាញ​ដុំដៃ​ថា អញ​ថង​នឹង​កែង​ដៃ ចិន​បង្ហាញ​ម្រាម​៥ ថាគេ​មានគ្នា​ច្រើន ខ្ញុំ​បង្ហាញ​ចង្អុលដៃ​មួយនោះ​ថា អញតែ​ម្នាក់​ឯង អញ​វាយ​ឯង​មិន​ខ្លាច​ទេ លោក​ចៅហ្វាយ​ឭដូច្នោះ​ហើយ​ក៏វិល​ទៅ​វិញ ឯ​ព្រះ​មហាក្សត្រស្ដេច​ឱ្យ​ហៅ​​ធនញ្ជ័យ​សួរថា កាល​អាចារ្យ​ចិន​គេ​ចោទ​ថា​ដូចម្ដេច​ខ្លះ ​ធនញ្ជ័យ​ក្រាបទូល​ថា កាល​អាចារ្យ​ចិន​គេ​មក​ដល់​ធ្វើ​ដៃ​ជា​ឱប​ដៃបង្ហាញ ទូល​ព្រះ​បង្គំបត់​កែង​ដែ​បញ្ឈរ​បង្ហាញ​ទៅ​វិញ ហើយ​អាចារ្យ​ចិន​បង្ហាញ​ម្រាម​ដៃ​ទាំង​៥ ទូល​ព្រះ​បង្គំ​បង្ហាញម្រាម​ដៃ​មួយទៅវិញ ទើប​ស្ដេច​មានព្រះ​បន្ទូល​ដណ្ដឹង​ថា ដូចម្ដេច​បើ​ដូច្នោះ ទើប​​ធនញ្ជ័យ​ក្រាប​ទូល​ថា ឯ​ចិន​ឱប​ដៃ​បង្ហាញ​មក​សួរថា ក្នុង​ទ្វីប​ទាំង​៤​នេះ​តើ​មាន​អ្វីខ្លះ? ទូល​ព្រះ​បង្គំ​បត់​ដុំ​ដៃ​បង្ហាញ​នោះ​ប្រាប់​ថា មាន​ព្រះ​សិនេរ​ត្រង់​កណ្ដាល ទើប​ចិន​បង្ហាញ​ម្រាម​ទាំង​៥​នោះ​ដណ្ដឹង​ថា មាន​ព្រះ​ពុទ្ធ​៥​អង្គ​បាន​ត្រាស់​ក្នុង​កប្ប​នេះ ទើប​ទូល​បង្គំ​បង្ហាញ​ម្រាម​ដៃ​មួយ នោះ​ប្រាប់​ថា​៥​អង្គ ប៉ុន្ដែ​បាន​ត្រាស់​៤​អង្គ​ទៅ​ហើយ នៅ​តែ​មួយ​អង្គទៀតមិន​ទាន់​បាន​ត្រាស់​នៅ​ឡើយ ប្រស្នា​នេះ​ដូច្នោះ​ឯង សូមទ្រង់​ជ្រាប ហើយ​​ធនញ្ជ័យ​ថ្វាយ​បង្គំ​លា​ទៅ​ផ្ទះ​វិញ។

លោក​គ្រូ​សង្គ្រាជ​និង​សម្ដេច​ចៅហ្វាយ​ទៅ​ ជួបនឹង​មហាក្សត្រ ហើយ​និយាយ​តាម​ដំណើរ​ដែល​បាន​ដណ្ដឹង​​ធនញ្ជ័យ កាល​ចោទ​ប្រស្នា​នឹង​ចិនក្រាប​ទូល​ស្ដេច​ៗ​ស្ដាប់​ហើយមាន​ព្រះ​បន្ទូល​ថា វា​ប្រាប់លោក​គ្រូសង្គ្រាជ​ផ្សេង​ ប្រាប់​ចៅហ្វាយ​ផ្សេង វា​ប្រាប់​អញ​ផ្សេង​នឹង​ឱ្យ​ប្រាកដ​ជា​ប្រស្នា​ដូចម្ដេចនោះមិន​បាន​ឡើយ ស្ដេច​នូវ​អស់​ទាំង​នាម៉ឹន​ខ្លាច​ប្រាជ្ញា​​ធនញ្ជ័យ​ណាស់។

ឯ​​ធនញ្ជ័យ​ក៏​វិល​ទៅផ្ទះ ហើយយក​ខ្មៅ​ដុស​ក្ដារ​៤​ជ្រុង​ ក្រដាស់​ស និង​គម្ពីរ​ដែល​ឱ្យគេរក ហើយ​នឹង​ក្ដាម​ដែល​ដាក់​ក្នុង​ក្អមទាំង​៤​នោះមក​ ហើយ​ក៏យក​ក្ដាម​ដាក់​ត្រង់​កណ្ដាល ហើយ​យក​ថាសដាក់​ទឹក​ខ្មៅ ដាក់​គ្រប់​ជ្រុង​ទាំង​៥ ហើយ​យក​ក្រដាស​ក្រាល​លើ​ក្ដារ ហើយ​យក​ក្ដាម​ដាក់​ក្នុង​ថាស​ទឹក​ខ្មៅឱ្យ​វា​វារ​ឡើង​លើ​ក្រដាស់​នោះ ឯ​ទឹក​ខ្មៅ​នៅប្រឡាក់​នៅ​ជើង​ក្ដាមវារ​នោះ ដិត​ជាប់​នឹង​ក្រដាស់​នោះច្រើន ហើយ​យក​ទៅ​ហាល​ថ្ងៃ​ លុះ​ធ្វើ​ដូច្នោះ ឯង​បាន​ច្រើន​ហើយ ឱ្យ​យក​គម្ពីរ​មក​រុំ​ទុក ហើយ​យក​ក្រដាសមក​ដាក់​​ឱ្យ​ក្ដាម​វាវារ​លើ​ជាច្រើនទៀត រួច​ហើយ​ឱ្យ​យក​ក្ដារ​និង​ទឹក​ខ្មៅ​ទៅទុក ទើប​ឱ្យ​កូន​ក្មេង​មក​អង្គុយ​ច្រើន ហើយ​យក​ក្រដាស​មួយ​ពុម្ព​ម្នាក់ៗ​ឱ្យ​ក្មេង​អស់នោះទន្ទេញ​ថា​ផ្ដេស​ផ្ដាស​ ទៅតាម​តែ​ក្មេង​ណា​ចង់​ថាទៅ ឱ្យ​ឭ​ដូច​ក្មេង​រៀន​អក្សរ​សាស្រ្ដ ឯ​អ្នក​ប្រាជ្ញ​ចិន​នោះ លុះ​ដល់​ព្រឹក​ឡើង​ហើយ ឡើង​ពី​សំពៅ​មក​ផ្ទះ​​ធនញ្ជ័យ នឹង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​មើល​ទៅ​ឃើញ​អាចារ្យ​មក​ដល់​ហើយ ក៏​ដើរ​ទៅទទួល​ចាប់​ដៃ​ចូល​មក​អង្គុយ​លើ​កៅអី ហើយ​​ធនញ្ជ័យ​ឱ្យ​យក​ទឹក​តែ​មក​ឱ្យ​អាចារ្យ​ផឹក ឯ​ក្មេង​ៗ​ទាំង​នោះក៏​រៀន​អក្សរ​ឭ​កង​រំពងនឹង​ស្ដាប់​ភាសា​គ្នា​មិន​បាន ឯ​អាចារ្យ​ចិន​ឃើញអស់​ក្មេង​រៀន​សំបុត្រ​ហើយ​ឱ្យ​យក​ទៅបក​មើល មិន​ស្គាល់​តួអក្សរ​ដល់​១​សោះ ​ធនញ្ជ័យ​សួរ​ថា អាចារ្យ​ស្គាល់​អក្សរ​នេះ​ឬទេ អាចារ្យ​ចិន​ថា​ទេ ​ទើបធនញ្ជ័យ​ថា នេះ​គេ​ហៅ​អក្សរ​មីង​ឆ្វេង​ អក្សរ​ព្រាហ្មណ៍​ចាម បើ​មិន​ស្គាល់​ដូច្នេះ​នឹង​ឆ្លើយ​ប្រស្នា​នឹង​គ្នា​មិន​បាន​ទេ អ្នក​ឯង​ចាញ់​អញ​នឹងអក្សរ​នេះ​ហើយ អាចារ្យ​ចិន​ទទួល​ព្រម ​ធនញ្ជ័យ​ថា បើ​ចាញ់​ហើយ​អញ​យក​តែ​របស់​ក្នុង​សំពៅទាំង​៤ ឯ​សំពៅនោះ អញ​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ឯ​នគរ​ក៏​អញ​ថ្វាយ​ទៅក្រុង​ចិន​វិញ​ដែរ តែ​អំពីថ្ងៃ​នេះ បើ​ឭ​ឈ្មោះ​​ធនញ្ជ័យ អ្នកប្រាជ្ញ​ឱ្យ​ខ្លាច​គ្រប់​ប្រទេស​ទៅ អាចារ្យ​ចិន​ក៏​ព្រម​ឱ្យ​របស់​ក្នុង​សំពៅទាំង​៤​នោះ ហើយ​ក៏​បើក​សំពៅទៅស្រុក​ចិន​វិញ ឯ​​ធនញ្ជ័យ​កាល​បើ​បាន​របស់​អំពី​សំពៅទាំង​បួន​នោះ ហើយ ឱ្យ​បញ្ជូន​អស់​ទ្រព្យ​នោះ ទៅថ្វាយ​ព្រះបាទ​ជា​ម្ចាស់​ទាំង​អស់​ នឹង​មាន​យកជារបស់​ខ្លួន​ក៏ទេ ឯ​ព្រះមហាក្សត្រ បាន​ឭថា​​ធនញ្ជ័យ​ឈ្នះ​ប្រស្នា​អាចារ្យ​ចិន​ដូច្នោះហើយ លុះ​ដល់​ឃើញ​​ធនញ្ជ័យ​ឱ្យ​ជញ្ជូន​អស់​របស់​ទ្រព្យ​មក​ថ្វាយដូច្នោះ ក៏​ត្រេកអរ​ក្នុង​ព្រះហឫទ័យ ហើយ​មាន​ព្រះ​បន្ទូល​ថា ​ធនញ្ជ័យ​ឯង​បាន​ទុក​ខ្លះ​ហើយ​ឬទេរបស់​ទាំង​អស់​នេះ ​ធនញ្ជ័យ​ក្រាបទូល​ថា ទូល​ព្រះ​បង្គំ​ពុំ​បាន​យក​ទុកទេ ស្ដេច​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា បើ​ដូច្នោះ​អញ​នឹង​ឱ្យ​យក​ស្រី​ក្នុង​វាំងធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​និង​របស់​ទ្រព្យ​ទាំង​អស់​គ្រប់​មុខ​កុំ​ឱ្យ​មាន​ខ្វះខាត​របស់​អ្វី ឯ​​ធនញ្ជ័យ​ក្រាប​ទូលថា ទូល​បង្គំ​មិន​ចង់​បាន​ទេ​ប្រពន្ធ​នោះ ត្បិត​មិន​មែន​ជា​ស្រីទេ ឈ្មោះ​ញី មិន​ប្រាកដ​ជា​ស្រី សូម​ជ្រាប ស្ដេច​ទ្រង់​សណ្ដាប់​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ឯណា​ឈ្មោះ​ស្រីនោះ ឯ​​ធនញ្ជ័យថា ទូល​ព្រះ​បង្គំ​នឹង​ក្រាប​ថ្វាយបង្គំ​លាទៅ រក បើ​បាន​នឹង​នាំ​មកថ្វាយ ហើយ​ទូលថា សូម​ព្រះអង្គ​ព្រះ​រាជ​​ប្រទាន​សំពត់ហូល ព្រែ ឱ្យ​ច្រើន​នឹង​ទៅរកស្រីនោះ​ទើប​ឃើញ ស្ដេច​ស្ដាប់ហើយ ព្រះ​រាជទាន​ហូល​ព្រែឱ្យ​ធនញ្ជ័យ​ជាច្រើន ហើយ​ទ្រង់​ផ្ដាំថា បើរក​បាន​វិល​មក​ឆាប់ ឯ​ធនញ្ជ័យ​ក្រាបទូល​ថ្វាយ​បង្គំលា យក​របស់​នោះ​វេច​ស្រេចហើយ ស្ពាយ​សម្ពាយ​ដើរ​ទៅ​ស្រី​នោះ។

លុះ​ដល់​ទីណា​មាន​គេ​នៅ​ច្រើន​នោះ ចូល​ទៅសួរ​គេថា ស្រុក​នេះ​មាន​ស្រី​ ឬទេ? អ្នក​ស្រុក​ប្រាប់​ថា ស្រី​មាន​ដែរ​ ទើប​​ធនញ្ជ័យ​ថា មិន​មែន​ស្រីទេ នេះ​គេ​ហៅ​ថា​ឈ្មោះ​ញី មិន​មែន​ស្រី​ទេ ​ធនញ្ជ័យ​ថា​ហើយ​ដើរ​ទៅ​រក​ភូមិ​គេ​ឯទៀត​វិញ ហើយ​ចូល​ទៅ​សួរថា ក្នុង​ស្រុក​នេះ​ តើ​មាន​ស្រី​ឬទេ? អស់​អ្នក​ស្រុក​ប្រាប់​ថា ខ្ញុំ​ឆ្ងល់​ណាស់​ ចុះ​អស់​អ្នក​ស្រី​នេះ តើ​គេ​ហៅ​ថា​ជា​អ្វី​វិញ? ​ឯធនញ្ជ័យ​ថា ​ទេ នេះ​គេហៅ​ថា​ញី​ទេ ថា​ហើយ​ក៏​ដើរ​ទៅ​សួរ​រក​ស្រីឯទៀត លុះ​ទៅ​ដល់​ភូមិ​ផ្ទះ​នាង​សួស្ដី ហើយ​ដើរ​ទៅ​សួរ​រក​ស្រី ក៏​ប្រទះនឹង​នាង​សួស្ដី មក​អង្គុយ​នៅដីមុខ​ផ្ទះ​នោះ​ឯង ឯ​ធនញ្ជ័យ​ចូល​ទៅ​ដល់​ហើយក៏ដណ្ដឹង​សួរថា អ្នក​ប្អូន​នៅទីនេះ​មាន​ស្រី​ឬទេ? ឯ​នាង​សួស្ដី​ស្ដាប់​ហើយ​ឆ្លើយ​ថា អ្នក​ឯង​នេះ​នៅស្រុក​ណា មាន​ទេ​ប្រុស​ក្នុង​ស្រុក​អ្នក​ឯង ឯ​​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​គិត​ថា ហើយ​គេ​ហៅ​ថា​ស្រី​សួស្ដី ទើប​​ធនញ្ជ័យ​ប្រាប់​ថា ឯ​ស្រុក​ខ្ញុំ​មាន​ប្រុស​ដែរ តើនាង​ដឹង​ឬទេ? ឈ្មោះ​ប្រុស​នោះ​ឯង នាង​សួស្ដី​ថា ខ្ញុំ​ដឹង បាន​ជា​គេ​ហៅ​ប្រុស​នោះ ត្បិត​គេ​ឈ្មោះ​ជ័យ​នោះ​ឯង ជ័យ​នោះ​ច្រើន​ជា​ធំ​ជាង​អស់​ឈ្មោះ​ផង ជ័យ​ឈ្នេះ​អស់​ក្នុង​ផែនដី​នេះ ឯង​បាន​ជា​ហៅ​ប្រុស​ៗ ត្បិត​ឈ្មោះ​ជ័យ​នោះឯង ទើប​នាង​សួស្ដី​ថា អ្នក​ឯង​ស្គាល់​ទេ​ស្រី​នោះ ទើប​ធនញ្ជ័យ​ថា ខ្ញុំ​ស្គាល់ បាន​ជាគេហៅ​ស្រីៗនោះ​ ត្បិត​តែ​ឈ្មោះ​សួស្ដី​នោះឯង ជា​សួស្ដី​មង្គល​ជា​ធំក្នុង​ផែនដីនេះ នឹង​យក​ឈ្នេះ​ណា​ឱ្យ​ដូច​គ្មាន បាន​ជា​គេ​ហៅ​ស្រីៗ​នោះ ត្បិតតែ​ឈ្មោះ​សួស្ដី ទើប​​ធនញ្ជ័យ​សួរថា នាង​មាន​ខ្លាច ឬ​គ្មាន​ខ្លាច​ទេ នាង​សួស្ដី​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ខ្លាចទេ ថាអ្នក​ឯង​តើ​មាន​ក្រែង​ ឬមិន​ក្រែង​ទេ ​ធនញ្ជ័យ​ឆ្លើយថា​ ខ្ញុំ​គ្មាន​ក្រែង​អ្វី​ទេ នាង​សួស្ដី​ឆ្លើយថា ខ្ញុំ​ដឹងហើយ គឺ​អ្នក​ដណ្ដឹងថា មាន​ប្ដី ឬ​នៅ​ឡើយ បើ​មាន​ប្ដី​ហើយ​ខ្លាច​ប្ដី​ជេរ បើ​គ្មាន​ប្ដី​ទេ​នោះ​ថា​មិន​ខ្លាច​ទេ ទើប​នាង​សួស្ដី​ដណ្ដឹង​ថា ក្រែង​ ឬ​មិន​ក្រែងនោះ​ អ្នក​ថា​ដូចម្ដេច ទើប​​ធនញ្ជ័យ​ប្រាប់​ថា ខ្ញុំ​ដឹង នាង​ឯង​សួរ​ខ្ញុំ​ថា មាន​ប្រពន្ធ​ហើយ​ ឬ​នៅទេ បើ​មាន​ប្រពន្ធ​ហើយ​ក្រែង​ចិត្ត​ប្រពន្ធនោះ បើ​គ្មាន​ប្រពន្ធ​ទេ ថា​មិន​ក្រែង​ចិត្ត​នរណា​ទេ ឯ​​ធនញ្ជ័យ​បាន​ដឹង​ថានាង​សួស្ដី​គ្មាន​ប្ដី​ដូច្នេះហើយ ក៏ដាក់​សម្ពាយ​អំពី​ស្មា ហើយ​ស្រាយ​សម្ពាយ​ហូល​ចេញ​ឱ្យ​ម្ដាយ​​ឪពុក​នាង​សួស្ដី​ឃើញ។

ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី​ឃើញ​ហូល​ព្រែ​​ ធនញ្ជ័យ ក៏​ដើរ​មក​មើល​ហើយ​សួរថា អ្នក​កូន​នឹង​យក​ទៅ​ណា ឯ​ធនញ្ជ័យ​សំពេះ​ជម្រាប​សួរថា ខ្ញុំ​យក​មក​រក​ប្រពន្ធ​ទេ បើ​លោក​ម្ដាយ​លោក​ឪពុក​មេត្តា​ខ្ញុំ ខ្ញុំ​នឹង​នៅ​បម្រើ​ជា​កូន​ក្នុង​ផ្ទះ ដង​ទឹក​ កាប់​អុស បុក​ស្រូវ ខ្ញុំ​ចេះ​តែ​ព្រម​មិន​ខ្ចិល​ច្រអូស​ឡើយ ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី និង​ខ្លួន​នាង​សួស្ដី​ក៏​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ប្ដី​និង​ប្រពន្ធ​និយាយ​គ្នា​ថា ចៅ​កម្លោះ​នេះ​ចង់​បាន​កូន​យើង​ហើយ គិត​តែ​ពីរនាក់​ថា បើ​ដោយ​ស្មាន​មើល​ទៅ​ឃើញ​ថា ជាកូន​គេ​អ្នក​បាន​ណាស់ មាន​ទាំង​ហូល​ព្រែ​នោះ​ច្រើន យើង​ល្មមឱ្យ​កូន​យើង​ហើយ ឯ​​ធនញ្ជ័យកាល​បើ​ម្ដាយ​ឪពុក​ក្មេក​ឡើង​ទៅ​លើ​ផ្ទះ​ហើយ ក៏​វេច​បង្វិច​ដើរ​ទៅ​ទី​អាថ៌កំបាំង ហើយ​យក​ក្រដាស​មក​សរសេរកត់​ជា​ចំណាំ​ឈ្មោះនាម៉ឺន​ធំតូចដែល​ជម្ពាក់​ប្រាក់ ខ្លះ​ជម្ពាក់​១០០​តម្លឹង ខ្លះ​ជម្ពាក់​៤០០​តម្លឹង ខ្លះ​ជម្ពាក់​៥០០​តម្លឹង បាន​ច្រើន​ហើយ​ចង​១​បាច់ ដាក់​ក្នុ​សម្ពាយ ឡើង​ទៅ​លើផ្ទះ សំពះ​ម្ដាយ​ឪពុក​ក្មេក ហើយ​អង្គុយ​ស្ងៀម​ចាំ​ស្ដាប់។ ម្ដាយ​ឪពុក​នាង​សួស្ដី​ក៏​ដណ្ដឹង​សួរថា អញ​នឹង​ចង់​សួរ​ចិត្ត​ជ័យ​ឯង​ៗ​ចង់​បាន​កូន​អញមែន ឬទេ? ទើប​ធនញ្ជ័យសំពះ​ហើយ​ជម្រាប​ថា ក្នុង​ចិត្ត​ខ្ញុំ​បាទ​ចង់​បាន ក្រែង​តែ​លោក​មិន​ឱ្យ​ទាន​ខ្ញុំ​បាទ បើ​លោក​មេត្តា​ជា​កូន​ជា​ចៅ នោះ​អរគុណ​ណាស់​ នឹង​នៅ​បម្រើ​អស់​ចិត្ត ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី ថា​យើង​ឱ្យ​ហើយ​ ចូរឯង​ទៅ​រក​ទិញ​មាន់ ទា ជ្រូក អណ្ដើក កុំខាន បើ​មិន​បាន​អណ្ដើក​នោះ មេបា​យើង​មិន​ទទួល​ទេ។

ឯ​​ធនញ្ជ័យ​បាន​ឭ​ពាក្យ​ម្ដាយ​ឪពុក​ក្មេក​ បង្គាប់ដូច្នោះ​ហើយ ក៏​ដើរ​ទៅ​រក​អស់​អ្នក​ស្រុក​ភូមិ​ទាំង​នោះ រើស​រក​តែ​អ្នក​មាន​ប្ដី​ប្រពន្ធ អំពី​កម្លោះ ក្រមុំ ទើប​យក ហើយ​ឱ្យ​ឈ្មោះ​ថា​មេអណ្ដើក ទើប​រក​ស្រី​៤​នាក់​ទៀត បើ​បាន​ច្រើន​ដល់៨ ឬ​១៤​នាក់ នោះ​រឹង​រឹត​តែជា​ការ​ល្អ ឱ្យ​តែ​មាន​ប្ដី​អំពី​ក្មេង បើ​ទើប​មាន​កូន​មួយ ក៏បាន​ដែរ ឱ្យ​ឈ្មោះ​ថា​កូន​អណ្ដើក ទើប​រក​ប្រុស​ម្នាក់​ដែល​មាន​យសសក្ដិ មាន​ប្រាជ្ញា​ឱ្យ​ឈ្មោះ​ជា​អ្នក​មហា​អស់​អ្នក​ប្រុស​ស្រី​ទាំង​នោះ យក​មក​ដណ្ដឹង​កូន​គេ​ ហើយ​​ធនញ្ជ័យ​ឱ្យ​ទិញអស់​ទំនិញ​តាម​បង្គាប់​ម្ដាយ​ឪពុក​នាង​សួស្ដី លុះ​ទិញ​បាន​សព្វគ្រប់​ហើយ ឱ្យ​អ្នក​មហា​នាំ​ទៅ​ជូន​ម្ដាយ​ឪពុក​ខាង​ស្រី​ខ្លះ ទុក​ខ្លះ​រៀប​ស្ល​ដណ្ដាំ​ធ្វើ​នំ​គ្រប់​មុខ​ ឱ្យ​ហៅ​ភ្ញៀវ​មក​ផឹក​សង្កត់​រោង​រួច​ហើយ ព្រឹក​ឡើង​បាន​ជ័យ​ល្អ​ហើយ អ្នក​មហា និង​មេ​អណ្ដើក​ក៏​រៀប​អស់​បណ្ណាការ​នូវ​ចិញ្ចៀន ត្រសាល់​ទៅ​បំពាក់​កូន​ស្រីនោះ ហើយ​ឱ្យ​ខាង​ស្រី​នោះ​រៀប​រោង​ចាំ​ទទួល​អស់​លោក​អ្នកមហា​នូវ​បណ្ណាការ​នេះ។ ឯ​អ្នក​មហា មេអណ្ដើក និង​អស់​ក្មេងដែល​កាន់​គ្រឿង​បណ្ណាការដើរ​ទៅដល់​ហើយ អ្នកមេបា​មក​ទទួល​អ្នក​មហា​ឡើង​ទៅ​លើ​រោង ទើប​អ្នកមហា​ឱ្យ​យក​ស្រា​ពីរ​ដបតម្កល់​នឹង​ជើង​ពាន ហើយ​ទើប​យក​ថង់​មក យក​ក្មេង​ឱ្យ​កាន់​រោង​ថង់​ហិប ហើយ​អ្នក​មហា​ជម្រាបថា យើង​មក​ជម្រាប​អស់​លោកមេបា​ចាស់​ទុំ​សូម​ជ្រាប ត្បិត​យើង​បាន​ចិញ្ចៀន និង​ចារុ​ត្រសាល់ មក​សូម​បំពាក់​កូន​ស្រី ហើយ​សូម​លើក​ស្លា​ដក់​ស្លា​កន្សែង ជម្រាបរួច​ហើយ​ទើប​អស់​មេអណ្ដើក ចូល​ទៅ​បំពាក់​ចិញ្ចៀនកូន​ស្រីនោះ​រួច​ហើយ​ទើប​ខាង​ស្រី​នោះ​លើក​ថាស​បាយ និង​ស្រា​មក​ស៊ី​ផឹក រួច​ហើយ​លា​គ្នា​ទៅ​ផ្ទះ​ទីទៃ​ៗ​ហៅ​ថ្ងៃ​កំណត់​ហោង។

លុះ​ព្រឹក​ឡើង​បាន​ពេលា អ្នក​មហា និង​មេអណ្ដើក កូន​អណ្ដើក​នាំ​កូន​ប្រសា​រ​ឈ្មោះ​​ធនញ្ជ័យ ទៅ​សំពះ​ម្ដាយ​ឪពុក ហើយ​យក​កូន​ស្រី​ឈ្មោះ​នាង​សួស្ដីម​ក​ផ្ទឹម​នឹង​​ធនញ្ជ័យ ហើយ​រាង​បើក​បាយ​ខុន​ចង​ដែ​រួច​ហើយ ដល់​យប់​ផ្សំ​ដំណេក អ្នក​ជ័យ​ និង​នាង​សួស្ដី​ជា​ប្ដី​ប្រពន្ធ រួច​ការ​វល់​ពី​ថ្ងៃ​នេះ​ទៅហើយ​ទើប​​ធនញ្ជ័យ​និយាយ​នឹង​ឪពុក​ក្មេក និង​ប្រពន្ធ​ថា នឹង​ទៅ​ទារប្រាក់​ដែល​អស់​នាម៉ឺន​ជម្ពាក់។

​ធនញ្ជ័យ​ទៅ​ដល់​សាលា​ជំនុំ​អស់​នាម៉ឺន​ធំ ​តូច​ច្រើន ក៏​ឡើង​ទៅ​លើ​សាលា ហើយ​និយាយ​នឹង​អស់​នាម៉ឺន​ថា បើ​ចង់​ភ្នាល់​នឹង​ខ្ញុំ​ៗ​នឹង​ប្រើ​ស្ដេច​ឱ្យ​បាន​ ទើប​អស់​នាម៉ឺន​ថា អើ​យើង​ភ្នាល់​គ្នា បើ​ឯង​ប្រើ​បាន​អញ​នឹង​ឱ្យ​ប្រាក់ បើ​ឯង​ប្រើ​មិន​បាន ឯង​ឱ្យ​របស់​អ្វី​យើង ​ធនញ្ជ័យ​ថា​ ខ្ញុំ​ឱ្យ​ប្រាក់ ហើយ​​ធនញ្ជ័យ​យក​សំបុត្រ​ដែល​ធ្វើ​នោះ​មាន​ឈ្មោះ​គ្រប់​នាម៉ឺន​ហើយ​សូម​បោះ​ ត្រា​ទទួល​ជម្ពាក់​រួច​ហើយ ឱ្យ​ទៅ​ប្រើ​ហ្លួង​នឹង​មើល ឯ​​ធនញ្ជ័យ​ថា បើ​ដូច្នោះ​អស់​លោក​ទូល​ថា ត្បិត​​ធនញ្ជ័យ​វា​ថា វា​នឹង​ប្រើ​ហ្លួង​ឱ្យ​បានដូច​ចិត្ត​វា​ៗ​ថា​នឹង​​មក​ឥឡូវ​នេះ​ហើយ ឯ​ងអស់​នាម៉ឺន​បាន​ស្ដាប់​ហើយ ក៏​យក​សេចក្ដី​ទៅ​ក្រាប​ទូល​ហ្លួង ទៅ​ដល់​ហើយ​ក៏​ក្រាប​ថ្វាយ​បង្គំ​គាល់​ទូលថា សូម​ទាន​ត្បិត​អី​​ធនញ្ជ័យ​វា​ថា វា​នឹង​មក​ប្រើ​អម្ចាស់​បាន​ដូច​ចិត្ត​វា ឯ​ព្រះមហាក្សត្រ​ស្ដាប់​ហើយ ក៏​ទ្រង់​ព្រះ​ក្រោធ​នឹង​​ធនញ្ជ័យវា​មាក​ងាយ ទៅ​ហៅ​អា​ជ័យ​មក​ឱ្យ​ឆាប់ អាមាត្យ​ស្ដាប់​ព្រះ​បន្ទូល​ត្រាស់​ប្រើ​ដូច្នោះ ក៏​រត់​ទៅ​ហៅ​​ធនញ្ជ័យ​តាម​ព្រះ​បន្ទូល ដល់​ហើយ​ប្រាប់​​ធនញ្ជ័យ​ថា ហ្លួង​មាន​ព្រះ​បន្ទូល​ឱ្យ​ហៅ ត្បិត​ទ្រង់​ព្រះក្រោធ​នឹង​ឯង​ណាស់ ឯ​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ទៅ​តាម​អាមាត្យ ដល់ហើយ​ក៏​ក្រាបថ្វាយ​បង្គំស្ងៀមនៅ ហើយ​ព្រះមហាក្សត្រ​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​អា​ថា​នឹង​ប្រើ​អញមែន ឬ? ​ធនញ្ជ័យ​ទូល​ថា​ករុណា​វិសេស ប៉ុន្ដែ​នឹង​មិន​ទាន់​ប្រើ​បាន បើ​បែរ​ព្រះ​ភក្ត្រ​មើល​ទៅ​ក្រោយ​រួចហើយ ទើប​ប្រើ​បាន​ ស្ដេច​ស្ដាប់​ហើយ​ទើប​បែរ​ព្រះ​ភក្ត្រ​ទត​មើល​ទៅ​ក្រោយ ហើយ​បែរ​មក​វិញ ថា​អញ​មើល​ទៅ​ហើយ​អាឯង​មិន​ប្រើ​ចុះ ឯ​​ធនញ្ជ័យក្រាប​ទូល​ថា នេះ​ហៅ​ប្រើ​ហើយ គឺ​ប្រើ​ឱ្យ​បែរ​ទៅ​ក្រោយ​បាន​ហើយ នឹង​មាន​ប្រើ​អម្ចាស់​ឱ្យ​ទៅ​ទូល​រែក​របស់​អ្វី​ក៏ទេ។

ស្ដេច​ស្ដាប់​ហើយ​ក៏​មិន​មាន​ព្រះ​បន្ទូល​ ទេ ទ្រង់​ស្ងៀម ​ធនញ្ជ័យ​ក្រាប​ថ្វាយ​បង្គំ​លា ទៅទារ​ប្រាក់​អំពី​អស់នាម៉ឺន​ដែល​ភ្នាល់ ហើយ​មាន​សំបុត្រ​បោះ​ត្រាយក​ប្រាក់​ច្រើន​ប៉ុន្មាន​នឹង​មិនរួច ហើយ​យក​ទៅ​ឱ្យ​ប្រពន្ធ​នូវ​ម្ដាយ​ឪពុក​ក្មេក ហើយ​នៅជា​សុខ​សប្បាយ។

ឯ​អស់នាម៉ឺន​ដែល​​ធនញ្ជ័យ​យក​ប្រាក់​ នោះកើត​ខឹង​នឹង​​ធនញ្ជ័យ​ទាំង​អស់​ ទាំង​ស្ដេច​ក៏​ខ្ញាល់​ណាស់​ដែរ ស្ដេច​ឱ្យ​ហៅ​អស់​នាម៉ឺន​ធំតូច​ ឃុន ហ្មឹន មហាតលិក​មក​ឱ្យ​គិត​ជំនុំ នឹង​បំបរ​បង់​​ធនញ្ជ័យ​ឱ្យ​ហើយ ត្បិត​វា​បង្កើត​ទោស​ច្រើន​ណាស់ ឯ​អស់នាម៉ឺន​ស្ដាប់​ព្រះ​បន្ទូល​ដូច្នោះ​ហើយក៏​មក​គិត​ជំនុំ​គ្នា​ឃើញ​ថា នឹង​បណ្ដេញ​វា​ឱ្យ​ចុះ​សំពៅ​ទៅ​ស្រុក​ចិន ត្បិត​ស្រុក​នោះ​ធំ​ហើយ​គេ​ស្អប់​វា​តែ​ឃើញ​វា​ទៅ​គេ​គង់​សម្លាប់​ចោល យើង​បាន​សុខ​សប្បាយ​ក្នុង​នគរ ឯ​ព្រះ​មហាក្សត្រ​ក៏​សប្បាយ​ក្នុង​ព្រះ​រាជហឫទ័យ គិត​ឃើញ​ដូច្នោះ​ហើយ យក​សេក្ដី​ឡើង​ទៅ​ក្រាប​ទូល​ដោយ​ដំណើរ​ដែល​បាន​ជំនុំ​ឃើញ ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ក៏​ព្រម នឹង​ឱ្យ​ទៅ​ហៅធនញ្ជ័យមក​ប្រាប់​ថា អាជ័យ​ អញ​នឹង​ឱ្យ​ឯង​ទៅ​នៅ​ស្រុក​ចិន​នឹង​គេ​ឯ​ណោះ ត្បិត​ស្រុក​គេ​ធំ នៅទី​ស្រុក​ខ្មែរ​នេះ​មិន​បាន​ទេ មាន​ព្រះ​បន្ទូល​បង្គាប់​ឱ្យ​យក​សំពៅ​១​មក​ឱ្យ ​ធនញ្ជ័យ​ចុះ​ទៅ​ក្នុង​សំពៅ ហើយ​ឱ្យ​យក​ទៅ​ប្រោស​ចោល​ឯ​ស្រុក​ចិន ឱ្យ​ស្ដេច​ក្រុង​ចិន​សម្លាប់ កាល​​ធនញ្ជ័យ​ទៅ​ដល់​ស្រុក​ចិន​ហើយ ផ្ដាំ​អស់​អ្នក​សំពៅ​ដែល​គេ​វិល​មក​ស្រុក​ខ្មែរ​វិញថា អញ​ផ្ដាំ​ទៅ​ប្រពន្ធ​អញ​ផង កុំ​ឱ្យ​គិត​ទន្ទឹង​អញ​ឡើយ អញ​នឹង​ទៅ​វិញ​ឆាប់​ទេ អញ​សន្មត់​តែ​៧​ខែ ឱ្យ​គេ​ជូន​អញ​ទៅ​វិញ​ឆាប់​ទេ កុំ​ថប់​ព្រួយ​ចិត្ត​ឡើយ ឯ​អ្នក​សំពៅ​ថា អើ​សឹម​អញ​ប្រាប់​ឱ្យ​បាន​ទេ ​ថា​ហើយ​ក៏​ចេញ​សំពៅ​មក​ស្រុក​វិញ។

ឯ​​ធនញ្ជ័យ​ក៏​ដើរ​ទៅ​ដល់​ផ្ទះ​នាម៉ឺន​ធំ ចូល​ទៅ​ស៊ី​ឈ្នួល​ឱ្យ​គេ​ប្រើ​ធ្វើការ ដើរ​តាម​នាម៉ឺន​នោះ​ទៅ​គាល់​ស្ដេច​នោះ ឯ​នាម៉ឺន​នោះ​នឹង​បាន​ដឹង​ថា​ជា​​ធនញ្ជ័យ​ក៏ទេ​ ក៏​គិត​តែ​ខ្មែរ​តែ​ផ្ដាស់មិន​បាន​សួរ​ដណ្ដឹង​ឡើយ ឯ​​ធនញ្ជ័យ​គិត​ថា បើ​អញ​បាន​ប្រាក់​ឈ្នួល​ច្រើន អញ​នឹង​គិត​ទិញ​អង្ករហើយ​គិត​ធ្វើ​នំ​រោយ​និង​ប៉ែនឱ្យ​មាន​សរសៃ​អង្ករ​ឡើង​ វែងៗ ហើយ​នឹង​លក់​ទិញ​ស៊ីមិន​ឱ្យ​ក្រ​ពិបាក​ឡើយ គិត​ហើយ​ធ្វើ​នំ​ដូច​ចិត្ត​គិត​នោះ​ឯង ហើយ​លក់​ឱ្យ​ចិន​ទិញ​ស៊ី កាល​នោះស្រុក​ចិន​មិន​ទាន់​ធ្វើ​នំ​នោះ​ទេ ដល់​ឃើញ​​ធនញ្ជ័យ​ធ្វើ​ដូច្នោះ​ហើយ ក៏​បបួល​គ្នា​មក​ទិញ​នំ​ស៊ី ហើយ​និយាយ​ថា​អ្នក​នេះ​ធ្វើ​នំ​ល្អ​ណាស់​ ឭ​ទៅ​ដល់​ស្ដេច​ក្រុង​ចិន​ៗ​ឱ្យ​ហៅ​​ធនញ្ជ័យ ទៅដល់​ហើយ​មាន​ព្រះ​បន្ទូល​ថា ឯង​ធ្វើ​នំ​វែង​ៗ​មែន​ឬ ​ធនញ្ជ័យ​ក្រាបទូល​ថា​មែន ស្ដេច​មាន​ព្រះ​បន្ទូល​ថា អា​យក​មក​ឱ្យ​អញ​មើល​ផង ទើប​​ធនញ្ជ័យ​វិល​មក​យក​នំ​នោះ​ទៅ​ថ្វាយ ទើប​ស្ដេច​ដណ្ដឹង​ថា នំ​នេះ​ឈ្មោះ​នំ​អី ​ធនញ្ជ័យក្រាបទូល​ថា នេះ​ហៅ​ថា​នំ​បញ្ចុក បើ​នឹង​ស៊ី​ឱ្យ​ងើយ ហើយ​ហារ​មាត់​លើក​ដៃ​ឱ្យ​ខ្ពស់​ទើប​បាន​ស៊ី​ជា​ពិសា ឯ​នំ​នេះ​បាន​ជា​​ធនញ្ជ័យ​ថា​ដូច្នេះ​ ត្បិត​ចង់​ឃើញ​ស្ដេច​ក្រុង​ចិន ត្បិតឭ​តែ​ព្រះ​បន្ទូល ឯ​ព្រះ​ភក្ត្រ​ពុំ​ដែល​ឃើញ ហើយ​ចង់​នឹង​វិល​មក​ស្រុក​វិញ ឯ​ស្ដេច​ក្រុង​ចិន​ឭ​ដូច្នេះ​ហើយ​ក៏​យក​នំ​នោះ​មក​ថ្វាយហើយ​ងើយ​ដូច​ពាក្យ​​ ធនញ្ជ័យ​ថា​ដូច្នោះ​ឯង ឯ​​ធនញ្ជ័យ​កាល​បើ​ស្ដេច​សោយ​នំ​ងើយ​ឡើង​ហើយ ក៏​មើល​ទៅ​ឃើញ​មុខស្ដេច​ក្រុង​ចិន​ហើយថា មើល​មុខ​ស្ដេច​ក្រុង​ចិន​​ឃើញ​ខ្មៅ​អែ មើល​មុខ​ស្ដេច​ស្រុក​ខ្មែរ​ ដូច​ខែ​ពេញ​បូណ៌មី ឯ​ព្រះមហាក្សត្រ​ក្រុង​ចិន​ឭ​​ធនញ្ជ័យ​ដៀល​ដូច្នោះ ហើយ ក៏​ទ្រង់​នូវ​ព្រះក្រោធខ្លាំង​ណាស់ ហើយ​ត្រាស់​ថា​ឱ្យ​អស់​នាម៉ឺន​ចាប់​យក​ទៅ​ដាក់​គុក​សំរិទ្ធ​ឱ្យ​ដល់​ស្លាប់​ កុំលែង​វា។

គុក​នោះឯង​ត្រជាក់​ណាស់ បើ​មនុស្ស​ណា​តែ​ទៅ​ដល់​ហើយ ក៏​ស្លាប់មិន​រស់​ឡើយ កាល​ថ្ងៃ​ដែល​យក​ធនញ្ជ័យទៅ​ដាក់​គុក​នោះ មាន​ចិន​១​នោះខុស គេ​យក​ទៅដាក់​គុក​ជា​មួយ​នឹង​​ធនញ្ជ័យ បាន​ជា​ពីរ​នាក់​នឹង​ចិន​នោះ ឯ​គុក​នោះតែ​ដាក់​ហើយ​មិន​បាច់​ដាក់​ច្រវាក់​ដាក់​ឃ្នាង តែ​ទៅ​ដល់​ហើយ​ដោះចេញ​អស់​ ទើប​បញ្ចូល​ទៅ​ក្នុង​គុក​នោះឯង ហើយ​ទើប​រាំង​ទ្វារ​ទៅទប់​ឱ្យ​ស្លាប់ ឯ​​ធនញ្ជ័យ​ដឹង​ជា​ងារ​ត្រជាក់​ណាស់​ ហើយ​បបួល​ចិន​ទៅប្រដាល់​ចម្បាប់ឱ្យ​ក្ដៅបែក​ញើស​ស្រួល​ខ្លួន ហើយ​វិល​មក​ឈប់​វិញ បើ​កាល​ណាវា​ត្រជាក់​ណាស់​ក៏​បបួល​គ្នា​ទៅ​ដាល់​ៗ​តែ​សព្វ​ថ្ងៃ​ឥត​មាន​រងារ ​សោះ​ឡើយ លុះបាន​ពីរ​ថ្ងៃ​បី​ថ្ងៃ អស់​នាម៉ឺន​ឱ្យ​ទៅ​មើល​ឃើញ​នៅ​រស់​ហើយ​វិល​មក​ប្រាប់​ថា អស់​ទាំង​អស់​ទោស​ចិន​និង​ខ្មែរ​នោះ មិន​ស្លាប់​ទេ បើ​ដូច្នោះ​នឹង​ទៅធ្វើ​ដូច​ម្ដេច ទើប​អស់​នាម៉ឺន​ថា បើ​វា​មិន​ស្លាប់​ក៏​ហី​ទៅ​ចុះ ឯ​​ធនញ្ជ័យ​ហើយ​និង​ចិន​គិត​ថា យើង​នឹង​គិត​ធ្វើ​ខ្លែង​បង្ហើរ ធ្វើ​អែក​ឱ្យ​ឭ​តែ​យប់ថ្ងៃ​ដាក់​ចេញ គិត​ឃើញ​ធ្វើ​ខ្លែង​បាន​ហើយ បង្ហើរ​សព្វ​យប់ បាន​ឭ​ទៅ​ដល់​ស្ដេច​ៗ​ឮ​សូរ​សម្លេច​អែក​នោះ វា​ប្លែក​នឹង​សម្លេង​សត្វ​យំ ស្ដេច​មិន​ដែល​ឭ​ដូច្នោះ ហើយ​ស្ដេច​ឆ្ងល់​​ក្នុង​ព្រះហឫទ័យ​ថា ថ្ងៃ​មិន​ដែល​ឭ​មាត់យំ តែ​យប់​អន្តឺត​ៗ តែ​សព្វ​យប់ ហើយស្ដេច​ហៅ​នាម៉ឺន​មក​គិត​ថា មាន​នរណា​នឹង​ដឹង​ថា​សត្វ​អ្វី​វា​យំ​នោះ ហើយស្ដេច​ឱ្យ​ហៅ​ហោរ​មក​គន់​គូរមើល ឯ​ហោរ​គន់​គូរ​មើល​ទៅឃើញ​ក្រាប​ទូល​ថា បាន​ជា​សត្វ​នេះ​វា​យំ​ដូច្នេះ ត្បិត​កើត​ហេតុ​ក្នុង​នគរ បើ​ហេតុ​ឧត្បាត​នេះ​ពុំ​ឃើញ សត្វ​នោះវា​នឹង​ស៊ី​អស់​ទាំង​រាស្ត្រ​ក្នុង​នគរ​មិន​ខាន​ឡើយ ស្ដេច​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា បើ​ដូច្នោះ តើ​ឧត្បាត​ពី​ព្រោះអ្វី ហោរ​គន់គូរ​មើល​ឱ្យ​បាន​ដឹង​ក៏​នឹង​ធ្វើ​ឱ្យ​ជា កុំ​ឱ្យ​សត្វ​នោះវា​ស៊ី​មនុស្ស​រាស្ត្រ​ប្រជាផង​ទាំង​ឡាយ​ទើប​ហោរ​ក្រាប​ទូល ​ថា ទូល​ព្រះបង្គំ​គិត​ទៅឃើញ​ថា ត្បិត​មាន​អ្នក​ប្រាជ្ញ​មួយ​គេ​នាំ​មកស្រុក​ខ្មែរ​មក​ប្រោស​ចោល​ស្រុក​យើង ឥឡូវ​នេះ​ទ្រង់​ឱ្យ​ដាក់​គុក​នោះឯង បាន​ជា​កើត​ហេតុ​ដូច្នោះឥឡូវ​នេះមាន​តែ​គិត​ឱ្យ​ស្រុក​ខ្មែរ​វិញ​ទើប​ជា ឯ​ព្រះមហាក្សត្រ​ស្ដេច​ក្រុង​ចិន​ឭ​ហោរ​ទាយ​ដូច្នេះ​ហើយ ស្ដេច​ភ្ញាក់​ព្រះអង្គ​ថា អញ​មិន​ដឹង​ជា​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​ទេ មនុស្ស​ស្រុក​ខ្មែរ​មិន​ដែល​មក​នៅ​រក​ស៊ី​ផ្ដេស​ផ្ដាស​ទេ បើ​ដូច្នោះឱ្យ​ទៅ​យក​មក​នឹង​អង្វរសុំ​ទោស​កុំឱ្យ​ខឹង​នឹង​អញ​ឡើយ ឯ​អា​មាត្យ​ក៏​រត់​ទៅរក​​ធនញ្ជ័យ​ដែល​នៅ​ក្នុង​គុក​នោះឯង​នាំ​មក​ថ្វាយ​ ស្ដេច ឯ​ព្រះ​មហាក្សត្រ​ស្ដេច​ទត​ទៅ​ឃើញ​​ធនញ្ជ័យ​មក​ដល់​ហើយ ស្ដេច​មាន​ព្រះបន្ទូល​ថា អញ​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នក​ប្រាជ្ញខ្មែរ​ទេ ឥឡូវ​នេះ​ឯង​កុំ​ខឹង​នឹង​អញ​ឡើយ អញ​នឹង​យក​មនុស្សចិន​ទាំង​ស្រី​ទាំង​ប្រុស​បាន​១០០ អញសែន​ឯង ហើយ​ឱ្យ​ជូន​ឯង​ទៅស្រុក​វិញ ឯ​​ធនញ្ជ័យ​ក្រាបថ្វាយ​បង្គំ​ទូល​ថា ខ្ញុំ​មិន​នឹង​ម្ចាស់​ទេ សត្វ​ដែល​វា​ថា​នឹង​ស៊ី​រាស្ត្រ​នោះ​ ខ្ញុំ​ម្ចាស់​ឱ្យ​វា​ទៅហៅហើយ ឯ​ស្ដេច​ស្រុក​ចិន​ដណ្ដឹង​ថា ឈ្មោះ​សត្វ​អ្វី​ដែល​វាយ​ឭ​កន្តឺត​ៗ​នោះ ទើ​ប​ធនញ្ជ័យ​ក្រាបទូល​ថា សត្វ​នោះឈ្មោះ​សត្វ​ខ្លែងទើប​ស្ដេច​ទូល​ថា​រូប​វា​ដូចម្ដេច​ក៏​វា​យំឭ​ ខ្លាំង​ម្លេះ ទើប​​ធនញ្ជ័យ​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​នឹង​ធ្វើ​រូប​ខ្លែង​ព្នង​មក​ថ្វាយ ហើយ​​ធនញ្ជ័យ​ទៅ​យក​ខ្លែង​ដែល​បង្ហោះ​នោះ​មក​ថ្វាយ សត្វ​នេះ​វា​យំ​នឹង​ស្នែង​ វា​មិន​បាន​យំ​នឹង​មាត់​វា​ដូច​អស់​ទាំង​សត្វ​ឯទៀត​ទេ ឯ​មហាក្សត្រ​ស្ដាប់​​ធនញ្ជ័យ​ក្រាបទូល​ដូច្នោះ​ហើយ​​ក៏​មាន​ព្រះ​បន្ទូល​ថា ប្លែក​មិន​ដែល​ឃើញ​ដូច្នេះ ទើប​តែ​ឥឡូវ​នេះ បើ​ដូច្នេះ​យើងធ្វើ​បង្ហើរឱ្យ​វា​យំ​មើល​លែង ហើយ​ឱ្យ​យក​សំពៅមួយ​ធំ​ចំណុះ​មនុស្ស​២០០​នាក់ ហើយ​នឹង​ជូន​​ធនញ្ជ័យ​ទៅស្រុក​ខ្មែរ​វិញ ហើយឱ្យ​យក​មនុស្ស​ចិន​បាន​១០០​នាក់ដាក់​ក្នុង​សំពៅហើយ ហើយ​នឹង​ស្បៀង​ដាក់​ឱ្យ​ជូន​ជា​សំណែន​​ធនញ្ជ័យ ជូន​មក​ស្រុក លុះដល់​ហើយ​​ធនញ្ជ័យ​ឡើង​ទៅសួរ​ម្ដាយ​ឪពុក​នូវ​ប្រពន្ធ ហើយ​បញ្ជូន​របស់​ដែល​ស្ដេច​ក្រុង​ចិន​ព្រះរាជទាន​សែន​ជូន​មក​ទាំងអស់​នោះ ហើយឡើង​មក​ហើយ ឱ្យ​សង់​ផ្ទះ​នៅជា​សុខ​សប្បាយ បាន​ជា​មាន​ចិន​នៅស្រុក​ខ្មែរ​ គេហៅ​ថា​ចិន​សំណែន​​ធនញ្ជ័យ​ទាល់​តែ​ឥឡូវ​នេះ។

ឯ​ព្រះមហាក្សត្រ​ស្រុក​ខ្មែរ​ឭ​ថា​​ ធនញ្ជ័យ​វិល​មក​វិញ​ហើយ បាន​ទាំង​ចិន​មក​ផង ហើយ​ស្ដេច​នូវ​នាម៉ឺន​ទាំង​អស់​កោត​ខ្លាច​ប្រាជ្ញា​​​ធនញ្ជ័យ មិន​ហ៊ាន​ធ្វើ​សេចក្ដីអ្វី​ឱ្យ​ទាស់​នឹង​គំនិត​​​ធនញ្ជ័យ​ឡើយ ព្រះ​មហាក្សត្រ​ឱ្យ​ទៅហៅ ​​ធនញ្ជ័យមក​សួរ​ដណ្ដឹង​អំពី​ស្រុក​ចិន ត្បិត​វា​បាន​ទៅ ​​ធនញ្ជ័យ​ក៏​ក្រាប​ទូល​តាម​ដំណើរ​ដែល​បាន​ទៅឃើញ ហើយ​និយាយ​ថា កាល​ខ្លួន​ខ្ញុំ​បាន​ទៅ​ដល់​ហើយ​គិត​ឱ្យ​បាន​មក​វិញ​នោះ ព្រោះ​ធ្វើ​ខ្លែង​ព្នង​បង្ហើរ ស្ដេច​បាន​ឭ​សូរ​អែក​ខ្លែង បាន​ជា​ខ្ញុំ​បាន​មក​វិញ ឯ​ព្រះ​​មហាក្សត្រ​ឱ្យ​ធ្វើខ្លែង​នោះបង្ហើរ​នឹង​មើល​លែង ​​ធនញ្ជ័យ​ក៏​ធ្វើ​ខ្លែង​ទៅ​ថ្វាយ​ឱ្យ​ស្ដេច​ទត​ ដូច្នោះ​ឯង​ហៅ​ខ្លែង​ព្នង បាន​ជា​ស្ដេច​ចេះ​ធ្វើ​ខ្លែង​ដល់​ឥឡូវ​នេះ​ឯង។

ឯ​​​ធនញ្ជ័យ​ដល់​មាន​ជំងឺ​ឈឺ​ធ្ងន់​ណាស់ ហើយ​ផ្ដាំ​ប្រពន្ធ​ថា បើ​អញ​នឹង​ស្លាប់​ទៅហើយ ឱ្យ​យក​ទៅ​កប់​នោះ ឱ្យ​ធ្វើ​ចម្រូង​បោះលើ​ផ្លូវ​នោះឱ្យ​ច្រើន​កុំ​ឱ្យ​ខាន ហើយ​ឱ្យ​ទៅ ទូល​ហ្លួងថា អញ​ឈឺ​ខ្លាំង​ណាស់ហើយ ឯ​ប្រពន្ធ​នោះទៅទូល​ហ្លួងដូច​ពាក្យ​​​ធនញ្ជ័យ ស្ដេច​ដឹង​ដូច្នោះ ហើយ​ក៏​ស្ដេច​ទៅសួរ​​​ធនញ្ជ័យ ដល់​ហើយ​ស្ដេច​ចូល​ទៅសួរ​​​ធនញ្ជ័យថា ឯង​ឈឺ​តើ​ដូចម្ដេច ​​ធនញ្ជ័យ​ទូល​ថា​សូម​ទ្រង់​ចូល​មក​ជិតខ្ញុំ​ៗ​នឹង​ផ្ដាំ​ទុក ខ្ញុំ​ទូល​ខ្លាំង​មិន​បាន​ទេ ស្ដេច​ស្ដាប់​ហើយ​ចូល​ទៅជិត ​​ធនញ្ជ័យ​ទូល​ថា សូម​ទ្រង់​ឱន​ព្រះកេស​មក​ជិត​នឹង​មាត់​ខ្ញុំ ស្ដេច​ក៏​ឱន​ត្រចៀក​ទៅ​ជិត​មាត់​​​ធនញ្ជ័យ​ៗ​ក៏​ផ្ដាំ​ថា បើ​ស៊ី​ត្រី​ព្រួល​កុំ​ចោល​ស្រកា បើ​ស៊ី​ត្រី​ប្រា​កុំ​ចោល​ស្រកី ឱ្យ​ស្ល​ក្បាល​ត្រី​ប្រា​នឹង​ម្ជូរ​សណ្ដាន់ ឱ្យ​ស្ដេច​ទុក​កុំ​ឱ្យ​ភ្លេច ស្ដេច​ស្ដាប់​ហើយ​វិល​មក​ដំណាក់​វិញ ឯ​អស់​នាម៉ឺន​សួរ​ហ្លួង​ថា ​​ធនញ្ជ័យ​វា​ផ្ដាំ​ថា​ដូចម្ដេច ព្រះ​មហាក្សត្រ​ស្ដេច​ស្ដាប់​ហើយ ក៏​ប្រាប់​អស់​នាម៉ឺន​ថា តាម​ពាក្យ​​​ធនញ្ជ័យ​ថា ស៊ី​ត្រី​ព្រួល​កុំ​ចោល​ស្រកា បើ​ស៊ី​ត្រី​ប្រា​កុំ​ចោល​ស្រកី ឱ្យ​ស្ល​ក្បាល​ត្រី​ប្រា​នឹង​ម្ជូរ​សណ្ដាន់ វា​ថា​ជា​លេង​វា​ទេ ស្ដេច​មាន​ព្រះ​បន្ទូល​ដូច្នេះ ក៏​អស់​នាម៉ឺន​មិន​ជឿ​ឡើយ អាជ័យ​នេះ​ជា​អ្នក​ប្រាជ្ញ​ធំណាស់ ដឹង​ជា​គេ​ថាដូចម្ដេច​នឹង​ព្រះ​មហាក្សត្រ។ កាល​ធនញ្ជ័យ​ស្លាប់​ទៅ គេ​ក៏​យក​ទៅ​កប់ ហើយ​ធ្វើ​ចម្រូង​ដោត​ផ្លូវ​នោះ តាម​ពាក្យ​​ធនញ្ជ័យ​នោះឯង អស់​នាម៉ឺន​នៅអ្នក​ក្នុង​វាំង​ដែល​ខឹង​ស្អប់​​ធនញ្ជ័យ​ថា ​ធនញ្ជ័យ​ឆោរ​យក​ប្រាក់ ឭថា​ធនញ្ជ័យស្លាប់​ហើយ គេយក​ទៅ​កប់​នៅទី​ត្រង់​ណា ក៏​ប្រើ​មនុស្ស​ជុះ​អាចម៍​ដាក់​ផ្លូវ ឯ​អស់​មនុស្ស​ទាំងនោះក៏​ទៅដល់​ផ្នូរ ហើយ​ក៏​សើយ​សំពត់​ដាក់​គូថ​នឹង​ជុះ មិន​បាន​ដឹង​ថា​មាន​ចម្រូង វាស​គូថ​រាល់​គ្នា រាង​មិន​ហ៊ាន​ទៅទៀត​ឡើយ ហើយ​ខ្លាច​​ធនញ្ជ័យ ក៏​ស្រដី​ប្រាប់​គ្នា​រៀង​ទៅ នេះ​ប្រាកដ​ជា​អ្នក​មាន​ប្រាជ្ញ​ថា ដល់​ស្លាប់​ទៅ​ហើយ​ក៏​គង់​គិត​ទុក​ឱ្យ​បាន​គង់​ដឹង​ជា ឯង​ទៅ​ជុះ​អាចម៍​ដាក់​ផ្លូវ​គាត់​ បាន​ជា​មាន​ផ្ដាំ​ឱ្យ​គេ​ទៅដោត​ចម្រូង​ទុក​ឱ្យ​មុត​គូថ​ឯង៕

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: