រឿងតាដុងយាយជ័យ


មានសេចក្ដីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គ មហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ពងនោះចោលក្នុងព្រៃ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។ ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានវិង ឃើញចំលែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះ ត្រាតែធំ បានដាក់ឈ្មោះថា “ប្រមាញ់ វិងស៊ុង” ។ ចៅប្រមាញ់ វិងស៊ុង លុះចំរើនវ័យឡើង មានរូបឆោមលោមពណ៌ល្អ ឆើតឆាយ លើសលុបបុរសទាំងពួង ចៅប្រមាញ់ វិងស៊ុងបានហាត់ថ្នឹកខាងដើរបរបាញ់សត្វជាមួយព្រានវិង ជាឪពុក អ្នកស្រុកភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។ ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ។ តាយាយនេះគាត់មានកូនស្រីក្រមុំមួយឈ្មោះនាង “ត្រចើលដោះក្រាល” មានរូបឆោមលោមពណ៌ល្អស្រស់លើសនារី ទាំងពួងសាច់ស បបូរមាត់ដឹតស្លា ភ្នែកទាំងគូរភ្លឺដូចនិល ចិញ្ចើមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមព្រឿងៗ ដោះ ទាំងគូរឡើងក្បំណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូស ឱ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់សមឬកពារ ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។ តាដុងយាយជ័យបានសង់ផ្ទះនៅជាមួយនិងកូន លើដីទួលមួយមានទឹកព័ទ្ធជុំវិញ ការពារកុំឱ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុងយាយជ័យសង់ផ្ទះនោះនៅមានជាដំណែលមកដល់ សព្វថ្ងៃ ស្ថិតនៅមុខក្លោងទ្វារចូលវត្ដទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ៥ ចំងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ នៅក្នុង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។ តាដុងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះនាងទែន នៅភូមិស្រែរនោង តាយាយបាននាំនាងត្រចើលដោះក្រាល ទៅលេងផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងផ្ទះម្ដាយមីង នាង តែងដើរកាត់ភូមិ កាន់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ បានទៅជាកន្លែងមានឈ្មោះថា ភូមិឃុំញ៉ែងញ៉ង ដល់សព្វថ្ងៃ ។ លុះនាងដើរមក ដល់កន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថា សស្គុស ទើបមានជាប់ពាក្យ សរសើររាល់ពេលវេលា ដែលនាងមកដងទឹកជាប់ពាក្យហៅមកដល់សព្វថ្ងៃថា “ភូមិគូស” ឯឃុំញ៉ែងញ៉ងនិងឃុំគូសនេះ នៅជិតជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ ។ ពេលនោះនាងនៅលេងនិងផ្ទះម្ដាយមីងពីរបីថ្ងៃ តាដុងយាយជ័យ ក៏មក យកនាងវិលទៅកាន់លំនៅវិញ ។ តាដុង យាយជ័យ និងនាងត្រចើលដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះមាន លោះខែតិចណាស់ ថ្ងៃមួយតានិងយាយ បាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវបានជួប និងព្រានវិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ។ ដោយព្រានវិង និងតាដុងយាយជ័យនោះបានស្គាល់ គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏ មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើឃើញ គ្នាហើយ ចេះតែគយគន់គ្នាទៅវិញទៅមក។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ដុះដាលឡើង ពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឬកពារទៅវិញទៅមកលុះត្រាតែ ដឹងចិត្ដគ្នា។ ឯតាដុងយាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុង មានរូបល្អក៏នឹកក្នុងចិត្ដថា បើបានធ្វើជា គូស្វាមី ភរិយាកូនអញ សក្ដិសមគ្នាណាស់ ។ តានិងយាយក៏សួរទៅព្រានវិងថា “អ្នកកំលោះនោះត្រូវជាអ្វីនិងលោក?” ព្រានវិងឆ្លើយប្រាប់ថា “កូន” ។ ដោយពេញចិត្ដនិងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឱ្យគូ ស្នេហាទាំងពីរនាក់នោះ និយាយឆ្លើយឆ្លងគ្នាតាមចិត្ដ ។ លុះចប់ការសន្ទនានិងគ្នាហើយ អ្នកដំណើរទាំងពីរក៏លាបែក ចាកគ្នាចេញទៅ ដោយញំយកទាំងសេចក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។ ចៅប្រមាញ់វិញស៊ុង បានដឹងដំណើររឿងត្រ ចើលដោះក្រាល មកលេងផ្ទះនាងទែនជាញឹកញាប់ក៏ចេះតែដើរកាត់ស្វែងរកជួបនិងនាងនៅផ្ទះនាងទែនជានិច្ចមកដែរ។ ឯព្រានវិង និងមេបាខាងនាង ក៏ពេញចិត្ដនិងគូរស្នេហ៍ទាំងពីរនោះ ចាំតែពេលចូលស្ដីដណ្ដឹង និងរៀបការផ្សំផ្គុំឱ្យ ប៉ុណ្ណោះ ។ លុះនៅយូរទៅសេចក្ដីស្នេហា ក៏រីកដុះធំឡើងតែរាល់ថ្ងៃ តែដោយហេតុតាដុងយាយជ័យពុំបានជូននាងមក លេងផ្ទះ នាងទែនជាញឹកញាប់ដូចកាលមុន ព្រោះគាត់មានការរវល់ច្រើន នាងក៏លបលួចមកផ្ទះនាងទែនតែម្នាក់ឯង ។ ថ្លែងពីព្រះរាជាដែលគង់សំចត នៅព្រះពន្លាលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍ មានសេនា៤នាក់ដង្ហែព្រះអង្គ ទៅផង លុះចូលទៅដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះនាងត្រចើលដោះក្រាល ដើរត្រាច់តែម្នាក់ឯង។ ត្រង់ព្រៃដែល ស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា “ព្រៃប្រទះនាង” ដែលសព្វថ្ងៃគេហៅក្លាយមកថា “ប្រទះឡាង” ទៅវិញ។ ព្រះអង្គបានទតឃើញនាងមានរូបឆោមលោមពណ៌ល្អដូចទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះ យាងសំដៅទៅរក រូបនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ នាងត្រចើលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានឆ្លើយ អ្វីទៅព្រះរាជទេ នាងបែរជារត់ត្រលប់មកក្រោយវិញ។ ពេលនោះព្រះរាជា និងសេនា៤នាក់ក៏រត់ដេញតាមនាង។ ដោយកំលាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយឃើញព្រះរាជាដេញ ក៏ខិតជិតណាស់មកផង នាងបានឃើញ ដំបូកមួយនៅក្នុងព្រៃពីខាងមុខ នាងក៏លើកដៃបួងសួង “ថាបើខ្លួននាងពិតជាគូរនិងចៅប្រមាញ់វិងស៊ុង សូមឱ្យនាងចូល ទៅពួនលាក់ខ្លួននៅដំបូកនោះឱ្យបាត់” បួងសួងហើយ នាងក៏រត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជានិងសេនា ៤នាក់ ក៏រត់ទងមើលពីចំងាយមក ឃើញនាងចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងមិនឃើញ បានជាមានពាក្យហៅទីនោះថា “ដំបូងមានលក្ខណ៍។ កន្លែងនោះក្រោយមក អ្នកស្រុកបានសាងវត្ដ ហៅវត្ដដំបូកមាន លក្ខណ៍នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នោះគេហៅថា “ត្រពោក មានលក្ខណ៍។ ពេលនោះព្រះរាជាទ្រង់ឆ្ងល់ និងដំណើរនាងដែលរត់បាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះនិងសេនា ។ សេនាទាំងបួននាក់តបវិញថា “ស្ដ្រីដែល មានរូបល្អអំបាញ់មិញនេះ បានរត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរនិង លាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះអង្គដេញចាប់បង្ខំនាង ប្រហែលជាមានទេវតាជួយយកអាសារនាងជាមិនខាន” ។ ហើយសេនាទូលថែមទៀតថា “បើព្រះអង្គសព្វព្រះរាជហឬទ័យនិងរូបនាង សូមព្រះអង្គយាងចូលទៅស្ដីដណ្ដឹង ដល់ ឪពុកម្ដាយនាងតាម ប្រពៃណីវិញ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចុះធ្វើម្ដេចនិងបានស្គាល់ទីកន្លែងឪពុកនាង?” សេនាក្រាបបង្គំទូលថា “បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គ និងបានសំរេចតាម ព្រះរាជបំណងមិនខាន” ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង៤នាក់សព្វគ្រប់ហើយ ទ្រង់ យាងត្រលប់ចូលព្រះពន្លាវិញ។ ចាប់តាំងពីថ្ងៃនោះមក សេនា៤នាក់ក៏ព្យាយាមស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកអស់ពេលជាយូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរក មិនឃើញនោះ ។ ព្រះរាជាក៏ប្រជុំអស់ពួលសេនា ទ្រង់មានព្រះរាជបញ្ជាថា “ឱ្យរៀបធ្វើពិធីប្រណាំងទូកងឱ្យអ្នកស្រុក មើលក្រែងបានប្រទះនាង ហើយពួកយើងដើរតាមមើលឱ្យស្គាល់ទីលំនៅរបស់នាង។ សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹង ដល់អ្នកស្រុកភូមិជនបទជិតឆ្ងាយ ឱ្យមកមើលប្រណាំងទូក។ លុះដល់ថ្ងៃប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូរឆរមីដេរដាស ដើរពពាក់ពពូនគ្នាទៅមើលដោយសេចក្ដីរីករាយ ។ ចំណែកនាងត្រចើលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំស្គាល់ជាស្ដេចទេ លុះស្ដេចយាងចេញផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញពីដំបូកនោះ ត្រលប់ទៅផ្ទះនាងវិញ។ នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនាង នៅហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយ ថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាងដ៏លើសលប់ទៅលើចៅប្រមាញ់ វិងស៊ុង។ ឪពុកម្ដាយបានដឹងចិត្ដកូនសព្វគ្រប់អស់ ហើយក៏មានចិត្ដអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។ ពេលដែលអ្នកស្រុកផ្អើលឈូរឆរទៅ មើលប្រណាំងទូក តាដុងយាយជ័យក៏នាំនាងត្រចើលដោះក្រាលទៅមើលនិងគេដែរ ។ លុះដើរទៅដល់កន្លែងប្រណាំង ទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសំរស់របស់នាងត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮទៅដល់សេនា របស់ព្រះរាជាដែលកំពុងដើរត្រាច់រកមើល នាង។ សេនាទាំងបួននាក់បានដើរមកឃើញផ្ទាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើរនាងត្រលប់ទៅផ្ទះវិញ។ លុះពិធី ប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រលប់ទៅទីលំនៅរៀងខ្លួន ។ សេនា៤នាក់លួចធ្វើដំណើរតាមក្រោយតាដុងយាយ ជ័យ លុះបានស្គាល់ទីលំនៅនាង និងឪពុកម្ដាយនាងហើយ ក៏ត្រលប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយ និងសេនា៤នាក់ ។ តាដុងយាយជ័យបានឃើញព្រះរាជាទ្រង់ស្ដេច យាងមកដល់ផ្ទះខ្លួនក៏រៀបទីកន្លែងទទួលព្រះអង្គ។ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនិងតាដុងយាយជ័យ សូម យកដណ្ដឹងយកនាងត្រចើលដោះក្រាល ជាអគ្គមហេសី ហើយព្រះអង្គបញ្ជាក់ថា សូមឱ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់។ ពេលនោះតាដុងយាយជ័យបានស្គាល់ទឹកចិត្ដកូនច្បាស់ តែមិនទាន់ហ៊ាន សំរេចចិត្ដថា ថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្ដកូនសិន។ លុះសួរទៅនាងត្រចើលដោះក្រាល នាងប្រកែកចំពោះ ឪពុកម្ដាយនាងថា “នាងមិនទទួលយកស្ដេចទេនាងស៊ូស្លាប់ជាមួយចៅប្រមាញ់វិងស៊ុង ជាគូរបណ្ដូលចិត្ដនាងហើយ ” ។ តាដុងយាយជ័យ ឮកូនប្រកែកតឹងរ៉ឹងដូច្នេះក៏ពិគ្រោះគ្នា ពីរនាក់ប្ដីប្រពន្ធថា “បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខ ជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្ដកូនយើងដែលគ្នាស្រលាញ់ទៅ លើចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្ដយើងដែរទៅហើយ បើដូច្នោះយើងបង្គាប់ព្រះរាជាឱ្យធ្ងន់ កុំឱ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គច្បាស់ជា ចាត់ការធ្វើមិនទាន់ដែរ” ។ លុះគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តាយាយក៏មកទូលព្រះរាជាថា “មិនហ៊ានបង្គាប់ ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល” ។ ព្រះរាជាមានព្រះបន្ទូលថា “ព្រះអង្គហ៊ានទទួលទាំងអស់ ឱ្យតែលើកនាងថ្វាយព្រះអង្គចុះ” ។ តាយាយក៏បង្គាប់ព្រះរាជាថា “សូមព្រះអង្គលើក ផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឱ្យបានស្រេចតែមួយរាត្រី បើមិនហើយទូលព្រះបង្គំមិនលើកនាងថ្វាយទេ ”។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថា ការនោះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឬទ័យ លើរូបនាងត្រចើលដោះក្រាលលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុង យាយជ័យ។ លុះព្រះអង្គថយទៅវិញទ្រង់ប្រាប់ពលរេហ៍មកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា “ចូរសេនារេហ៍ពល ទាំងអស់ លើកផ្លូវថ្នល់មួយចាប់ពីព្រះពន្លារហូតដល់ផ្ទះឪដុងម៉ែជ័យ ធ្វើតែមួយយប់ឱ្យហើយស្រេច” ។ ពាក្យដែលហៅ ថាឪដុង ម៉ែជ័យ តែក្រោយមកគេហៅក្លាយជា “ឪដុងមានជ័យ ” ។ គ្រានោះសេនាពលរេហ៍លើកផ្លូវថ្នល់ក្នុងមួយរាត្រី នោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជាប់គ្នា បានជាមានពាក្យហៅថា “ភូមិថ្នល់ដាច់” នៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ តាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា បើព្រះអង្គលើកផ្លូវថ្នល់ក្នុងមួយយប់ហើយមែន នឹងនាំនាងត្រចើលដោះក្រាលទៅតែម្ដង ។ លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនទាន់ហើយ តានិងយាយត្រេកអរ ណាស់ក៏ចូលចតទូក ត្រង់កន្លែងផ្លូវថ្នល់ដាច់នោះ តាដុង និង យាយជ័យឡើងទៅមើលផ្លូវថ្នល់ ។ គាត់កំពុងពិនិត្យមើល ផ្លូវថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាស្ដេច យាងមកទតមើល។ តាដុងយាយជ័យ ឮដំណឹងថាស្ដេចយាង មកហើយក៏បបួលគ្នារត់ចុះទូកកុំឱ្យស្ដេចឃើញមុខ ។ ពេលនោះយាយជ័យប្រពន្ធតាដុង ភ័យញីញ័ររត់ចុះទៅទូកមិនកើត ក៏វាចុះតាមច្រាំជង្ហុកទទួលនិងសេនាស្ដេចមក ដល់ក៏ស្រែកឃាត់ថា “យាយកុំវាចុះទូកអីស្ដេចយាងមកដល់ឥឡូវហើយ” ។ យាយជ័យមិនស្ដាប់សោះ ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ។ កន្លែងដែលយាយជ័យវានោះ ពីដើមគេហៅថា កំពង់យាយវារ តែសព្វថ្ងៃគេហៅ ថា កំពង់ជវារស្ថិតក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ លុះស្ដេចមកដល់ទតឃើញទូកតាដុង យាយជ័យ ចេញពីកំពង់ឆ្ងាយ ហើយព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុង ម៉ែជ័យ មុខជាខឹងព្រះអង្គលើកផ្លូវថ្នល់ មិនហើយហើយ បានជាមិនចាំជួបព្រះអង្គ ព្រះរាជាក៏ចាត់សេនា៤នាក់ទៅ តាមក៏តាមទៅជួបនិងតាដុងយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ ហើយសេនា ទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាង ព្រះនាមព្រះមហាក្សត្រថា “ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពី របស់ព្រះអង្គ។ គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចជានាងទេពធិតា ក៏លុតជង្គង់សំពះប្រណម្យ ទៅសេនាទាំង៤នាក់វិញថា “នាងខ្ញុំសូមក្រាបថ្វាយបង្គំ ទូលព្រះរាជាថា “នាងខ្ញុំមិនសុខចិត្ដទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបនាងខ្ញុំជារាស្ដ្រ បើព្រះអង្គនៅតែបង្ខំ យកនាងខ្ញុំ នាងខ្ញុំនឹងសំលាប់ខ្លួនជាមិនខាន” ។ ខណៈនោះតាដុងយាយជ័យ បាននិយាយទៅកាន់សេនាទាំង៤នាក់ថា “សូមលោកទូលព្រះរាជាផង កុំឱ្យព្រះអង្គបង្ខំពេកចាំខ្ញុំលួងលោមចិត្ដកូនស្រីឱ្យបានស្រួលសិន” ។ សេនា៤នាក់ក៏លា ថយត្រលប់ទៅវិញ។ ចំណែកតានិង យាយក៏នាំនាងចូលក្នុងផ្ទះ ។ ពេលរាត្រីនោះតាដុងយាយជ័យ នាំនាងត្រចើល ដោះក្រាល រត់បណ្ដោះទៅទុកនៅផ្ទះនាងទែន នៅភូមិស្រែរនោង ហើយតាដុងយាយជ័យនិយាយប្រាប់នាងទែនជាប្អូន តាមរឿងសព្វគ្រប់ និង ប្រាប់ឱ្យហៅព្រានវិង ឱ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសពេលការឱ្យហើយទៅ។ តាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសារនិងស្ដេច ។ ត្រង់កន្លែងសេនា៤នាក់មកអង្វរ តាដុងយាយជ័យ សុំនាងត្រចើលដោះក្រាល ធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងបានសំពះប្រណម្យទៅសេនាវិញ ថា នាងមិនសុខចិត្ដទៅទេនោះ គេហៅថាទេពធិតាប្រណម្យ ដែលឥឡូវមានវត្ដមួយឋិតនៅកន្លែងនោះឈ្មោះថា “វត្ដទេពប្រណម្យ” គឺពីដើមគេហៅថា “វត្ដទេពធីតាប្រណម្យ” តែក្រោយមកទៅជាវត្ដទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល សព្វថ្ងៃនេះ ។ គ្រានោះព្រះរាជា លុះទ្រង់សណ្ដាប់សេនាទាំង៤នាក់ថា ចាំឪដុងម៉ែជ័យអង្វរ លួងលោមចិត្ដកូនឱ្យបានស្រួលសិន ដូច្នោះតាំងពីថ្ងៃនោះមក ព្រះអង្គទ្រង់ចាត់ឱ្យសេនាមកស្ដាប់ដំណឹងនៅផ្ទះ ឪដុងម៉ែ ជ័យជារាល់ថ្ងៃ។ ឯតាដុង យាយជ័យចេះតែដោះសារ “ចិត្ដនាងពុំទាន់ស្រួលនៅឡើយទេ” ។ ចំណែកនាងទែនកាល បើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ហៅព្រានវិង និងចៅប្រមាញ់វិងស៊ុង ឱ្យចូលមកស្ដីដណ្ដឹងនាង ត្រចើលដោះក្រាល រួចឱ្យអាចារ្យមើលវេលាការបានហើយ ក៏ឱ្យដំណឹងទៅបងឱ្យមករៀបការកូន។ តាដុងយាយជ័យ មិនទាន់បានមកដល់ភ្លាមទេ ព្រោះនៅជាប់ដោះសារនិងស្ដេច លុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរ តាមផ្លូវក្នុងព្រៃ មានសេចក្ដីព្រួយជានិច្ច ក្រែងស្ដេចមកតាម។ ការគិតរបស់តានិងយាយច្រើនពេករហូតធ្វើឱ្យគាត់ ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃ រកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ ទទួលពេលនោះតានិងយាយបានជួបនិងក្មេង គង្វាលក្របីម្នាក់ តាយាយស្រែកសួរថា “អើអាវ៉ា ! ផ្លូវណាទៅវាំងពន្លូស ផ្លូវណាទៅគុស ទៅស្រែរនោង?។ ក្មេង គង្វាក្របីគិតថា បើអញចង្អុរបង្ហាញប្រាប់ផ្លូវតែម្ដងទៅ វាគ្មានប្រយោជន៍ អ្វីមកដល់អញសោះ បើដូច្នេះអញប្រាប់ឱ្យ តានិងយាយនេះ បន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឱ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង។ ក្មេងគង្វាលក្របីគិតដូច្នេះហើយ ក៏ឆ្លើយតបទៅតានិងយាយថា “បើតានិងយាយចង់រកផ្លូវឱ្យឃើញដូចបំណង សូម ឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយក៏មានទាំងក្មេងប្រគំភ្លេងបទខ្ទោរខ្នងភ្នំ របងមាស បន្ទាយប្រាសាទទឹកទប់ ជ្រង់ជ្រងសំងាត់ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ” ។ តាដុងយាយ ជ័យឮពាក្យក្មេងកង្វាលក្របីបង្គាប់ឱ្យធ្វើដូច្នេះក៏ជឿធ្វើតាម ហើយតានិងយាយ ក៏ឡើងទៅបន់អ្នកតា លើខ្នងភ្នំលុះចុះ មកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅផ្ទះនាងទែន ។ កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញ បងស្ទុះមកទទួល តាដុងយាយជ័យក៏និយាយប្រាប់ពីហេតុវង្វេងផ្លូវហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ ។ ពេលនោះលោកអាចារ្យបាន ឮថាតាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងមង្គលការដែលជិតបង្ហើយ មានជាប់បំណន់ដូច្នោះ ក៏ឃាត់ផ្អាក ដំណើរតាយាយឱ្យឈរនៅក្រៅរបងសិន មិនឱ្យជាប់បំណន់ចូលមកក្នុងមង្គលការនោះឡើយ។ លោកអាចារ្យប្រាប់ មេបាទាំងសងខាងថា “ឱ្យរៀបសំណែនមានទាំងភ្លេង យកទៅប្រគំលា បំណន់អ្នកតាឱ្យហើយសិនទើបអាចចូលមកក្នុង មង្គលការនេះបាន។ នាងទែនបានចាត់ចែងរៀបចំសំណែន មានបង្អែមចង្អាប ព្រមទាំងភ្លេងយកទៅប្រគំបទខ្ទោរខ្នង ភ្នំ របស់មាសបន្ទាយប្រាសាទ ទឹក ទប់ ជ្រង់ ជ្រង សំងាត់ដោះក្រាល កន្ទែន ព្រមទាំងភ្លេង៩បទនេះ ក៏បានចូលមក នៅក្នុងទំលាប់ ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យបានឱ្យនាំកូនប្រុសស្រីយកមកផ្ទឹមឱ្យពរជ័យ ។ ថ្លែងពីព្រះរាជាដែលគង់នៅ ព្រះពន្លាបន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុថា តាដុងយាយជ័យលួចពង្រាត់ នាងត្រចើលដោះក្រាលយកទៅរៀបការ នៅឯផ្ទះនាងទែន នៅស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនា សំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ ព្រះអង្គទតឃើញនាងត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង កំពុងតែក្រោបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ដោយទ្រង់ទតឃើញគូរស្វាមីភរិយាទាំងពីរអ្នកនោះ មានរូបសម្ផស្ស ល្អសក្ដិសមគ្នា ទ្រង់ក៏បណ្ដោយឱ្យគេធ្វើកិច្ចផ្ទឹម នោះឱ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឱ្យសេនាទាំងសងខាង ព្រមទាំងសាមីខ្លួនទាំងពីរនាក់មកជួបជុំចំពោះមុខ ព្រះភក្ដ្រព្រះអង្គ។ អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យ ញាប់ញ័ររន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិង ស៊ុងថា“អ្នកឯងជាកូនអ្នកណា? បានជាហ៊ានរៀបការ និងនាងត្រចើលដោះក្រាលជាគូដណ្ដឹងរបស់យើង?។ ពេលនោះ ចៅប្រមាញ់វិងស៊ុង ក៏ក្រាបទូលតបវិញថា “ទូលព្រះបង្គំជាកូនព្រានវិង ” ហើយចង្អុរទៅព្រានវិងជាឪពុករបស់ខ្លួន ព្រះរាជាទតឃើញព្រានវិង ជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា “ព្រានឯងមានកូនប្រុសពីកាលណាមក? បានជា យើងមិនដែលឃើញ?” ។ ព្រានវិងឱនសិរសា ក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា “កូនប្រុសនេះមិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចិម ព្រោះកាលថ្ងៃមួយនោះ ទូលបង្គំទៅបរបាញ់ សត្វក្នុងព្រៃបានប្រទះស៊ុតមួយធំ ចំលែកលើសសត្វទាំងអស់លើកទី១ ដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញ ហើយក៏រើសយកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើងស្រាប់តែចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូន ចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំបានឱ្យឈ្មោះថា “ចៅប្រមាញវិងស៊ុង។ ព្រានវិងក្រាបទូលហើយ ក៏ចង្អុរទៅចៅ ប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះព្រះភក្ដ្រព្រះអង្គ ។ ចៅប្រមាញ់វិញស៊ុង ក៏ភ្ញាក់ខ្លួនពេល នោះថាខ្លួនកើតពីពង។ ខណៈនោះព្រះរាជាក៏ស្ទុះទៅឱក្រសោប ចៅប្រមាញ់វិងស៊ុង ទ្រង់ហៅថា “ឱកូនសំលាញ់ឪពុក! ពុកនេះហើយជាឪពុករបស់កូន” ។ ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតព្រះរាជបុត្រទៅជាស៊ុត ក៏កាយដីកប់ក្នុងព្រៃទៅ ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយ ព្រះរាជាក៏ទ្រង់ចាត់ចែង ឱ្យដង្ហែព្រះរាជបុត្រ ព្រមទាំងព្រះនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់ វិងស៊ុង និងនាងត្រចើលដោះក្រាល ឱ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដី ដំណរពីព្រះអង្គក្នុងពេលនោះទៅ ហើយ ព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា តាដុងម៉ែជ័យជាប់រហូតមក ។ ទីក្រុងឧដុង្គមានជ័យ មានព្រះមហាក្សត្រ គង់នៅអស់ថេរវេលាជាង ២សតវត្ស គឺ២៤៣ឆ្នាំ។ បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គរជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យនៅព.ស ២២៧៣-២២៧៩ គ.ស ១៧៣០ – ១៧៣៦ ស្ដេចចាកចេញពីក្រុង ឧដុង្គមានជ័យ ទៅគង់នៅទីក្រុងលង្វែកជាទីក្រុងចាស់ដែលធ្លាប់មានមកហើយ ។ មុនពេលព្រះបាទអង្គរជ័យស្ដេច គង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ២០ឆ្នាំ ក្រោយពី២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ ។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងនិទានខ្មែរ

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: