រឿងតាច័ន្ទរំលៀក


មាន​រឿង​មួយ​ ដំណាល​ថា : កាល​នោះ​ មាន​ព្រៃ​មួយ​ធំ​ មាន​ខ្លា​សាហាវ​ តែង​ខាំ​មនុស្ស​ជា​ច្រើន​​ នឹង​ចូល​ទៅ​រក​បោច​ផ្ដៅ​វល្ល៍​ពុំ​បាន ។ គ្រា​ដែល​តា​ចន្ទ​គាត់​ចូល​ទៅ​បោច​វល្ល៍​ក្នុង​ព្រៃ​នោះ​ ខ្លា​វា​លប​ចេញ​ពី​ក្នុង​ព្រៃ​ ប៉ង​នឹង​ខាំ​តា​ចន្ទ​ ដែល​ចូល​ទៅ​បោច​វល្ល៍ ។ តា​ចន្ទ​ ឃើញ​វា​មុន​ ហើយ​គាត់​រក​ពិទ្ធោ​ថា :

«ឱ ! ពុទ្ធោ​ៗ​ អើយ ! ឆ្នាំ​នេះ​ឆ្នាំ​ខាល​ ទឹក​បែក​ពាស​វាល​ ស្លាប់​ខ្លា​ដំរី ស្លាប់​អស់​បក្សា​ ម្រឹគា​បក្សី​ ស្លាប់​ខ្លា​ដំរី​ គ្មាន​គង់​តូច​មួយ ។ ផ្ដៅ​អញ​នេះ​ អា​ណា​វែង​ៗ​ អញ​ព្យួរ​កូន​ចៅ​ អា​ណា​ខ្លី​ៗ​ អញ​ព្យួរ​ត្បាល់​អង្រែ​ ឱ​សត្វ​ទាំង​ឡាយ​អើយ ! ក្នុង​ឆ្នាំ​ខាល​នេះ​ នឹង​ស្លាប់​អស់​ហើយ​ គ្មាន​គង់​ទេ ។»

តា​ចន្ទ​ និយាយ​រក​ពុទ្ធោ​យ៉ាង​នេះ​ ជា​ច្រើន​ដង​ ខ្លា​ស្ដាប់​បាន​ឮ​ច្បាស់​ គិត​ថា << គួរ​អញ​សួរ​តា​នេះ​ចង់​ដឹង​មើល >> ។ ទើប​ខ្លា​ សួរ​ទៅ​តា​ចន្ទ​វិញ​ថា << តា​អើយ​តា ! ក្នុង​ឆ្នាំ​ខាល​នេះ​ ទឹក​ធំ​មែន​ឬ ? >> ។ តា​ចន្ទ​ ធ្វើ​ភ្ញាក់​និយាយ​ទៅ​នឹង​ខ្លា​ថា << ឱ ! ចៅ ! ឆ្នាំ​នេះ​ទឹក​ធំ​ណាស់​ បាន​ជា​តា​ភ័យ​នឹង​កូន​ចៅ​​ ទើប​តា​រក​ផ្ដៅ​ ដើម្បី​ចង​ព្យួរ​កូន​ចៅ​ឲ្យ​ផុត​ពី​ទឹក >> ។ ខ្លា​ក៏​មាន​ចិត្ត​ភិត​ភ័យ​នឹង​ពាក្យ​តា​ចន្ទ, គិត​ខ្លាច​ស្លាប់​ ក៏​ចូល​មក​ជិត​ ហើយ​និយាយ​នឹង​តា​ចន្ទ​ថា << តា​អើយ​ អា​ណិត​ចង​ព្យួរ​ខ្ញុំ​ ឲ្យ​ផុត​ពី​ទឹក​ផង​បាន​ឬ​ទេ ? >> ។ តា​ចន្ទ​ឆ្លើយ​ថា << បាន​ មិន​អី​ទេ​ចៅ ! អង្គុយ​មក​ចាំ​តា​នៅ​ទី​នេះ​សិន​ចុះ >> ។ ខ្លា​ក៏​ចូល​មក​អង្គុយ​ចាំ ។ លុះ​តា​ចន្ទ​បោច​វល្ល៍​ផ្ដៅ​បាន​ ក៏​ត្រកួញ​ធ្វើ​ជា​រំងក​ ហើយ​ចូល​ទៅ​ចង​ចង្កេះ​ខ្លា ។ តា​ចន្ទ​កាន់​គល់​ផ្ដៅ​ឡើង​ទៅ​លើ​ដើម​ឈើ​ខ្ពស់​ ហើយ​បង្គាប់​ខ្លា​ឲ្យ​លោត​ឡើង។តា​ចន្ទ​ក៏​ស្រាវ​ទាញ​ឡើង​ឲ្យ​ផុត​ជើង​ខ្លា​ ពី​ដី​ រួច​គាត់​ចុះ​មក​វិញ ។ ខ្លា​សួរ​ថា << តា!ប៉ុណ្ណេះ​ផុត​ពី​ទឹក​ហើយ​ឬ​អ្វី ? >>។ តា​ចន្ទ​ឆ្លើយ​ថា << ផុត​ហើយ​ចៅ ! ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ទៅ​កាប់​ឈើ​ជា​ដំបូង ។ ខ្លា​ឃើញ​សួ​ថា << តា ! តា​កាប់​ដំបង​ធ្វើ​អ្វី ? >>។ តា​ចន្ទ​ថា << កាប់​យក​ទៅ​ផ្ទះ​ ក្រែង​ប្រទះ​នឹង​សត្វ​ឯ​ទៀត​ វា​ប្រមាទ​តា >> ។ ខ្លា​ឆ្លើយ​ថា << គ្មាន​ខ្លា​ឯ​ណា​ទេ​តា ! មាន​តែ​ខ្ញុំ​នេះ​ឯង​ តែង​តែ​ខាំ​គេ​រាល់​ថ្ងៃ >> ។ តា​ចន្ទ​ដឹង​ថា << ឱ ! អា​នេះ​ជា​សត្វ​កាច​ បើ​ដូច្នេះ​ អញ​នឹង​វាយ​ឲ្យ​អស់​ចិត្ត​ ក្នុង​គ្រា​នេះ >> ។ ទើប​តា​ចន្ទ​កាន់​ដំបង​ចូល​ទៅ​ដល់​ខ្លា​ថា << ចៅ​នៅ​ឲ្យ​ស្ងៀម​ តា​នឹង​មើល​ចំណង​ឲ្យ​ ក្រែង​វា​របូត​លង់​ទឹក​ស្លាប់ >> ។ ខ្លា​ក៏​នៅ​ស្ងៀម​ ទើប​តា​ចន្ទ​លើក​ដំបង​វាយ​ខ្លា​ៗ​ ក៏​ប្រឹង​រើ​បម្រះ​ ស្រែក​រោទ៍​ រលាក​រលួត​ស្បែក​ហើម​ខ្លួន​ជា​ខ្លាំង​ មុខ​គួរ​វេទនា​ ហើយ​ខ្លា​ក៏​ប្រឹង​រើ​បម្រះ​ ក្រឡះ​ខាំ​ខ្សែ​ផ្ដៅ​ដាច់​ គេច​រត់​ទៅ ។ តា​ចន្ទ​ ក៏​វិល​ទៅ​ខ្ទម​ចាំ​ស្រែ​វិញ ។ និយាយ​ពី​ខ្លា​ដែល​រត់​រួច​ទៅ​នោះ​ បាន​ទៅ​ជួប​នឹង​ដំរីមួយ​ ដំរី​ឃើញ​ខ្លា​បោល​ ក៏​ស្រែក​សួរ​ថា << បង​ខ្លា​ឯង​ ភ័យ​នឹង​អ្វី​ ក៏​បាន​ជា​បោល​មិន​មើល​ក្រោយ​សោះ >> ។ ខ្លា​ប្រាប់​ទៅ​ដំរី​វិញ​ថា << បង​អើយ ! អា​ចន្ទ​រំលៀក​ បញ្ឆោត​វាយ​ខ្ញុំ​ហើម​ខ្លួន​អស់ >> ។ ដំរី​សួរ​ថា​ អា​ចន្ទ​រំលៀក​នោះ​ នៅ​ឯ​ណា?>>។ ខ្លា​ប្រាប់​ថា << វា​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ឯ​នោះ ។ ដំរី​ថា << អញ​នឹង​ព្រេច​ឲ្យ​វា​ល្អិត​ កុំ​ឲ្យ​វា​ធ្វើ​បាប​គេ >> ។ ខ្លា​បោល​ហួស​ទៅ , ដំរី​ក៏​ដើរ​រក​តា​ចន្ទ​នឹង​ព្រេច​ ជួប​នឹង​តា​ចន្ទ​ហើយ​ តែ​ដំរី​មិន​ស្គាល់​សួរ​ថា << តា​ៗ​ស្គាល់​អា​ចន្ទ​រំលៀក​ដែរ​ឬ ? >> ។ តា​ចន្ទ​ សួរ​ដំរី​ថា << ចៅ​ឯង​សួរ​រក​គាត់​ធ្វើ​អ្វី ? ដំរី​ថា << ខ្ញុំ​ខឹង​ណាស់​ វា​បញ្ឆោត​វាយ​ខ្លា​ហើម​ខ្លួន​អស់ >> ។ តា​ចន្ទ​ឆ្លើយ​ថា << តា​ចន្ទ​ គាត់​នៅ​ខ្ទម​ស្រែ​ត្រើយ​ខាង​កើត​មាត់​បឹង, ហ្ន ! ខ្ទម​គាត់​ស​ៗ​នុះ​ឯង >> ។ ដំរី​ថា << តា​អាណិត​ជូន​ខ្ញុំ​ទៅ​ បើ​ខ្ញុំ​ព្រេច​វា​ស្លាប់​ បាន​របស់​អ្វី​ប៉ុន្មាន​ខ្ញុំ​ជូន​តា​ទាំង​អស់ >> ។ តា​ចន្ទ​ឆ្លើយ​ថា << តា​អរ​ណាស់​ ចៅ​អើយ ! ប៉ុន្តែ​ទឹក​បឹង​នេះ​ជ្រៅ​ណាស់​ តា​ទៅ​មិន​រួច​ទេ >> ។ ដំរី​ថា << បើ​ទឹក​ជ្រៅ​ តា​ជិះ​លើ​ក្បាល​ខ្ញុំ​មក >> ។ តា​ចន្ទ​ ឆ្លើយ​ថា << អើ​ បើ​ដូច្នោះ​ ទៅ​ក៏​ទៅ >> ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ព្រា​មួយ​ទៅ​ផង , លុះ​ទៅ​បាន​ចម្ងាយ​មួយ​ស្រែ​តា​ចន្ទ​ ក៏​កាប់​ក្បាល​ដំរី​ ៣ – ៤ កាំបិត​ មុត​ចេញ​ឈាម ។ ដំរី​ក៏​គេច​បោល​មក​វិញ​ ដល់​គោក​ រលាស់​ទម្លាក់​តា​ចន្ទ​ ហើយ​ដំរី​ក៏​បោល​ទៅ​​ជួប​នឹង​ខ្លា​ឃ្មុំ​ៗ​ ស្រែក​សួរ​ថា << បង​ដំរី​បោល​អ្វី​ក៏​គ្មាន​មើល​ក្រោយ​សោះ​>> ។ ដំរី​ប្រាប់​ថា << បង​ខ្លា​ឃ្មុំ​អើយ ! អា​ចន្ទ​រំលៀក​បញ្ឆោត​កាប់​ក្បាល​ខ្ញុំ​ឈាម​អស់ >> ។ ឯ​ខ្លា​ឃ្មុំ​ ក៏​ជួយ​ខឹង​ដំរី​ ហើយ​សួរ​ទៅ​ដំរី​វិញ​ថា << អា​ចន្ទ​នោះ​ វា​នៅ​ឯ​ណា ? >> ។ ដំរី​ប្រាប់​ថា << វា​នៅ​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ធំ​ឯ​នោះ >> ។ ដំរី​ក៏​បោល​បាត់ ។ ខ្លា​ឃ្មុំ​ ក៏​មាន​ចិត្ត​ខឹង​គុំ​គួន​ ប្រមាថ​ នឹង​ខាំ​បំបែក​ក្បាល​តា​ចន្ទ​ឲ្យ​ស្លាប់ ។ លុះ​ថ្ងៃ​ក្រោយ​ ខ្លា​ឃ្មុំ​ដើរ​ៗ​ទៅ​ ឃើញ​តា​ចន្ទ​ភ្ជួរ​ស្រែ​ពេល​ព្រឹក ។ ខ្លា​ឃ្មុំ​នឹក​ថា​<<នេះ​ហើយ​ តើ​អា​ចន្ទ​រំលៀក​នោះ​ ដូច្នេះ​អញ​ពួន​ចាំ​នៅ​នេះ​ចុះ​ ចាំ​វា​មក​ជិត​ អញ​លោត​ទៅ​ខាំ​វា​ឲ្យ​បាន >> ។ ខ្លា​ឃ្មុំ​ក៏​ប្រាប់​ចាំ​នៅ​សំយាប​ព្រៃ ។ តា​ចន្ទ​មិន​ដឹង​ខ្លួន ។ តា​ចន្ទ​ភ្ជួរ​ស្រែ​យូរ​ ក្រ​ទៅ​ខ្លា​ឃ្មុំ​ក្រោក​អើត​មើល​មក​ តា​ចន្ទ​ឃើញ​ខ្លា​ឃ្មុំ​អើត​ដូច្នោះ​ គាត់​គិត​ថា << សត្វ​នេះ​ វា​ចង់​មក​ប្រមាថ​ធ្វើ​ទុក្ខ​អញ​ទៀត​ហើយ >> ។ តា​ចន្ទ​ប្រុង​ខ្លួន​ ហើយ​វាយ​ដេញ​ក្របី​ថា << ហី ! អា​នាង​ខំ​ទាញ​ឡើង​ តា​យក​ឃ្មុំ​ឲ្យ​ស៊ី​ ឃ្មុំ​តែ​ពីរ​សម្បុក​ កំពុង​ពេញ​ទឹក​ផ្អែម >> ។ តា​ចន្ទ​ គាត់​ថា​យ៉ាង​នេះ​ជា​ច្រើន​ដង ។ ខ្លា​ឃ្មុំ​ឮ​ច្បាស់​ ក៏​មាន​ចិត្ត​ចង់​ស៊ី​ឃ្មុំ​ ហើយ​ឆ្លើយ​មកនឹង​តា​ថា << តា​ៗ ! ចែក​ខ្ញុំ​ស៊ី​ផង >> ។ តា​ចន្ទ​ឆ្លើយ​ប្រាប់​ទៅ​ខ្លា​ឃ្មុំ​វិញ​ថា << ចៅ​អើយ​ ឃ្មុំ​តា​តែ​ពីរ​សម្បុក​ទេ​ ទុក​ឲ្យ​ក្របី​វា​ស៊ី​មួយ​ម្នាក់​ សោះ​ញ័រ​ខ្លួន​ បើ​ចៅ​ចង់​ស៊ី​ ចូល​មក​និយាយ​គ្នា​សិន >> ។ ខ្លា​ឃ្មុំ​ ក៏​ចូល​មក​អង្គុយ ។ តា​ចន្ទ​ថា << បើ​ចៅ​ចូល​ចិត្ត​ស៊ី​ដែរ​ នឹង​ឲ្យ​ស៊ី​ទាំង​អស់​តែ​ម្ដង​ទៅ​ ខ្លាច​ក្រែង​ក្របី​វា​ខឹង​​ព្រោះ​វា​ធ្លាប់​ស៊ី​ដែរ​ តែ​តា​គិត​ថា​ ចៅ​ឯង​ ឲ្យ​តា​ទឹម​ភ្ជួរ​ស្រែ​ បាន​មួយ​ព្យាម​ចុះ​ តា​នឹង​ឲ្យ​ចៅ​ស៊ី​ទាំង​ពីរ​សម្បុក​តែ​ម្ដង​ ឯ​ក្របី​តា​ ឲ្យ​វា​អត់​សិន​ទៅ​ចុះ​ សឹម​រក​ទៀត >> ។ ខ្លា​ឃ្មុំ​ស្ដាប់​ ត្រូវ​ចិត្ត​នឹង​ចំណី​នោះ​ ព្រោះ​ត្រូវ​ចំណង់​របស់​ខ្លួន​ ក៏​អរ​ណាស់​ថា << បើ​ដូច្នេះ​ ឲ្យ​តា​ដោះ​ក្របី​ចេញ​ចុះ >> ។ តា​ចន្ទ​ ក៏​ដោះ​ក្របី​ចេញ​មួយ​រំពេច ។ ខ្លា​ឃ្មុំ​ ក៏​ចូល​ទៅ​ឲ្យ​តា​ចន្ទ​ទឹម​ ដាក់​ខ្សែ​ទាម​ចង​រឹត​រួច​ស្រេច ។ តា​ចន្ទ​​គាត់​ស្ទុះ​ទៅ​កាន់​កន្ទុយ​យាម​នង្គ័ល​ ហើយ​ដេញ​ថា​ហី ! អា​នាង​ខំ​ឡើង​តា​យក​ឃ្មុំ​ឲ្យ​ស៊ី​ ឃ្មុំ​តែ​ពីរ​សម្បុក​ កំពុង​ពេញ​ទឹក ។ ខ្លា​ឃ្មុំ​ ខំ​ប្រឹង​ទាញ​នង្គ័ល​ពុំ​កក្រើក​ឡើយ ។ តា​ចន្ទ​គាត់​ខឹង​ ក៏​លែង​កន្ទុយ​​យាម​នង្គ័ល​បែរ​ទៅ​វាយ​ឯ​ខ្លា​ឃ្មុំ​ៗ​ក៏​ខំ​ប្រឹង​រើ​បម្រះ ​ តា​ចន្ទ​វាយ​ខ្លាំង​ណាស់​ ដល់​ទៅ​បែក​ហើម​ខ្លួន​ទាំង​មូល ។ លុះ​ខ្លា​ឃ្មុំ​រើ​រួច​ បោល​ទៅ​ជួប​នឹង​ចចក​ៗ​ សួរ​ខ្លា​ឃ្មុំ​ថា : បង​ខ្លា​ឃ្មុំ​ បោល​អី​គ្មាន​មើល​ក្រោយ​ម្ល៉េះ ? ។ ខ្លា​ឃ្មុំ​ប្រាប់​ទៅ​វិញ​ថា << បង​ចចក​អើយ ! អា​ចន្ទ​រំលៀក​ វា​បញ្ឆោត​វាយ​ខ្ញុំ​ ហើម​ខ្លួន​អស់>>។ ហើយ​ខ្លា​ឃ្មុំ​បោល​ទៅ ។ ចចក​ក៏​អួត​ថា << បើ​ដូច្នោះ​ ទុក​ឲ្យ​អញ​ទៅ​ហែក​លប​តា​ចន្ទ​ យក​ត្រី​ចែក​គ្នា​ស៊ី​ ឲ្យ​អស់​ កុំ​ទុក​ឲ្យ​វា​ឡើយ >> ។ លុះ​ព្រឹក​ឡើង​ តា​ចន្ទ​ គាត់​កាន់​កាំបិត​ព្រា​មួយ​និង​ច្រវា​មួយ​ ទៅ​លើក​លប​គាត់​ក្នុង​បឹង .។ និយាយ​ពី​ចចក​ មក​ដល់ ​កណ្ដាល​ផ្លូវ​ជួប​នឹង​ខ្លា​ត្រី​មួយ ។ ចចក​ក៏​បបួល​ខ្លា​ត្រី​ថា <<បង​ខ្លា​ត្រី​ ទៅ​ស៊ី​ត្រី​នឹង​អញ >>។ ខ្លា​ត្រី​តប​ថា << បង​ចចក​ឯង​ បាន​ត្រី​ពី​ណា ? >>។ ចចក​ថា << អញ​ទៅ​ហែក​លប​អា​ចន្ទ​រំលៀក​ចែក​គ្នា​ស៊ី >> ។ ខ្លា​ព្រម​តាម​ចចក​ ក៏​មក​អង្គុយ​នៅ​មាត់​បឹង​ យូរ​បន្តិច​ ឃើញ​តា​ចន្ទ​អុំ​ទូក​មក​ ចចក​សួរ​ថា << តា​ស្គាល់​អា​ចន្ទ​រំលៀក​ដែរ >> ។ តា​ចន្ទ​ថា << ស្គាល់​ដែរ​ តែ​អាចន្ទ​នោះ​ វា​នៅ​ត្រើយ​បឹង​ខាង​ឯណោះ​ទេ >> ។ ចចក​ថា​ បើ​ដូច្នេះ​អាណិត​ជូន​ខ្ញុំ​ទៅ​ បើ​ខ្ញុំ​ហែក​លប​វា​បាន​ត្រី​ ខ្ញុំ​ចែក​តា​ពាក់​កណ្ដាល >> ។ តា​ចន្ទ​ថា << ទៅ​ក៏​ទៅ​ ត្បិត​លប​តា​ ក៏​វា​ពុំ​ត្រូវ​ផង >> ថា​ហើយ​ចចក​ក៏​លោត​ទំ​ក្បាល​ទូក ។ តា​ចន្ទ​ថា << ចៅ​កុំ​ទៅ​អង្គុយ​ក្បាល​ទូក​ វា​លិច​ណា ! មក​អង្គុយ​ខ្ទង់​មុខ​តា​ឯណេះ​ ទើប​វា​មិន​លិច>>។ ចចក​ក៏​មក​អង្គុយ​នៅ​មុខ​តា​ចន្ទ​ ហើយ​ហៅ​ខ្លា​ត្រី​ថា << មក​បង​ ប្រញាប់​នឹង​អាល​ទៅ >> ។ ខ្លា​ត្រី​ថា << បង​ចចក​ អញ​មិន​ហ៊ាន​ទៅ​ទេ​ អញ​ក្រែង​តា​ចន្ទ​ហើយ​នេះ>>។ ចចក​បែរ​មើល​ក្រោយ​ថា << មិន​មែន​ទេ >> ។ តា​ចន្ទ​គាត់​នៅ​ស្ងៀម ។ ខ្លា​ត្រី​ក៏​ឡើង​មក​អង្គុយ​ទឹម​គ្នា​នឹង​ចចក ។ តា​ចន្ទ​គាត់​អុំ​ទូក​ទៅ​ប្រមាណ​១០​ព្យាម​ពី​ច្រាំង​ គាត់​កាប់​ក្បាល​ចចក​មួយ​កាំបិត ។ ចចក​លោត​ធ្លាក់​ទឹក​ ខ្លា​ត្រី​ក៏​លោត​ធ្លាក់​ទឹក​ទាំង​អស់​គ្នា , ខ្លា​ត្រី​បន្ទោស​ចចក​ថា << អញ​ថា​តា​ចន្ទ​ហើយ​ ឯង​ថា​ មិន​មែន​តា​ចន្ទ​ទេ >> ។ ចចក​ថា << កុំ​មាត់​ ខំ​តែ​ហែល​ទៅ >> ។ សត្វ​ទាំង​ពីរ​ ក៏​ហែល​ដល់​គោក​ ហើយ​បោល​ទៅ ។ តា​ចន្ទ​នៅ​ធ្វើ​ស្រែ​ស្រូវ​រួច​ហើយ​ក៏​ទៅ​ផ្ទះ​ បាន​សេចក្ដី​សុខ​សប្បាយ ។

ក្រោយ​មក​តា​ចន្ទ​ មាន​ចិត្ត​សង្វេគ​ថា << ឱ ! សត្វ​ទាំង​៤​ នេះ​នឹង​ចង​វេរា​នឹង​អញ​ត​ទៅ​មុខ​ពុំ​លែង​ ហើយ​វា​នឹង​ធ្វើ​បាប​អញ​នេះ​មិន​ខាន​ ដូច្នេះ​គួរ​អញ​ទិញ​ដែក​ឲ្យ​ច្រើន​ ធ្វើ​កាំបិត​កោរ​ដង​ដែក​ឲ្យ​បាន​ ៥០​ឬ​៦០​ ទុក​បំរុង​ការពារ​ខ្លួន​ដែល​ស្លាប់​ទៅ ។ តា​ចន្ទ​ ធ្វើ​កាំបិត​បាន​ស្រេច​ហើយ​ គាត់​ក៏​ហៅ​កូន​ចៅ​មក​ផ្ដាំ​ថា << បើ​អញ​ស្លាប់​ទៅ​ហើយ​ យក​អញ​ទៅ​កប់​ ឲ្យ​យក​កាំបិត​ទាំង​អស់​នេះ​ទៅ​ដាក់​លើ​ផ្នូរ​កុំ​ខាន​ ចូក​ដី​លប់​ឲ្យ​ជិត​ លុះ​ដល់​៥ – ៦ ថ្ងៃ​ ឲ្យ​កូន​ចៅ​មើល​ផ្នូរ​អញ​កុំ​ខាន >> ។ តា​ចន្ទ​ ផ្ដាំ​កូន​ចៅ​រួច​ហើយ​ គាត់​ក៏​មាន​ជម្ងឺ​ឈឺ​ក្ស័យ​ទៅ​ កូន​ចៅ​ក៏​យក​ខ្មោច​តា​ចន្ទ​ទៅ​កប់​ ធ្វើ​ដូច​បណ្ដាំ​គាត់​មិន​ហ៊ាន​ខាន ។

និយាយ​ពី​សត្វ​ទាំង​៤​ ដែល​មាន​វេរា​នឹង​គ្នា​នោះ​ កាល​តា​ចន្ទ​ស្លាប់​ទៅ​បាន​៣​ថ្ងៃ​ សត្វ​ចចក​ស៊ើប​ដឹង​ថា​ តា​ចន្ទ​ស្លាប់​ ក៏​ទៅ​ប្រាប់​ខ្លា​ឃ្មុំ​ៗ​ ប្រាប់​ដំរី​ៗ​ ប្រាប់​ខ្លា​ធំ​ ភ្ជុំ​បបួល​គ្នា​ចូល​មក​កាយ​ខ្មោច​តា​ចន្ទ​រំលៀក​ស៊ី ។ ចចក​កាយ​ចុង​ជើង​ ខ្លា​ឃ្មុំ​កាយ​ក្បាល​ ខ្លា​ធំ​កាយ​កណ្ដាល​ខ្លួន ។ ឯ​ដំរី​ឈរ​ចាំ​មើល​ ឃើញ​សត្វ​ទាំង​៣​មុត​ជើង​ពិការ​ជា​ខ្លាំង​ ដួល​ដេក​អស់។ ដំរី​ខឹង​នឹង​ខ្មោច​តា​ចន្ទ​ថា << ជើ ! អា​ចន្ទ​ កាច​តាំង​ពី​រស់​ទាល់​តែ​ស្លាប់​ មិន​លែង​កាច​សោះ​ ទុក​ឲ្យ​អញ​ឈូស​តែ​ម្ដង​ឲ្យ​ប៉ើង​ខ្មោច​មក​នៅ​លើ​គោក >> ។ ដំរី​ខឹង​ណាស់​ លើក​ជើង​ឈូស​ជា​ខ្លាំង​ ត្រូវ​នឹង​កាំបិត​មុត​ពេញ​ជើង​ ក៏​ដេក​ដួល​ទាំង​អស់​គ្នា ។

ដល់​កំណត់​ថ្ងៃ​៧​ កូន​ចៅ​តា​ចន្ទ​ នាំ​គ្នា​ទៅ​មើល​ខ្មោច​ ស្រាប់​តែ​ឃើញ​ដំរី​ ខ្លា​ ចចក​ស្លាប់​ខាង​ផ្នូរ​ ក៏​នាំ​គ្នា​ពន្លះ​យក​សាច់​ ស្បែក​ ឆ្អឹង​ ភ្លុក​ មក​លក់​យក​ប្រាក់​ធ្វើ​បុណ្យ​ ឧទ្ទិស​បញ្ជូន​ឲ្យ​ខ្មោច​តា​ចន្ទ​រំលៀក​ជា​សូរេច​ហោង ។

 

ខឹង​ខាត​ ប្រមាថ​ខុស​

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: