រឿងដើមកំណើតរន្ទះ


កាល​ពី​ព្រេងនាយ មាន​បិសាច​មួយឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់” ។

រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​បាន​តាបស​សម្គាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។

តាបស ​ជប់​ទឹក​សន្សើម​នោះ​ឲ្យ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល​ទៅ​ឲ្យ​នាង​មេខលា​ដោយ​ប្រាប់​ថា “កែវ​នេះ​មាន​គុណភាព​ខ្លាំង​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះ កាត់​អាកាស​កប់​ពពក​ជ្រក​អាចម៍​ជន្លេន​ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់” ។

នាង​អារក្ខ​ទេវី ក៏​ទទួល​យក​កែវ​នោះ​មក​លើ​គ្រវី​ឡើង​លើ ស្រាប់​តែ​ហៅ​វឹង​ទៅ​លើ​មេឃ​តម្រង​ទៅ​មហា​សាគរ ។ ចំណែក​ឯ​រាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហា​ឫសីៗ ពោល​ថា “ចៅ​ឯង​យក​របស់​នេះ​មក​យឹតយូរ​ពេក ហួស​ពេល​តា​ត្រូវការ ឥឡូវ​តា​បាន​ឲ្យ​រតន​វត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគម​គាថា​របស់​តា អាច​ជប់​វត្ថុ​បែប​នេះ​បាន​តែ​មួយ​ដង​ទេ” ។

កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដើក​អណ្ដក​យ៉ាង​ខ្លាំង ។ ដើម្បី​លួង​ចិត្ត​បិសាច តាបស​ក៏​ប្រាប់​ថា “ចូរ​ចៅ​កុំ​កើត​ទុក្ខ​ខ្លាំង​ពេក ចាំ​តា​ឲ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខ​ទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស ដើម្បី​មុជ​ទឹក​ភ្លៀង​ដែល​មាន​ភ្លៀង​ម្ដងៗ ចូរ​អ្នក​ចោល​ពូថៅ​នេះ​ទៅ​លើ​វា វា​នឹង​បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា” ។

កាលបើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​កែវ​មនោហរា ប៉ុន្តែ​កាល​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។ កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង នៃ​កែវ​មាន​សិល្ប៍​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​វា​ជិត​រួច​គ្រវែង​អាវុធ​វា​ទៅ ។ អាវុធ​នោះ ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​មេខលា​ទេ ។

ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ​គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សម្លេង​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។ អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​យើង​ឲ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ​ណា ដែល​ឃើញ​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា “កាំ​រន្ទះ” ហើយ​សន្មត​របស់​ទាំងនេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី ។

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: