រឿងគំនូររូបប្រពន្ធ


កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។

ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា «លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បាន​ខ្ញុំជាភរិយារឺទេ?»។

អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជា​ប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមាន​ប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន​ប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។

រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ «ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ ហើយប្រាប់ កំបិថា «បង! នេះនែរូបខ្ញុំ។ សូមយករូប​នេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការ បងមិនបាត់មុខខ្ញុំយូរទេ» កំបិធ្វើតាមនាងប្រាប់ មួយស្របក់ម្ដងៗ វាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវា​ប៉ុន្ដែមិនយូរ​ប៉ុន្មានវាក៏រត់មកផ្ទះជាញយៗទៀត។ ថ្ងៃមួយមានខ្យល់បក់មួយវឹបកួចយករូបនោះ ហើយបំប៉ើងទៅលើមេឃ កំបីតាមចាប់រូបនោះដែរ ប៉ុន្ដែមិនយូរប៉ុន្មាន រូបក៏រសាត់បាត់ពីភ្នែកវាទៅ។ កំបិយំស្បែបៗ រត់ទៅផ្ទះប្រាប់ប្រពន្ធ នាងបានលួងលោមថា «បងសំលាញ់! កុំព្រួយ ខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកអោយបង»។ ក្នុងរយៈពេលនោះ រូបគំនូរទីមួយប៉ើងតាមខ្យល់ ហើយទីបំផុតក៏ធ្លាក់ប៉េលប៉ោលចុះដល់សួនក្នុងវិមានមួយ។ លុះឃើញរូបគំនូរ ម្ចាស់វិមានចាប់ចិត្ដស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះ «បើរូបគំនូរដូចនេះ មុខជាមាន​មនុស្សពិតមិនខាន»។ រួចលោកក៏បញ្ជាបំរើអាយដើររកស្រីនោះដល់ឃើញអោយចាប់យកនាងមកជូនលោកកុំបង្អង់។

បំរើដើរពីភូមិមួយទៅភូមិមួយ ដោយកាន់រូបគំនូរទៅផង គេសួររកតើមានអ្នកស្គាល់ស្រីនោះរឺទេ។ ទីបំផុត គេទៅដល់ភូមិដែល កំបិរស់នៅ បំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផង​«តើអ្នកស្គាល់រូបនេះរីទេ»ដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាម «អូ! នេះជាប្រពន្ធ កំបិ ទេតើ!» ប្រាកដមែន លុះបំរើទៅដល់ខ្ទម កំបិ ក៏ឃើញស្រីម្នាក់រូបស្អាត។ មុខដូចរូបក្នុងគំនូរបេះបិទ «យើងមកចាប់នាងយកទៅជូនចៅវហ្វាយយើងហើយ» ពួកគេនិយាយហើយប៉ុនប៉ងនាំនាងចេញទៅ។ កំបិអង្វរ «សូមមេត្ដាកុំចាប់យកនាងទៅ» តែឥតអំពើឡើយ វាស្រែកទ្រហោយយំយ៉ាងខ្លាំងទាល់តែទឹកភ្នែកក្លាយជាថ្លុកមួយបន្ដាយមួយជំហាន។

ប្រពន្ធនិយាយ «បងកំបិ កុំស្រែកយ៉ាងនេះ យើងមិនអាចអ្វីគេកើតទេក្នុងពេលនេះ តែសូមស្ដាប់ខ្ញុំអោយមែនទែន។ យកដើមស្រល់សំរាប់តុបតែងក្លោងទ្វារទៅជាមួយផង​ ពេលនោះយើងនឹងបានជួបគ្នា ហើយកិច្ចការយើងនឹងបានសំរេច» នាងមិនទាន់ទាំងបាននិយាយអ្វីច្រើនទៀតផង គេក៏ចាប់យកនាងចេញតំរង់ទៅវិមាន។ រាល់ៗថ្ងៃ កំបិនឹកមមៃថាតើដល់ពេល​ត្រូវទៅរកប្រពន្ធវាហើយរឺនៅ?។ ទីបំផុតមានគេនិយាយប្រាប់វាថា ឥលូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយ។ វាចេញដំនើរតំរង់ទៅវិមានដោយបាននាំយកមែកស្រល់មួយបាច់ធំទៅផង។ បន្តិចទៀត​វានឹងបានជួបមុខប្រពន្ធសំលាញ់ចិត្ដវិញហើយ! លុះទៅដល់មាត់ទ្វារវិមាន កំបិ ស្រែកពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!» ប្រពន្ធបានលឺសំលេងប្ដី ក៏ញញឹមពីក្នុងវិមានមក។ នេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមាន។ ម្ចាស់វិមានសប្បាយណាស់ ដោយបានឃើញនាងរីករាយយ៉ាងនេះ។ លោកបញ្ជាបំរើទៅហៅអ្នកលក់ដើមស្រល់ចូលមក។ លុះឃើញកំបិមកដល់នាងប្រពន្ធរិតតែរីករាយជាងមុនទៅទៀតនាងសំលឹងមើលវាយ៉ាងពព្រាយ ទាល់តែម្ចាស់វិមានគិតក្នុងចិត្ដថា «បើអ្នកលក់ដើមស្រល់ធ្វើអោយនាងរីករាយយ៉ាងនេះ អញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដង»។

ម្ចាស់វិមានក៏បញ្ជាកំបិអោយប្ដូរសំលៀកបំពាក់ជាមួយខ្លួន លុះស្លៀកពាក់ខោអាវកញ្ចស់ដូចជាអ្នកលក់ដើមស្រល់ហើយ ម្ចាស់វិមានដើរចុះ ដើរឡើងក្នុងសួនដោយស្រែកពពាយនាយថា «ដើមស្រល់! ដើមស្រល់! ដើមស្រល់ល្អសំរាប់បុណ្យចូលឆ្នាំថ្មី!»។ ធ្វើយ៉ាងនេះនាំអាយប្រពន្ធកំបិ កាន់តែសប្បាយចិត្ដឡើង។ នាងទះដៃដ៏ស្រួចរបស់នាង ហើយសើចក្អាកក្អាយអស់ពីដួងចិត្ដ។ ម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើច ហើយក៏តាំងរាំរែកជុំវិញសូនដោយពុនដើមស្រល់ពីក្រោយខ្នងផង។ «ដើមស្រល់! ដើមស្រល់ល្អៗ!» គេពពាយនាយហើយ ពពាយនាយទៀត។ គេរាំ រារិលជុំវិញសួន ហើយចេញផុតពីមាត់ទ្វារវិមាន ដោយមិនទាំងដឹងខ្លួនផង។

លុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាម ប្រពន្ធកំបិប្រាប់បំរើអោយបិទទ្វារវិមានមួយរំពេច។ មួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេ។ គេក៏ដើរទៅកាន់ទ្វារវិមាន តែងឿងឆ្លល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកអោយអញចូល! អោយអញចូល! គេស្រែកហៅ តែគ្មាននរណាឆ្លើយតបវិញសោះ។ នៅក្នុងវិមាន កំបិ និងប្រពន្ធដ៏ឈ្លា សវៃរបស់គេមានរបស់ទ្រព្យគ្រប់បែបយ៉ាងដូចចិត្ដប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្ដនិងរីករាយពីពេលនោះមក។

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: