រឿងគង់ហ៊ាន


កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់ ១ឈ្មោះនាងអាំ មួយឈ្មោះនាងគំ។ ថៃ្ងមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមាន ខ្លាសាហាវ។ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចេញ ខាំមនុស្ស ក្របី គោស៊ី រឿយៗ។ លុះដល់អ្នកគង់ទៅ​ដល់កនែ្លងនោះ ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពី ចម្ងាយមក អ្នកគង់រត់ចូលរូងឈើ រាកនោម ព្រោះភ័យញ័រដៃញ័រជើង។ នាងអាំនិងនាងគំខំព្រួតគ្នា វាយខ្លានោះស្លាប់ទៅ។

ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ បានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា «ខ្លាគេវាយងាប់ហើយធើ្វជាមកវាយថែមទៀត ប្រុសអីកំសាកញីដូចេ្នះ» ។ អ្នកគង់ជេរបំពានទៅប្រពន្ធថា «មិនដែលមានស្រីណាវាយខ្លាស្លាប់ទេ មានតែប្រុសបានហ៊ាន វាយខ្លាទាល់តែស្លាប់»។ ហើយអ្នកគង់ក៏បោចវល្លិ៍ចងខ្លានោះ​នាំប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុក ឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញៗ ហើយគេសួរថា «អ្នកឯងធើ្វដូចមេ្តចបានជាចាប់ បានខ្លានេះ ខ្លានេះសាហាវណាស់»។ ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា «អ្នកគង់ឃើញខ្លា វាបោលមកគាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់»។ អ្នកគង់លឺប្រពន្ធ និយាយប្រាប់គេដូច្នោះក៏បញ្ជោររំលោភប្រពន្ធថា «មិនដែលមានស្រីណាខ្លាំងហ៊ានវាយខ្លាស្លាប់នោះទេ មានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន»។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា «កាលដែលខ្លាវាស្ទុះ មកខាំ ខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំ ដូចេ្នះបានជាវាយវាបាន»។ ថាហើយអ្នកគង់ធ្វើជាលោតគុណ វាយខ្លាឲ្យអ្នកស្រុកមើល។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់តែរាល់គ្នា ហើយឲ្យឈ្មោះថា គង់ហ៊ាន។ តាំងពីថៃ្ងនោះមកលឺល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះគុណវាយខ្លាស្លាប់។ រឿងនេះជ្រាបទៅដល់សេ្តចៗ ទ្រង់ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសំរាប់ច្បាំងសង្រ្គាម។

លុះដល់យូរបន្តិចទៅ ជួនជាមានសឹកគេលើកមកច្បាំងយកនគរ សេ្តចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង។ គង់ហ៊ានលឺសេ្តចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកសង្រ្គាមដូច្នោះ ភ័យណាស់ ពុំដឹងធើ្វមេ្តចនឹងប្រកែកបាន ដ្បិតសេ្តចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង។ ត្រឡប់មកផ្ទះវិញដេកសន្ធឹងសនៃ្ធ អត់បាយ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា «មេ្តចបានជាអ្នកដេកអត់បាយដូចេ្នះ តើមានហេតុភេទប្រការ ដូចមេ្តច? »។ គង់ហ៊ានប្រាប់ថា «ដ្បិតសេ្តចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់ មិនដឹងបើគិតដូចមេ្តចទេ»។ ប្រពន្ធឡើងឆ្លើយថា «អ្មកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើង ពិសារបាយឲ្យឆែ្អត ងូតទឹកឲ្យសប្បាយខ្លួនចុះ»។ គង់ហ៊ានលឹប្រពន្ធលួងលោមដូច្នោះ បានធូរចិត្ត ក្រោកឡើង​ងូតទឹកស៊ីបាយរៀបគឿ្រងប្រដាប់និងទៅច្បាំង។ លុះរៀបរួចហើយដល់បានវេលាល្អ ក៏ចូលទៅក្រាបបង្គំលាសេ្តចទៅច្បាំងយកទាំងប្រពន្ធទៅផង។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៏ពលហែរហមអមមុខក្រោយជាក្បួនទ័ពតៀ្របត្រាពាសពេញ។ លុះទៅជិតខ្មាំងសត្រូវមើលឃើញ ច្បាស់ប្រាកដគង់ហ៊ានភ័យណាស់លេចអាចម៏ លេចនោម ញ័រដៃញ័ជើងដូចអង្រួនក្បាលដំរី ឯដំរីគិតស្មាន ថាគេអង្រួនឲ្យខ្លួនបោលចូល ក៏ចេះតែបោលមុនរេហ៏ពលទាំងអស់ គ្មាននរណាតាមទាន់។ ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះ គិតស្មានថាមេទ័ពនេះពូកែណាស់ ក៏បាក់ទ័ពរត់ចាញ់ រត់យកតែប្រាស់អាយុដោយខ្លួនទៅ។ គង់ហ៊ានឃើញខ្មាំងរត់ទាំងអស់ក៏ធើ្វជាអួតកេ្អងក្អាង ឲ្យអស់នាហ្មឺននឹងរេហ៏ពលកោតខ្លាច។ អស់នាហ្មឺន ឃើញគង់ហ៊ានលេចអាចម៏ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នោះគេសួរថា «លោកមេទ័ពថ្មីមេ្តចក៏លេច លាមកដូចេ្នះ?» គង់ហ៊ានឆ្លើយថា «បើកំពុងតែច្បាំងនឹងសត្រូវហើយ ឈឺផៃ្ទនឹងចុះទៅដោះទុក្ខសត្វឯណា មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង។ បើរវល់តែដោះទុក្ខសត្វ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយអី? »។ អស់នាហ្មឺននឹងរេហ៏ពលលឺគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញគេដឹងថាគង់ហ៊ានខ្លាច អ្នកខ្លះមិនសូវ មានប្រាជ្ញកោតខ្លាចគង់ហ៊ានណាស់ ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកនគរវិញ ហើយចូលទៅក្រាបបង្គំសេ្តច។

សេ្តចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់រាជ ទានយសស័ក្តិជានាហ្មឹនធំ ហើយព្រះរាជទានព្រះរាជទ្រព្យ​និងគឿ្រងបណ្តាការ​ជាច្រើន។ តាំងអំពីថៃ្ងនោះ មកគង់ហ៊ានរិតតែអួត ខ្លាំងពូកែកេ្អងក្អាងឡើងទៀត។ លុះក្រោយមកទៀតមានក្រពើសាហាវមួយ ចេះតែដេញខាំមនុស្សម្នា។ អ្នកឈ្មួញដើររកស៊ីខាងជើងទឹក ជើងកំពង់ គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះងូតទឹកឬដើរទូកសោះ។ អស់រាស្រ្តពិបាកចិត្តណាស់ រឿងនោះក៏ជ្រាបទៅដល់សេ្តចៗទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើ។ ឯគង់ហ៊ានលឺព្រះបន្ទូលដូច្នោះ នឹកភ័យណាស់ប៉ុនែ្តមិនហ៊ានទទឹងព្រះបន្ទូលក៏ទទួលថា និងយកអាសារសូមទ្រង់កុំព្រួយព្រះរាជហរទ័យ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា «គេហ៏អើយ ! ឥឡូវនេះទ្រង់ឲ្យយើងទៅចាប់ក្រពើ ក្នុងទនេ្ល ដ្បិតក្រពើសាហាវណាស់ម្តងនេះ។ យើងឃើញថាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខាន។ ពីមុន នៅលើគោកគ្រាន់និងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកធើ្វមេ្តចនិងគេចរួច? ប៉ុនែ្តសេ្តចទ្រង់ប្រើ ហើយនឹងមិនទៅក៏មិនបាន។ បើដូចេ្នះមានតែទៅលោតទឹកឲ្យក្រពើវាខាំស្លាប់តែម្តងទៅ»។ គង់ហ៊ាន គិតគ្នានឹងប្រពន្ធដូច្នោះហើយ ក៏ហៅកូនក្មួយមកធើ្វជាទៅចាប់ក្រពើ។ អស់មនុស្សម្នាមហាជនលឺថា គង់ហ៊ានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ។ លុះគង់ហ៊ានទៅដល់​កំពង់ទឹកបានឃើញក្រពើ ហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅ ក្នុងទឹកត្រង់ទីនោះ​ដោយគិតថាលោតទៅ​ឲ្យក្រពើវាខាំស្លាប់ទៅទេ។ ប៉ុនែ្តក្រពើវាលឺសន្ធឹកគង់ហ៊ានលោតចុះ ក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្តាលខ្លួន​រុលទៅមុខក៏មិនរួច ថយមកក្រោយក៏មិនរួច។ គង់ហ៊ានមុជទៅក្នុងទឹកងើបឡើង ឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់ឲ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ។ ឯអ្នកមើលទាំងប៉ុន្មានគេគិតស្មានថា គង់ហ៊ានចាប់ក្រពើនោះបោះមកឲ្យជាប់នឹងមែកឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។គង់ហ៊ានបានឃើញក្រពើស្លាប់យ៉ាងដូច្នោះ ក៏រិតតែអួតកេ្អងក្អាង​ខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាប ទូលសេ្តចថា ខ្លួនចាប់ក្រពើចោលឡើងមកលើគោក។ សេ្តចទ្រង់ក៏សព្វព្រះរាជហរទ័យ ប្រោសប្រទាន យសស័ក្ដឲ្យគង់ហ៊ានឡើងធំលើសពីមុនទៀត ព្រះរាជទាំងអំណាចនឹងរង្វាន់ជាច្រើន។

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: