ពិធីបុណ្យចូលឆ្នាំខែ្មរ


ពិធីបុណ្យចូលឆ្នាំខែ្មរ

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាមជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧ឆ្នាំ។  សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ធម្មបាល​កុមារ​នោះ បាន​ចេះ​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ហើយ​បាន​ជា​អាចារ្យ​សមែ្តង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អានព្រះមហាព្រហ្មនិង​ កុបិលមហាព្រហ្ម ១អង្គ​ទៀត​ដែល​ជាអ្នក សមែ្តង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។ ពេល​នោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ “ខ” ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់ ដោយ​ អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វ ឥន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​សួរ​ឥន្រ្ទី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អា ហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​១ ទៀត​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​១ ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប មនុស្ស​ ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បាន​លឺ​ដូចេ្នះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក កុបិលមហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុងមហាសមុទ្រទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា “ភគវតីសភា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់ ១ឆ្នាំជា សង្រ្កាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ។

សង្ក្រាន្ត

សង្ក្រាន្ត

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ

 ថ្ងៃ ទេពធីតាមហាសង្រ្កាន  គ្រឿងអាភរណៈ
 ថ្ងៃអាទិត្យ  ទុង្សាទេវី  សៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
 ថ្ងៃច័ន្ទ  គោរាគទេវី  សៀតផ្កាអង្គាបុស្ស   គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។
 ថ្ងៃអង្គារ  រាគ្យសាទេវី  សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។
 ថ្ងៃពុធ  មណ្ឌាទេវី  សៀតផ្កាចំប៉ា   គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។
 ថ្ងៃព្រហស្បតិ៍  កិរិណីទេវី  សៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។
 ថ្ងៃសុក្រ   កិមិរាទេវី  សៀតផ្កាចង្កុលណី  គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណពាហនៈក្របី ។
 ថ្ងៃសៅរ៍  មហោទរា  សៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វ័នបត ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះឯង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ខ្មែរ​យើង​ប្រើ​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​កំនត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ)ជា​សំខាន់​វិញ​ហើយ កំណត់​ ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​កំនត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ​មាន​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​សង្ក្រាន្ត)។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់​គូរ​តាម​ចន្ទគតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឈៀង​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ចន្ទ​គតិ​អែប​គ្នា នឹ​ង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​ឯ​ថ្ងៃ​ចូលឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​ណា​មួយ​ទេ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​ចូល​ឆ្នាំ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​សំអាត​ផ្ទះ​សំបែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក​កាត់​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​សំរាប់​ទទួល​ទេវតា​ថ្មី​ មាន : បាយ​សី​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​សំបែង​គេ​តុបតែង​រំលេច​ដោយ​អំពូលអគ្គីសនីខ្សែ​តូចៗ​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ទេព្តាថ្មី​ចុះ​មក​ហើយ គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។ ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ :

  • ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​ព្រះវិហារ រឺ​នៅ​ជុំវិញ​ដើម​ពោធិ៍ ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។
  • ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណី ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ ។
  • ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ

ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្តាល​ទីធ្លា​ដែល​គេ​ បាន​កំណត់ រួចពូនឱ្យ​ចេញ​ជា​រាង​ចេតិយ បែរ មុខ ទៅទិសខាងកើត ហើយ​គេ​សន្មត់​ហៅ​ថា «វាលុកចេតិយ» គឺ​តំណាង​ឱ្យ​ព្រះចូឡាមណីចេតិយ​ដែល​សាង​សំរាប់​បញ្ចុះ​ព្រះកេសា និង​ព្រះចង្កូមកែវ​នៃ​ព្រះពុទ្ធបរមគ្រូ ។ ការពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករនៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​ផង​ដែរ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្តាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤ ព័ទ្ធជុំវិញ ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើរាជ​វត័ តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញរាជ​វ័តគេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨។ នៅ​លើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយ​គូ​បាយ​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹក ឱ្យមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរ ដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមាន សុខច្រើនឥតមាន រោគភ័យ មកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះ ទោះទៅ កើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លា ដល់ អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទីគាប់ចិត្ត ជាទីគួរឱ្យមើល ជាអ្នកមាន ប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និង ព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិជា អ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះ ហើយបានជានៅ ឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ.. ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

អានិសង្សវាលុកចេតិយ

ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែង អំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយ នោះ នាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :

  • និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើកសំពៅទៅជួញ បានប្រទះ ឃើញ ផ្នូកខ្សាច់សល្អ នៅ តាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចត នៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ ឧទ្ទិសជាតំណាងចូឡាមណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវ របស់ ព្រះពុទ្ធ អំពីបុណ្យសឹងប្រតិស្ឋាន នៅឋានត្រៃត្រិង្សទេវលោក ស្រេចហើយ ពួកពាណិជ្ជទាំងនោះ ក៏បេះយកផ្កាឈើ មកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ក៏កើត ក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និង ត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាច ផល្លានិសង្ស ដែលបានវាលុកចេតិយ ។
  • និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់ សត្វបរិភោគ តាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូប នឹកអាណិត នាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយឱ្យ បានសាង បុណ្យកុសលខ្លះ លុះគិតដូច្នេះ លោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹក នាយនេសាទ លីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃ ដើម្បីស្វែងរកសត្វ មកចិញ្ចឹមជីវិតដូចកាលសព្វដង។   ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមកកាលនាយនេសាទរំលាយខន្ធ ស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាល យកខ្លួនទៅសួរយកចំលើយ អំពីរឿងកាល នៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិនបាន ធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នា ចាប់បោះទៅក្នុងរណ្តៅភ្លើង នរកតែមិនឆេះ ត្រឡប់ជា​ខ្ទាតចេញមកវិញ យមបាល នឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួល នាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើង មានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទាន ដែលខ្លួនបានធ្វើទើប ឆ្លើយថាកាលនៅ មនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយមភូបាល ប្រាប់ថា បើដូច្នេះ អ្នកអែងត្រូវទៅកើត អែឋានសួគ៌ មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកឱ្យទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើត ឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណ ឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រ សោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្ស ពន់ប្រមាណ ហើយ ចូលទៅដេក នាង សុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរ អន្នំលោកង្សិនីទេវបុត្រ ក៏រ៉ាយរឿង ប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃ លួងលោមថា បើដូច្នោះ សូម ព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណា ធ្វើបាប អម្បាលម៉ាន ក្តីបើចង់ ឱ្យរួច អំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូម ព្រះអង្គធ្វើតាម ព្រះពុទ្ធ បន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។

អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិនីទេវបុត្រឱ្យ ចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាងសុវណ្ណឱរ៉ៃ ចេញមកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកឱ្យស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និង ធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួង ក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោសក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ ដែលយកចេញ អំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។

ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខ ក្នុងនរក ដូចដែលយមបាល កំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាង វាលុកចេតិយ និង ធ្វើបុណ្យឆ្លងដូចពោលហើយ។

  • និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយ ដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុ មើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ ឱ្យនាងទេពធីតា ១អង្គ ចុះមកធ្វើជាប្រពន្ធ ចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ ឱ្យចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតា ឃើញនាងទេពធីតាក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ ដោយនាងទេពធីតា ជួយថែ សំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុក រកអ្នកមានបុណ្យ ធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឱ្យសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជា ទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ ជាប្រវេណី ដរាបមក ដល់បច្ចុប្បន្នកាល ។ ១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឱ្យតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់ស ប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃ សូត្រធម៌ចំរើនព្រះបរិត្ត នៅសាលាធម្ម ដោយបន្តអំបោះ មកដល់ភ្នំ ទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង ឬ រំលាយមុនគេផ្សឹក ទុកត្រូវទទួលបាប ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែ ត្រួតត្រាមើល ការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឱ្យផ្តាច់កម្មផ្តាច់ ពៀរ និង សុំ សេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសល ជូនដល់អ្នក ដែលចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្ត ទាំង អស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មក គេនាំគ្នា រាប់បាត្រ បន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យ ចាប់ផ្តើមពិធី នៅចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យ បានបន្តពិធី នៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវ វាលុកចេតិយ នេះ ចេញ» គឺលែងប្រកាន់ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រគេន ព្រះសង្ឃ ឆាន់ត្រង់ ។ ពេលរសៀល គេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយ បាចផ្កា បាញ់ទឹកអប់ «ស្រង់ព្រះ»។ នេះជាពិធីតាមបែបសាសនា ៕

ប្រភពឯកសារ៖ គេហទំព័រ-ព្រះពុទ្ធសាសនាខ្មែរពិធីបុណ្យចូលឆ្នាំខែ្មរ

ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ។នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ​ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា ថ្ងៃវារៈវ៍នបត ប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា ថ្ងៃវារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕

អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ

តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?

ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក

ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រពចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ដែលគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ដែលទៅប្រករបរចិញ្ចិមជិវិតនៅឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរបន្ថយការនិករលឹក និងបំបាត់ការនឿយហត់ពីការងារផង រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយើនយូរ ។ អត្ដន័យម្យ៉ាងទៀត ស្ថិតនៅត្រង់ពិធីបុណ្យចូលឆ្នាំថ្មី គឺជាប្រពៃណីមួយ អាចបណ្ដុះស្មារតី ស្រឡាញ់រាប់អានគ្នារវាងអ្នក ស្រុកព្រៀងលាន ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុននោះទេ តែគេនាំគ្នាទៅធ្វើរ បុណ្យនៅវត្ដអារាមទៀត ដែលជាមជ្ឍមណ្ឌលបង្កើតសាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះហើយ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពីណីជាតិមួយ តាំងពីដើមរហូតមក ៕

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: