អក្ខរកម្ម​ជា​កម្លាំង​ចលករ​ដើម្បី​ការ​អភិវឌ្ឍន៍


ទិវា អក្ខរកម្ម​អន្តរជាតិ ​កាល​ពី​សប្តាហ៍​មុន​ គឺជា​ឱកាស​ល្អ​មួយ ដើម្បី​វាយ​តម្លៃ​វឌ្ឍនភាព របស់​យើង​ក្នុង​ការ​អនុវត្ត​កម្មវិធី​អក្ខ​រកម្ម​សម្រាប់​ប្រជាជន គ្រប់​គ្នា ហើយ​ពិចារណា​លើ​បញ្ហា​ប្រឈម​ផ្សេងៗ​ខាង​មុខ។ ឆ្នាំ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធាន​បទ​ដែល​ផ្តោត​លើ​សារៈ​ សំខាន់​នៃ​អក្ខរកម្ម ក្នុង​ប្រទេស​កំពុង​រីក​ចម្រើន គឺ​អក្ខរ​កម្ម​ជា​មូលដ្ឋាន​គ្រឹះ​​សម្រាប់​ការ​អភិវឌ្ឍ។

អក្ខរកម្ម ផ្តល់​ជំនាញ និង​ទំនុក​ចិត្ត​ដល់​ប្រជាជន ឲ្យ​ចេះ​ស្វែងរក​ព័ត៌​មាន​ចាំបាច់ និង​ធ្វើ​សេចក្តី​សម្រេច​ដ៏​ត្រឹម​ត្រូវ ដែល​មាន​ផល​ប៉ះពាល់​ផ្ទាល់​មក​លើ​ក្រុម​គ្រួសារ និង​សហគមន៍​របស់​ពួក​គេ​។ វា​ក៏​ពង្រឹង​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មក ដោយ​ផ្តល់​លទ្ធ​ភាព​ដល់​ប្រជាជន ឲ្យ​ចែក​រំលែក​គំនិត​យោបល់ និង​រក្សា និង​អភិវឌ្ឍ​អត្ត​សញ្ញាណ​វប្បធម៌​ផង​ដែរ​។

លោក​ស្រី ស្ងួន សុផល ​ជា​ឧទាហរណ៍​អស្ចារ្យ​មួយ​ ដែល​បង្ហាញ​ពី​របៀប​ ដែល​អក្ខរកម្ម​អាច​ជួយ​ និង​លើក​ស្ទួយ​ជីវភាព។ ស្រ្តី​អាយុ ៣៥ ឆ្នាំ​រូប​នេះ មក​ពី​ខេត្ត​សៀមរាប ត្រូវ​ចាក​ចេញ​ពី​សាលា​រៀន នៅ​ថ្នាក់​ទី ៣ ដោយ​សារ​គ្រួសារ​របស់​លោក​ស្រី​ មិន​អាច​ទិញ​ឯកសណ្ឋាន​សាលា និង​សម្ភារ​សិក្សា​បាន​។ ប៉ុន្តែ បន្ទាប់​ពី​ចូល​រួម​ក្នុង​ថ្នាក់​អក្ខរកម្ម នៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ដែល​គាំទ្រ​ដោយ National Federation of UNESCO Associations of Japan ជីវិត​របស់​លោក​ស្រី​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ លោក​ស្រី សុផល ឥឡូវ​នេះ ចេះ​អាន សរសេរ និង​អនុវត្ត​ចំណេះ​ដឹង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​អប់រំ លោក​ស្រី​សុផល​បាន​ខិតខំ​ឲ្យ​ក្លាយ​ជា​គ្រូ​បង្រៀន​បឋម​សិក្សា ដោយ​ផ្តល់​ជំនួយ​ដល់​ក្មេងៗ និង​លើក​ស្ទួយ​សហគមន៍​របស់​លោក​ស្រី​។ រឿង​រ៉ាវ​របស់​លោក​ស្រី​សុផល បង្ហាញ​ពី​របៀប​ដែល​អក្ខរកម្ម​ជួយ​បុគ្គល ឲ្យ​ទទួល​បាន​ចំណេះ​ដឹង ​ចូល​រួម​ក្នុង​សហគមន៍​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​មាន​ផល​យូរ​អង្វែង​លើ​សង្គម​។ ​អត្ថ​ប្រយោជន៍​នៃ​សង្គម​ដែល​ចេះ​អាន ចេះ​សរសេរ​គឺ​ច្បាស់លាស់ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា។ នៅ​កម្ពុជា ជំរឿន​ប្រជាជន​ឆ្នាំ ២០០៨ បាន​កំណត់​អត្រា​អក្ខរកម្ម​របស់​ប្រជាជន​អាយុ​ពី ១៥ ឆ្នាំ​ឡើង​ទៅ គឺ ៧៧,៦ ភាគរយ។ បើ​ទោះ​បី​ជា​តួលេខ​នេះ ជា​ការ​ល្អ​ប្រសើរ ជាង​តួលេខ​ក្នុង​ជំរឿន​ឆ្នាំ ១៩៩៨ ​ដែល​មាន​អត្រា ៦៧,៣ % ក៏​ដោយ  ក៏​ប៉ុន្តែ​អត្រា​អក្ខរកម្ម អាច​ប្រើ​ប្រាស់​បាន (ដែល​កំណត់​និយម​ន័យ​ថា សមត្ថភាព​អាន សរសេរ និង​គណនា​ ដើម្បី​ការ​អភិវឌ្ឍ​ខ្លួន​ឯង ឬ​សហគមន៍) ត្រូវ​បាន​វាស់វែង​ឃើញ​ថា មាន​កម្រិត​តែ ៣៧,១ % ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ១៩៩៩ ដែល​នេះ​ បញ្ជាក់​ថា កម្រិត​អក្ខរកម្ម អាច​ប្រើ​ប្រាស់​បាន អាច​ទាប​ជាង​រង្វាស់​រង្វែង​ជំរឿន ដែល​ប្រជាជន​ជា​អ្នក​អះអាង​ដោយ​ខ្លួន​ឯង។ ​បញ្ហា​ប្រឈម​អក្ខរកម្ម នៅ​កម្ពុជា ក៏​ស្ថិត​លើ​ការ​កាត់​បន្ថយ​នៃ​អត្រា​អក្ខរកម្ម ក្នុង​ចំណោម​ប្រជាជន​ក្នុង​ក្រុម​អាយុ​ដូច​គ្នា និង​ភេទ​ដូច​គ្នា (៨៥,១% ក្នុង​ចំណោម​បុរស ៧០,៩%​ ក្នុង​ចំណោម​ស្រ្តី) រវាង​ប្រជាជន​នៅ​ទីក្រុង/ទីប្រជុំជន និង​តាម​ជន​បទ(៩០,៤%  នៅ​ទីក្រុង​និង​ប្រជុំជន និង ៧៤% ​នៅ​ជន​បទ) និង​ក្នុង​ចំណោម​ជន​ជាតិ​ភាគ​តិច និង​ជន​បាត់បង់​ឱកាស​បំផុត។

ក្នុង ខេត្ត​រតនគិរី ដែល​មាន​ជន​ជាតិ​ដើម​ច្រើន​បំផុត ដែល​មិន​និយាយ​ភាសាខ្មែរ អត្រា​អក្ខរកម្ម​សម្រាប់​មនុស្ស​ពេញ​វ័យ ​គឺ​ ៤៥,៩% ប៉ុណ្ណោះ ខណៈ​ដែល​អត្រា​អនក្ខរកម្ម​មាន​ជា​ទូទៅ នៅ​តំបន់​ដាច់​ស្រយាល ដែល​ជា​កន្លែង​ពិបាក​ធ្វើ​កិច្ច​អន្តរាគមន៍។ បញ្ហា​កាន់​តែ​ព្រួយ​បារម្ភ​ទៅ​ទៀត​នោះ គឺ​ការ​បង្កើន​អត្រា​អក្ខរកម្ម​ហាក់​ដូច​ជា​យឺត​យ៉ាវ ដោយ​សារ​កត្តាជន​អន​អក្ខរកម្ម​ភាគ​ច្រើន​ជា​សមាជិក​នៃ​ក្រុម​ពិបាក​ចូល​ទៅ​ដល់ ដូច​ជាជន​ជាតិ​ភាគ​តិច ជន​ចំណាក​ស្រុក ឬ​ជន​ក្រីក្រ។ តួលេខ​ទាំង​នេះ ​គួរ​ជា​ការ​អំពាវ​នាវ​ជា​បន្ទាន់​ដល់​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​​ ឲ្យ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ក្នុង​ការ​លើក​កម្ពស់​អក្ខរ​កម្ម​ជាតិ។

ដូច្នេះ តើ​អ្វី​ដែល​កម្ពុជា​កំពុង​ធ្វើ​ដើម្បី​ជម្នះ​បញ្ហា​ទាំង​អស់​នេះ? ក្រសួង​អប់​រំ យុវ​ជន​ និង​កីឡា បាន​កំពុង​ព្រាង​​ផែន​ការ​ពន្លឿន​អក្ខ​រ​កម្ម​ថ្នាក់​​ជាតិ​ ក្រោម​ការ​​​អភិវឌ្ឍ​សមត្ថ​ភាព ដើម្បី​កម្មវិធី​ការ​អប់​រំ​ប្រជា​ជន​គ្រប់​គ្នា​ ដែល​គាំទ្រ​ឧបត្ថម្ភ​ដោយ​អង្គ​ការ UNESCO។

​ ផែន​ការ​នេះ​ មាន​គោល​បំណង​ពន្លឿន​​ការ​លើក​ស្ទួយ​អក្ខរកម្ម​​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ គោល​ដៅ​អក្ខរ​កម្ម​ នៃ​​កម្មវិធី​​អប់​រំ​ សម្រាប់​ប្រជា​ជន​គ្រប់​គ្នា ឆ្នាំ​ ២០១៥ ​តា​ម​រយៈ​ការ​កំណត់​អាទិភាព និង​យុទ្ធ​សាស្រ្ត​ ដើម្បីទៅ​ដល់​ក្រុម​ដែល​បាត់​បង់​ឱកាស។ ​ក្រសួង​កំពុង​ព្រាង​ផែន​ការ​នេះ នៅ​ថ្នាក់​ស្រុក និង​ខេត្ត ផ្អែក​លើ​ផែន​ទី​អត្រា​អនក្ខ​រកម្ម​ចំនួន ៥០០ ផែន​ទី​។

តំណាង​ពី​ការិយាល័យ​​ និង​មន្ទីរ​អប់​រំ​ស្រុក​​ និង​ខេត្ត​ទាំង​អស់ ​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តា​ល​កសាង​សមត្ថ​ភាពជា​ច្រើន ស្តីពី​ការ​វិភាគ​ និង​រៀប​ចំ​ផែន​ការ ​ផ្អែក​លើ​ភស្តុ​តាង​ ដែល​មានចំណុច​​អាទិភាព​ច្បាស់​លាស់ ការ​កំណត់​ចំណាយ​ជាក់​ស្តែង ​ការ​ប្រើ​ប្រាស់​ធន​ធាន​មាន​ស្រាប់​ ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ការ​ប្រើ​ប្រាស់​ភាព​ជា​ដៃគូ។ ​នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើក​ទី ១ ដែល​ដឹក​នាំ​ដោយ​ក្រសួង​ ក្នុង​ការ​រៀប​ចំផែន​ការ​ពី​ក្រោម​ទៅ​លើ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​បាត់​បង់​ឱកាស ​ក្នុង​សហគមន៍​កម្ពុជា។ អង្គ​ការ UNESCO សង្ឃឹម​ថា កម្ពុជា​អាច​ជា​ឧទាហរណ៍​ល្អ​មួយ​ សម្រាប់​ប្រទេស​អាស៊ី​ដទៃ​ទៀត តាម​រយៈ​បទពិសោធ​សិក្សា​នេះ ខណៈ​យើង​ខិត​ជិត​ដល់​​ថ្ងៃ​កំណត់​ឆ្នាំ ២០១៥ ចំពោះ​គោល​ដៅ​ទាំង​អស់​ នៃ​កម្មវិធី​អប់រំ​សម្រាប់​ប្រជា​ជន​គ្រប់​គ្នា​។ ​គំនិត​ផ្តួច​ផ្តើម​ជា​ច្រើន​ ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ ដើម្បី​ពន្លឿន​វឌ្ឍនភាព នៃ​កម្មវិធី​អប់រំ​សម្រាប់​ប្រជា​ជន​គ្រប់​គ្នា ក្រោម​កម្មវិធី​របស់​អង្គ​ការ​ UNESCO។​ គម្រោង​សាក​ល្បង​ បាន​រៀប​ចំ​ឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ​ព័ត៌​មាន​អប់​រំ​​សម្រាប់​ការ​អប់​រំ​ក្រៅ​ប្រព័ន្ធ សេចក្តី​ត្រូវ​ការ និង​​ការ​វាយ​តម្លៃ​សមត្ថ​ភាព​។

អង្គការ UNESCO ក៏​កំពុង​ធ្វើ​ការ​ដើម្បី ធ្វើ​ឲ្យ​មជ្ឈ​មណ្ឌល​សិក្សា​សហគមន៍​សកម្ម​ឡើង​វិញ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​គោលនយោបាយ ​និង​បង្កើត​យន្តការ​សម្រប​សម្រួល​សម្រាប់​ភាគី​​ពាក់​ព័ន្ធ​នៃ​ការ​អប់រំ ក្រៅ​ប្រព័ន្ធ។ ការ​លើក​កម្ពស់​អក្ខរកម្ម​ជា​មូលដ្ឋាន​នៃ​ការ​សិក្សា​មួយ​ជីវិត​ នឹង​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​ដូច្នេះ វា​មាន​ផល​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កិច្ច​នៃ​ប្រទេស កម្ពុជា។ ​អង្គ​ការ UNESCO នៅ​កម្ពុជា សហការ​ជាមួយ​នឹង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ​ និង​សង្គម​ស៊ីវិល កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​សម្រេច​បាន​អក្ខរកម្ម​សម្រាប់​ប្រជាជន​គ្រប់​ គ្នា​ដែល​ជា​កម្លាំង​សំខាន់​ សម្រាប់​ការ​ផ្លាស់​ប្តូរ។ ចូរ​យើង​ធ្វើ​ការ​រួម​គ្នា ក្នុង​ការ​ពន្លឿន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អក្ខរ​កម្ម​នេះ ដើម្បី​សម្រេច​ក្តី​សង្ឃឹម​សន្តិភាព និង​ការ​អភិវឌ្ឍ​ចីរភាព​នៅ​កម្ពុជា៕ TK

Anne Lemaistre ជា​តំណាង​អង្គ​ការ UNESCO នៅ​កម្ពុជា

ប្រភពឯកសារ៖ ភ្នំពេញប៉ុស្តិ៍

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: