មហារីក​ខួរក្បាល


ខួរក្បាល​ជាប្រព័ន្ធ​បញ្ជា​ទូទៅ​មួយ​ដែលមាន​តួនាទី​សំខាន់​បំផុត ហើយ​ខួរក្បាល​ក៏ជាទីតាំង​សំខាន់​ផងដែរ​ក្នុងការ​បែងចែក​ទៅគ្រប់​ប្រព័ន្ធ​សារពាង្គ​កាយ និង​សរីរាង្គ​កាយ​ផ្សេងៗ​នៅក្នុង​រាងកាយ​មនុស្ស​ម្នាក់។ ប្រសិនបើ​ខួរក្បាល​នេះរង​សម្ពាធ​ដោយសារ​ជម្ងឺ​ផ្សេង​ហើយ លោកអ្នក​នឹង​ម្រឈម​មុខនឹង​ផល​ប៉ះពាល់​យ៉ាង​ច្រើន អាចជួប​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង។ 
តើជម្ងឺ​មហារីក​ខួរក្បាល​គឺជា​អ្វី?

មហារីខួរក្បាល

មហារីខួរក្បាល

មហារីក​ខួរក្បាល​គឺជា​ដុំសាច់​មួយ​ប្រភេទ​មិនធម្មតា ដុះក្នុង​ខួរក្បាល​លោកអ្នក ហើយ​រីកធំ​ធាត់ឡើង​យ៉ាង​លឿន ដោយ​មិនស្ថិត​ក្រោមការ​គ្រប់គ្រង​របស់​ជីវសាស្ត្រ​តាម​ធម្មជាតិរបស់​ខ្លួនមនុស្ស​ទូទៅ​ឡើយ។ បន្ទាប់​ពីការ​រីកធំ​ទៅ​សាច់នេះ​សង្គត់​ទៅលើ​ខួរក្បាល បានធ្វើឱ្យ​មានការ​ប្រែប្រួល​មុខងារ​ទាំងឡាយ​នៅលើ​សារពាង្គ​កាយ ហើយ​បង្កឱ្យ​អ្នកជម្ងឺ​មាន​អាការ​ប្រកាច់ ឈឺក្បាល​ខ្លាំង សន្លប់ ហើយ​អាចឱ្យ​អ្នកជម្ងឺ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

រោគសញ្ញា​ជម្ងឺ​មហារីក​ខួរក្បាល

មុនដំបូង​លោកអ្នក​ដែលមាន​ជម្ងឺ​មហារីក​ខួរក្បាល ឬ​មហារីក​ទូទៅ​ដែល​កើតមាន​គ្រប់សារពាង្គ​កាយ មិនបាន​បង្អាញ​រោគសញ្ញា​ឱ្យដឹង​នោះទេ។ ប្រសិន​បើវា​បង្ហាញ​រោគ​សញ្ញាមក​ខាងក្រៅ​ពេលណា​នោះ អ្នកជម្ងឺ​បង្ហាញ​ស្ថានភាព​ធ្ងន់ធ្ងរ​ជិតដល់ថ្ងៃ​ស្លាប់​តែម្តង។ ជម្ងឺ​នេះ សូម្បីតែ​វេជ្ជបណ្ឌិត​មួយចំនួន​ក៏លំបាក​ក្នុងការ​ដឹងមុន​ផងដែរ ព្រោះ​ដោយសារ​តែការ​វិវឌ្ឍន៍របស់វា​មាន​សភាព​ស្ងប់ស្ងៀម ដោយ​មិនបង្អាញ​រោគសញ្ញា​ជាមុន។ លុះត្រា​តែសាច់​ដុះក្នុង​ខួរក្បាល​ឡើង​រហូត​ដល់​៣សងទី​ម៉ែត្រ ហើយ​អ្នកជម្ងឺ​ចាប់ផ្តើម​ឈឺក្បាល​ខ្លាំង រហូត​ដល់​ប្រកាច់​តែម្តង​ទើបអាច​ដឹងបាន។ អាការ​បែបនេះ​លោកអ្នក​មួយចំនួន​យល់​ថា ជាជម្ងឺ​​ឆ្គួត​ជ្រូក​ហើយ​ប្រឹងប្រែង រកថ្នាំ​លេប​ដើម្បី​កាត់​បន្ថយ ប៉ុន្តែ​អាការ​ប្រកាច់​នៅតែ​មាន​រហូត។ លុះមក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទើបដឹង​ថាជាជម្ងឺ​មហារីក​ខួរក្បាល។ ម្យ្គាងទៀត​រោគសញ្ញា​បាន​បង្ហាញ​ដែល​មនុស្ស​ទូទៅ​មិនបាន​ចាប់​អារម្មណ៍​នោះ អ្នកជម្ងឺ​បាន​ផ្លាស់ប្តូរ​បុគ្គលិក​លក្ខណៈ ដូចជា​លោកអ្នក​មួយចំនួន​ធ្លាប់តែ​ជាមនុស្ស​ស្ងាត់​ស្ងៀម​ ឬ​ស្លូតបូត បែរ​ក្លាយជា​មនុស្ស​ម្នាក់កាច​សាហាវ ហើយ​និយាយ​ស្តី​ច្រើន​ដោយមិន​ដឹងថា​ខ្លួនឯង​និយាយ​ត្រូវ​ ឬ​ខុស។ មួយវិញ​ទៀត​អ្នកជម្ងឺ​មួយចំនួន​បាន​បង្វែរ​ចំណង់​ចំណូលចិត្ត​ទៀតផង ដូចជា​ពីមនុស្ស​ចូលចិត្ត​ញ៉ាំ​បង្អែម តែ​ក្រោយមក​បែរជា​ចូលចិត្ត​ញ៉ាំ​ម្ជូរវិញ។ អាការ​បែបនេះ​ក៏បង្ហាញ​ឱ្យដឹង​ថា លោកអ្នក​ដែល​កែប្រែ​បែបនេះ គួរ​ប្រញាប់​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យាបាល ដើម្បី​ស្វែងរក​មុខសញ្ញា​ជម្ងឺ​និង​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។

មូលហេតុ​បណ្តាល​ឱ្យមាន​ជម្ងឺ​មហារីក​ខួរក្បាល

មកដល់​ថ្ងៃនេះ​គ្មានការ​​សិក្សា​ណាមួយ​រកឃើញ​មូលហេតុ​បង្ក​ឱ្យមាន​ជម្ងឺ​មហារីក​ខួរក្បាល​នោះ​ទេ។ ជម្ងឺនេះ​ជាជម្ងឺ​សាហាវ​បំផុត បន្ទាប់ពី​ជម្ងឺ​មហារីក​មាត់ស្បូន​ស្ត្រី។ ហើយ​ការ​ព្យាបាល​ជាទូទៅ​តែងតែ​ទទួលនូវ​ភាព​បរាជ័យ​ជានិច្ច ដោយ​សារតែ​គ្រូពេទ្យ​ជំនាញ​មួយចំនួន​មិនដឹង​មូលហេតុ​ច្បាស់លាស់។

វិធី​សាស្ត្រ​ព្យាបាល​ជម្ងឺ​មហារីក​ខួរក្បាល

វិធី​ព្យាបាល​ជម្ងឺនេះ​មានពីរ​យ៉ាង ដោយពេល​ខ្លះ​គ្រូពេទ្យ​ជ្រើសរើស​យកវិធី​ព្យាបាល​ដោយ​ឯកឯង ឬយក​វិធី​ព្យាបាល​ទាំងពីរ​គួបផ្សំគ្នា​ក្នុងពេល​តែមួយ។

១ . វិធី​ព្យាបាល​ដោយ​វះកាត់ គឺ​វះកាត់​យកដុំ​សាច់ដុះ​លើខួរក្បាល​ចេញឱ្យ​អស់ ប្រសិន​បើមាន​ដុំសាច់​តូចអ្នក​ជម្ងឺ​មាន​ឱកាស​រស់​កាន់តែ​យូរ។ បើ​ដុំនោះ​ធំអ្នក​ជម្ងឺ​កាន់តែ​កាត់បន្ថយ​នូវការ​រស់នៅ​ដោយមាន​សង្ឃឹម​តិចតួច​ណាស់ ដោយសារ​តែការ​វះកាត់ មិនអាច​ប្រព្រឹត្ត​ទៅបាន។ បន្ទាប់ពី​វះកាត់​យកដុំ​សាច់ដុះ​លើខួរក្បាល​ហើយ គ្រូពេទ្យ​អាច​ប្រើ​វិធី​បាញ់កាំរស្មី​អ៊ិច​គ្របពីលើ​ដើម្បី​សម្លាប់​មេរោគ​មហារីក។ ដោយឡែក​ប្រសិន​បើដុំ​មហារីក​ខួរក្បាល​ដែល​គ្រូពេទ្យ​វះកាត់​យកចេញ​អស់ អ្នកជម្ងឺ​មាន​សង្ឃឹម​រស់នៅ​បានយូរ។ ការ​វះកាត់​នេះ​សម្រាប់​អ្នកជម្ងឺ​១០០នាក់ មាន៨០​ ឬ​៩០នាក់​ហើយ​ដែលមិន​អាច​វះកាត់​យកចេញ​អស់។

២ . វិធី​ព្យាបាល​ដោយ​កាំរស្មី​អ៊ិច ភាគច្រើន​ប្រើប្រាស់​ចំពោះ​អ្នកជម្ងឺ​ដែល​ដុំសាច់​ដុំ​ខ្ពស់​រហូត​ដល់១១ ឬ​១២សង់ទី​ម៉ែត្រ ដែល​គ្រូពេទ្យ​មិនអាច​ជ្រើសរើស​យកវិធី​វះកាត់​ដើម្បី​ព្យាបាល។ ព្រោះ​ប្រសិនបើ​វះកាត់​យកដុំ​សាច់​នេះចេញ អាច​ធ្វើឱ្យ​ខួរក្បាល​ប្រហោង ហើយ​អ្នកជម្ងឺ​អាច​ស្លាប់​នៅលើតុ​វះកាត់​នេះតែ​ម្តង ទើបគេ​ជ្រើសរើស​យកវិធី​ព្យាបាល​តាម​កាំរស្មី​អ៊ិច ដើម្បីសម្លាប់​មេរោគ​មហារីក បញ្ចៀស​នូវការ​ដុះ​សាច់​មហារីក​នេះបន្ត​ទៅទៀត​តែប៉ុណ្ណោះ។ ប៉ុន្តែ​អ្នកជម្ងឺ​ដែលមាន​កម្រិត​ដុះសាច់​ខួរក្បាល​ខ្ពស់​បែបនេះ គឺគេច​មិនផុត​ពីការ​បាត់បង់​ជីវិត​ឡើយ បើទោះបី​ជ្រើសរើស​វិធី​ព្យាបាល​តាមវិធី​ណាក៏​ដោយ ព្រោះ​បរិមាណ​សាច់ដុះ​ក្នុង​ខួរក្បាល មាន​កម្រិត​ខ្ពស់។

វិធី​ការពារ​ជម្ងឺ​មហារីក​ខួរក្បាល

ដើម្បី​ការពារ​ជម្ងឺ​នេះ​មិនឱ្យ​វិវឌ្ឍន៍​ទៅមុខ​លឿន​ ហើយ​កាន់តែ​ធ្ងន់ធ្ងរ អ្នកជម្ងឺ​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ទៀងទាត់ ដើម្បី​យកថ្នាំ​មក​ព្យាបាល​ពន្យារ។ ព្រោះ​អ្នក​ជម្ងឺមហារីក​ខួរក្បាល​ដែល​កើតមាន​ដល់​កម្រិត​ខ្ពស់​រហូតឡើង​ដល់១១​ ឬ​១២សង់ទីម៉ែត្រ ងាយនឹង​ប៉ះពាល់​ដល់​អាយុ​ជីវិត បើរស់បាន​ដោយមាន​រយះពេល​ខ្លី។

ផល​ប៉ះពាល់​នៃជម្ងឺ​មហារីក​ខួរក្បាល

អ្នកជម្ងឺ​មហារីក​ខួរក្បាល​នោះ ភាគច្រើន​មាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់​សរីរាង្គ​ផ្សេងៗ ទៅតាម​តំបន់​ដែល​ទាក់ទង​នឹង​ចលនា​សរសៃ​ឈាម​របស់​អ្នកជម្ងឺ។ ឧទាហរណ៍​ថា ប្រសិនបើ​មហារីក​ខួរក្បាល​ធ្វើឱ្យ​ប៉ះពាល់​ត្រង់​តំបន់​ងាប់​មួយ​ចំហៀង​ខ្លួន ធ្វើឱ្យ​អ្នកជម្ងឺ​ងាប់​មួយ​ចំហៀង​ខ្លួន។ បើសិន​ប៉ះចំ​ប្រព័ន្ធ​បញ្ជា ដូចជា​ប្រព័ន្ធ​សម្រាប់​ការនិយាយ​ស្តី ធ្វើឱ្យ​អ្នកជម្ងឺ​មិនអាច​និយាយ​បាន ព្រោះ​ជម្ងឺនេះ​បានកាត់​ផ្តាច់​ទំនាក់​ទំនង​ប្រព័ន្ធ​ប្រសាទ​មួយចំនួន​ទៅតាម​តំបន់ ឬ​ទីតាំង​នៃ​ខួរក្បាល។ ដោយឡែក​ប្រសិនបើ​ប៉ះចំ​តំបន់​មជ្ឈមណ្ឌល​សួត ឬ​បេហដូង អ្នកជម្ងឺ​នឹង​ងាយរង​គ្រោះ​ជាទីបំផុត ធ្វើឱ្យ​អ្នកជម្ងឺ​គាំងបេះដូង ហើយ​សួតលែង​ដំណើរការ ពេលនោះ​ហើយ​អ្នកជម្ងឺ​នឹង​ស្លាប់​មួយ​រំពេច។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​មួយចំនួន​ដែលមាន​អាការក្អួត​ចង្កោរ​ញឹកញាប់ ឈឺក្បាល​ខ្លាំង ឧស្សាហ៍​ប្រកាច់ ឬ​អង្គុយ​សុខៗ​សរសៃ​ទាញដៃ ឬជើង ឬ​បណ្តាល​ឱ្យវៀចមុខ ត្រូវ​ប្រញាប់​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ឱ្យ​គ្រូពេទ្យ​សេ្កន​មើល​ខួរក្បាល ពិនិត្យ និង​ស្វែងរក​ជម្ងឺ​ដុំសាច់​ក្នុង​ខួរក្បាល ព្រោះ​អាការ​បែបនេះ​អាច​បណ្តាល​មកពី​ជម្ងឺ​មហារីក​ខួរក្បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៨ ខែវិច្ឆិកា ឆ្នាំ២០១០

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: