ឡាវ​សង់​ទំនប់​វារីអគ្គិសនី​ថ្មី​ជាប់​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង


 

ដោយ ទីន ហ្សាការីយ៉ា
2012-09-04

ប្រទេស​ឡាវ បាន​សាងសង់​វារីអគ្គិសនី​មួយ​ទៀត​ជា​ឯកតោ​ភាគី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជាប់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ចំប៉ាសាក់ ប្រទេស​ឡាវ។ ទំនប់​ថ្មី​នេះ​ហៅ​ថា ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong)។

​មន្ត្រី​ជាន់​ខ្ពស់​ទន្លេ​មេគង្គ​បាន​អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង នេះ ភាគី​កម្ពុជា មិន​ដឹង​នោះ​ទេ ពី​ព្រោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី នៅ​មាន​ភាព​ចម្រូងចម្រាស​នៅ​ឡើយ។

បញ្ហា​ចម្រូងចម្រាស​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី (Xayabory) នៅ​ប្រទេស​ឡាវ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​រវាង​រដ្ឋាភិបាល​ប្រទេស​ជាប់​តំបន់​ទន្លេ​មេគង្គ មាន កម្ពុជា វៀតណាម ឡាវ និង ថៃ នោះ។ តែ​ឥឡូវ​នេះ​ស្រាប់តែ​ឡាវ មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២ ឈ្មោះ​ថា ដន សាហុង មួយ​ទៀត​ទៅ​វិញ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា មិន​បាន​ដឹង​អំពី​ការ​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង របស់​ឡាវ​នេះ​ទេ។ ប៉ុន្តែ​លោក ស៊ីន នីនី បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់​អគ្គិសនី ដន សាហុង ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក ដែល​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ អិម អា ស៊ី (MRC) រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់​ទៅ​នឹង​គម្រោង​នេះ។

គណៈកម្មាធិការ​ទន្លេ​មេគង្គ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បន្ទាន់​មួយ​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ទី​២​របស់​ខ្លួន​នៅ​លើ​ទន្លេ​មេគង្គ មាន​ថាមពល​ចន្លោះ ២៦០ មេហ្គាវ៉ាត់ ទៅ ៣៨០ មេហ្គាវ៉ាត់។

នៅ​ក្នុង​ខែ​សីហា កន្លង​ទៅ មន្ត្រី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ បាន​ទៅ​ទស្សនកិច្ច​នៅ​ខែត្រ​ចំប៉ាសាក់ ជា​ទី​កន្លែង​ដែល​រដ្ឋាភិបាល​ឡាវ បាន​ស្នើ​សុំ​កសាង​ទំនប់​វារីអគ្គិសនី ដន សាហុង នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា ប្រមាណ​ជា ២​គីឡូម៉ែត្រ។ ការ​ស្នើ​សុំ​គម្រោង​សាងសង់​ទំនប់​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ឡាវ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ម៉ាឡេស៊ី មួយ ឈ្មោះ មេហ្គា ហ្វឺស ខបផូរេហ្សិន ប៉ើរហាត់( Mega First Corporation Berhad)។

ប៉ុន្តែ​ការ​ស្នើ​សុំ​ត្រូវ​បាន​ប្រទេស​ជា​គណៈកម្មាធិការ​ទន្លេ​មេគង្គ រួម​មាន កម្ពុជា វៀតណាម និង ថៃ បាន​ជំទាស់ ដោយសារ​តែ​គម្រោង​នេះ​ខុស​ពី​កិច្ច​ព្រមព្រៀង MRC ឆ្នាំ​១៩៩៥។

កិច្ចព្រមព្រៀង​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ ឆ្នាំ​១៩៩៥ បាន​ចែង​ថា បណ្ដា​ប្រទេស​តាម​ទន្លេ​មេគង្គ​ក្រោម បាន​អនុម័ត​ពិធីសារ​មួយ​ដែល​តម្រូវ​ឲ្យ​ពួក​គេ​ជូន​ដំណឹង​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​លើ​សំណើ​គម្រោង​សាងសង់​វារីអគ្គិសនី​ណា​មួយ​នៅ​លើ​ទន្លេ​នេះ។

អ្នក​សម្របសម្រួល​យុទ្ធនាការ​ថៃ សម្រាប់​ទន្លេ​អន្តរជាតិ អ្នកស្រី ភានផន ឌីថេត (Pianporn Deetes) បាន​លើក​ឡើង​ថា អ្នក​ភូមិ​នៅ​ខែត្រ​ចំប៉ាសាក់ បាន​ប្រាប់​អ្នកស្រី​ថា កម្មករ​សាងសង់​ទំនប់ បាន​បំផ្ទុះ​កន្លែង​ទឹក​ធ្លាក់​នៅ​ក្បែរ​ទំនប់​នោះ​រួច​ហើយ។ ក្រុម​មន្ត្រី​ឡាវ បាន​ប្រាប់​អ្នក​ភូមិ​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​រក​ត្រី​ដោយ​ប្រើ​ឧបករណ៍​នេសាទ​នៅ​ក្នុង​តំបន់​នេះ​ទេ ចាប់​ពី​ដើម​ឆ្នាំ​២០១៤ ទៅ។ ការ​សាងសង់​ទំនប់ និង​ការ​បញ្ឈប់​ឲ្យ​នេសាទ​ត្រី ជា​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​អ្នក​ភូមិ​ដែល​ពឹង​ផ្អែក​របរ​នេសាទ​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ លោក ស៊ីន នីនី បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ចម្រូងចម្រាស​នៅ​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ អំពី​គ្រោង​សាងសង់​ទំនប់​នេះ​របស់​ឡាវ ប៉ុន្តែ​ភាគី​ឡាវ​នៅ​តែ​អះអាង​ថា គេ​រង់ចាំ​សិក្សា​ស្រាវជ្រាវ និង​ឯកភាព​ពី​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ទើប​គេ​សាងសង់ ផ្ទុយ​ទៅ​វិញ​សកម្មភាព​ជាក់ស្ដែង​គេ​នៅ​តែ​បន្ត​សាងសង់​ដដែល​នៅ​តំបន់​នោះ។

នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​ទទួល​បន្ទុក​ខាង​បរិស្ថាន ទន្លេ​អន្តរជាតិ អ្នកស្រី អេមេ ឌ្រិនឌឹម (Ame Trandem) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ទំនប់ ដន សាហុង នឹង​មាន​គ្រោះថ្នាក់​ដល់​ការ​នេសាទ​នៅ​ទន្លេ​មេគង្គ ដូច​នឹង​នៅ​តំបន់​ទំនប់​សាយ៉ាបូរី ដែរ ពីព្រោះ​ថា ផល​ប៉ះពាល់​មាន​កាត់​តាម​ព្រំដែន។

អ្នកស្រី​បញ្ជាក់​ថា បញ្ហា​នេះ​រដ្ឋាភិបាល​ឡាវ គួរ​តែ​បញ្ជាក់​ភ្លាម និង​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​អំពី​ការងារ​ជីក​ប្រឡាយ​នៅ​កន្លែង​ទឹក​ចម្រោះ ខន (Khone)។ លើស​ពី​នេះ​ទៀត អ្នកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឡាវ គួរ​តែ​លុប​ចោល​គម្រោង​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ឡាវ ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ កញ្ញា។

អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន បាន​អះអាង​ថា គម្រោង​សាងសង់​ទំនប់ ដន សាហុង នេះ ជា​គម្រោង​ចាស់​របស់​ឡាវ ដែល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ឡាវ​បាន​ផ្អាក​គម្រោង​នេះ បន្ទាប់​ពី​មាន​ការ​ជំទាស់​ពី​គណៈកម្មាធិការ​ទន្លេ​អន្តរជាតិ និង​ពី​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ឡាវ បាន​លួច​សាងសង់​ទំនប់​នេះ​ឡើង​វិញ​គ្មាន​អ្នក​ណា​ដឹង។

លោក ស៊ីន នីនី មាន​ប្រសាសន៍​ថា បញ្ហា​នេះ​កម្ពុជា​នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ឡាវ​បន្ត​គម្រោង​សាងសង់​ទំនប់ ដង សាហុង នៅ​ខណៈ​ដែល​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរី មិន​ទាន់​ដោះស្រាយ​បាន​បញ្ចប់​នោះ។

លោក ស៊ីន នីនី អះអាង​ទៀត​ថា បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា កំពុង​រៀបចំ​លក្ខខណ្ឌ​ការងារ (Team Reference) នៃ​ការ​សិក្សា​ទំនប់​សាយ៉ាបូរី ដើម្បី​ដាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ពីព្រោះ​ថា ជប៉ុន​បាន​យល់​ព្រម​ឲ្យ​អ្នក​ជំនាញ​របស់​ខ្លួន​ចុះ​មក​សិក្សា​ស្រាវជ្រាវ​ហើយ រង់ចំា​តែ​លក្ខខណ្ឌ​ការងារ​ស្រាវជ្រាវ​នេះ​ទេ។

អាង​ទន្លេ​មេគង្គ​ជា​ជម្រក​នៃ​មនុស្ស​ចំនួន ៦៥​លាន​នាក់ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួល​បាន​នូវ​ជាតិ​ប្រូតេអ៊ីន​ពី ៤០ ទៅ ៨០% ពី​ផល​នេសាទ​ទឹក​សាប។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ចំនួន ១១ លើ​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ​ក្រោម​រាប់​ទាំង​ទំនប់​សាយ៉ាបូរី ផង​ដែរ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចលនា​បម្លាស់ទី​របស់​ត្រី និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​នៃ​ទន្លេ​នេះ៕

ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី

 

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: