ពលរដ្ឋ​ខ្មែរ​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា


ដោយ អ៊ួន ឈិន

2012-09-05

ប្រជាពលរដ្ឋ​កម្ពុជា ស្ទើរ​គ្រប់​ទី​កន្លែង​សម្ដែង​ក្ដី​បារម្ភ​អំពី​អនាគត​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ពួក​គាត់​ព្រួយ​ខ្លាច​ក្រែង​មន្ទីរ​ពេទ្យ​នេះ​មិន​អាច​ដំណើរ​ការ​បាន​តទៅ​ទៀត ដោយសារ​កង្វះ​ថវិកា។

ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ ក្រុម​ប្រជាពលរដ្ឋ មាន​ទាំង​យុវជន សិស្ស និស្សិត មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បុគ្គលិក​ក្រុមហ៊ុន​មួយ​ចំនួន បាន​នាំ​គ្នា​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​ផ្គត់ផ្គង់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​មាន​ទាំង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ផង។

ការ​ប្រឹងប្រែង​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ត​ដំណើរ​ការ​សង្គ្រោះ​កុមារ​កម្ពុជា តទៅ​ទៀត កំពុង​តែ​ផុលផុស​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន។

មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​មន្ទីរពេទ្យ​តែ​មួយ​គត់​ដែល​ផ្ដល់​សេវា​ព្យាបាល​សម្រាប់​កុមារ​ដោយ​ឥត​គិត​ថ្លៃ​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ពេល​ដំណើរ​ការ​ឡើង​វិញ នៅ​ឆ្នាំ​១៩៩១ រហូត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​សាខា​សរុប​ចំនួន ៥​សាខា​ហើយ គឺ​ទី​១ ស្ថិត​នៅ​ក្នុង​បរិវេណ​ព្រះបរមរាជវាំង សាខា ៣​ទៀត នៅ​ម្ដុំ​វត្ត​ភ្នំ និង​សាខា​ចុង​ក្រោយ​នៅ​ក្រុង​សៀមរាប គឺ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ ដែល​សាខា​ទាំង​អស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វេជ្ជបណ្ឌិត​ជនជាតិ​ស្វីស ឯកទេស​ផ្នែក​ជំងឺ​កុមារ គឺ​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ (Beat Richner) ជា​ប្រធាន។

អត្ថបទ​នៅ​លើ​គេហទំព័រ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញ​ថា រហូត​មក​ដល់​ពេល​នេះ តម្រូវ​ការ​ថវិកា​សម្រាប់​ដំណើរ​ការ​មន្ទីរពេទ្យ​គឺ ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នៅ​ក្នុង​ឆ្នាំ​២០១០ កុមារ​ជិត ១,៥​លាន​នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​សាខា​ទាំង ៥ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​បាន​ទទួល​សេវា​ព្យាបាល​សេវា​វះកាត់ និង​ទទួល​វ៉ាក់សាំង​ពី​មន្ទីរពេទ្យ​នេះ។ ដោយ​ឡែក​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ១០​ម៉ឺន​នាក់​បាន​ទទួល​សេវា​ពិនិត្យ និង​សម្រាល​កូន។

អត្ថបទ​នៅ​លើ​គេហទំព័រ​បញ្ជាក់​ថា បើ​គ្មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ កុមារ​ចំនួន ៣.២០០​នាក់​នៅ​កម្ពុជា នឹង​ត្រូវ​បាត់បង់​ជីវិត​ជា​រៀងរាល់​ខែ។

កន្លង​ទៅ ថវិកា​សម្រាប់​ដំណើរ​ការ​មន្ទីរពេទ្យ គឺ​​បាន​មក​ពី​ការ​ខិតខំ​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ តាម​រយៈ​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន ដោយ​លោក​កូដ​វីយោឡុង ក្នុង​ការ​ប្រគំ​តន្ត្រី​ផង ប៉ុន្តែ​ពេល​នេះ​លោក​មាន​អាយុ ៦៥​ឆ្នាំ​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក សុរិយវង្ស ទេវ័ន្ត មាន​ប្រសាសន៍​ថា ក្រោយ​រូប​លោក និង​មិត្តភ័ក្ដិ​បាន​ទទួល​ដំណឹង​ដែល​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ បាន​ប្រកាស​តាម​ហ្វេសប៊ុក អំពី​វិបត្តិ​ថវិកា ក្រុម​របស់​លោក​ក៏​បាន​ចាប់​ផ្ដើម​រួបរួម​គ្នា​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មក​ដល់​ពេល​នេះ​ក្រុម​របស់​លោក​មាន​សមាជិក​ជិត ២​ពាន់​នាក់​ហើយ។

ក្រុម​របស់​លោក​មាន​ទាំង​មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បុគ្គលិក​ក្រុមហ៊ុន សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​សុទ្ធសាធ ដោយ​ពួក​គេ​នាំ​គ្នា​ពាក់​អាវ​យឺត​ស​ដែល​សរសេរ​ថា យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា រួម​ចំណែក​ថែទាំ​សុខភាព​កុមារ​នៅ​កម្ពុជា។ នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា ពួក​គេ​បាន​ប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​ក្នុង​ភូមិ​មួយ​នា​ក្រុង​តាខ្មៅ។

លោក សុរិយវង្ស ទេវ័ន្ត បន្ត​ថា កាល​ពី​ពួក​លោក​យក​ថវិកា​ពី​សប្បុរសជន​ចំនួន​ជិត ៤​ពាន់​ដុល្លារ​ទៅ​ប្រគល់​ជូន​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ នៅ​ឯ​ក្រុង​សៀមរាប កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ពួក​គេ​ថា មន្ត្រី​រដ្ឋាភិបាល​ឡាវ និង ភូមា បាន​មក​ទាក់ទង​សុំ​ឲ្យ​វេជ្ជបណ្ឌិត​ជួយ​សាងសង់​មន្ទីរពេទ្យ​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ប្រទេស​គេ​ដែរ ប៉ុន្តែ​លោក​ឆ្លើយ​ថា លោក​ត្រូវ​ជួយ​ពង្រីក​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​បាន ៧​សាខា​សិន និង​បន្ត​ដំណើរ​ការ​រយៈ​ពេល ២០​ឆ្នាំ​ទៀត។

សមាជិក​បណ្ដាញ​ហ្វេសប៊ុក​ម្នាក់ ដែល​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នា​ក្រុង​សៀមរាប កញ្ញា ទៀង សោភា កោត​សរសើរ​ចំពោះ​ការ​តស៊ូ​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិឆខណឺរ៖«គាត់​ឡើង​មក​លើ​វេទិកា​ដើម្បី​លេង​វីយោឡុង​របស់​គាត់។ ខ្ញុំ​ឃើញ​សភាព​រាង​កាយ​របស់​គាត់​ដូច​ចាស់​ខ្លាំង ប៉ុន្តែ​គាត់​នៅ​តែ​តស៊ូ​មក​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ហ្នឹង»

នៅ​កន្លែង​ប្រកាស​រក​ជំនួយ​សប្បុរសធម៌​មួយ​នា​ក្រុង​សៀមរាប ប្រធាន​ផ្នែក​ចាក់​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប​រស្មី​ស្តារ លោក ទេស សុខា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​យក​ចិត្ត​ទុកដាក់​នឹង​អនាគត​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ពួក​គាត់​បាន​បរិច្ចាគ​ថវិកា​សម្រាប់​ជួយ​មន្ទីរពេទ្យ ដោយ​មាន​ថ្ងៃ​ខ្លះ​ក្រុម​របស់​លោក​ទទួល​បាន​ថវិកា​ចំនួន​ជាង ២​ពាន់​ដុល្លារ។

លោក ខៀវ សុធារ៉ា រស់នៅ​សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ដែល​បាន​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​មក​បរិច្ចាគ​ថវិកា គិត​ថា បើ​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បិទ ឬ​ឈប់​ផ្ដល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដូច​សព្វ​ថ្ងៃ កុមារ​កម្ពុជា រាប់​សែន​នាក់ ជា​ពិសេស​កុមារ​ក្រីក្រ​នឹង​រង​គ្រោះ៖ «ចំណាយ​ថវិកា​បន្តិចបន្តួច​ដើម្បី​ជួយ​​ដល់​មន្ទីរពេទ្យ ដើម្បី​ជួយ​កុមារ​ក្រីក្រ​កម្ពុជា បន្ត​ទៅ​មុខ​ទៀត»

ចំណែក​ឯ​យុវជន​និង​កុមារ​នៃ​ក្រុម​តន្ត្រី​បងប្អូន ដែល​ជីវិត​របស់​ពួក​គេ​ចំនួន ៤​នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​ទាំង ៨​នាក់ ត្រូវ​បាន​សង្គ្រោះ​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ផលិត​ចម្រៀង​មួយ​បទ​ដើម្បី​បង្ហាញ​នូវ​ភាព​កតញ្ញូ​របស់​ពួក​គេ ដែល​ទំនុក​ច្រៀង​នៃ​បទ​នេះ​និពន្ធ​ដោយ លោក ស៊ុំ សារឿន។

អ្នក​វាយ​ស្គរ​នៃ​ក្រុម​តន្ត្រី​បងប្អូន កញ្ញា សោម ស្រីនា ថ្លែង​ថា កាល​ពី​កញ្ញា​ស្ថិត​ក្នុង​វ័យ​កុមារ នាង​មាន​ជំងឺ​ស្អិត​ពោះវៀន ហើយ​ត្រូវ​វះកាត់​ពោះវៀន​ចំនួន ៣​កំណាត់។ កញ្ញា​បន្ថែម​ថា រាល់​ពេល​ដែល​កញ្ញា​ធ្វើ​ដំណើរ​ក្បែរ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា កញ្ញា​តែង​នឹក​ដល់​គុណ​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​សង្គ្រោះ​ជីវិត​នាង។

គេហទំព័រ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​ទទួល​ប្រាក់​បរិច្ចាគ​ចំនួន ២​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា ៤​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វីស និង ២២​លាន​ដុល្លារ​ពី​សប្បុរសជន​នានា​ជា​រៀងរាល់​ឆ្នាំ ហើយ​ក្នុង​រយៈ​ពេល​ពេល ២០​ឆ្នាំ​កន្លង​ទៅ​នេះ ថវិកា​ចំនួន ៤០០​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​សម្រាប់​ដំណើរ​ការ​មន្ទីរ​ពេទ្យ៕

ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: