ទឹកដី​ភ្នំពេញ គឺជា​ផ្នែក​មួយ​របស់​នគរ​ភ្នំ


វា​ជាការ​ពិតណាស់ ដែលថា​តំបន់​វត្ត​ជើងឯក​ដែល​ស្ថិតក្នុង​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជិត​រាជធានី​ភ្នំពេញ ត្រូវបាន​គេ ទទួលស្គាល់ថា ជា​តំបន់​មួយ​ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ ។ ភស្ដុតាង​ដ៏​វិសេសវិសាល គឺ​វត្ត​មាននៃ ភូមិ​មូល​មួយ​មាន​អង្កត់ផ្ចិត ១​គ​.​ម ដែលជា​សំណង់ ស្ថាបត្យកម្ម​ធ្វើ​អំពី​ដី​លើក​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ​ដែលមាន​រាង​មូល ។

 

​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ចំណេះ​ចេះដឹង ទើប​ថ្មីៗ​នេះ​យើង​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ បន្ថែម​នៅក្នុង​តំបន់​នេះ ។ ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​បុរាណវិទ្យា ជាពិសេស ឡ​សម្រាប់​ផលិត​កលា​ល​ភាជន៍​តាំងពីដើម​សម័យ ប្រវត្តិសាស្ដ្រ ដែល​កំពុង​ទទួល​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ ដោយ​ទំនើបកម្ម គួបផ្សំ ជាមួយ​លំហូ​មនុស្ស​ថ្មី​ក្នុង​តំបន់ និង​ការ​ទិញដូរ​ដី​ពី​ឈ្មួញ​ធំៗ យើង​បាន​ប្រមែប្រមូល​នូវ​ទិន្នន័យ​ខាង​បុរាណវិទ្យា​មួយចំនួន ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ ប្រយោជន៍​នឹង​ថែរក្សា​ស្លាកស្នាម​វប្បធម៌​បុរាណ​ដែលជា​ឫសកែវ​នៃ​ប្រវត្តិ​របស់​ទីក្រុង​ភ្នំពេញ ។​

ផែនទី​នៃ​តំបន់​ជើងឯក មើល​ពីលើ​អាកាស (​ឯកសារ​របស់ Phon Kaseka, Ceramics production at Cheung Ek Kiln Site, Cambodia, in 5th International Conference on “Southeast Asian Cultural Values : Cultural Industry” December, 17th 2000)

ផែនទី​នៃ​តំបន់​ជើងឯក មើល​ពីលើ​អាកាស (​ឯកសារ​របស់ Phon Kaseka, Ceramics production at Cheung Ek Kiln Site, Cambodia, in 5th International Conference on “Southeast Asian Cultural Values : Cultural Industry” December, 17th 2000)

 ​ដូច្នេះ តាមរយៈ​ការវិភាគ​ដោយ​ផ្អែកលើ​ទិន្នន័យ​ខាង​បុរាណវិទ្យា មាន​ជាអាទិ៍ ឧបករណ៍ប្រើប្រាស់​ធ្វើ​ថ្ម​រំលីង សំ​រិ​ទ្ធិ សំណល់​ឡ​ដុត កលា​ល​ភាជន៍​សម័យ​បុ​រេ​អង្គរ និង​ក្រោយ​អង្គរ រួមផ្សំ​ទាំង​សិលាចារឹក និង​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទបុរាណ​ផង យើង​អាច​យល់បាន​នូវ​ចំណាស់​នៃ​ខឿនវប្បធម៌ នៃ​ភូមិ​ជើងឯក​យ៉ាង​ប្រាកដ ។ គឺ​តាមរយៈ​គំនិត​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​បាន ឃើញ​ដំណាក់កាល​នានា​នៃ​ការវិវត្តន៍​ទីក្រុង ភ្នំពេញ ពី​អតីតកាល និង​បច្ចុប្បន្នភាព​ក្រោយពី​ឆ្លងកាត់​សម័យអង្គរ ។ មានន័យថា កន្លងមក​ក៏​ដូច​បច្ចុប្បន្ន តំបន់ ជើងឯក​បាន​ដើរតួរ​នាទី​ដ៏​សំខាន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។​

ការធ្វើ​កំណាយ​ឡ​ដុត​កុលាលភាជន៍ និង ការរកឃើញ​ក្រឡ​នៅ​វត្ត​ជើងឯក (​ឯកសារ​លោក ផុន កសិកា)

ការធ្វើ​កំណាយ​ឡ​ដុត​កុលាលភាជន៍ និង ការរកឃើញ​ក្រឡ​នៅ​វត្ត​ជើងឯក (​ឯកសារ​លោក ផុន កសិកា)

 ​នៅទីនេះ សូម​រំលឹកថា គប្បី​យើង​ត្រូវ​លើកយក​តួនាទី​ជា​ប្រវត្តិសាស្ដ្រ​របស់​តំបន់​ជើងឯក​មក​បង្ហាញ ដោយ​ផ្ដើមចេញពី​ការរកឃើញ​ឡ​ដុត កលា​ល​ភាជន៍​នា​សម័យ​នគរ​ភ្នំ ដោយ​លោក ផុន កា​សិ​កា កន្លងមកនេះ ។ ការ​លើកយក​ទិន្នន័យ​ខាង​បុរាណវិទ្យា​នេះ មាន​សារសំខាន់​ណាស់ ពីព្រោះ​លោក​គឺជា​អ្នក​ដែល​បានធ្វើ​កំណាយ​ក្នុង​បរិវេណ​នៃ​ភូមិ ដែលមាន​សណ្ឋាន​ដី​រាង​មូល ខាងលើនេះ មុនគេ​បង្អស់ ។ មួយវិញទៀត ការរកឃើញ​នូវ​កលា​ល​ភាជន៍​នា​សម័យ​នគរ​ភ្នំ​របស់លោក ក៏បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ផងដែរ វា​ជាការ​ប៉ាន់ស្មាន​របស់​យើង ដែល​ធ្លាប់មាន​ពីមុន គឺមាន​ភាពត្រឹមត្រូវ​មែន ។​

​    ​ដូច​ពោល​ខាងលើ សំណល់​វប្បធម៌​បុរាណ​ដ៏​ក្រាសក្រែល ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ក្នុង​ស្ថានីយ​បុរេប្រវត្តិសាស្ដ្រ​ដ៏​សំខាន់​នេះ រួម មាន​គ្រឿង តុបតែង ប្រាង្គ​ប្រាសាទ ក្នុង​រចនា​ប័​ថ្ម​កំពង់ព្រះ សិលាចារឹក និង​ឡ​ដុត​កលា​ល​ភាជន៍​សម័យ​ចេនឡា អង្គរ និង ក្រោយ​អង្គរ​ជាដើម ។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងគេ គឺ​វត្តមាន របស់​ឡ​ចំនួន ៥៩ ដែល​ក្នុងនោះ មាន​ឡ​នា​សម័យ​នគរ​ភ្នំ​ផងដែរ ។​​

​នេះ​ជា​ព័ត៌មាន​មួយ​ដែល​គេ​ពុំបាន​នឹកស្មាន​ដល់​ទាល់តែសោះ សម្រាប់​បំភ្លឺ​នូវ​ការកកើត​នៃ​វប្បធម៌​អារ្យធម៌​ខ្មែរ​នៅក្នុង​តំបន់​ រាជធានី​ភ្នំពេញ ។​

ឡ​បុរាណ សម័យ​នគរ​ភ្នំ នៅ​តំបន់​ជើងឯក ពេលធ្វើ​កំណាយ តាម​វិធីសាស្ត្រ (​ឯកសារ​របស់លោក ផុន កសិកា)

ឡ​បុរាណ សម័យ​នគរ​ភ្នំ នៅ​តំបន់​ជើងឯក ពេលធ្វើ​កំណាយ តាម​វិធីសាស្ត្រ (​ឯកសារ​របស់លោក ផុន កសិកា)

 

​កន្លងមក​ការធ្វើ​កំណាយ​ឡ​ដុត​កលា​ល​ភាជន៍ ក្នុង​បរិវេណ​វត្ត​ភូមិ​ជើងឯក​សព្វថ្ងៃ ដែល​ធ្លាប់ជា វាលពិឃាត ក្នុង​របប​ប៉ុលពត​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​អំពី​វត្តមាន​របស់​ភាជន៍​ឈ្មោះ​កុណ្ឌី​មួយចំនួន ប្រភេទ​កំសៀវ​ទឹក មាន​ចំពួយ មាន​ប្រភព​ចេញពី​ឥណ្ឌា ភាជន៍​ទាំងនោះ ស្ថិត​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ​ស្ថិតក្នុង ស​.​វ ទី​៤ និង​៥ នៃ​គ​.​ស ។

​សូមបញ្ជាក់​ផងដែរ​ថា បើ​យើង​យក​ប្រភេទ​ក​ណ្ឌី​នៅ​ភូមិ​ជើងឯក​ទៅ​ប្រៀបធៀប ទៅនឹង​ភាជន៍​ដែល​គេ បាន​រកឃើញ នៅ​ភូមិ​ស្នាយ​នៅ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​អង្គរបុរី នៅ​ខេត្តតាកែវ ឬក៏​នៅ​ម្ដុំ​អូរ​កែវជា​ដើម យើង​ពិតជា​ឃើញ​ភាពស្រដៀងគ្នា​ពុំខាន ។ ហើយ​គឺ​ប្រការ​នេះហើយ ដែល​ឆ្លុះ​បញ្ចាំ​ឲ្យ​ឃើញ​កាន់តែច្បាស់​នូវ​ចំណាស់​នៃ​ស្ថានីយ៍​របស់​យើង ។​

​    ​យោងតាម​ចំនួន​ឡ​ដុត​កលា​ល​ភាជន៍​បុរាណ​ខាងលើ​ទាំងនោះ ស​ឲ្យ​ឃើញថា តំបន់​ជើងឯក គឺជា​មជ្ឈមណ្ឌល​វប្បធម៌ និង សេដ្ឋកិច្ច​យ៉ាងសំខាន់ ចាប់ពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​រហូតដល់​សម័យ​ក្រោយ​អង្គរ ដោយបាន​ឆ្លងកាត់​សម័យ​ចេនឡា និង​អង្គរ​ដ៏​រុងរឿង ដូច​វត្តមាន​របស់​សំណល់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ និង​សិលាចារឹក​របស់​បុព្វការី​ជន​ខ្មែរ ដែល​បាន​រស់ក្នុង​តំបន់​នេះ បាន​បន្សល់​ទុកជា​សក្ខី​កម្ម ។​
​    ​ជារួម ក្រោយពី​ធ្វើការ​សិក្សា​អំពី​ប្រភេទ​នៃ កលា​ល​ភាជន៍​នៅ​ភូមិ​ជើងឯក យើង​ឃើញថា តំបន់​នេះ ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​អង្គរបុរី​យ៉ាង​ប្រាកដ ។​

ក​ណ្ឌី និង រូបគំនូរ​ក​ណ្ឌី តំបន់​ជើងឯក (​ឯកសារ លោក ផុន កសិកា​)​

ក​ណ្ឌី និង រូបគំនូរ​ក​ណ្ឌី តំបន់​ជើងឯក (​ឯកសារ លោក ផុន កសិកា)​

 

 ​ក្រៅពីនេះ វត្តមាន​នៃ​កលា​ល​ភាជន៍​បុរាណ​ទាំងនោះ ដែលជា​ប្រភពព័ត៌មាន​ដ៏​សំខាន់ ក៏​ជា​ប្រការ​បញ្ជាក់ កាន់តែច្បាស់​ថា តំបន់​វត្ត​ជើងឯក​ដែលជា​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន គឺជា​តំបន់​មានការ​អភិវឌ្ឍន៍ ដោយបាន​មានការ​វិវត្តន៍​ជា​បន្តបន្ទាប់​មិន​ដាច់​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​សម័យ​ទំនើប​នេះ ក្រោយពី​បាន​ឆ្លងកាត់​សម័យ​ក្រោយ​អង្គរ ដែលមាន​ការសាងសង់​កន្លែង​យ៉ាង​ធំ​មួយ ដែល​ផលិត​កលា​ល​ភាជន៍​ប្រភេទ​ក​ណ្ឌី គឺ​ម្តុំ​វត្ត​ជើងឯក​ក្នុងសម័យ​ហ្វូ​-​ណន ។ ទី​ក្រុ​ភ្នំពេញ​ដោយ​ស្តេច​ពញ្ញាយ៉ាត ។ កន្លងមក​អ្នកស្រាវជ្រាវ​បាន​សង្កេត​ថា ក​ណ្ឌី​នៅ​សម័យ​នគរ​ភ្នំ និង​ចេនឡា​ត្រូវបាន​គេ​រកឃើញ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​នេះ​ជា​លើកដំបូង​បង្អស់​ហើយ ដែល​គេ​បាន​រកឃើញ​នូវ កលា​ល​ភាជន៍​នៅ​តំបន់​ជើងឯក​នេះ ។ នេះ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ ដែលជា​វិភាគទាន​មួយ​ប្រកប ដោយ​ផ្លែផ្កា​ដ៏​គួរ​ឲ្យ​រំភើប​យ៉ាង​ក្រៃលែង ដែល​យើង​ទើបនឹង​បាន​រកឃើញ ហើយ​នេះ​ជា​អ្វីមួយ​ដែល​យើង​មិនត្រូវ​មើលរំលង​ឡើយ ដើម្បី​កែ ប្រែ​ទស្សនៈទាន​ខ្លះ​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិ​នៃ​ទីក្រុង​ភ្នំពេញ ។ តាមពិតទៅ រាជធានី​ភ្នំពេញ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ទីប្រជុំជន​មួយ ដែលមាន​ការរីកដុះដាល​គ្រប់​វិស័យ​ទៅហើយ ។​

​    ​ជាការ​ពិត ចំណាស់​នៃ​ខឿនវប្បធម៌​ក្នុង​បរិវេណ​នៃ​វត្ត​ជើងឯក​នោះ ត្រូវបាន​បង្ហាញ​រួចមកហើយ ការរកឃើញ​នៃ​ផ្ទាំង​សិលាចារឹក ព្រមទាំង​ស្ថាបត្យកម្ម​ប្រាសាទ នៅ​ទសវត្សរ៍ ឆ្នាំ​១៩២០ ម្ល៉េះ ។ ក៏ប៉ុន្តែ​គេ​មិនបាន​នឹកស្មានថា តំបន់​នេះ​មិន​ត្រូវបាន​កាន់កាប់​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ទេ ដូច​វត្តមាន​របស់​ឧបករណ៍ប្រើប្រាស់​ដូចជា​ពូថៅ​ថ្ម​រំលីង ក្រវិល​ត្រចៀក ជួង​កណ្តឹង កងដៃ​សំរិទ្ធ​ជាដើម ។ ម្យ៉ាងទៀត​ពីមុន គេ​ក៏​ពុំបាន​ដឹង​ដែរ​ថា មាន​ស្លាកស្នាម​វប្បធម៌​នា​សម័យ​ហ្វូ​-​ណន នៅក្នុង​ភូមិភាគ​ខា​លើ​នេះដែរ ។

​សេចក្តី​កត់សម្គាល់​របស់​យើង ដែល​ត្រូវ​ថែម​ភ្ជាប់​លទ្ធផល​របស់លោក ផុន កសិកា ជាមួយ​នោះ​ផង ធ្វើ​ឲ្យ​គេ​បានដឹងថា ម្តុំ​វត្ត​ជើងឯក ដែលជា​ទឹកដី​របស់​រាជធានី​ភ្នំពេញ គឺ​ពិតជា​ទឹកដី​របស់​នគរ​ភ្នំ ឬ​ហ្វូ​ណន យ៉ាង​ប្រ​ត្យ​ត្រ ។ ព្រោះថា កាល​ក្នុ​សម័យ បុរាណ​នោះ ភូមិភាគ​នេះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​អង្គរបុរី ឬ​វ្យា​ធ​បុ​រៈ ដែលជា​រាជធានី​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុង​បណ្តា​រាជធានី​ទាំងឡាយ​នៃ​ចក្រភព​ហ្វូ​-​ណន ៕ (​ម​.​ត្រា​ណេ)

 

ប្រភពឯកសារ៖ ខេមបូឌាអិចបេ្រសញូស៍

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: