សាលា​រាជធានី​ភ្នំពេញ ប្រាប់​មហាជន ឲ្យ​សរសេរ​សំបុត្រ​ប្តឹង​ចំពោះ​សមត្ថកិច្ច​ឡានទឹក​ណា ទារ​ប្រាក់​ក្នុង​ពេល​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​


(ថ្ងៃទី 2 សីហា 2012, ម៉ោង 08:31:AM) | ដោយ: សុខ ភក្តី

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ដល់​មហាជន ត្រូវ​សរសេរ​លិខិត​ជា​លាយលក្ខណ៍អក្សរ បែប​អ​នា​មិក ប្តឹង​សមត្ថកិច្ច​ឡានទឹក​ណាដែល​បាន​ទារប្រាក់ក្នុងពេល​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​។ សេចក្តីប្រកាស​ដូច្នេះ ដោយសារតែ​មាន​ការលើក​ឡើង​ថា ពេល​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋនៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃ​ទី​២៣​កក្កដា ឆ្នាំ​២០១២ សមត្ថកិច្ច​ឡានទឹក បាន​ទារលុយ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ផ្ទះ មុន​នឹង​ទាញ​ទុយោបាញ់​ទឹក​ពន្លត់ភ្លើង​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១២ សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា “​ដើម្បី​ជា​មធ្យោបាយក្នុង​ការអភិវឌ្ឍនិង​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច ក្នុងពេល​បំពេញ​ការងារ គួរតែ​ប្រជាពលរដ្ឋដែល​បាន​ស្ថិត​ក្នុង​ហេតុការណ៍ ហើយ​ឃើញ​សមត្ថកិច្ច​ណាទារប្រាក់​ពី​ប្រជាពលរដ្ឋ ត្រូវ​សរសេរ​ជា​លាយលក្ខណ៍អក្សរបែប​អនាមិក ផ្តល់​ជូន​មក​សាលា​រាជធានី​ភ្នំពេញ​អំពី​ឈ្មោះ និង​លេខ​រថយន្ត​របស់​បុគ្គលិក​ខិលខូច​នោះ ដើម្បី​ចាត់វិធានការ និង​ដាក់ពិន័យចំពោះ​ជនដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ស​ម​ត្ថ​កិច្ច​”។​

​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បង្ហាញថា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ វេលា​ម៉ោង ១៤ និង ៣០ នាទី មាន​អគ្គិភ័យកើតឡើង​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។ ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​ការិយាល័យ​នគរបាល​បង្ការនិង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​អស់ពី​សមត្ថភាព ជួយ​ទប់ស្កាត់កុំ​ឲ្យ​ឆេះ​រីក​រាលដាល និង​ពន្លត់​អគ្គិភ័យដែល​កំពុង​ឆាបឆេះ ព្រមទាំង​បានខិតខំ​ធ្វើការ​អំពាវនាវ​ទៅ​អង្គភាពដែល​មាន​រថយន្ត​ពន្លត់អគ្គិភ័យ ឲ្យបាន​ចូលរួម​ជួយ​អន្តរាគ​មន៍ទាន់ពេលវេលា ដូចជារថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេ​វរ​កម្ម រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខេត្ត​កណ្តាល​។​

​សេចក្តីប្រកាស​បាន​បញ្ជាក់​ថា “​បើ​គ្មាន​ការខិតខំ​បែបនេះ​ទេ ប្រហែល​អគ្គិភ័យ មិន​ត្រូវ​បញ្ចប់​ពីរ​ម៉ោង​បន្ទាប់ ហើយ​ភាព​អន្តរាយ​ផ្ទះសម្បែងនិង​ទ្រព្យសម្បត្តិ​មិនមែនមាន​ទំហំ​ប៉ុន​នេះ​ទេ​។ ផ្ទុយទៅវិញ ការខិតខំ​របស់​សមត្ថកិច្ច​ត្រូវបាន​ជន​អគតិ​មួយ​ចំនួន ចោទប្រកាន់ថា សមត្ថកិច្ច​មិន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន បែរ​ជា​ទារប្រាក់ ដោយ​មិន​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ទេ និង​បាន​បាញ់​ទឹកតែ​ផ្ទះ​ណាឲ្យ​លុយ​ប៉ុណ្ណោះ​”​។​

​ការចោទប្រកាន់​បែប​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ លើកឡើងថា ជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន ដែល​ពុំ​មាន​ចេតនា​ល្អក្នុងការ​រិះរក​ភាព​រីកចម្រើន​ឡើយ តែ​បែរជា​ធ្វើឲ្យ​សមត្ថកិច្ចបាក់​ទឹកចិត្ត​ក្នុង​ការបំពេញ​ការងារ ព្រោះថា នៅពេល​បាញ់​ទឹក គឺ​ត្រូវ​សិក្សា​ពី​លក្ខណៈ​បច្ចេកទេស​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ទឹក​ដែល​បាញ់​ចេញ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​។ ជាក់ស្តែង​ក្នុង​ការជួយ​សង្គ្រោះ កងកម្លាំង​សមត្ថកិច្ច នៃ​កងរាជអាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ​ម្នាក់ បាន​រងរបួស​ធ្ងន់ ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាលនៅ​ក្រៅប្រទេស​៕​

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា