រដ្ឋ​ដំបូង​របស់​ខ្មែរ​មុន​អាណាចក្រ​ភ្នំ


ដោយ មាន ឫទ្ធិ

2009-05-04

ប្រភព​ពី​ឯកសារ​និង​ទស្សនៈ​មួយ​ចំនួន​នៅ​តែ​យល់​ឃើញ​ថា នគរភ្នំ​ឬ​ជា​ភាសា​សំស្រ្កឹត​ហៅ​ថា វ្យាធ​បុរៈ ហើយ​ដែល​នៅ​ក្នុង​ឯកសារ​ចិន ហៅ​ថា ហ្វូណន ទៅ​វិញ​នោះ គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ។

សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណារ៉ា បាន​ធ្វើការ​ពន្យល់​ថា ៖ «រដ្ឋ ​ខ្មែរ​ដំបូង​ប្រាកដ​ជា​រដ្ឋ​អាណាចក្រ​ភ្នំ​ហើយ ពីព្រោះ​នៅ​ក្នុង​ទំព័រ​ប្រវត្តិ​សាស្រ្ត ក៏​ដូច​នៅ​ក្នុង​សិលា​ចារឹក​នៃ​បក្សី​ចាំ​ក្រុង​ក៏​បាន​លើក​ឡើង​អំពី​រដ្ឋ​ ដ៏​ចំណាស់​របស់​យើង​នៅ​ក្នុង​សម័យ​បុរាណ​នេះ​ដែរ។ ចំណុច​មួយ​សំខាន់​ទៀត គឺ​អ្នក​ប្រាជ្ញ​បរទេស ពិសេស​អ្នក​ប្រាជ្ញ​នៅ​សាលា​បារាំង ឯ​ចុង​បូព៌ា​ប្រទេស​នោះ ក៏​គេ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាមរយៈ​សិលា​ចារឹក​ជា​ច្រើន​បញ្ជាក់​ ប្រាប់​ថា ក្រុង​របស់​ខ្មែរ ឬ​ក៏​ប្រទេស​ខ្មែរ​ដំបូង​គឺ​ជា​អាណាចក្រ​ភ្នំ ឬ​ហៅ​ថា ហ្វូណន​នោះ​ឯង»

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក ជុច ភឿន ក៏​យល់​ស្រប​ដែរ​ថា រដ្ឋ​ដំបូង​របស់​ខ្មែរ​គឺ​អាណាចក្រ​ភ្នំ ៖«តាម ​ទិន្នន័យ​នៃ​ការ​ជីក​កាយ​ផែនដី​រក​ហ្នឹង យើង​ឃើញ​ថា ប្រជាជន​ខ្មែរ រដ្ឋ​ខ្មែរ​ដំបូង​ហ្នឹង គឺ​ទី​ក្រុង​អង្គរ​បុរី​ហ្នឹង​ឯង ដែល​យើង​មិន​ទាន់​ដឹង​ថា រចនា​សម្ព័ន្ធ​ទីក្រុង​ហ្នឹង វា​យ៉ាង​ម៉េច​ទេ យើង​មើល​ឃើញ​តែ​ផែនទី។ យើង​កាយ​ទៅ បើ​សិន​ជា​យើង​បន្ត​កាយ​ដី​ឲ្យ​ខ្ទេច​ខ្ទាំ​នៅ​ក្នុង​តំបន់​ហ្នឹង យើង​អាច​ឃើញ​មាន​រចនា​សម្ព័ន្ធ​ផ្លូវ ឬ​មួយ​ក៏​ទំនាក់​ទំនង​គ្នា​រវាង​ទីក្រុង​ហ្នឹង ទៅ​នឹង​កន្លែង​សក្ការៈ​បូជា។ សព្វ​ថ្ងៃ​ទីតាំង​ភ្នំ​ដារ​ហ្នឹង​ជា​កន្លែង​សក្ការៈ​បូជា​ក្នុង​ពេល​ដែល​ ប្រជាជន​នគរ​ភ្នំ​ហ្នឹង​គេ​គោរព​បូជា»

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា​ដែល​បាន​ធ្វើការ​សិក្សា​អំពី​ការ​កកើត​និង​ការវិវត្ត ​របស់​មនុស្ស ក៏​បាន​ឲ្យ​ដឹង​តាមរយៈ​ការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត​នា​ពេល​កន្លង​មក​ដែរ ​ថា អាណាចក្រ​ភ្នំ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ។

លោក អាំង ជូលាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ដឹង​មក​ថា យើង​និយាយ​ថា នគរ​ជា​រដ្ឋ​ដែល​មាន​ការ​ចាត់ចែង​មាន​អ្នក​គ្រប់គ្រង មាន​បណ្ដាញ​គ្រប់គ្រង​របៀប​សម័យ​ហ្នឹង​គឺ​ថា ហ្វូណន​ហ្នឹង​ហើយ រហូត​មក​ដល់​ពេល​នេះ​ដែល​យើង​ដឹង​គឺ​វា​អ៊ីចឹង»

នៅ​ក្នុង​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយ​ចំនួន ក៏​យើង​សង្កេត​ឃើញ​ថា អ្នក​និពន្ធ​មិន​បាន​និយាយ​ពី​រដ្ឋ​ផ្សេង​ទៀត​ក្រៅ​ពី​អាណាចក្រ​ភ្នំ​ដែរ។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​ថា រដ្ឋ​ដំបូង​របស់​ខ្មែរ​មិន​មែន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន​នោះ​ឡើយ។

លោក ធុយ ចាន់ធួន សាស្រ្តាចារ្យ​ផ្នែក​បុរេ​ប្រវត្តិ​សាស្រ្ត​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ និង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ផង​ដែរ​ នោះ ដែល​បាន​ធ្វើការ​សិក្សា​ពី​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ​១៩៩៦​មក បាន​រក​ឃើញ​ពី​រដ្ឋ​ដំបូង​របស់​ខ្មែរ​មុន​អាណាចក្រ​ភ្នំ​ទៅ​ទៀត។

សាស្រ្តាចារ្យ​ផ្នែក​បុរេ​ប្រវត្តិ​សាស្រ្ត លោក ធុយ ចាន់ធួន ដដែល បាន​បញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​ថា បន្ទាយ​គូ​ដែល​អ្នក​ស្រាវជា្រវ​ជន​ជាតិ​បារាំង​ហៅ​ថា ភូមិ​មូល​នោះ​គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ ហើយ​ដែល​ភាគ​ច្រើន​តាំង​នៅ​តាម​តំបន់​ខ្ពង់​រាប​មួយ​ចំនួន​នៃ​ប្រទេស​ កម្ពុជា។

លោក ធុយ ចាន់ធួន ថ្លែង​ដូច្នេះ​ថា ៖ «ខេត្ត​កំពង់ចាម​និង​ខេត្ត​ ក្រចេះ សព្វ​ថ្ងៃ​ក្នុង​តំបន់​ខ្ពង់​រាប​ដី​ក្រហម រដ្ឋ​ដំបូង​របស់​ខ្មែរ​ហ្នឹង មាន​អាយុ​កាល​ប្រហែល​ជា ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ មុន​ហ្វូណន​ទៀត។ ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​មាន​ន័យ​ថា មក​ដល់​សព្វ​ថ្ងៃ​នេះ​ជាង ៤​ពាន់​ឆ្នាំ​ហើយ។ រដ្ឋ​ដំបូង​ដែល​យើង​ហៅ​នោះ អ្នក​ស្រុក​ហៅ​ថា បន្ទាយ​គូ ខ្ញុំ​ឲ្យ​ឈ្មោះ​ថា​បន្ទាយ​គូ​នៃ​អរិយធម៌​មេមត់»

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ នៅ​តែ​មិន​យល់​ស្រប​ចំពោះ​ការ​រក​ឃើញ​នេះ​ទេ ដោយ​លោក​យល់​ថា វា​មិន​ទាន់​មាន​ទម្រង់​ជា​រដ្ឋ​នៅ​ឡើយ ៖ «អាហ្នុង​វា​មាន​ដល់ ១៨០០​ឆ្នាំ មុន​គ្រិស្ដ​សករាជ វា​កើត​មុន​ហ្វូណន​ទៅ​ទៀត ប៉ុន្តែ​រចនា​សម្ព័ន្ធ​នៃ​ការ​រស់នៅ ផ្នូរ​អី​ហ្នឹង វា​មិន​អាច​ជា​រដ្ឋ​ទេ គ្រាន់​តែ​ថា​ដូច​យើង​និយាយ​សព្វ​ថ្ងៃ​ជា​សហគមន៍ ប្រជាជន​រស់​នៅ…»

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក ធុយ ចាន់ធួន នៅ​តែ​អះអាង​ថា បន្ទាយ​គូ ឬ ភូមិ​មូល ដែល​លោក​បាន​ធ្វើការ​សិក្សា​នោះ​គឺ​ជា​រដ្ឋ​ដំបូង​មុន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន​ដដែល ដោយ​លោក​បាន​បង្ហាញ​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ដោយ​ប្រើ​បច្ចេក​ទេស​ទំនើប​ទៅ ​លើ​វត្ថុ​ប្រើប្រាស់​របស់​មនុស្ស​ដែល​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​តាំង​ពី​ ច្រើន​ឆ្នាំ​មក​ម្ល៉េះ ៖ «កាល​បរិច្ឆេទ​ហ្នឹង​គឺ​ជាក់លាក់​តាម​ការ​ធ្វើ​ វិទ្យុ​សកម្ម C-១៤ គឺ​មាន​ការ​ជាក់លាក់​តែ​ម្ដង មាន​លក្ខណៈ​វិទ្យាសាស្រ្ដ​ជាក់​លាក់​តែ​ម្ដង មាន​អាយុ​កាល​ប្រហែល​ជា ២​ពាន់​ឆ្នាំ​មុន​គ្រិស្ដ​សករាជ»

អ្នក​ស្រាវជ្រាវ លោក ធុយ ចាន់ធួន ដដែល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ «ខ្ញុំ ​និយាយ​ថា អ្វី​ដែល​ជា​រដ្ឋ​ដំបូង​នៅ​ស្ថានីយ​បន្ទាយ​គូ មូលហេតុ​អី​បាន​ថា​រដ្ឋ? ព្រោះ​ថា មនុស្ស​ជីក​ដី​សង់​ជា​សហគមន៍​រស់​នៅ បើ​សិន​ជា​គ្មាន​ថ្នាក់​ដឹកនាំ​ត្រឹមត្រូវ​ទេ ស្ថានីយ​បន្ទាយ​គូ រាប់​សិប​ហ្នឹង​មិន​អាច​ជីក​បាន​ទេ មិន​អាច​ធ្វើ​បាន សាង​សង់​បាន​ទេ»

គួរ​រំឭក​ផង​ដែរ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​ជា​យូរ​លង់​ណាស់​មក​ហើយ គឺ​តាំង​ពី​សម័យ​មុន​ប្រវត្តិ​សាស្រ្ត​មក​ម្ល៉េះ។

លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា បាន​ធ្វើការ​ពន្យល់​ថា ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៖ «ខ្មែរ ​ហ្នឹង​មិន​មែន​ខុស​អី​ពី​កន្លែង​ណា​ទេ បើ​យើង​និយាយ​ពី​មនុស្ស​រស់​នៅ យើង​មិន​អាច​ថា​មាន​ពេល​ណា​ទេ ប៉ុន្តែ​ថា​យើង​ដឹង​ថា​វា​យូរ​ណាស់​មក​ហើយ ដោយសារ​ក្នុង​ការ​ជួប​ប្រទះ​ឃើញ​ដោយ​ចៃ​ដន្យ ឬ​មួយ​ក៏​ក្នុង​កំណាយ​ខាង​បុរេ​ប្រវត្តិ​ខាង​អី​ហ្នឹង គេ​ប្រទះ​ឃើញ​សម័យ​តាំង​ពី​មនុស្ស​មិន​ទាន់​ស្គាល់​លោហ​ធាតុ គឺ​ថា​ប្រើ​ឧបករណ៍​ថ្ម​អី​ហ្នឹង​មាន»

នៅ​ក្នុង​បញ្ហា​នេះ​ដែរ នាយក​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ អង្គរ លោក លី វណ្ណា បណ្ឌិត​ផ្នែក​បុរេ​ប្រវត្តិ​សាស្ត្រ ក៏​បាន​រក​ឃើញ​ដែរ​ថា នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​មនុស្ស​រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ៖ «ផល ​ដែល​យើង​ចាត់​ទុក​ថា មាន​វប្បធម៌​ដែល​អាច​ឲ្យ​គេ​ស្គាល់​បាន​ហ្នឹង គឺ​វា ៦.៥០០​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​ហ្នឹង វា​មាន​នៅ​ល្អាង​ស្ពាន​អី ប៉ុន្តែ​យើង​នៅ​តែ​ជឿ​ជាក់​ថា​មុន ៦.៥០០​ឆ្នាំ​មុន​គ្រិស្ដ​សករាជ​ហ្នឹង​ក៏​មាន​មនុស្ស​រស់​នៅ​ហើយ»

លោក លី វណ្ណា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បុព្វ​បុរស​ដែល​រស់នៅ​លើ​ទឹក​ដី​ខ្មែរ​មាន​ការ​វិវត្ត​ជា​ច្រើន​ដំណាក់​កាល ៖ «បើ ​យើង​គិត​ទៅ​សម័យ​ភាគ​ខាង​ចុង​នៃ​សម័យ​ថ្ម​បំបែក យុគ​ថ្ម​បំបែក ហើយ​សម័យ​នវ​សិលា គេ​ហៅ​យុគ​ថ្ម​រំលីង សម័យ​សំរិទ្ធ សម័យ​ដែក ហើយ​និង​សម័យ​ប្រវត្តិ​សាស្រ្ដ​ហូរ​ហែ​មក»

ដោយសារ​តែ​មាន​មនុស្ស​រស់​នៅ​ជា​ច្រើន​ឆ្នាំ តាំង​ពី​មុន​គ្រិស្ត​សករាជ​មក​បែប​នេះ​ហើយ ទើប​បុព្វ​បុរស​ទាំង​នោះ បាន​បន្សល់​ទុក​នូវ​ភស្តុតាង​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​ជា​ច្រើន។ ហេតុនេះ​ហើយ ទើប​លោក ធុយ ចាន់ធួន ដែល​បាន​ធ្វើ​ការ​សិក្សា​ពី​បញ្ហា​នេះ ធ្វើការ​សន្និដ្ឋាន​ថា បន្ទាយ​គូ ឬ​ភូមិ​មូល គឺ​ជា​រដ្ឋ​ដំបូង​របស់​ខ្មែរ ៖ «យើង​មាន​កសិកម្ម ឧស្សាហកម្ម យើង​មាន​សិល្បៈ​ស្អីៗ ហើយ​ម្យ៉ាង​ទៀត ចេះ​ផលិត​ខោ​អាវ ចេះ​ផលិត​អំបោះ តាមរយៈ​ឧបករណ៍​ដែល​យើង​ឃើញ។ ពួក​ហ្នឹង​ត្រូវ​តែ​មាន​អរិយធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​គេ ព្រោះ​គេ​មាន​របស់​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ហើយ​ហ្នឹង គេ​មាន​រចនា​សម្ព័ន្ធ​គេ​គ្រប់​គ្រាន់»

លោក លី វណ្ណា បណ្ឌិត​ផ្នែក​បុរេ​ប្រវត្តិសាស្រ្ត ក៏​យល់​ស្រប​ដែរ​ថា បន្ទាយ​គូ ឬ​ភូមិ​មូល​នោះ ប្រហែល​ជា​ការ​រៀបចំ​ជា​ទម្រង់​រដ្ឋ​ដំបូង​មុន​អាណាចក្រ​ភ្នំ ឬ​ហ្វូណន។ លោក​បណ្ឌិត​សំណូមពរ​បន្ថែម​ទៀត​ថា ដោយសារ​តែ​វា​ជា​របក​គំហើញ​ថ្មី​បែប​នេះ អ្នក​ស្រាវជ្រាវ​គួរ​តែ​ធ្វើការ​សិក្សា​ឲ្យ​បាន​ហ្មត់​ចត់​បន្ថែម​ទៀត៕

Copyright © 1998-2011 Radio Free Asia. All rights reserved.

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: