៥០ ឆ្នាំហើយ ​ដែល​កម្ពុជា​រង់ចាំ​ទទួល​បុរាណ​វត្ថុ​ពីថៃ​


ប្រសិន​ជា​គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១២ នេះ មាន​រយៈ​ពេល​ប្រហែល ១៨២៥០ ថ្ងៃ ឬ ស្មើ​នឹង ៥០ ឆ្នាំហើយ ដែល​កម្ពុជា​ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ហើយ​ក៏​មាន​រយៈ​ពេល​ពាក់​កណ្ដាល​សត​វត្សរ៍​ដែរ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​បុរាណ​វត្ថុ​ពី​ ប្រទេស​ថៃ ។

ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ

បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង អ្នក​ជំនាញ​ផ្នែក​ប្រវត្តិ​សាស្រ្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​សាស្រ្តា​ចារ្យ​បណ្ឌិត​នា​ពេល​កន្លង​មក​ថា​៖ « នៅ​ក្នុង​សេចក្ដី​សម្រេច​ របស់​តុលា​ការ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដែល​មាន​បី​ចំណុច​នោះ ក្នុង​ ប្រការ​ទី ៣ ដែល​មាន ៧ សំឡេង​គាំទ្រ​កម្ពុជា និង ៥ សំឡេង​គាំទ្រ​ថៃ​នោះ តុលា​ការ​សម្រច​ ​ថា ប្រទេស​ថៃ​ត្រូវ​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​ទាំង​អស់ ដែល​ថៃ​បាន​យក​ទៅ​ចាប់​ពី​ឆ្នាំ​ ១៩៥៤ ជា​ឆ្នាំ​ដែល​ថៃ​ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ ។

បណ្ឌិត​សភា​ចារ្យ​រូប​នេះ​ថ្លែង​បន្ត​ថា ទោះ​បី​ជា​មាន​ការ​សម្រេច​ពី​តុលា​ការ​អន្តរ​ជាតិ​នៅ​ប្រទេស​ ហូឡង់​បែប​នេះ​ក្ដី ក៏​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​បុរាណ​វត្ថុ​ដែល​ថៃ​យក​ទៅ​កាល​ពី​ក្នុង​អំឡុង​ ពេល​ខ្លួន​ចូល​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​នៅ​ឡើយ​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​សាង​ឡើង​ដោយ​បុព្វ​បុរស​ខ្មែរ តាំង​ពី​អំឡុង​ សម័យ​អង្គរ​មក​ម្លេះ ហើយ​ក៏​មាន​ភស្តុ​តាង​ជា​ច្រើន ដែល​បាន​បញ្ជាក់​ឱ្យ​ឃើញ​​ពី​​ការ​កសាង​ របស់​បុព្វ​បុរស​ទាំង​នោះ​ផង​ដែរ ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត ធុយ ចាន់​ធួន ឱ្យ​ដឹង​តាម​រយៈ​ ការ​ស្រាវ​ជ្រាវ​របស់​លោក​បណ្ឌិត​ថា​​​​​​​​​​​​​​​​​​​​​​​៖​« ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សំខាន់ៗ​ចំនួន ៤ អង្គ គឺ​ព្រះបាទ យសោវរ្ម័នទី ១ ដែល​សោយ​រាជ្យ​ពី​ ក្នុង​អំឡុង​គ្រិស្ត​សក​រាជ ៨៨៩ ដល់ ៩១០ ហើយ​មហា​ក្សត្រ​ដែល​កសាង​បន្ត​បន្ទាប់​មក​ទៀត​​ មាន​ដូច​ជា​ព្រះបាទ សូរ្យវរ្ម័នទី ១ ព្រះបាទ​ជ័យវរ្ម័នទី ៦ និង ព្រះបាទ សូរ្យវរ្ម័នទី ២ ជាដើម » ។ លោក​បណ្ឌិត​ថ្លែង​បន្ត​ថា ក្រៅ​ពី​នេះ អាច​មាន​អ្នក​កសាង​បន្ថែម​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នៅ​មាន​ភស្តុ​តាង​ផ្សេង​ទៀត ដែល​បញ្ជាក់​ពី​ការ​កសាង​របស់​បុព្វ​បុរស​ខ្មែរ​ដែរ នោះ​គឺ​ផ្ទាំង​ សិលា​ចារឹក​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ។

អ្នក​ជំនាញ​ផ្នែក​សិលា​ចារឹក និង ប្រវត្តិ​សាស្រ្ត នៅ​សាកល​វិទ្យា​ល័យ ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត វង់ សុធារ៉ា មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បើ​យោង​ទៅ​តាម​អត្ថ​បទ​សិលា​ចារឹក ដែល​បន្សល់​ទុក​ រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​ឃើញ​ថា មាន​សិលា​ចារឹក​មួយ​ចំនួន​ដែល​បាន​កត់​ត្រា​ទាក់​ទង​ ទៅ​នឹង​​ប្រាសាទ​ព្រះ​វិហារ ។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា សិលា​ចារឹក​ចំណាស់​ជាង​គេ ដែល​ទាក់​ទង​ទៅ​នឹង​ប្រាសាទ​ព្រះ​ វិហារ​នោះ ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​អំឡុង​សត​វត្សរ៍​ទី ១០ នៃ​គ្រិស្ត​សក​រាជ មាន​លេខ​សម្គាល់​ K-583 និយាយ​អំពី​បុត្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័នទី ២ ព្រះ​នាម កំស្ដែង​ឥន្ទ្រ​យុទ្ធ ដែល​បាន​ទៅ​ធ្វើ​ តបៈ​នៅ​​លើ​កំពូល​ភ្នំ​ដង​រែក ដោយ​បាន​កសាង​សិវ​លិង្គ និង ប្រាសាទ​មួយ​នៅ​ទីនោះ​ផង​ដែរ​ ហើយ​កន្លែង​ដែល​ព្រះ​អង្គ​បាន​កសាង​នោះ សព្វ​ថ្ងៃ​ត្រូវ​នឹង​ទី​តាំង​ប្រាសាទ​ព្រះ​វិហារ​បច្ចុ​ប្បន្ន ។

អនុ​បណ្ឌិត វង់ សុធារ៉ា ថ្លែង​បន្ត​ថា ៖ « ក្រោយ​មក​ទៀត​មាន​សិលា​ចារឹក K-380 នៅ​ជាប់​មេ​ទ្វារ​ នៃ​គោ​បុរៈ​ទី ៤ របស់​ប្រាសាទ​ព្រះ​វិហារ ដែល​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពិធី​តបោវីយ៌្យ ជា​ ពិធី​​​ព្រហ្មញ្ញ​សាសនា ដើម្បី​និមន្ត​យាង​ដួង​ព្រលឹង​របស់​ព្រះ​ឥសូរ​ធំ​ជាង​គេ​​ឈ្មោះ​ថា ស្រី​ភទ្រេ​ស្វរ ឱ្យ​ព្រះ​អង្គ​អញ្ជើញ​ទៅ​កើត​សា​ជា​ថ្មី​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ ដោយ​​មាន​នាម​ថ្មី​ថា ស្រី​សិខ​រេ​ស្វរ » ។ អ្នក​ជំនាញ​រូប​នេះ​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រៅ​ពី​នេះ​នៅ​មាន​ សិលា​ចារឹក K-381, K-382 និង K-383 ដែល​សុទ្ធ​តែ​ជា​ផ្ទាំង​ចារឹក​ទាក់​ទង​ទៅ​នឹង​ការ​កសាង​ប្រាសាទ និង សមិទ្ធ​ផល​ផ្សេងៗ​នៅ​ប្រាសាទ​ព្រះ​វិហារផងដែរ ។

នៅ​ក្នុង​កំណត់​ត្រា​ឯក​សារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​អ្នក​និពន្ធ ត្រឹង ងា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​

ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង ដើម្បី​ឧទ្ទិស​ទៅ​ដល់​ព្រះ​សូរ ដែល​មាន​ឈ្មោះ​ដើម​ថា​ សិខ​រី​ស្វរ ។

ភស្តុ​តាង​ទាំង​នេះ​ហើយ ដែល​បាន​ជួយ​ឱ្យ​កម្ពុជា ទទួល​បាន​ប្រាសាទ​ព្រះ​វិហារ​ត្រឡប់​មក​វិញ​ ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ អនុ​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា បណ្ឌិត សុខ ទូច អ្នក​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត​នយោ​បាយ​បន្ថែម​ថា​៖ « ប្រសិន​បើ​យើង​ពិចារណា​ទៅ​លើ​ផ្នែក​ ប្រវត្តិ​សាស្រ្ត នោះ​យើង​នឹង​ឃើញ​ថា សំណង់​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ សៀម​មិន​ទាន់​កើត​ជា​រដ្ឋ​មក​ម្លេះ ដោយ​សារ​ប្រវត្តិ​សាស្រ្ត​សៀម ចាប់​ផ្ដើម​ពី​សត​វត្ស​ទី ១៣ នៃ គ្រិស្ត​សក​រាជ គឺ​ចាប់​ពី​ឆ្នាំ ១២៣៨ ដែល​ត្រូវ​គ្នា​នឹង​សម័យ​កាល​សុខោ​ទ័យ នា​អំឡុង​សត​វត្ស​ទី​ ១៣ នៃ​គ្រិស្ត​សក​រាជ​មក » ។

ក្រៅ​ពី​នេះ អនុ​សញ្ញា​បារាំង-សៀម ដែល​បាន​បង្កើត​ឱ្យ​មាន​ផែន​ទី​កំណត់​ព្រំ​ដែន​ក្រោយ​មក​ ទៀត​នោះ ក៏​ជា​ផ្នែក​សំខាន់​មួយ​ទៀត​ផង​ដែរ ។

នៅ​ក្នុង​ចំណោម​ឯក​សារ​ជា​ច្រើន​ដែល​កម្ពុជា​មាន​នោះ ផែន​ទី​ឧប​សម្ព័ន្ធ ១ គឺ​ជា​ឯក​សារ​ សំខាន់​ជាង​គេ​បំផុត ។ ផែន​ទី​នេះ​ត្រូវ​​បាន​​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្ម​ការ​កំណត់​ព្រំ​ដែន​រវាង​ ឥណ្ឌូ​ចិន និង សៀម » ។ ផែន​ទី​ឧប​សម្ព័ន្ធ ១ នេះ គឺ​ជា​ផែន​ទី តំបន់​ប្រាសាទ​ព្រះ​វិហារ ដែល​ ត្រូវ​បាន​គូរ​ឡើង​ដោយ​អ្នក​ជំនាញ​ជន​ជាតិ​បារាំង ផ្អែក​តាម​អនុ​សញ្ញា​បារាំង-សៀម ថ្ងៃ​ទី​ ១៣ ខែ កុម្ភៈ ឆ្នាំ ១៩០៤ ។ តាម​អនុ​សញ្ញា​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​ បារាំង​នេះ បាន​ចែង​ថា សៀម​ត្រូវ​ប្រគល់​ខេត្ត ម្លូព្រៃ និង ទន្លេ​រពៅ ដែល​ស្ថិត​នៅ​ត្រើយ​ខាង​ លិច​នៃ​ទន្លេ​មេ​គង្គ មក​ឱ្យ​កម្ពុជា​​វិញ ហើយ​ដែល​មាន​ប្រាសាទ​ព្រះ​វិហារ នៅ​ក្នុង​នោះ​ផង​ដែរ ។

តាម​រយៈ​ផែន​ទី​នេះ បណ្ឌិត​សភា​ចារ្យ ស៊ន សំណាង ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ខ្សែ​បន្ទាត់​ព្រំ​ដែន​ រវាង​កម្ពុជា និង សៀម ដែល​បាន​កំណត់​នា​ពេល​នោះ មាន​ចម្ងាយ​មិន​ក្រោម ៥០០ ម៉ែត្រ​

ឡើយ​ពី​កាំ​ជណ្ដើរ​ដំបូង ឬ ទី ១ នៃ​សំណង់​ប្រាសាទ​ព្រះ​វិហារ ។

ផែន​ទី​តំបន់​ប្រាសាទ​ព្រះ​វិហារ​នេះ ត្រូវ​បាន​បោះ​ពុម្ព​នៅ​ទី​ក្រុង​ប៉ារីស និង ត្រូវ​បាន​ប្រគល់​ជូន​ រដ្ឋា​ភិ​បាល​សៀម និង ជូន​ដល់​រាល់​សមា​ជិក​សៀម ដែល​ស្ថិត​នៅ​ក្នុង​គណៈ​កម្ម​ការ​ចម្រុះ​ខាង​ កំណត់​ព្រំ​ដែន​នៅ​ឆ្នាំ​ ១៩០៨ ។ នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ១៩៦២ លោក​សេនា​ប្រមុខ សារិត ថាណារ៉ាត  ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ពី​ឆ្នាំ ១៩៥៨ ដល់ ១៩៦៣ បាន​ថ្លែង​ថា ប្រទេស​របស់​ លោក គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលា​ការ​អន្តរ​ជាតិ ក្រុង​ឡា​អេ ។

គួរ​រម្លឹក​ផង​ដែរ​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពិត​ប្រាកដ នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ភ្លាមៗ​នោះ រដ្ឋា​ភិ​បាល​កម្ពុជា បាន​បញ្ជូន​​ជន​ជាតិ​ខ្មែរ​ចំនួន ៣ នាក់ ទៅ ​កាន់​ប្រាសាទ​ព្រះ​វិហារ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ត្រឡប់​ក្រោយ​វិញ ដោយ​មាន​ការ​រា​រាំង​ពី​អាជ្ញា​ធរ​ ដែន​ដី​ថៃ​នៅ​ទី​នោះ ។ សន្និ​សីទ​ក្រុង​ហ្សឺ​ណែវ ខែ កក្កដា ឆ្នាំ ១៩៥៤ តម្រូវ​ឱ្យ​បារាំង​ដក​កង​ទ័ព​ ចេញ​ពី​ទឹក​ដី​ខ្មែរ ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៥៤ ដដែល​នោះ ថៃ​ក៏​បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ដោយ​ខុស​ច្បាប់​ផង​ដែរ ។ ពេល​នោះ កម្ពុជា​ក៏​មាន​ គម្រោង​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ដែរ ប៉ុន្តែ​កម្ពុជា​បាន​ផ្អាក​គម្រោង​កាន់​កាប់​ ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​កុំ​ឱ្យ​មាន​ភាព​ធ្ងន់​ធ្ងរ​ក្នុង​ទំនាក់​ទំនង​ ជា​មួយ​ថៃ ។

ទោះ​បី​ជា​កម្ពុជា​បាន​ឈ្នះ​លើ​រឿង​ក្ដី​ប្រាសាទ​ព្រះ​វិហារ តាំង​ពី​ពាក់​កណ្ដាល​សត​វត្ស​ទី ២០ មក​ ហើយ​ក្ដី ក៏​ភាគី​ថៃ​នៅ​មិន​ទាន់​បាន​ប្រគល់​បុរាណ​វត្ថុ ដែល​ខ្លួន​បាន​យក​ចេញ​ពី​ប្រាសាទ​ ព្រះ​វិហារ​មក​ឱ្យ​កម្ពុជា​នៅ​ឡើយ​ទេ ។

ផែនទី

ផែនទី

អនុ​បណ្ឌិត វង់ សុធារ៉ា បន្ថែម​ថា នៅ​ក្នុង​ចំណោម​បេ​តិក​ភណ្ឌ​ដែល​ថៃ​បាន​យក​ទៅ​នោះ ក៏​មាន​ សិលា​ចារឹក K-382 និង K-383 ផង​ដែរ ។

រយៈ​ពេល ៥០ ឆ្នាំ ឬ ប្រហែល ១៨២៥០ ថ្ងៃហើយ ដែល​កម្ពុជា​ទន្ទឹង​រង់​ចាំ​ទទួល​វត្ថុ​បុរាណ​

ទាំង​ឡាយ​ដែល​ថៃ​បាន​រឹប​អូស​យក​ទៅ ។ តើ​ពេល​ណា​ទើប​ថៃ ប្រគល់​បុរាណ​វត្ថុ​ទាំង​នោះ ​ត្រឡប់​មក​ឱ្យ​ខ្មែរ​វិញ តាម​ការ​​បញ្ជា​​របស់​តុលា​ការ​អន្តរ​ជាតិ​ក្រុង​ឡា​អេ ? ប្រសិន​បើ​ថៃ​នៅ​តែ​ មិន​ព្រម​ប្រគល់​វត្ថុ​ដែល​ខ្លួន​បាន​រឹប​អូស​យក​ទៅ​មក​ឱ្យ​ខ្មែរ​វិញ​ទេ តើ​មាន​ស្ថាប័ន​អន្តរ​ជាតិ​ណា ​មួយ ដែល​អាច​ជួយ​ខ្មែរ នៅ​ក្នុង​រឿង​នេះ​បាន​ ?

ដោយៈ អ៊ុំ វ៉ុន, ក្រុម​អ្នក​ស្រាវ​ជ្រាវ

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: