និស្ស័យ​ពី​កំណើត


ជាធម្មជាតិបុគ្គលគ្រប់រូប តែងតែទទួលបាន លក្ខណៈសម្បត្ដិផ្សេងៗគ្នា ទាំងសរីរាង្គកាយ និង ទំនោរផ្លូវចិត្ដ។ និស្ស័យ ជាពាក្យមួយម៉ាត់ ដែលប្រជាពលរដ្ឋយើង និយាយជាញឹកញាប់ ដើម្បី សម្គាល់ទៅលើ ការបានជួបប្រាស្រ័យទាក់ទងគ្នា បានរួមរស់ជាមួយគ្នា ធ្វើអ្វីៗ ចុះសម្រុងគ្នា ជាដើម។ ចុះអ្នកចិត្ដវិទូ លោកបកស្រាយយ៉ាងដូចម្ដេចដែរ អំពីនិស្ស័យ ។ ហើយនិស្ស័យ កើតមានលើមនុស្ស ពីពេលណា និង តាមរយៈអ្វី?

អ្វីជានិស្ស័យ?

និស្ស័យ ជាឫកពា ដែលមានលក្ខណៈខុសគ្នា ពី អត្ដចរិត ដែលអាច ទទួលបាន ពី ឥទ្ធិពល នៃ ការអប់រំ របស់ គ្រួសារ មិត្ដភក្ដិ មជ្ឈដ្ឋាន ជុំវិញ សាលារៀន និង សង្គមនៅពេលដែលបុគ្គលនោះ ដឹងក្ដី ឬ ធំពេញវ័យ។  ឥទ្ធិពលនេះ អាចឱ្យគេក្លាយជា មនុស្សស្លូតបូត រម្យទម សុភាពរាបសារ ឬកោងកាច ព្រហើន ច្រឡើសបើស ខ្ជិលច្រអូសជាដើម។ អត្ដចរិតកើតឡើង លើមនុស្សក្រោយ និស្ស័យ មួយជំហាន ដែលអត្ដចរិតនោះ គេអាចធ្វើការកែប្រែបាន តាមរបត់ នៃ ការរស់នៅ ក្នុង មជ្ឈដ្ឋាន។ និស្ស័យ មានការពាក់ព័ន្ធនឹង មូលដ្ឋានសរីរ បេះដូង ទឹកប្រមាត់ អ័រម៉ូនជាដើម។ ឧទាហរណ៍ បុគ្គល មាន ឫកពាឆេវឆាវ ឆាប់ខឹង ច្រឡោត ស្រគត់ស្រគំ ស្ងប់ស្ងៀម ប្រុសតែមានសារជាតិ ដូចស្រី ឬ ស្រីតែមានសារជាតិ ដូចជាប្រុស ស្ទក់ៗ ទុយមុយ មានសភាពស្រស់ស្រាយ ញញឹមប្រិមប្រិយ ជាប់ជានិច្ចជាដើម។

លោកប៉ាវ លូវ អ្នកប្រាជ្ញផ្នែកចិត្ដវិទ្យា បានរកឃើញ និស្ស័យ របស់ មនុស្សមាន៤គឺ

  • មនុស្សចិត្ដនឹងនរ គឺគេមិនងាយផ្លាស់ប្ដូរការគិត មិនងាយជឿជាក់តាមអ្នកដទៃ
  • មនុស្សឆេវឆាវ គឺជាបុគ្គលដែលឆាប់ខឹង ឆាប់បាត់ ខ្វះហេតុផល
  • មនុស្សមានការសម្រេចចិត្ដខ្ពស់ គឺជាមនុស្សមានឧត្ដមគតិ មានការគិតល្អិតល្អន់ មានហេតុផលមុនសម្រេចចិត្ដ
  • មនុស្សទុក្ខក្រៀមក្រំ ជាមនុស្សដែលមានភាពខ្វាយខ្វល់ច្រើន រស់នៅដាច់ឆ្ងាយពីអ្នកដទៃ។

និស្ស័យកើតឡើងពេលណា ដោយសារអ្វី?

ជាការពិតណាស់ និស្ស័យរបស់មនុស្សគេអាចបណ្ដុះបានចាប់ពីពេលតាំងគក៌រហូតក្មេងចាប់ផ្ដើមដឹងក្ដី ទាំងខាងផ្លូវចិត្ដ ឫកពា ចំណង់ចំណូលចិត្ដ ជាដើម។ មាតាបិតាត្រូវត្រៀមលក្ខ ណៈជាស្រេចនូវកត្ដាផ្លូវចិត្ដ សេដ្ឋកិច្ច លំនៅដ្ឋាន និងសង្គម ដែលអាចជះឥទ្ធិពលដល់កូនក្នុងផ្ទៃ និង កូនដែលកំពុងចាប់ផ្ដើម វិវត្ដន៍ផ្នែកស្មារតី។

១. កត្ដាផ្លូវចិត្ដ ៖ ឪពុកម្ដាយ ជាមនុស្សសំខាន់ ក្នុងការតម្រង់និស្ស័យកូន (តាមរយៈអារម្មណ៍របស់ម្ដាយ)។ មិនឈ្លោះគ្នា ឬ គ្មានភាពល្អក់កករ បង្កភាពស្និទ្ធស្នាល និង ការថ្នាក់ថ្នមផ្លូវកាយ ផ្លូវចិត្ដ និយាយរឿងសប្បាយៗ ផ្ដល់នូវភាពកក់ក្ដៅ រីករាយ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ប្ដីត្រូវរកសៀវភៅផ្សេងៗដូចជារឿងនិទានកុមារ ទស្សនាវដ្ដី ឬអត្ថបទអប់រំល្អៗ សម្រាប់ ភរិយា អាន ឬ អានឱ្យភរិយា និង កូនស្ដាប់ជារៀងរាល់ថ្ងៃ។ លើសពីនេះមាតាគួរមើលទូរទស្សន៍ ឬ វីដេអូ ដែលផ្ដោតសំខាន់ ទៅលើ វីរភាពអង់អាច ក្លាហានមានឧត្ដមគតិ។ ទាំងនេះកូនអាចមានសតិក្លាហាន មិនកោងកាច មានហេតុផល ឆ្លាតវៃ ឆាប់ចេះនិយាយ កាយសម្បទារឹងប៉ឹង មានទំនាក់ទំនងល្អរវាងអន្ដរបុគ្គលជាដើម។
២. កត្ដាសេដ្ឋកិច្ច ៖ សំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារពេលដែលស្ដ្រីពពោះ និងក្រោយពេលសម្រាល។ ការបំប៉នសុខភាពមាតា និង ទារក ថវិកាត្រៀមត្រូវមានជាចាំបាច់។ ត្រូវគិតពី របបអាហារ ឱ្យបានគ្រប់គ្រាន់ និង កម្រិត ប្រភេទអាហារ ដែលគួរបរិភោគ។ លើសពីនេះ ចំពោះ ការប្រើប្រាស់ថ្នាំ ក៏ជាកត្ដាសំខាន់ ព្រោះអាច ជះឥទ្ធិពលយ៉ាងខ្លាំង ដល់ សុខភាពទារកក្នុងផ្ទៃ (ករណីមិនទាន់សម្រាល)។ របបអាហារ និង ការប្រើឱសថ គួរប្រឹក្សា ជាមួយ គ្រូពេទ្យ ឱ្យបានទៀងទាត់ ដើម្បីតាមដានសុខភាព។
៣. ពាក់ព័ន្ធលំនៅដ្ឋាន ៖ លំនៅដ្ឋានគួរសម្អាត ឱ្យបានស្អាត ប្រកបដោយផាសុកភាព ពិសេសត្រូវចាប់អារម្មណ៍ ចំពោះ បន្ទប់ដេក គួរបិទ រូបក្មេងស្អាតៗ  បន្ទប់គួរលាបពណ៌ពងមាន់ ពណ៌ផ្ទៃមេឃស្រាល  ឬ ពណ៌ស៊ីជម្ពូជាដើម។ ទាំងនេះ គឺ រួមចំណែក ឱ្យម្ដាយ មានអារម្មណ៍ ល្អស្រស់ថ្លា។
៤. កត្ដាសង្គម ៖ ក្មេងទើបនឹងកើត និងមិនទាន់ដឹងក្ដី ពុំទាន់ឆ្លងផុតដំណាក់កាលនៃការពត់និស្ស័យទេ។ ដូច្នេះកត្ដាជុំវិញ ដែលក្មេងបានជួប បានឮ បានឃើញនូវឥរិយាបថ រឿងភាពយន្ដ សកម្មភាពទាំងឡាយរបស់មនុស្សក្នុងសង្គម។ ក្នុងនោះ រួមទាំងឪពុកម្ដាយ ញាតិសន្ដាន និង អ្នកដទៃ ពិសេសអ្វីដែលនៅក្បែរ និង ដក់ជាប់ក្នុងអារម្មណ៍ ជាចំណែកមួយ នៃ ការបណ្ដុះនិស្ស័យ របស់ ក្មេង។

ប្រការចាំបាច់គួរចៀសវាង

ថ្វីត្បិតកូនក្នុងផ្ទៃពុំទាន់ឃើញពន្លឺថ្ងៃ ក្មេងទើបកើតពុំអាចហាស្ដី ឬពុំអាចវិភាគអ្វីបាន ប៉ុន្ដែទារកឬក្មេងអាចទទួលឥទ្ធិពល គ្រប់យ៉ាងដែលម្ដាយបានជួប ឬវាផ្ទាល់បានប្រទះ។ ដូច្នេះព្រឹត្ដិការណ៍ខ្លះដែលមិនគួរភពប្រសព្វ គឺជម្លោះផ្សេងៗ មិនគួរទៅសួរសុខទុក្ខ ឬ ទៅទីកន្លែងមាន អ្នកជម្ងឺធ្ងន់ធ្ងរ ដែលអាច ប៉ះពាល់អារម្មណ៍ មិនគប្បីមើលហេតុការណ៍រន្ធត់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរជាដើម ។ មិនគួរមើលទូរទស្សន៍ ឬវីដេអូប្រភេទរឿងខ្មោច រឿងធ្វើ ទារុណកម្ម រឿងកាចសាហាវ មានកាត់ក្បាល ខ្វេះភ្នែក ឬរឿង ដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញពោរពេញដោយការឈឺចាប់ និង ទុក្ខសោកសៅ នោះទេ។

ដំបូន្មានអ្នកផ្ដល់ប្រឹក្សា

គូស្វាមីភរិយាគ្រប់គ្នាតែងតែប្រាថ្នាមានបុត្រដែលឆ្លាតវៃ មានសុខភាពល្អទាំងកាយទាំងចិត្ដ ស្លូតបូត ស្របតាមគន្លងធម៌។ ប៉ុន្ដែ ឪពុកម្ដ្កាយ ស្ទើរ មួយរយភាគរយ មិនសូវយកចិត្ដទុកដាក់ ឬ គិតគូរលើការអប់រំ តាំងពីក្នុងផ្ទៃនោះទេ។ លុះកូនកើតមក ធំដឹងក្ដីមិនឆ្លាត មិនស្ដាប់ការទូន្មាន ទើបមាន វិប្បដិសារី។ ដូច្នេះអាណាព្យាបាលគ្រប់គ្នា ត្រូវតែយកចិត្ដទុកដាក់ ជាពិសេសចំពោះ ទារកតាំងពីក្នុង ឧទររហូតពេញវ័យ ទើបការបណ្ដុះពូជ ធនធានមនុស្សម្នាក់ មានសុពលភាពស្របតាមក្ដីប្រាថ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: