ជំងឺរលាក​សួត​កុមារ


កុមារដែលនៅមាន ប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខ នឹងជំងឺច្រើនប្រភេទ។ ជំងឺផ្លូវ ដង្ហើម ជា បញ្ហាមួយគំរាមកំហែងដល់កុមារកម្ពុជាជាច្រើន។ ជំងឺផ្លូវដង្ហើម រួមមានជំងឺ ជាច្រើន ដែលទាក់ទងនឹង ផ្លូវដង្ហើមលើ និង ផ្លូវដង្ហើមខាងក្រោមរបស់កុមារ ជាពិសេស ជំងឺរលាកសួត កុមារ។  ជំងឺរលាកសួតកុមារ ប្រសិនបើយើង មិនបានព្យាបាលវា ឱ្យបានទាន់ពេលវេលានោះទេ កុមារអាចស្លាប់បាន។

ជំងឺរលាកសួតកុមារ ជាអ្វី?

ជំងឺរលាកសួត គឺសំដៅ ដល់ រលាកទៅលើសាច់សួត ជាប្រភេទ ជំងឺមួយដែល ងាយនឹង កើតចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ ៥ឆ្នាំ។ ជំងឺនេះ អាចឆ្លង ពី កុមារ ម្នាក់ទៅកុមារម្នាក់ទៀត បានដោយសារ ការដកដង្ហើម ដែល មានទំនាក់ទំនងនឹង បរិយាកាសខាងក្រៅ។ សួតមាន ទំហំធំ ប្រសិនបើ លាតត្រដាង នៅខាងក្រៅប្រអប់ទ្រូង សួតមានទំហំ ប្រមាណជា ២០០ម៉ែត្រការ៉េ នៅលើមនុស្ស ពេញវ័យ។ ដូច្នេះសួតហាក់ដូចជា នៅកណ្ដាលវាល ដែលអាច រងនូវធូលីដី បាក់តេរី ឧស្ម័ន និង មេរោគដែលមាន នៅក្នុងបរិយាកាស។

រោគសញ្ញាជំងឺរលាកសួតកុមារ

កុមារច្រើនមានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និង ពិបាក ដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំង មានទារ៉ាស៍ ដែលជាសញ្ញាផត ផ្នែកខាងក្រោម នៃ ឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះ មើលឃើញច្បាស់ នៅពេល កុមារដក ដង្ហើមចូល កុមារអាចមាន ស្វាយបបូរមាត់ និងអណ្ដាត។

មូលហេតុបង្កជំងឺរលាកសួត

ជំងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូល តែងតែមានប៉ះពាល់ មេរោគទាំងនោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជំងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើម ដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើត ជំងឺរលាកសួតបាន។ គ្រប់ជំងឺរលាកសួត មិនមែនសុទ្ធតែអាច កើតឡើងដោយសារ មេរោគបង្កនោះទេ ធូលីដី ឬ សារធាតុគីមី ដែលដកដង្ហើមចេញចូល ក៏អាចជាដើមហេតុ ផងដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។

វិធីព្យាបាលជំងឺរលាកសួត

ដើម្បីធ្វើការព្យាបាលជំងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយ គ្រូពេទ្យជំនាញ ឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជំងឺរលាកសួតនេះ បង្កមកពី មូលហេតុអ្វី ដើម្បីស្រួល ធ្វើការព្យាបាល។ ដោយសារជំងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាល ក៏ត្រូវអនុវត្ដ ទៅតាមមូលហេតុបង្កដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬ ក៏សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ការព្យាបាល ជាទូទៅរួមមាន ៖

  • ការផ្ដល់ចំណីអាហារ និងជាតិទឹកដល់កុមារឱ្យបានសមស្រប
  • ផ្ដល់ថ្នាំបញ្ចុះកម្ដៅបើកុមារក្ដៅខ្លួន
  • ផ្ដល់ថ្នាំអង់ទីប៊ឺយ៉ូទិកក្នុងករណីដែលកុមាររលាកសួតដោយសារមេរោគបាក់តេរី
  • ផ្ដល់ថ្នាំសម្រន់ក្អក ឬថ្នាំធ្វើឱ្យស្លេស្មរាវទៅតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ
  • ការព្យាបាលដោយចលនា
  • ផ្ដល់អុកស៊ីសែនក្នុងករណីពិបាកដកដង្ហើម។

ផលវិបាករបស់ជំងឺរលាកសួត

ជំងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជំងឺរលាកសួតអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជំងឺទឹកចូលក្នុងស្រោមសួត ឬអាចមានខ្ទុះក្នុងសួតជាដើម។

វិធានការការពារជំងឺរលាកសួត

ដើម្បីការពារជំងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញ ត្រូវតែស្អាត និង មានអនាម័យ ជានិច្ច។ នៅពេលទៅណាមកណា ត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាន នរណាម្នាក់ នៅក្នុងក្រុម គ្រួសារ មានជំងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារ នៅក្បែរអ្នកជំងឺ ទាំងនោះទេ។ សូមឪពុកម្ដាយ យកបុត្រធីតា ដែលមានអាយុក្រោម ៥ឆ្នាំ ទៅចាក់ថ្នាំបង្ការ ឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះ អាចជួយឱ្យកូន របស់ លោកអ្នក មានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំង ទប់ទល់នឹង មេរោគផ្សេងៗ បានច្រើន ជាពិសេសកុមាអាចធន់នឹងជំងឺបាន។

មួយវិញទៀត ដោយសារតែជំងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជំងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជំងឺរបេង អ្នកជំងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំង ដើម្បីបង្ការ ជំងឺរលាកសួត និងជំងឺ ផ្សេងៗពីកូនរបស់លោកអ្នក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជំងឺកុមារ ឬ មណ្ឌលសុខភាព ដែលនៅ ជិតផ្ទះរបស់លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: