ADBបង្ហាញ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ឆ្នាំ២០១១កើន ៦,៥% និង​នៅ​ឆ្នាំ២០១២​កើន ៦,៨%


ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៧ ខែមេសា ឆ្នាំ២០១១ ម៉ោង ០៨:៤៤

ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការព្យាករណ៍នៅក្នុងការវិភាគម៉ាក្រូសេដ្ឋកិច្ចថ្មីមួយអំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជាអាចនឹងកើនឡើង៦,៥% នៅក្នុង ឆ្នាំ២០១១ និង៦,៨% នៅក្នុង ឆ្នាំ២០១២ ប៉ុន្ដែកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួន ប្រសិនបើកម្ពុជា ចង់សម្រេចបាននូវគោលដៅ កាត់បន្ថយ ភាពក្រីក្រ និង កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្ដរភាព។

ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ី (ADO) ឆ្នាំ២០១១ ដែលជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី៦ មេសា បានលើកឡើងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់ ក៏ដូចជាកំណើនថេរនៃវិស័យកសិកម្ម នឹងជំរុញកំណើននៅក្នុងឆ្នាំ ២០១១។ នៅក្នុងឆ្នាំ២០១០ កំណើនសេដ្ឋកិច្ច មានប្រមាណ ៦,៣%។

វិស័យកសិកម្មត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៤,៣% នៅក្នុងឆ្នាំ២០១១ ដោយសារការបន្ដ មានការវិនិយោគ លើ ប្រព័ន្ធធារាសាស្ដ្រ និង ការបង្កើនលទ្ធភាព ទទួលបានជី និង គ្រាប់ពូជ ដែលផ្ដល់ទិន្នផលខ្ពស់។ កំណើន នៃ វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងមានប្រមាណ១០,៨% ផ្អែកទៅតាម សញ្ញាវិជ្ជមាន អំពី ការបញ្ជាទិញនាពេលអនាគត ពី សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប។ នៅក្នុងករណីសហភាពអឺរ៉ុប សញ្ញាវិជ្ជមាននេះ មួយផ្នែក គឺដោយសារ មានការបន្ធូរបន្ថយ លក្ខខណ្ឌ នៃ វិធានប្រភពដើម លើការនាំចូលសម្លៀកបំពាក់ ពី ប្រទេសកម្ពុជា។ វិស័យសេវាកម្ម ត្រូវបានព្ យាករណ៍ថា នឹងមានកំណើនប្ រមាណ៥%។

ចំណូលពីវិស័យទេសចរណ៍ខ្ពស់ជាងមុន នឹងចូលរួមចំណែកធ្វើឱ្យមានអតិរេកក្នុងពាណិជ្ជកម្មសេវាកម្ម។ ឱនភាព គណនីចរន្ដ ត្រូវបាន ព្យាករណ៍ថា នឹងមានការថយចុះ មកនៅត្រឹម ១០,៧% នៅក្នុងឆ្នាំ ២០១១ និង ១០,២% នៅក្នុងឆ្នាំ២០១២។ ទុនបម្រុងអន្ដរជាតិសរុប ត្រូវបានព្យាករណ៍ថា នឹងមាន ការកើនឡើងដល់ ២,៨៤ ពាន់លាន ដុល្លារ នៅក្នុងឆ្នាំ ២០១១ គ្របដណ្ដប់លើ ការនាំចូលទំនិញ បានប្រហែល ៤,៤ខែ។ លោក Peter Brimble សេដ្ឋវិទូជាន់ខ្ពស់ ប្រចាំប្រទេស របស់ ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា៖ «ការបន្ដងើបឡើងវិញ នៃ ការនាំចេញ និង វិស័យទេសចរណ៍ នៅក្នុង ឆ្នាំ២០១១ នឹងជួយឱ្យ ប្រទេសកម្ពុជា រក្សានិរន្ដរភាព នៃ ការវិលមករកគន្លងកំណើន រយៈពេលវែង៦-៧% ឡើងវិញ។ ប៉ុន្ដែឥឡូវនេះ ជាមួយនឹង សម្ពាធ ដែលមាន ចាំបាច់ត្រូវមានការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហា ប្រឈមរយៈពេលវែង ទៅលើការពន្លឿន ពិពិធកម្មសេដ្ឋកិច្ច និង ការកែលម្អ បរិយាកាស វិនិយោគ ជាទូទៅ»។

អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ២០១១ ត្រូវបានប៉ាន់ប្រមាណថាមានកម្រិត ៥,៥% កើនឡើងពី៤,០% នៅក្នុងឆ្នាំ២០១០។ របាយការណ៍នេះ បានលើកឡើងថា ហានិភ័យនៃការព្យាករណ៍នេះមានដូចជា ព្រឹត្ដិការណ៍ ពិភពលោក ដូចជា ភាពចុះខ្សោយ នៃ សេដ្ឋកិច្ចជាសាកល ដោយមិនអាច រំពឹងទុកជាមុន ឬ ការកើនឡើងខ្ពស់ នូវ ថ្លៃប្រេង ដែលអាចធ្វើឱ្យ ប៉ះពាល់ ដល់ សក្ដានុពលភាព នៃ វិស័យទេសចរណ៍ និង ការនាំចេញ សម្លៀកបំពាក់ របស់ ប្រទេសកម្ពុជា នឹងជំរុញឱ្យ អតិផរណា មានការកើនឡើងបន្ថែមទៀត។ ឱនភាពថវិកា ត្រូវបានគេព្យាករណ៍ថា នឹងមានការកើនឡើង ដល់ ៦,២% នៃ GDP នៅក្នុងឆ្នាំ២០១១។ទស្សនវិស័យ ស្ដីពី ការអភិវឌ្ឍអាស៊ី ២០១១ បានព្រមានថា កង្វះវឌ្ឍនភាពផ្នែក ការរួមបញ្ចូល សារពើពន្ធ រួមផ្សំ ជាមួយនឹង ចំណូលពន្ធទាប និង អវត្ដមាន មូលប័ត្របំណុល របស់ រដ្ឋាភិបាល អាចបង្កឱ្យមានបញ្ហា នៅក្នុង ការផ្ដល់ហិរញ្ញប្បទាន ដល់ ឱនភាពសារពើពន្ធ។

លោក Brimble មានប្រសាសន៍ថា៖ «នេះតម្រូវឱ្យមានការបន្ដ អនុវត្ដគោលនយោបាយ រូបិយវត្ថុ និង ចំណាយ របស់ រដ្ឋាភិបាល ដោយ ប្រុងប្រយ័ត្ន រួមផ្សំ ជាមួយនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតទីផ្សារមូលធន ពង្រីកមូលដ្ឋានពន្ធ និង បង្កើនការប្រមូលចំណូល ដែលនៅមានកម្រិតទាប នៅឡើយ»។

ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ីនេះ ក៏រំលេចឱ្យឃើញផងដែរ នូវ គោលនយោបាយស្រូវបច្ចុប្បន្ន របស់ ប្រទេសកម្ពុជា និង គាំទ្រដល់ភាពចាំបាច់ ដើម្បីលើក កម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដើម្បីសម្រាលការពឹងអាស្រ័យលើ ទីផ្សារសម្លៀកបំពាក់របស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ការភ្ជាប់ទំនាក់ទំនង រវាង តំបន់ជនបទ និងទីក្រុង ក៏ត្រូវបានអំពាវនាវ ឱ្យមានផងដែរ ដើម្បីធានាឱ្យមានដំណើរការកំណើនដែលមានការចូលរួម និង ដើម្បីគាំទ្រ ដល់ ការឈានជើង របស់ វិស័យកសិកម្ម របស់ ប្រទេសកម្ពុជា ចូលទៅក្នុងទីផ្សារនៅថ្នាក់ជាតិ តំបន់ និងសាកលលោក។

ទស្សនវិស័យស្ដីពីការអភិវឌ្ឍអាស៊ី បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាសក្ដានុពលនៃការបង្កើនទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងក្នុងតំបន់ ដូចជា ថៃ ឡាវ និងវៀតណាមជាដើម និងគូសបញ្ជាក់ពីភាពចាំបាច់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យកាត់ដេរ កសិកម្ម និងទេសចរណ៍ តាមរយៈការកាត់បន្ថយចំណាយខ្ពស់លើការដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ បង្កើនគុណភាពរបស់ផលិតផល និងសេវាកម្មនានាដែលមានស្រាប់ និងធ្វើការអភិវឌ្ឍជំនាញ ដើម្បីបន្ថែមតម្លៃដល់ផលិតផល។

លោក Brimble គូសបញ្ជាក់ថា៖ «សហប្រតិបត្ដិការក្នុងតំបន់ នឹងក្លាយជាកត្ដាចូលរួមចំណែកកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងការជំរុញ ឱ្យមានកំណើន គ្រប់វិស័យទាំងអស់របស់ប្រទេសកម្ពុជា។ ហើយដើម្បីក្ដាប់យកសក្ដានុពលនេះបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែបន្ដធ្វើការងារ ដើម្បីកាត់បន្ថយ ការចំណាយ លើការដឹកជញ្ជូន និងភ័ស្ដុភារ សម្រួលនីតិវិធី ការិយាធិបតេយ្យនៅតាមកំពង់ផែនានា និងច្រកត្រួតពិនិត្យតាមព្រំដែន និង កាត់បន្ថយ ការចំណាយក្រៅផ្លូវការ»។

ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានការិយាល័យនៅក្នុងទីក្រុងម៉ានីល ប្ដេជ្ញាចិត្ដកាត់បន្ថយភាពក្រីក្រនៅអាស៊ី និង ប៉ាស៊ីហ្វិក តាមរយៈការជំរុញ កំណើនសេដ្ឋកិច្ច តាមបែបចូលរួម កំណើនដែលធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មថ្នាក់តំបន់។ បង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៦ ធនាគារ អភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ប្រទេស ដែលក្នុងនោះមាន ៤៨ប្រទេស មកពីតំបន់។ នៅឆ្នាំ២០១០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត ការផ្ដល់ហិរញ្ញប្បទាន និង សហហិរញ្ញប្បទាន សរុបចំនួន ១៧,៥១ពាន់លាន ដុល្លារអាមេរិក៕

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: