ផល​ប៉ះពាល់​១០យ៉ាង​ នៃ ការ​ប្រើប្រាស់​ឱសថ​ ពេលស្ដ្រី​មាន​ផ្ទៃពោះ


ស្ដ្រីដែលមានផ្ទៃពោះ ភាគច្រើន ត្រូវបានគ្រូពេទ្យណែនាំ មិនឱ្យប្រើប្រាស់ ប្រភេទថ្នាំមួយចំនួន ដោយគ្មាន វេជ្ជបញ្ជាត្រឹមត្រូវ ដែលអាចមានផលប៉ះពាល់ ទៅដល់ ទារកនៅក្នុងផ្ទៃ និង អាចមានផលអាក្រក់ ទៅដល់ មាតាថែមទៀតផង។ បច្ចុប្បន្ន ការប្រើប្រាស់ថ្នាំ របស់ ស្ដ្រីដែលមានផ្ទៃពោះ ត្រូវបាន គេប្រុងប្រយ័ត្ន ជាទីបំផុត។ ស្ដ្រី មិនមែនចេះតែ ប្រើប្រាស់ថ្នាំ ទៅតាមប្រភេទជម្ងឺដែលខ្លួនកើតមាន នោះទេ។ ឱសថ ជាអាវុធមុខពីរ ដែលអាចធ្វើឱ្យយើង ជាសះស្បើយ ហើយក៏អាចធ្វើឱ្យយើង មានបញ្ហាសុខភាព ពេលកំពុងប្រើ និង ពេលក្រោយប្រើប្រាស់ផងដែរ។

ស្ដ្រីមានផ្ទៃពោះគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?

ជាទូទៅការប្រើប្រាស់ថ្នាំផ្សេងៗចំពោះស្ដ្រីមានផ្ទៃពោះ គឺត្រូវប្រើប្រាស់ ទៅតាម ការវិវឌ្ឍន៍របស់ទារកក្នុងផ្ទៃម្ដាយ។ ម្ដាយដែលមាន ផ្ទៃពោះ គួរតែ ប្រើប្រាស់ថ្នាំ មានជាតិដែកឱ្យបានច្រើន ដើម្បីជំនួយទៅដល់ទារក ដែលនៅ ក្នុងផ្ទៃ ឱ្យមានការលូតលាស់ល្អ ទាំង រាងកាយ និង ប្រាជ្ញាស្មារតី បាន ប្រក្រតី។ ព្រោះជាតិដែក បានជួយបង្កើនគ្រាប់ឈាម ទាំងម្ដាយ ទាំងកូន និងឱ្យសរសៃប្រសាទបិទជិត ចៀសវាង ការចេញក្រៅ នៃ ខួរសរសៃ ប្រសាទ។ តាមការសិក្សា បានរកឃើញថា ថ្នាំជាតិដែក អាចជួយបាន ៦០% នៅពេលមានផ្ទៃពោះ។ ស្ដ្រីជាម្ដាយ ត្រូវបរិភោគបន្លែ និង ផ្លែឈើស្រស់ ឱ្យបានច្រើន និង ពពួកអាហារ ទាំងឡាយណា ដែលសម្បូរ ទៅដោយ វីតាមីន ដើម្បីជួយ ទៅដល់ ការលូតលាស់ របស់ ទារក នៅក្នុងផ្ទៃ បានល្អប្រសើរ។

ស្ដ្រីមានផ្ទៃពោះមិនគួរប្រើប្រាស់ថ្នាំអ្វីខ្លះ?

ស្ដ្រីដែលមានផ្ទៃពោះត្រូវប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ថ្នាំផ្សេងៗ។ ការប្រើប្រាស់ថ្នាំ អាចប្រើបានទៅតាម ការរីកលូតលាស់ របស់ ទារកក្នុងផ្ទៃ ហើយក៏ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យផងដែរ ទើបមិនធ្វើឱ្យមាន ផលប៉ះពាល់ទៅដល់មាតា និង បុត្រ នៅក្នុងផ្ទៃ។ នៅពេល ស្ដ្រីមានផ្ទៃពោះ ៣ខែដំបូង ការប្រើប្រាស់ថ្នាំត្រូវមានការប្រុងប្រយ័ត្នជាទីបំផុត ឬ មិនអនុញ្ញាតឱ្យ ប្រើតែម្ដង ក្នុងកំឡុងពេលនេះ។ ប្រសិនបើជម្ងឺ របស់ម្ដាយចាំបាច់ក្នុងការប្រើប្រាស់ថ្នាំ គ្រូពេទ្យត្រូវពិចារណាទៅលើផលប៉ះពាល់ និងទៅ លើទារកដែលនៅក្នុងផ្ទៃយ៉ាងប្រុងប្រយ័ត្ន ទើបផ្ដល់ថ្នាំចំពោះម្ដាយ។

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំចំពោះស្ដ្រីមានផ្ទៃពោះ

ស្ដ្រីដែលមានផ្ទៃពោះភាគច្រើនមិនសូវឱ្យប្រើថ្នាំផ្ដេសផ្ដាសប៉ុន្មានទេ ដោយសារខ្លាចមានផលអាក្រក់ចំពោះទារក និង ម្ដាយ។ ផលប៉ះពាល់ វាអាស្រ័យទៅលើ ថ្នាំដែលស្ដ្រីប្រើប្រាស់ និងទៅតាមរយៈពេលគុណភាពថ្នាំ និង កម្រិតថ្នាំ ទៅតាមអាយុ របស់ គភ៌ផងដែរ។ ថ្នាំទាំងនោះមានដូចជាថ្នាំលាប ថ្នាំលេប ថ្នាំចាក់ជាដើម ហើយផលវិបាកក៏មានទៅតាមបុគ្គលម្នាក់ៗផងដែរ។

មានប្រភេទថ្នាំមួយចំនួនដែលម្ដាយប្រើនៅពេលមានផ្ទៃពោះ អាចជះឥទ្ធិពលចំពោះទារកភ្លាមៗ និងមានថ្នាំមួយទៀត ផ្ដល់ផលអាក្រក់ទៅកូនរយៈពេលយូរជាច្រើនឆ្នាំក្រោយមកទើបមានផលអាក្រក់កើតឡើងចំពោះទារក។

. នៅពេលស្ដ្រីមានផ្ទៃពោះ គ្រូពេទ្យមិនឱ្យប្រើថ្នាំប្រភេទថ្នាំឆ្កួតជ្រូក ឬអាការប្រកាច់ទេ ដោយសារវាធ្វើឱ្យទារកដែល នៅក្នុងផ្ទៃនោះមានរូបរាងមិនធម្មតា ម្រាមដៃខ្លីៗជាដើម។ ប្រសិនបើប្រើប្រាស់ថ្នាំប្រភេទនេះនៅពេលដែលទារកជិតនឹងកើត វាធ្វើឱ្យបែកគ្រាប់ឈាមរបស់ម្ដាយ ហើយគេបានរកឃើញថា ម្ដាយមានឈាមកកនៅក្រោមស្រទាប់ថ្លើមទៀតផង។ ជាឧទាហរណ៍ ម្ដាយមានជម្ងឺឆ្កួតជ្រូក ឬឧស្សាហ៍ប្រកាច់ជាដើម ហើយស្ដ្រីកំពុងមានផ្ទៃពោះ នោះគ្រូពេទ្យជំនាញមិនអនុញ្ញាតឱ្យប្រើថ្នាំការពារជម្ងឺ ឆ្កួតជ្រូកនោះបានទេ។

. ពពួកថ្នាំដែលបំបាត់ដុំពកនៅលើខ្លួន(នៅលើដោះ លើក្បាល ឬទីកន្លែងផ្សេងទៀត) ឬអាចជាដុំមហារីកជាដើម ក៏ គ្រូពេទ្យហាមមិនឱ្យប្រើនៅពេលមានផ្ទៃពោះផងដែរ។

. ប្រភេទថ្នាំម្យ៉ាងដែលជួយពង្រាវឈាមកកទៅជាឈាមរាវវិញ ក៏ត្រូវបានគ្រូពេទ្យហាមប្រាមមិនឱ្យប្រើនៅពេលមាន ផ្ទៃពោះផងដែរ។ ប្រសិនបើម្ដាយប្រើក្នុងចន្លោះអាទិត្យទី៦ទៅអាទិត្យទី៩អាចធ្វើឱ្យច្រមុះកូនក្នុងផ្ទៃតូច(កំពិត) និងធ្វើឱ្យមានជម្ងឺ ទៅដល់ក្បាលឆ្អឹងរបស់ទារក និងមានជម្ងឺបេះដូងតាំងពីកំណើត ថែមទាំងអាចធ្វើឱ្យទារកថ្លង់ពីកំណើតបានទៀតផង។ បើម្ដាយប្រើ នៅកំឡុងរយៈពេល៦ទៅ៩ខែ ធ្វើឱ្យភ្នែកទារកមិនធម្មតា ក្បាលធំ សរសៃប្រសាទមិនប្រក្រតីជាដើម។

. ថ្នាំពពួកវីតាមីនអា ដែលភាគច្រើនគេប្រើចំពោះស្ដ្រីដែលមុខកើតមុន បើម្ដាយប្រើវានៅក្នុងខែទី២ដំបូង គេសង្កេតឃើញ ថាទារកមានភ្នែកតូច ត្រចៀកកំពិត មុខមាត់ខុសប្រក្រតី ក្បាលធំ សរសៃឈាមមិនប្រក្រតីជាដើម។

. មានថ្នាំមួយចំនួនផ្ដល់ផលវិបាកចំពោះកូនទៅថ្ងៃក្រោយ មិនផ្ដល់នូវផលអាក្រក់ភ្លាមៗទេ អាចរហូត១០ឆ្នាំក្រោយ ក៏មានដែរ។ បើទារកជាក្មេងស្រី ១០ឆ្នាំក្រោយមកធ្វើឱ្យកុមារីនោះមានមាត់ស្បូនតូច ប្រដាប់ភេទមិនធម្មតា នៅក្នុងទ្វារមាសហាក់ ដូចជាមាន របាំងមាត់ស្បូនចំហជាដើម។ បើធ្វើការសាកសួរ និងធ្វើការពិសោធន៍ យើងសង្កេតឃើញថា មកពីកាលម្ដាយមានផ្ទៃពោះ កាលពី ១០ឆ្នាំមុន បានប្រើប្រាស់ថ្នាំអ្វីម្យ៉ាងដែលមានផលប៉ះពាល់ចំពោះកូនដែលនៅក្នុងផ្ទៃ។

. ថ្នាំដែលមានជាតិអ័រម៉ូន នៅពេលស្ដ្រីមានផ្ទៃពោះ ក៏គ្រូពេទ្យមិនអនុញ្ញាតឱ្យប្រើផងដែរ ព្រោះអាចធ្វើឱ្យកូននៅក្នុង ផ្ទៃដែលជា កូនស្រី ទៅជាកូនប្រុសវិញបាន។

. ពពួកថ្នាំគ័រទីកូអ៊ីតនៅពេលមានគភ៌ពី២ទៅ៣ខែដំបូង គួរតែចៀសវាងប្រើថ្នាំប្រភេទនេះ ទោះបីជាអ្នកប្រាជ្ញមិនទាន់ បានដឹងថា វាមានផលប៉ះពាល់កម្រិតណាចំពោះទារកក្នុងផ្ទៃក៏ដោយ។ ប៉ុន្ដែគ្រាន់តែដឹងថា វាអាចធ្វើឱ្យ ទារក ដែលនៅក្នុងផ្ទៃមាន ផលអាក្រក់បាន។

. ពពួកថ្នាំទឹកនោមផ្អែមក៏ធ្វើឱ្យមានការប៉ះពាល់ទៅដល់ជាតិស្ករនៅក្នុងខ្លួនរបស់ទារកដោយប្រយោលបានដែរ។ ជាតិស្ករនៅក្នុង ឈាមទារកទាប។

. ថ្នាំអ័រម៉ូនម្យ៉ាងដែលចេញពីក្រពេញតៀរូអ៊ីតដែលមាននៅលើបំពង់ករបស់មនុស្ស មិនបានឆ្លងកាត់សុកទេ តែឆ្លងកាត់ តាមឈាម។  ថ្នាំប្រភេទនេះក៏គេមិនឱ្យស្ដ្រីមានផ្ទៃពោះប្រើដែរ។ ថ្នាំដែលជួយឱ្យ ចង្វាក់បេះដូងដើរទៀង (ម្ដាយមានចង្វាក់បេះដូង មិនប្រក្រតី) ម្ដាយមិនត្រូវប្រើប្រាស់ថ្នាំប្រភេទនេះទេ វាអាចជះឥទ្ធិពលចំពោះទារកដែលនៅក្នុងផ្ទៃ។

១០ . មានថ្នាំជាច្រើនប្រភេទទៀត ដែលអាចមានផលប៉ះពាល់ទៅដល់ទារក ដែលស្ដ្រីមានផ្ទៃពោះ គួរតែចៀសវាងប្រើប្រាស់ថ្នាំ ទាំងនោះ។ អ្នកមានផ្ទៃពោះមិនត្រូវចាក់វ៉ាក់សាំងប្រភេទក្អកមាន់ វ៉ាក់សាំងស្អូច អុជក្ដាម កញ្ជ្រឹល ក្រឡទែន ជម្ងឺគ្រុនពោះវៀន និងថ្នាំបង្ការខាន់ស្លាក់។

ដំបូន្មានអ្នកជំនាញ

ស្ដ្រីដែលមានផ្ទៃពោះទាំងអស់ គួរគប្បីចៀសវាងការប្រើប្រាស់ថ្នាំអ្វីមួយដែលមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យត្រឹមត្រូវ។ កុំប្រើប្រាស់ថ្នាំទៅតាមចិត្ដចង់ឱ្យសោះ ឬទៅតាមពាក្យសម្ដីដែលឮតៗគ្នា។ ម្យ៉ាងវិញទៀតការទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃពោះ របស់ស្ដ្រីជាបច្ច័យមួយល្អបំផុត ដើម្បីតាមដានការលូតលាស់ទារក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

ប្រពភឯកសារ៖ សុខភាពកម្ពុជា៖ ផលប៉ះពាល់១០យ៉ាង នៃ ការប្រើប្រាស់ឱសថ ពេលស្ដ្រីមានផ្ទៃពោះ

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: