ក្រុមហ៊ុន Google បង្កើត​គម្រោង​អភិរក្ស​ភាសា​ជនជាតិ


RFA/Vohar Cheath មន្រ្តីឃុំសំរុង ចុះស្រង់ស្ថិតិចំនួនប្រជាជនជនជាតិស្អូច នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២

RFA/Vohar Cheath
មន្រ្តីឃុំសំរុង ចុះស្រង់ស្ថិតិចំនួនប្រជាជនជនជាតិស្អូច នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២

ដោយ វោហារ ជាតិ

2012-07-02

ក្រុមហ៊ុនហ្គូហ្គល (Google) ដែលជាប្រព័ន្ធអ៊ីនធឺណិត (Internet) របស់អាមេរិកដ៏ធំមួយ បានផ្ដួចផ្ដើមបង្កើត គម្រោងអភិរក្ស ភាសាឈ្មោះថា «គម្រោងភាសា ដែលប្រឈមនឹងគ្រោះថ្នាក់» ដើម្បីរួមចំណែកថែរក្សា ភាសាជនជាតិមួយចំនួន ដែលកំពុងបាត់បង់។

ក្នុងគម្រោងនោះ មានភាសាជនជាតិភាគតិច នៅក្នុង ប្រទេសកម្ពុជា មួយចំនួន ដែលក្រុមអ្នកស្រាវជ្រាវ យល់ថា នឹងអាចបាត់បង់ នៅពេលខាងមុខដូចគ្នា។

ក្នុងគម្រោងថែរក្សាភាសា ដែលកំពុងប្រឈមនឹង ការបាត់បង់ លើ សកលលោកប្រហែល ៣.០០០ភាសា មានភាសាជនជាតិភាគតិច នៅប្រទេសកម្ពុជា យ៉ាងហោចណាស់ ៦ភាសាដែរ ដែលកំពុងប្រឈមនឹង ការបាត់បង់ ឬអាចនិយាយថា ភាសាទាំងនោះ មិនមានគេនិយមនិយាយ ក្នុងការប្រាស្រ័យទាក់ទងគ្នា ក្នុងជីវភាពប្រចាំថ្ងៃ ដូចភាសាដទៃទៀត។

ក្រុមហ៊ុនប្រព័ន្ធអ៊ីនធឺណិត ហ្គូហ្គល ដែលផ្សាយលើគេហទំព័ររបស់ខ្លួននៅចុងខែមិថុនា បង្ហាញថា ភាសាទាំង ៣.០០០ ដែលជិត បាត់បង់នោះ មានដូចជាភាសា គ្រឹង កាវ៉ែត ព្នង សំរ៉ែ ក្រោល កាកូ។ ក៏ប៉ុន្តែក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ធ្វើការជាមួយ បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ដែលមានជនជាតិដើមភាគតិចសរុបប្រហែល ២៤ជនជាតិ នោះ មិនមានជនជាតិកាកូទេ។

លោក ស្វាយ សុខជា អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ ដឹកនាំដោយសហគមន៍ នៃ អង្គការគាំទ្រសហគមន៍ ជនជាតិដើមភាគតិច មានប្រសាសន៍ថា ភាសាជនជាតិភាគតិច ដែលកំពុងប្រឈម បាត់បង់នៅប្រទេសកម្ពុជា មិនមែនមានតែជនជាតិ សំរ៉ែ តែមួយទេ គឺមាន ជនជាតិភាគតិចច្រើនទៀត ដែលប្រឈមនឹងការបាត់បង់។

លោក ស្វាយ សុខជា៖ «ការបារម្ភព្រួយនឹងការបាត់បង់អត្តសញ្ញាណវប្បធម៌ប្រពៃណីភាសារបស់គាត់ គឺមានតែជនជាតិមួយ គឺជនជាតិ ស្អូច។ ដោយសារជនជាតិ ស្អូច រស់នៅខេត្តព្រះសីហនុហ្នឹង មានតែ ២០គ្រួសារជាងទេ។ ជនជាតិ ខោញ ក៏តិចដែរ ជនជាតិ ក្រោល ក៏តិចដែរ។ ជនជាតិដែលអត់សូវមានសំឡេង និងមានជនជាតិ ខោញ ជនជាតិ ក្រោល ជនជាតិ មិល ជនជាតិ ស្អូច ជនជាតិ លន់… កំពុងប្រឈមបាត់បង់ពូជសាសន៍របស់គាត់ណាស់»

នៅក្នុងគម្រោងនោះបានបញ្ជាក់ដែរថា ក្នុងចំណោមភាសាជនជាតិទាំង ៦ គឺភាសាសំរ៉ែ និងភាសាជនជាតិកាកូ ដែលមានតែ មនុស្សចាស់ទុំតែពីរបីនាក់ចេះនិយាយភាសាជនជាតិខ្លួនតែប៉ុណ្ណោះ ដែលចាស់ទុំជនជាតិទាំងពីរនេះ រស់នៅខេត្តពោធិ៍សាត់ និងខេត្តរតនគិរី។ ដោយឡែកចំនួនជនជាតិដើមភាគតិច ដែលចេះនិយាយភាសាជនជាតិដើម របស់ខ្លួនទាំងពីរភាសានេះ នៅលើពិភពលោកវិញ ក៏មានចំនួនតិចណាស់ដែរ គឺគេហទំព័រ ហ្គូហ្គល សរសេរថា មានចំនួនប្រហែល ១០០ ទៅ ២០០នាក់ ប៉ុណ្ណោះ។ ក្រៅពីនេះមានភាសាជនជាតិដើមចំនួន ៤ទៀត នៅប្រទេសកម្ពុជា ដូចជានៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តកំពង់ធំ ក៏កំពុងប្រឈមបាត់បង់ដូចគ្នា។

គេហទំព័រដដែលសរសេរថា ចំពោះភាសាជនជាតិភាគតិចទាំងបួននេះ ក៏ជិតផុតរលត់ដែរនៅប្រទេសនានាលើពិភពលោក គឺមានជនជាតិដើមដែលចេះភាសាជនជាតិដើមរបស់ខ្លួនមានចំនួនចាប់ពីជិត ២.០០០នាក់ ទៅជាង ៥២.០០០នាក់ នៅទូទាំងពិភពលោក។

ចំពោះគម្រោងអភិរក្សភាសាជនជាតិដើមភាគតិចរបស់គេហទំព័រ ហ្គូហ្គល គឺមានព័ត៌មានច្រើនទាក់ទងនឹង ភាសារបស់ ជនជាតិនីមួយៗ ដូចជាព័ត៌មានភាសាជនជាតិដើមភាគតិចនីមួយៗនៅលើពិភពលោក រួមទាំងរបៀបនិយាយភាសាជាដើម ដែលគេអាច អាប់ឡូដ (Upload) ឬបើកមើលនៅគេហទំព័រនោះបាន។

ក្រុមមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើការជួយរក្សាវប្បធម៌ និងភាសាជនជាតិដើមភាគតិចនានា បានសាទរ ចំពោះគម្រោងនេះ។

លោក សេក សោភ័ណ មន្ត្រីអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា ដែលធ្វើការលើកស្ទួយ វប្បធម៌ប្រពៃណី ជនជាតិដើមភាគតិច នៅកម្ពុជា បានចាត់ទុកគម្រោងរបស់នេះថាមានសារប្រយោជន៍បំផុតសម្រាប់អង្គការនានា ជាពិសេសសម្រាប់ ជនជាតិដើមភាគតិច តែម្ដងដែលចង់អភិរក្សភាសាជនជាតិដើមរបស់ខ្លួន។

លោក សេក សោភ័ណ៖ «សប្បាយចិត្តដែរ ព្រោះអត់មានអ្នកធ្វើ។ នៅក្នុងស្រុកខ្មែរអត់មានអ្នកណាធ្វើការងារហ្នឹងជាទូទៅ ទូលំទូលាយ ដើម្បីឲ្យសាធារណជនទាំងអស់គ្នានឹងដឹងរឿងភាសាជនជាតិ ហើយនិងរក្សាទុក ដែលហៅថា បណ្ណាល័យរស់ ក៏អត់ដែរ»

ចំណែកលោក ទេព បូរិន មន្ត្រីសាខានៃអង្គការគាំទ្រសមាគមជនជាតិដើមភាគតិច ដែលធ្វើការជាមួយ ជនជាតិដើមភាគតិច នៅភាគឦសាន យល់ថា គម្រោងនេះអាចជួយផ្ដល់ជាឯកសារយ៉ាងសំខាន់សម្រាប់ឲ្យជនជាតិភាគតិចបានអភិវឌ្ឍភាសា និងប្រពៃណីជនជាតិខ្លួនបានប្រសើរជាងបច្ចុប្បន្ន។

លោកស្រី វ៉ែន សាមីន ជនជាតិសួយមួយរូបរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏សាទរចំពោះ គេហទំព័រស្ដីអំពី ការថែរក្សា ភាសាជនជាតិដើមភាគតិចនេះដែរ។ តែលោកស្រីអស់សង្ឃឹមទៅវិញ ដោយសារលោកស្រី និង បងប្អូនជនជាតិសួយមិនអាច បើកមើលគេហទំព័រនោះបាន ដោយសារពួកគាត់មិនចេះអក្សរ ម្យ៉ាងទៀត ពួកគាត់រស់នៅតំបន់ដាច់ស្រយាល មិនមានបណ្ដាញអ៊ីនធឺណិត ដូចអ្នករស់នៅទីប្រជុំជន៖ «ខ្ញុំអត់មាន កុំព្យូទ័រ អត់មានអ៊ីនធឺណិតផង»

លោកស្រីបញ្ជាក់ថា ភាសាគឺជាអត្តសញ្ញាណជនជាតិនីមួយៗ ដោយលោកស្រីប្រើពាក្យថា បើភាសារលត់អត្តសញ្ញាណ ជនជាតិរលាយ៕

ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី៖ ក្រុមហ៊ុន Google បង្កើតគម្រោងអភិរក្សភាសាជនជាតិ

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: