សំរាម ៖ ផល​ប៉ះ​ពាល់ និង​ ការ​គ្រប់​គ្រង


សំរាមត្រូវបានគេចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នា មិនចង់បានវានោះទេ។ ប៉ុន្ដែយើង មិនអាចចៀស ពីវាផុតបានឡើយ ព្រោះយើងសុទ្ធតែត្រូវការ អាហារ និង សម្ភារៈ ប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្រោយពេលដែលមនុស្ស បានបង្កើតសំរាម ហើយពុំបានធ្វើការទុកដាក់ត្រឹមត្រូវនោះ វានឹងអាចបង្កឱ្យមាន ផលប៉ះពាល់ជាច្រើន ចំពោះមនុស្ស សត្វ រុក្ខជាតិ និង ជីវៈចម្រុះផ្សេងៗ ជាពិសេសគឺបរិស្ថាន។

សំរាមជាអ្វី?

សំរាម គឺជារបស់របរ ដែលអស់តម្លៃ គ្មានប្រយោជន៍ ឬ វត្ថុ ដែលគេលែងត្រូវការ ប្រើប្រាស់ ឬ អស់តម្រូវការ ហើយមានបំណង បោះបង់ចោល ឬ តម្រូវឱ្យបោះបង់ចោល។

ប្រភេទសំរាម និងសំណល់រឹង

បើផ្អែកទៅតាមការសិក្សា និង ឆ្លងកាត់នូវការធ្វើវិភាគ ទៅលើ សំរាម និង សំណល់ គេអាចធ្វើការបែងចែក ជា បីប្រភេទ ផ្សេងៗពីគ្នា ដែលមានដូច នៅខាងក្រោមនេះ ៖

១. សំណល់រឹង  គឺសំដៅដល់ សំណល់រឹង ដែលជា ផលិតផល ឬ ជាកម្ទេចកម្ទី ដែលត្រូវបាន គេបោះបង់ចោល ដូចជា សម្បក ដប កែវ លោហៈធាតុ កំប៉ុងជាដើម។

២ . សំណល់រាវ  គឺជាវត្ថុរាវ ដែលជាផលិតផល និង ជាសារធាតុរួមផ្សំ ជាមួយនឹង សារធាតុរឹងខ្លះ ដែលត្រូវបានគេ បញ្ចេញចោល ជាប្រចាំ ទៅតាម បណ្ដាញ ប្រព័ន្ធលូទឹកស្អុយ ផ្សេងៗ។

៣ . សំណល់បង្កគ្រោះថ្នាក់  គឺសំដៅទៅលើ សារធាតុវិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារធាតុឆេះ ជាដើម។ ចំពោះ សំណល់ទាំងនេះ ភាគច្រើនមានប្រភពចេញ ពី រោងចក្រឧស្សាហកម្ម និង សហគ្រាស ដែលប្រើប្រាស់ សារធាតុគីមីច្រើន សកម្មភាពកសិកម្ម សកម្មភាពអាជីវកម្ម និង សេវាកម្ម អាជីវកម្មរ៉ែ មន្ទីរពេទ្យ(ការវះកាត់ និង ថតដោយប្រើកាំរស្មី)។ល។ ចំណែកឯ សំណល់ នៅ តាមលំនៅដ្ឋាន ក៏អាចមានសារធាតុ ប្រកបដោយ គ្រោះថ្នាក់ដែរ តែមានកម្រិតតិចតួច។ ចំពោះ វិស័យកសិកម្ម ដោយសារ បច្ចេកទេស នៅក្នុង ស្រុកមានកម្រិតទាប កសិករភាគច្រើន បានប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិត ដែលមានជាតិពុលខ្លាំង និង ប្រើប្រាស់ គីមី ដើម្បីបង្កើនទិន្នផលដំណាំ ដូច្នេះ សារធាតុ ប្រកបដោយគ្រោះថ្នាក់មួយចំនួន ក៏បានបង្កើតឡើង ដោយវិស័យនេះផងដែរ។   

ផលវិបាក និងផលប៉ះពាល់នៃសំរាម

សំរាម មិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ ទៅដល់ បរិស្ថាន សោភ័ណភាព និង បង្កឱ្យអាប់អួ ដល់ បរិយាកាសជុំវិញនោះទេ តែវាថែមទាំង បណ្ដាលឱ្យមាន ជំងឺផ្សេងៗទៀតបាន និង បង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះ សុខភាពមនុស្ស តាមរយៈ ការប៉ះពាល់ ដោយផ្ទាល់ ឬ តាមការភាយក្លិនស្អុយ នៃ សំរាមដែលរលួយ។

១ . ផលប៉ះពាល់របស់សំរាមចំពោះសង្គម  បើយោងទៅតាម លក្ខណៈរូប និង លក្ខណៈគីមី នៃ សំរាមឬសំណល់ ប្រសិន បើយើងមិនបាន ធ្វើការបែងចែក និង គ្រប់គ្រងឱ្យបានត្រឹមត្រូវ ទៅតាម លក្ខណៈបច្ចេកទេសទេនោះ វានឹងអាច ជះឥទ្ធិពលមកលើ សុខភាព មនុស្ស សត្វ និង បរិស្ថាន ជាច្រើនដូចតទៅ។

  • ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងលំនៅដ្ឋាន
  • ជាប្រភព និងទីជម្រកនៃពពួកមេរោគឆ្លង និងសត្វល្អិត
  • អាចបង្កឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នករស់នៅក្បែរ គំនរសំរាម និងបរិស្ថាន
  • ការបោះបង់ចោលសំរាមរាយប៉ាយ អាចបង្កការស្ទះ ដល់ ប្រព័ន្ធលូសាធារណៈ តាមរយៈការហូរនាំដោយ ទឹកភ្លៀងជា លទ្ធផល ខូចដល់សោភ័ណភាព និង សណ្ដាប់ធ្នាប់សាធារណៈ
  • បាត់បង់នូវកំណើនភ្ញៀវទេសចរណ៍។

២. ផលប៉ះពាល់របស់សំរាមចំពោះសុខភាព  សំរាមអាចផ្ដល់ផលអាក្រក់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពរបស់មនុស្ស ទូទៅ។

  • សារធាតុពុលនៅក្នុងសំរាម ៖ សារធាតុមួយចំនួន នៅក្នុងសំរាម អាចធ្វើឱ្យមាន ការប៉ះពាល់ដល់ ស្បែក ដែលបណ្ដាល ឱ្យមនុស្ស កើតមានជំងឺ សើស្បែក រលាកភ្នែក ជម្ងឺរលាកផ្លូវរំលាយអាហារ ជម្ងឺផ្លូវដង្ហើម រលាកសួតជាដើម។ ជួនកាលវាអាចបណ្ដាល ឱ្យមាន ការប៉ះពាល់ ទៅ ដល់ប្រព័ន្ធប្រសាទ ថែមទៀតផង ដោយសារតែ ការសាយភាយក្លិន និង ការចម្លងមេរោគពីសំរាម។
  • មេរោគនៅក្នុងសំរាម ៖ នៅក្នុងសំរាមមានផ្ទុកទៅដោយមេរោគច្រើនប្រភេទ។ នៅពេលវាឆ្លងមកដល់ក្នុងខ្លួនមនុស្ស វាបង្កឱ្យកើតមានជម្ងឺរាករូស ជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន និងជម្ងឺជាច្រើនទៀត។ ប្រសិនបើមិនបានធ្វើអនាម័យ ជាប្រចាំទេ ជម្ងឺទាំងនោះនឹងអាចក្លាយទៅជាប្រភេទជម្ងឺរ៉ាំរ៉ៃបាន។ ម្យ៉ាងវិញទៀតសារធាតុមុតស្រួចដែលមាននៅក្នុងសំរាម អាច បង្កជារបួសស្នាមរហូតក្លាយទៅជាដំបៅរ៉ាំរ៉ៃផងដែរ។
  • សារធាតុគីមីនៅក្នុងសំរាម ៖ សំរាម មានផ្ទុកទៅដោយ សារធាតុគីមីមួយចំនួន ដែលអាចបង្កឱ្យកើត ជំងឺមហារីកបាន។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឱ្យ មានអុកស៊ីដកម្ម លើសារធាតុគីមី ដទៃទៀត ដែលអាចនាំគ្រោះថ្នាក់ ដល់ មនុស្ស រុក្ខជាតិ និង សត្វ ដែលមាននៅ ក្នុង បរិស្ថានទៀតផង។

វិធីទុកដាក់ និងគ្រប់គ្រងសំរាម

ដើម្បីបង្ការ និងចៀសផុតពីជម្ងឺផ្សេងៗដែលអាចបណ្ដាលមកពីសំរាមបានគប្បីត្រូវមានវិធានការទុកដាក់សំរាមឱ្យមាន របៀប ធ្វើយ៉ាងណា កុំឱ្យមេរោគចេញ ពី សំរាមទៅចម្លងដល់មនុស្សបាន។  វិធីទាំងអស់ដែលតម្រូវឱ្យប្រតិបត្ដិមានដូចជា ៖

១ . ភារកិច្ចប្រជាពលរដ្ឋ

  • ប្រជាពលរដ្ឋត្រូវរៀបចំទីកន្លែងស្ដុកសំណល់រឹង ឬ សំរាមបណ្ដោះអាសន្នឱ្យបានសមស្រប និងមានរបៀបមិនបង្កបញ្ហា ប៉ះពាល់ ទៅដល់ចរាចរណ៍ សុខភាពសាធារណៈ សោភ័ណភាព និង សណ្ដាប់ធ្នាប់សង្គម។
  • មិនត្រូវបោះចោលនូវសំរាមរឹង រាវ នៅតាមទីប្រជុំជន ទីសាធារណៈ ផ្សារ កន្លែងកម្សាន្ដតំបន់ប្រភពទឹកប្រើប្រាស់ និង តាមប្រព័ន្ធ លូទឹកស្អុយ នោះទេ។
  • មុនពេលចោលសំរាម គប្បីត្រូវបែងចែក ឱ្យបានជាមុន ដូចជាប្រភេទ សំរាមចេញពីមន្ទីរពេទ្យ និង សំរាមចេញពី លំនៅដ្ឋាន ព្រោះសំរាម ចេញពីមន្ទីរពេទ្យ អាចម្លងមេរោគ និង ជំងឺបាន។

២. ភារកិច្ចរបស់អង្គភាពទទួលបន្ទុកផ្នែកគ្រប់គ្រងសំរាម

អង្គភាពត្រូវរៀបចំដាក់ស្លាកសញ្ញា ហាមឃាត់ការបោះចោលសំរាមរាយប៉ាយ ទុកដាក់សំណល់រឹង ឱ្យបានត្រឹមត្រូវនៅ គ្រប់ទីកន្លែង ដូចជា តំបន់ទីប្រជុំជន  ទីសាធារណៈ រោងចក្រ សហគ្រាសជាដើម។ ចំពោះទីលានចាក់សំរាម ត្រូវយកចិត្ដទុកដាក់ ប្រតិបត្ដិការគ្រប់គ្រងទីលាន ឱ្យបានល្អ ចៀសវាងផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយ យកចិត្ដទុកដាក់ នូវចំណុចមួយចំនួន ដូចខាងក្រោម ៖

  • លើកទំនប់ព័ទ្ធជុំវិញទីលានចាក់សំរាម ដើម្បីការពារទឹកជំនន់ហូរចូលទីលាន និង ហូរចេញវិញដោយនាំ សារធាតុបំពុល ទៅជាមួយ ដែលធ្វើឱ្យមាន ការពុលដល់ ទឹកលើដី និង ក្រោមដី។
  • រៀបចំផ្លូវទីលាន ដែលអាចចូលចាក់បានគ្រប់រដូវ និង បាតរណ្ដៅត្រូវរៀបចំ ប្រព័ន្ធការពារមិនឱ្យមាន ការហូរជ្រាបទឹកសម្អុយ ចូលក្នុងដី។
  • ត្រូវធ្វើការលុបចោលសំរាម ដែលចាក់រួច ដើម្បីការពារ ការជះក្លិនស្អុយ ចេញមកក្រៅ និង សត្វល្អិត
  • ត្រូវប្រើប្រាស់ឡទំនើប ក្នុងការដុតបំផ្លាញសំរាម ឱ្យមាន លក្ខណៈបច្ចេកទេសច្បាស់លាស់ និង ចំណុះសមល្មមដើម្បីកុំឱ្យ សាយភាយក្លិន និង ចម្លងមេរោគ។

ដំបូន្មានអ្នកប្រឹក្សា

ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ សុខភាពល្អ និង ជីវភាពរស់នៅប្រសើរទៅបានគឺអាស្រ័យទៅលើការជួយថែរក្សានូវអនាម័យទាំងអស់គ្នា។ ទោះបីជានៅតាមលំនៅដ្ឋាន កន្លែងធ្វើការ រោងចក្រ ឬសហគ្រាសក្ដី គប្បីមានធុងសំរាម ឬ កន្លែងស្ដុក សំរាមឱ្យបានសមរម្យ ងាយស្រួលប្រមូល។ ចំពោះផ្នែកបម្រើសេវាកម្មប្រមូលវិញ គប្បីប្រមូលសំរាមឱ្ យបានទៀងទាត់។ ចៀសវាងទុកយូរជាហេតុ ធ្វើមានការរាយប៉ាយ ដែលបង្កឱ្យមាន ការចម្លងមេរោគបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

ប្រភពឯកសារ៖ សុខភាពកម្ពុជា៖ សំរាម ៖ ផលប៉ះពាល់ និង ការគ្រប់គ្រង

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: