ឯកអគ្គ​រដ្ឋទូត​អាមេរិក​ត្រៀម​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន


ដោយ ដែន អយុធ្យា៖ 2012-06-27

លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងថា ក្នុងបេសកកម្ម៣ឆ្នាំរបស់លោកមកកម្ពុជា លោកនឹងចុះជួបកសិករ ពិសេសយុវជនផ្ទាល់រស់នៅតាមខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដើម្បីទទួលព័ត៌មានពីតម្រូវការចាំបាច់របស់ពួកគេ។

មន្ត្រីព័ត៌មានស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ថា លោក វីល្លៀម ថត បន្ទាប់ពីមកកាន់តួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា នៅដើមខែមិថុនា នេះ លោកបានចុះតាមមូលដ្ឋាន ជួបកសិករមិនតិចជាង៤ខេត្តនោះទេ។

តាមរយៈសំឡេងអ្នកបកប្រែភាសា លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានឲ្យដឹងពីបេសកកម្មរបស់លោកក្នុងប្រទេសកម្ពុជាដូច្នេះ៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើដំណើរទៅជួបប្រជាពលរដ្ឋក្រីក្រតាមភូមិ ឃុំ ស្រុក ស្រែចម្ការតាមទីជនបទ។ ខ្ញុំមិនហ៊ានថា ខ្ញុំធ្វើដំណើរបានច្រើនជាងសមាជិកសភាកម្ពុជាទេ ក៏ប៉ុន្តែខ្ញុំនឹងព្យាយាមទៅជួបប្រជាពលរដ្ឋ ជួបយុវជនឲ្យបានច្រើន។ ដូចបានដឹងហើយ ពលរដ្ឋកម្ពុជាជាង៧០% មានអាយុក្រោម៣០ឆ្នាំ មានន័យថា ពួកគេស្ថិតនៅជាយុវជននៅឡើយ។ ដូច្នេះ ខ្ញុំចង់ចូលរួម ដើម្បីប្រាស្រ័យទាក់ទងជាមួយគេ ហើយតាមរយៈនេះ យើងនឹងបង្កើតឲ្យមានប្រសិទ្ធភាព នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ឲ្យបានប្រសើរថែមទៀត»

វត្តមានរបស់លោក វីល្លៀម ថត ទទួលបានការគាំទ្រពីមេដឹកនាំបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធជាមួយយុវជនកម្ពុជា។

លោក កឹម សុខា ជាប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានប្រៀបធៀបបេសកកម្មឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាថា ដូចគ្នាទៅនឹងគោលនយោបាយចុះមូលដ្ឋានរបស់គណបក្ស សិទ្ធិមនុស្ស។

មេបក្សប្រឆាំងរូបនេះបានស្នើទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវផ្តល់ជំនួយឲ្យបានដល់ដៃកសិករ ពិសេសយុវជនជាជាងផ្តល់ជំនួយជួយរដ្ឋាភិបាលសម្រាប់បិទបាំងទង្វើអាក្រក់។

លោក កឹម សុខា៖ «សម្អាតទីក្រុង និងមានផ្ទះថ្មច្រើន មិនមែនជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យទេ។ លទ្ធិប្រជាធិបតេយ្យ គឺវានៅមូលដ្ឋាន ដូច្នេះហើយការដែលមន្ត្រីទូតអាមេរិកធ្វើនេះ វាអត់ខុសគ្នាពីទស្សនៈរបស់គណបក្ស សិទ្ធិមនុស្ស ដែលខ្ញុំសព្វថ្ងៃនេះបានចុះមូលដ្ឋាន។ បើទូតអាមេរិកថ្មី លោកយកនយោបាយនេះដែរ គឺត្រឹមត្រូវហើយ យើងគាំទ្របំផុត ដើម្បីឲ្យប្រទេសមហាអំណាចមួយហ្នឹងដឹងការពិតពីបញ្ហាកម្ពុជា ដើម្បីជួយអ្នកក្រ និងយុវជនអត់ការងារធ្វើ កុំឲ្យមហាអំណាចយកលុយមកបោះចោលឲ្យរដ្ឋាភិបាលតុបតែងមុខមាត់ ធ្វើស្ពាន ធ្វើថ្នល់ ហើយអួតថាជាសមិទ្ធផលរបស់ខ្លួននោះទេ»

ចំណែកមន្ត្រីសង្គមស៊ីវិល ធ្វើការជាមួយយុវជន បានចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាថា អាចនឹងរីកចម្រើនដល់យុវជនកម្ពុជា។

លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្វើការជាមួយយុវជន បានស្នើឲ្យទូតសហរដ្ឋអាមេរិកអាណត្តិថ្មីមកកម្ពុជា ត្រូវជួយលើកកម្ពស់យុវជនកម្ពុជាឲ្យបានច្រើន។

លោក សន ជ័យ៖ «វាជាសញ្ញាមួយរបស់ប្រទេសមហាអំណាចជាមួយយុវជនកម្ពុជា។ ខ្ញុំសង្ឃឹមថា បេសកកម្មនេះនឹងបានស្វែងយល់បន្ថែមទៅលើការពិត ឬក៏ស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋានដែលពាក់ព័ន្ធនឹងយុវជននិងការងារយុវជន និងតម្រូវការផ្សេង ដែលកំពុងកើតមានជាមួយយុវជនពេលនេះ»

ទោះយ៉ាងណា លោក វីល្លៀម ថត ក្នុងពិធីថ្វាយសារតាំងកាលពីដើមខែមិថុនា ឆ្នាំ២០១២ បានទូលថ្វាយព្រះមហាក្សត្រខ្មែរថា សហរដ្ឋអាមេរិកនឹងពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិក ឲ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី៖ ឯកអគ្គរដ្ឋទូតអាមេរិកត្រៀមចុះជួបពលរដ្ឋតាមមូលដ្ឋាន

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: