ជម្ងឺ​បាក់​ស្បាត


នៅក្នុងសង្គមខ្មែរ គេសង្កេតឃើញ ជម្ងឺបាក់ស្បាត កើតមាននៅលើ មនុស្សគ្រប់ភេទគ្រប់វ័យ។ អ្នកដែលបានកើតជម្ងឺនេះ ពុំបានចាប់អារម្មណ៍ ពីអាការៈ ដែលស្ដែងចេញមកឡើយ។ ម្យ៉ាងទៀតអ្ នកជម្ងឺតែងជួប ព្រឹត្ដិការណ៍ ឬ រូបភាព ដែល មិនអាចទទួលយកបាន ហើយបណ្ដាលឱ្យមាន ការប៉ះទង្គិចធ្ងន់ធ្ងរ ទៅដល់់ ផ្លូវចិត្ដ។ ទោះបីជា ស្ថានភាពនោះ បានកើតឡើង យូរហើយក៏ដោយ ប៉ុន្ដែរូបភាព នោះវាដិតដាមនៅក្នុងអារម្មណ៍អ្នកជម្ងឺជានិច្ច ដែលធ្វើឱ្យ អ្នកជម្ងឺ ចេះតែនឹកឃើញ ហើយមានអារម្មណ៍ខ្លាច ជួបស្ថានភាពដូចនេះទៀត។

សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកជម្ងឺបាក់ស្បាតមកបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសជម្ងឺផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។

ជម្ងឺបាក់ស្បាត ជាអ្វី?

បាក់ស្បាត គឺជាការប៉ះទង្គិចផ្លូវចិត្ដដោយសារការគំរាមកំហែងពីបុគ្គលណាមួយមកលើខ្លួនឬដោយជួបព្រឹត្ដិការណ៍ធ្ងន់ធ្ងរ ណាមួយដែលពោរពេញទៅដោយភាពតក់ស្លុត។ ស្ថានភាពនេះនៅតែដក់ជាប់មកលើជីវិតរស់នៅប្រចាំថ្ងៃបណ្ដាលឱ្យកត្ដាចិត្ដសាស្ដ្រ របស់អ្នកជម្ងឺមានសភាពមិនប្រក្រតីជាច្រើនខែឆ្នាំ និងបន្ដឱ្យអ្នកជម្ងឺចេះតែមានអារម្មណ៍ខ្លាច ឆាប់ភ័យដោយគ្មានហេតុផល។

មូលហេតុបង្កជម្ងឺបាក់ស្បាត

ជម្ងឺបាក់ស្បាតបានកើតឡើងដោយសារមូលហេតុច្រើនយ៉ាងដែលមាននៅក្នុងសង្គមនិងក្នុងក្រុមគ្រួសារដូចខាងក្រោម។

១ . ការគំរាមកំហែង  នៅក្នុងផ្ទះមួយដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ត្រូវបានចោរប្លន់យកទ្រព្យសម្បត្ដិហើយគំរាម កំហែងបាញ់សម្លាប់ប្ដី ដោយឱ្យប្រពន្ធប្រគល់មាសប្រាក់ទៅឱ្យវា។ ដូចនេះប្ដីប្រពន្ធដែលជួបនូវព្រឹត្ដិការណ៍នេះធ្វើឱ្យមានការភ័យ ខ្លាចរហូតបាក់ស្បាត ដោយមិនចង់ជួបស្ថានភាពបែបនេះទៀត។

២ . ការចាប់ជំរិត  បុគ្គលដែលរួចខ្លួនមកវិញ ក្រោយពីត្រូវបានគេចាប់យកទៅឃុំទុក ដើម្បីជំរិតយកលុយឬទាមទារដោះ ដូរនូវរបស់មានតម្លៃផ្សេងទៀតពីក្រុមគ្រួសារជនរងគ្រោះ។ ស្ថានភាពនេះបានធ្វើឱ្យជនរងគ្រោះមានការតក់ស្លុតភ័យរន្ធត់បង្កឱ្យមាន ជម្ងឺបាក់ស្បាត។

៣ . ការទទួលរងនូវអំពើហិង្សាចាប់រំលោភផ្លូវភេទ  ស្ដ្រីដែលត្រូវគេវាយដំលើរាងកាយនិងចាប់បង្ខំរំលោភផ្លូវភេទ បន្ទាប់ពីបានទទួលទារុណកម្មនេះហើយ បានធ្វើឱ្យស្ដ្រីរងគ្រោះមានភាពតក់ស្លុត បង្កឱ្យមានជម្ងឺបាក់ស្បាតឬភ័យខ្លាចជួបប្រទះនូវរូប ភាពនេះកើតឡើងមកលើខ្លួនម្ដងទៀត។

៤. ព្រឹត្ដិការណ៍គ្រោះថ្នាក់ចរាចរណ៍ធំៗ  ឡាននឹងឡានបុកគ្នាធ្ងន់ធ្ងរ។ មនុស្សដែលធ្វើដំណើរតាមរថយន្ដបានខ្ទាតចេញ ពីក្នុងឡាន ដេកស្លាប់នៅលើថ្នល់ ហើយមានឈាមពេញខ្លួន។ ស្ថានភាពនេះបានធ្វើឱ្យបុគ្គលដែលនៅក្នុងហេតុការណ៍នោះមាន ការតក់ស្លុត ចេះតែមានអារម្មណ៍ខ្លាច ធ្វើឱ្យមានជម្ងឺបាក់ស្បាតដោយមិនហ៊ានធ្វើដំណើរតាមរថយន្ដទៀត។

៥. សង្គ្រាម  យុទ្ធជនធ្វើទាហានច្បាំងក្នុងសមរភូមិទទួលគ្រោះថ្នាក់ដោយសារគ្រាប់រំសេវ ឬមីនបានធ្វើឱ្យពិការជើង ម្ខាង ឬទាំងពីរ។ ហេតុការណ៍អាក្រក់នេះធ្វើឱ្យយុទ្ធជនគ្រោះថ្នាក់នោះមានការបាក់ស្បាត។ ជួនកាលបុគ្គលដែលបានឃើញមិត្ដភក្ដិ ស្លាប់ក្នុងសង្គ្រាមជាមួយគ្នា ដោយសារត្រូវគ្រាប់កាំភ្លើង ឬជាន់មីនជាដើម។ ស្ថានភាពនេះធ្វើឱ្យបុគ្គលដែលឃើញនោះ មានការតក់ ស្លុត រន្ធត់ និងបង្កឱ្យមានជម្ងឺបាក់ស្បាតដែរ។

៦. របបវាលពិឃាត(១៩៧៥-១៩៧៩)  នៅក្នុងរយៈពេលនេះគឺព្រឹត្ដិការណ៍មួយដែលប្រជាជនខ្មែរយើងគ្រប់រូបបាន ដឹងឮ និងឃើញ ជាពិសេសអ្នកដែលមានអាយុមកដល់សព្វថ្ងៃប្រហែលវ័យ៣៥ឆ្នាំឡើងទៅទទួលនូវភាពតក់ស្លុតពីសំណាក់របបនេះ យ៉ាងរន្ធត់ ដោយការគំរាមសម្លាប់ ឬបង្អត់អាហារ បង្ខំធ្វើការងារធ្ងន់ធ្ងរ គ្មានពេលសម្រាកឈឺថ្កាត់គ្មានថ្នាំសង្កូវ។ល។ ទាំងនេះ ក៏ជាមូលហេតុជាក់ស្ដែងដែលប្រជាជនខ្មែរយើងបានឆ្លងកាត់ព្រមទាំងបណ្ដាលឱ្យបុគ្គលមួយចំនួនមកទល់ពេលនេះមានជម្ងឺបាក់ ស្បាត។

រោគសញ្ញាជម្ងឺបាក់ស្បាត

បុគ្គលដែលមានជម្ងឺបាក់ស្បាត គឺអាស្រ័យដោយបុគ្គលនោះបានឆ្លងកាត់នូវព្រឹត្ដិការណ៍សាហាវដែលធ្វើឱ្យមានការភ័យ រន្ធត់តក់ស្លុតណាមួយ ដែលលេចចេញជាសញ្ញាផ្លូវកាយ និងផ្លូវចិត្ដ។

១ . រោគសញ្ញាផ្លូវចិត្ដ  ឆាប់ភ័យ ឆាប់រន្ធត់តក់ស្លុត ធ្លាប់ជាមនុស្សដែលមានភាពចងចាំល្អបែរទៅជាមនុស្សឆាប់វង្វេង វង្វាន់ ឆាប់ភ្លេច ឆាប់ភ្ញាក់ផ្អើល ឆាប់មួម៉ៅឡេះឡះ ផ្លាស់ប្ដូរអាកប្បកិរិយាពីសុភាពរាបសារទៅជាឆាប់ឆេវឆាវឆាប់ខឹង មានអារម្មណ៍ស្ពឹកខ្លួន ដូចជាពិការមួយចំហៀងខ្លួន មានអារម្មណ៍ទុក្ខសោក ចេះតែកើតទុក្ខសម័យនឹកសុបិនឃើញនូវរូបភាព ឬព្រឹត្ដិការណ៍ស្រស់ៗ ដែលបានឆ្លងកាត់ ជាហេតុធ្វើឱ្យមានភ័យខ្លាចមួយរំពេច។

២ . រោគសញ្ញាផ្លូវកាយ  ញ័រដើមទ្រូង ញ័រដៃជើង អស់កម្លាំងល្ហិតល្ហៃ ស្រវាំងភ្នែកមើលអ្វីឃើញតែរាងព្រិលៗវិលមុខ គេងមិនលក់ ចេះតែធេងធោងរសាប់រសល់ បែកញើសពេញខ្លួន ត្រជាក់ចុងដៃជើង ឆ្អល់ពោះ ញ៉ាំអ្វីមិនបានឈឺក្បាល ចុកចាប់ពេញ រាងកាយ និងធ្វើឱ្យអ្នកជម្ងឺអាចក្អួតចង្អោរជាដើម។

ផលវិបាកនៃជម្ងឺបាក់ស្បាត

អ្នកដែលមានជម្ងឺបាក់ស្បាត គឺជាអ្នកដែលចេញប្រឡូកការងារក្រៅច្រើនជាងគេហើយក៏ជួបព្រឹត្ដិការណ៍ច្រើនជាងគេដែរ។ ពេលបុគ្គលនោះឆ្លងកាត់នូវព្រឹត្ដិការណ៍ធ្ងន់ធ្ងរណាមួយ ដែលធ្វើឱ្យអ្នកជម្ងឺមានការភ័យខ្លាច រន្ធត់តក់ស្លុតរហូតមានជម្ងឺបាក់ ស្បាត។ បែបនេះបណ្ដាលឱ្យមានផលប៉ះពាល់ជាច្រើនទៅលើផ្នែកផ្លូវចិត្ដ និងផ្លូវកាយ ដូចជាឈឺក្បាល វិលមុខញ៉ាំអ្វីមិនបាន ធ្វើឱ្យរាងកាយស្គមស្គាំង មានជម្ងឺក្រពះ មានជម្ងឺថប់អារម្មណ៍ មានស្មារតី និងអារម្មណ៍មិនល្អ ឆាប់ឆេវឆាវខឹងដោយគ្មានហេតុផល គ្មានសីលធម៌ក្នុងខ្លួនជាដើម។ មិនតែប៉ុណ្ណោះ ធ្វើឱ្យឆាប់វង្វេង ចងចាំអ្វីមិនបានល្អធ្លាក់ចុះនូវកិច្ចការប្រកបរបររកស៊ីប្រចាំថ្ងៃ ឬកិច្ចការសង្គម ប្ដូរឥរិយាបថសុភាពរាបសារទៅជាព្រហើនកោងកាច និងទៅជាអ្នកសេពសុរាឬជក់ថ្នាំញៀនជាដើម។

វិធីកាត់បន្ថយជម្ងឺបាក់ស្បាត

បុគ្គលមានជម្ងឺបាក់ស្បាតដោយជួបប្រទះនូវហេតុការណ៍ជាក់ស្ដែងធ្ងន់ធ្ងរត្រូវចេះនិយាយរឿងដែលឆ្លងកាត់នេះប្រាប់ទៅ មិត្ដ ឬអ្នកជាទីស្រឡាញ់ ដើម្បីរំសាយភាពដិតដាមចងចាំនៅខួរក្បាលហើយចៀសវាងបៀមទុក្ខម្នាក់ឯងនាំឱ្យមានជម្ងឺផ្លូវចិត្ដ។ ឧទាហរណ៍ នារីម្នាក់ត្រូវគេចាប់រំលោភផ្លូវភេទ ហើយវាយដំរាងកាយ។ នារីនេះមិននិយាយប្រាប់នរណាម្នាក់ឡើយព្រោះខ្មាសអៀន សុខចិត្ដសម្ងំបៀមទុក្ខរឿងអាស្រូវនេះម្នាក់ឯង។ ការធ្វើបែបនេះមិនល្អទេព្រោះអាចឱ្យនារីរងគ្រោះមានជម្ងឺផ្លូវចិត្ដ ហើយត្រូវគិតថា នេះមិនមែនជាកំហុសរបស់ខ្លួនទេ។ ម្យ៉ាងទៀតត្រូវគិតថា រឿងអតីតកាលគ្រាន់តែជាការយល់សប្ដិមិនមែនជាការពិតទេ។ ទន្ទឹមនឹង នោះត្រូវប្រាប់ខ្លួនឯងថា ថ្ងៃនេះគឺជាថ្ងៃនេះ មិនមែនជាថ្ងៃមុនឡើយ។ ម្យ៉ាងទៀតត្រូវធ្វើសម្មាធិ ឬទៅវត្ដអារាមស្ដាប់លោកទេសនា ដើម្បីលុបបំបាត់រឿងអាក្រក់ដែលជួបប្រទះបន្ដិចម្ដង។

ដំបូន្មានអ្នកឯកទេស

ការជួបនូវហេតុការណ៍ធ្ងន់ធ្ងរដែលនាំឱ្យមានភាពតក់ស្លុត បង្កឱ្យមានជម្ងឺបាក់ស្បាតសូមកុំបណ្ដែតបណ្ដោយនិងចេះតែសម្ងំ បៀមទុក្ខរឿងអាក្រក់ដែលជួបប្រទះតែម្នាក់ឯង ព្រោះអាចឱ្យមានជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ។ លោកអ្នកគួរប្រាប់ទៅកាន់មិត្ដ ឬអ្នកជាទី ស្រឡាញ់ ឬអ្នកជំនាញណាមួយ ដែលគិតថាផ្ដល់ប្រយោជន៍ចំពោះលោកអ្នកដើម្បីរំសាយរូបភាពអាក្រក់នោះបន្ដិចម្ដងៗ កុំឱ្យដក់ ជាប់ក្នុងសអារម្មណ៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

ប្រភពឯកសារ៖ សុខភាពកម្ពុជា៖ ជម្ងឺបាក់ស្បាត

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

One Response to ជម្ងឺ​បាក់​ស្បាត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: