ពល​ករ​កម្ពុជា​៧០%​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​បាត់​ដំណឹង​


គ្រាន់តែឃើញចំណងជើង….!!!! តើប្រជាជនខ្មែរ នៅសល់ចំនួយប៉ុន្មាននាក់ ឱ្យជាក់ស្តែង……?

ពលករពលការិនីដែលចំណាកស្រុកពីកម្ពុជា ទៅធ្វើការនៅក្រៅប្រទេសមានដូចជាប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនផ្សេងទៀតនៅតែរងការវាយធ្វើបាបពីសំណាក់ម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហួសកម្លាំង កេងប្រវ័ញ្ចមិនបើកប្រាក់ឈ្នួលឲ្យពួកគេ និងខ្លះបានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ជាដើម។

អង្គការក្រៅរដ្ឋាភិបាលបានចាត់ទុកថា ការបង្ខំឲ្យធ្វើការ ជាច្រើនម៉ោង ក្នុងមួយថ្ងៃៗ ដោយហួសកម្លាំង កេងប្រវ័ញ្ច មិនបើកប្រាក់ឈ្នួលឲ្យពួកគេ និង ខ្លះបានធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ ជាទង្វើអមនុស្សធម៌ និងរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរ។ ករណីនេះរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់បន្ថែមទៀត និងពង្រឹងការអនុវត្តច្បាប់។

លោក ធន សារាយ ប្រធានសមាគមអាដហុក ថ្លែងនៅក្នុង សន្និសិទកាសែត នៅទីស្នាក់ការ របស់លោកថា ក្នុងចំណោមពាក្យបណ្ដឹង ១៤១ករណី មាន ៩៤ករណី ឬថា ៧០% នៃពាក្យបណ្ដឹងនេះ គឺបាត់ដំណឹងពលករ ដែលកំពុងធ្វើការ នៅ ប្រទេសម៉ាឡេស៊ី។ លោកបន្តថា បញ្ហានេះ ដោយសារតែក្រុមហ៊ុនខ្លះ ត្រូវដកអាជ្ញាប័ណ្ណ ក្រុមហ៊ុនខ្លះត្រូវបញ្ឈប់សកម្មភាព និងក្ស័យធន។ ហេតុផលមួយទៀតនោះគឺ យន្តការរបស់រដ្ឋក្នុង ការទទួលខុសត្រូវ ឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងជំនួសក្រុមហ៊ុន ក៏ពុំមានប្រសិទ្ធភាព។ ជាងនេះទៅទៀត ការកើនឡើងការរំលោភបំពាន លើសិទ្ធិពលករពលការិនីកាន់តែធ្ងន់ធ្ងរ ហើយពុំមាន ការផ្ដន្ទាទោស។ លោក ធន សារាយថ្លែងថា៖ «រដ្ឋាភិបាលគួរតែជម្រុញថា ការអនុវត្តន៍ច្បាប់ ស្ដីពីសន្តិសុខសង្គម ឲ្យមានប្រសិទ្ធភាព និងពង្រឹងការទទួលខុសត្រូវ និង ប្រសិទ្ធភាព ការងាររបស់ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ជម្រុញ ការអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព ចំពោះទីភ្នាក់ងារក្រុមហ៊ុន ឬបុគ្គលដែលល្មើសច្បាប់។ ដូច្នេះកន្លងមក យើងបានតែរំដោះ ប៉ុន្តែការដាក់ទណ្ឌកម្ម ឬដល់អ្នកដែលប្រព្រឹត្តរំលោភដល់សិទ្ធិពលករពលការិនីរបស់យើងនៅមានកម្រិតនៅឡើយ»។ នេះបើយោងតាម ការចេញផ្សាយរបស់គេហទំព័រអាស៊ីសេរី។

សមាគមការពារសិទ្ធិមនុស្ស អាដហុក បានអះអាងថា ពលករពលការិនីខ្មែរ ដែលធ្វើការចំណាកស្រុក ដោយស្របច្បាប់ និងមិនស្របច្បាប់ កំពុងរងការរំលោភបំពានកម្លាំងពលកម្មមានការកើនឡើងដល់ទៅជាងប្រាំដងក្នុងឆ្នាំ២០១២ នេះ។ របាយការណ៍របស់សមាគមអាដហុក ដែលចេញផ្សាយនៅថ្ងៃទី១៤ មិថុនា បានឲ្យដឹងថា ក្នុងអំឡុង៤ខែគឺខែមករា ដល់ខែមេសា ដើមឆ្នាំ២០១២ នេះពាក្យបណ្ដឹងសុំឲ្យជួយ អន្តរាគមន៍ របស់គ្រួសារពលករពល ការិនីចំណាកស្រុកមានចំនួន ១៤១ករណី។ ចំនួននេះបានកើនឡើងជាង ប្រាំដង លើសពីចំនួនពាក្យបណ្ដឹង ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១១ ដែលមានចំនួន ២៣ករណី។ ពលកររងគ្រោះទាំងនោះ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ អាហ្វ្រិកខាងត្បូង ចិន សិង្ហបុរី និងប្រទេសជប៉ុន ជាដើម។

ពលការិនីម្នាក់ឈ្មោះ រឿង ស្រីមុំ អាយុ ២០ឆ្នាំ ដែលទៅធ្វើការតាមរយៈក្រុមហ៊ុន អ៊ឹម.អ៊ិល.ស៊ី (MLC) តាំងពី២០១១ បានឲ្យដឹងថា នាងបានទៅធ្វើការជាអ្នកបម្រើនៅប្រទេសម៉ាឡេស៊ី បានជា៤ខែ ប៉ុន្តែដោយសារតែថៅកែបង្ខំឲ្យធ្វើការលើសម៉ោង និង វាយធ្វើបាបពេក ទើបនាងរត់ចេញពីផ្ទះថៅកែនោះ បន្ទាប់មកប៉ូលិសចាប់ឃុំរយៈពេល៦ខែ ទើបសមាគមអាដហុក អង្គការទេសន្តរប្រវេសក៍ (IOM) និង ក្រសួងការបរទេស ជួយអន្តរាគមន៍ឲ្យនាងបានវិលត្រឡប់មកវិញ។ ពលការិនី រឿង ស្រីមុំ បន្តឲ្យដឹងថា៖ «ជួលកាលអីចឹងទៅទះកំផ្លៀង ក្ដិច វាយ ហើយដៀលគំនិតខ្មែរថា មកពីខ្មែរធ្វើការមិនល្អអីចឹង បានស្រុកវាក្រ។ ខ្ញុំឈឺចិត្តណាស់នៅពេលខ្ញុំរត់ចេញពីផ្ទះថៅកែមក គឺខ្ញុំដើរទាំងយប់ដើរទាំងថ្ងៃ គ្មានបាយទឹកទេ ឲ្យតែមានផ្លូវ គឺខ្ញុំត្រូវតែដើរ កាត់ព្រៃចម្ការធំៗ ហើយខ្ញុំឃើញមានមនុស្សស្លាប់ជាច្រើន មនុស្សដែលស្លាប់នោះ គឺខ្មែរ ព្រោះខ្ញុំឃើញអត្តសញ្ញាណប័ណ្ណច្បាស់ក្រឡែត គឺខ្ញុំតក់ស្លុតខ្លួនឯង ឲ្យតែឃើញ ខ្ញុំភ័យខ្លាច។ ខ្ញុំដើរគ្រប់ ៧ថ្ងៃទើបប៉ូលិសចាប់ខ្ញុំយកទៅឃុំ»។

សមាគម អាដហុក បានលើកអនុសាសន៍មួយចំនួនដូចជា សុំឲ្យក្រសួងការងារជាអ្នកទទួលបន្ទុក សហការជាមួយក្រសួងការបរទេស និងក្រសួងមហាផ្ទៃ គួរតែបង្កើតប្រព័ន្ធជួយសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស និងប្រទេសគោលដៅ ដើម្បីជួយជនរងគ្រោះឲ្យទាន់ពេលវេលា លើករណីមានការរំលោភបំពានលើពលករទាំងស្របច្បាប់ និងមិនស្របច្បាប់។ អនុសាសន៍មួយទៀតនោះគឺ សុំបង្កើតកិច្ចសហការ ជាមួយសហគមន៍អាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស ការរំលោភកម្លាំងពលកម្ម និង ការរស់នៅក្នុងស្ថានភាពជាទាសករសម័យថ្មី។

បើយោងតាមរបាយការណ៍របស់អង្គការខារ៉ាមកម្ពុជាបានបង្ហាញថា ពលករចំណាកស្រុកទៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ មានជាង២សែននាក់ ទៅកូរ៉េស្របច្បាប់ជិត ១ម៉ឺននាក់ និងទៅម៉ាឡេស៊ីមានប្រមាណ ៣ម៉ឺននាក់។

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២

ប្រភពឯកសារ៖ សុខភាពកម្ពុជាពលករកម្ពុជា៧០%ធ្វើការនៅប្រទេសម៉ាឡេស៊ីបាត់ដំណឹង

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: