ជម្ងឺ​រលាក​សួត​កុមារ


កុមារដែលនៅមានប្រព័ន្ធការពារខ្លួនខ្សោយ ងាយប្រឈមមុខនឹងជម្ងឺច្រើនប្រភេទ។ ជម្ងឺផ្លូវដង្ហើីមជាបញ្ហាមួយគំរាម កំហែងដល់កុមារកម្ពុជាជាច្រើន។ ជម្ងឺផ្លូវដង្ហើមរួមមានជម្ងឺជាច្រើន ដែលទាក់ទងនឹងផ្លូវដង្ហើមលើ និង ផ្លូវដង្ហើម ខាងក្រោមរបស់ កុមារ ជាពិសេសជម្ងឺរលាកសួតកុមារ។ ជម្ងឺរលាកសួតកុមារ ប្រសិនបើយើង មិនបានព្យាបាលវា ឱ្យបានទាន់ពេលវេលានោះទេ កុមារ អាចស្លាប់បាន។

រលាកសួត

រលាកសួត

ទស្សនាវដ្ដី សុខភាពយើង សូមលើកយកជម្ងឺរលាកសួតកុមារនេះ មកបកស្រាយជូនលោកអ្នកអាន ទុកជាការស្វែងយល់ និង ដើម្បីបង្ការបុត្រធីតាលោកអ្នកពីជម្ងឺនេះ តាមរយៈបទសម្ភាស៍ ជាមួយ លោកវេជ្ជបណ្ឌិត ជឹង ជា អ្នកឯកទេសជម្ងឺកុមារនៃមន្ទីរ ពេទ្យកុមារជាតិ។

ជម្ងឺរលាកសួតកុមារ ជាអ្វី?

ជម្ងឺរលាកសួត គឺសំដៅដល់រលាកទៅលើសាច់សួត ជាប្រភេទជម្ងឺមួយ ដែលងាយនឹងកើត ចំពោះមនុស្សទូទៅ ជាពិសេស ចំពោះកុមារតូចៗក្រោមអាយុ៥ឆ្នាំ។ ជម្ងឺនេះ អាចឆ្លងពីកុមារម្នាក់ ទៅ កុមារម្នាក់ទៀត បានដោយសារការដកដង្ហើម ដែលមានទំនាក់ ទំនងនឹងបរិយាកាសខាងក្រៅ។ សួតមានទំហំធំ ប្រសិនបើលាតត្រដាងនៅខាងក្រៅប្រអប់ទ្រូង សួត មានទំហំប្រមាណជា ២០០ម៉ែត្រ ការ៉េ នៅលើមនុស្សពេញវ័យ។ ដូច្នេះសួតហាក់ដូចជានៅកណ្ដាលវាល ដែលអាច រងនូវធូលីដី បាក់តេរី ឧស្ម័ន និងមេរោគដែលមាន នៅក្នុងបរិយាកាស។

រោគសញ្ញាជម្ងឺរលាកសួតកុមារ

កុមារច្រើន មានអាការក្ដៅខ្លួន ហៀរសម្បោរ ក្អក និងពិបាកដកដង្ហើម។ លើសពីនេះទៅទៀត អាចមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ខ្លាំង មានទារ៉ាស៍ដែលជាសញ្ញា ផតផ្នែកខាងក្រោម នៃ ឆ្អឹងប្រអប់ទ្រូង។ សញ្ញានេះមើលឃើញច្បាស់ នៅពេលកុមារដក ដង្ហើមចូល កុមារអាចមាន ស្វាយបបូរមាត់ និង អណ្ដាត។

មូលហេតុបង្កជម្ងឺរលាកសួត

ជម្ងឺរលាកសួតបង្កឡើងពីមេរោគ ដូចជាវីរុស បាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិតជាដើម។ ពពួកមេរោគទាំងនោះមានច្រើននៅ ក្នុងបរិស្ថានរស់នៅ ហើយវាឆ្លងទៅកុមារតាមរយៈដំំណកដង្ហើម។ នៅពេលដកដង្ហើមចេញចូលតែងតែមានប៉ះពាល់មេរោគទាំង នោះ។ សម្ពាធបរិយាកាសខាងក្រៅជាកត្ដាមួយដ៏សំខាន់ក្នុងការបង្កជម្ងឺរលាកសួតដែរ។ រាល់ខ្យល់ដកដង្ហើមដែលមានលាយឡំជា មួយពពួកមេរោគ បាក់តេរី វីរុស ធូលី និងប្រភេទសារធាតុគីមីផ្សេងៗ នោះអាចធ្វើឱ្យកើតជម្ងឺរលាកសួតបាន។ គ្រប់ជម្ងឺរលាកសួត មិនមែនសុទ្ធតែអាចកើតឡើងដោយសារមេរោគបង្កនោះទេ ធូលីដី ឬសារធាតុគីមីដែលដកដង្ហើមចេញចូលក៏អាចជាដើមហេតុផង ដែរ តាមរយៈប្រតិកម្មជាមួយនឹងសួត។

វិធីព្យាបាលជម្ងឺរលាកសួត

ដើម្បីធ្វើការព្យាបាលជម្ងឺនេះឱ្យបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពនោះ លោកអ្នកគួរគប្បីនាំកូនតូចទៅធ្វើការ ពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ធ្វើការវិនិច្ឆ័យឱ្យបានច្បាស់លាស់ ថាតើជម្ងឺរលាកសួតនេះបង្កមកពីមូលហេតុអ្វី ដើម្បី ស្រួលធ្វើការព្យាបាល។ ដោយសារជម្ងឺរលាកសួតបង្កហេតុពីវីរុស និងបាក់តេរី នោះការព្យាបាលក៏ត្រូវអនុវត្ដទៅតាមមូលហេតុបង្ក ដែរ។ គ្រូពេទ្យនឹងធ្វើការសម្រេចដោយឱ្យកុមារនៅផ្ទះ ឬក៏សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ការព្យាបាលជាទូទៅរួមមាន ៖

  • ការផ្ដល់ចំណីអាហារ និងជាតិទឹកដល់កុមារឱ្យបានសមស្រប
  • ផ្ដល់ថ្នាំបញ្ចុះកម្ដៅបើកុមារក្ដៅខ្លួន
  • ផ្ដល់ថ្នាំអង់ទីប៊ឺយ៉ូទិកក្នុងករណីដែលកុមាររលាកសួតដោយសារមេរោគបាក់តេរី
  • ផ្ដល់ថ្នាំសម្រន់ក្អក ឬថ្នាំធ្វើឱ្យស្លេស្មរាវទៅតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ
  • ការព្យាបាលដោយចលនា
  • ផ្ដល់អុកស៊ីសែនក្នុងករណីពិបាកដកដង្ហើម។
  • ផលវិបាករបស់ជម្ងឺរលាកសួត

ជម្ងឺរលាកសួតអាចឱ្យកុមារស្លាប់បាត់បង់ជីវិតភ្លាមៗបាន ប្រសិនបើឋិតក្នុងករណីធ្ងន់ធ្ងរ និងបើមិនមានការសង្គ្រោះកុមារ បន្ទាន់ទេ។ ផលវិបាកផ្សេងៗទៀត ជម្ងឺរលាកសួតអាចបង្កឱ្យមានជម្ងឺផ្លូវដង្ហើមផ្សេងៗទៀត ដូចជាជម្ងឺទឹកចូលក្នុងស្រោមសួត ឬអាច មានខ្ទុះក្នុងសួតជាដើម។

វិធានការការពារជម្ងឺរលាកសួត

ដើម្បីការពារជម្ងឺរលាកសួតត្រូវធ្វើយ៉ាងណាឱ្យបរិស្ថាននៅជុំវិញបានល្អស្អាត។ បរិស្ថានរស់នៅជុំវិញត្រូវតែស្អាត និងមាន អនាម័យជានិច្ច។ នៅពេលទៅណាមកណាត្រូវគ្របដណ្ដប់ថែរក្សាកម្ដៅកុមារឱ្យបានល្អ។ នៅពេលមាននរណាម្នាក់នៅក្នុងក្រុម គ្រួសារមានជម្ងឺផ្ដាសាយ ឬក្អ្អក មិនត្រូវឱ្យកុមារនៅក្បែរអ្នកជម្ងឺទាំងនោះទេ។ សូមឪពុកម្ដាយយកបុត្រធីតាដែលមានអាយុក្រោម ៥ឆ្នាំទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ទៅតាមកម្មវិធីជាតិ។ ការចាក់ថ្នាំបង្ការនេះអាចជួយឱ្យកូនរបស់លោកអ្នកមានសុខភាពល្អ មាន ប្រព័ន្ធការពារខ្លួនខ្លាំងទប់ទល់នឹងមេរោគផ្សេងៗបានច្រើន ជាពិសេសកុមាអាចធន់នឹងជម្ងឺបាន។ មួយវិញទៀត ដោយសារតែជម្ងឺនេះមានការពាក់ព័ន្ធជាមួយនឹងបរិយាកាសយ៉ាងជិតស្និទ្ធនោះ ដូច្នេះអ្វីដែលលោកអ្នក អាចបង្ការកូនឱ្យចៀសផុតពីការកើត ឬការឆ្លងជម្ងឺនេះ គឺអាស្រ័យទៅលើការប្រុងប្រយ័ត្ននៅរាល់ពេលដកដង្ហើម។ ជាពិសេស គួរចៀសពីប្រភពមេរោគនានា ដូចជាអ្នកជម្ងឺរបេង អ្នកជម្ងឺផ្ដាសាយជាដើម។ ការចាក់វ៉ាក់សាំងដើម្បីបង្ការជម្ងឺរលាកសួត និងជម្ងឺ ផ្សេងៗពីកូនរបស់លោកអ្នក។

ដំបូន្មានអ្នកជំនាញ

ប្រសិនបើកុមារមានអាការក្អក ឬផ្ដាសាយ ហើយមានសញ្ញាធ្ងន់ធ្ងរ ដូចជាដង្ហក់ ទារ៉ាស៍ ឬស្ដ្រាយដ័រ ដូចបានជម្រាបជូនពី ខាងលើនោះ សូមឪពុកម្ដាយបញ្ជូនកូនទៅកាន់មន្ទីរពេទ្យដែលមានសេវាព្យាបាលជម្ងឺកុមារ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ លោកអ្នក ដើម្បីឱ្យគ្រូពេទ្យពិនិត្យនូវអាការសង្ស័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

ប្រភពឯកសារ៖ សុខភាពកម្ពុជាជម្ងឺរលាកសួតកុមារ

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: