ជម្ងឺ​អញ្ចាញ​ធ្មេញ អាច​ជា​ឃាដ​ករ​បំផ្លាញ​សុខ​ភាព


ថ្វីត្បិតថាធ្មេញមានបបូរមាត់ជារបាំងការពារ ប៉ុន្ដែ ធ្មេញប្រឈម នឹងការកើតជម្ងឺជាច្រើនប្រភេទ ដោយការបង្កពីមេរោគ និង កំទេចកំទីអាហារផ្សេងៗ។ ក្នុងនោះជម្ងឺរលាកអញ្ចាញធ្មេញរ៉ាំរ៉ៃ ក៏ជាជម្ងឺមួយប្រភេទក្នុងមាត់ ដែលបង្កបញ្ហាមិនតិចឡើយ។ មិន ត្រឹមតែប៉ះពាល់ដល់ សុខភាពធ្មេញមាត់ មានក្លិនមិនល្អប៉ុណ្ណោះទេ ប៉ុន្ដែក៏អាចធ្វើឱ្យមាន ផលប៉ះពាល់ ដល់ សុខភាពសរីរាង្គទាំងមូល និង អាចបង្កឱ្យមានជម្ងឺផ្សេងទៀត ប្រកបដោយគ្រោះថ្នាក់បំផុត។


ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយ លោក ទន្ដបណ្ឌិត សុខ ជា អ្នកឯកទេសផ្ នែកជម្ងឺជាលិកា ជុំវិញឫសធ្មេញប្រចាំគ្លីនិកធ្មេញ សុខ ជា ស្ដីអំពី ជម្ងឺអញ្ចាញធ្មេញ ដែលពាក់ព័ន្ធនឹង ជម្ងឺទូទៅជូនប្រិយមិត្ដជ្រាប។

អ្វីទៅជាជម្ងឺអញ្ចាញធ្មេញ?

ជម្ងឺអញ្ចាញធ្មេញអាចហៅម្យ៉ាងទៀតថា ជម្ងឺរាក់ស៊ីធ្មេញ ដែលជាជម្ងឺជាលិកា ជុំវិញអញ្ចាញធ្មេញ។ ជម្ងឺនេះ មានសភាពស្ងៀមស្ងាត់ អ្នកជម្ងឺភាគច្រើន មិនដឹងពីសភាពជម្ងឺ ឬ ថាខ្លួនឈឺនោះទេ។ មានមនុស្ស៧៥%មានជម្ងឺនេះ ហើយវាបង្ហាញរោគសញ្ញាខ្លះ ដូចជា ចេញឈាមតាមអញ្ចាញ ពេលដុសធ្មេញ អញ្ចាញធ្មេញក្រហមជាំ ហើម និងឈឺ។ ពេលខ្លះមាន ខ្ទុះ ចេញមក ពេលយកដៃសង្កត់ លើអញ្ចាញ។ ក្នុងដំណាក់កាលធ្ងន់ធ្ងរគឺធ្វើឱ្យធ្មេញរង្គើបាក់ រីឯខ្យល់ដង្ហើមធុំក្លិនស្អុយ។

ជម្ងឺអញ្ចាញធ្មេញ និងសុខភាពទូទៅ

សមាគមផ្នែកជម្ងឺអញ្ចាញធ្មេញអាមេរិក មានរបបគំហើញថ្មី នៃ មេរោគឆ្លងពីក្នុងមាត់ ទៅកាន់ សរីរាង្គផ្សេងៗទៀតរបស់ មនុស្ស។ ជម្ងឺទូទៅជាច្រើនដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយជម្ងឺអញ្ចាញធ្មេញ(រាក់ស៊ីធ្មេញ) ដូចជាជម្ងឺបេះដូង ជម្ងឺដាច់សរសៃ ឈាមខួរក្បាល ជម្ងឺទឹកនោមផ្អែមជម្ងឺផ្លូវដង្ហើម ក៏ដូចជាបញ្ហាកូនកើតមុនកំណត់របស់ស្ដ្រីមានផ្ទៃពោះជាដើម។ មេរោគបង្កជម្ងឺ អញ្ចាញធ្មេញអាចចូលទៅក្នុងសរសៃឈាមដោយផ្ទាល់ហើយធ្វើដំណើរទៅគ្រប់សរីរាង្គផ្សេងៗរបស់យើង និងបង្កបញ្ហាដោយតោង ភ្ជាប់ ហើយបញ្ចេញជាតិពុលរបស់វាធ្វើឱ្យខូចខាតឬបញ្ឈប់ដំណើរការដល់សរីរាង្គ្គទាំងនោះបាន។ ជម្ងឺអញ្ចាញធ្មេញមានទំនាក់ទំនង ជាមួយជម្ងឺផ្សេងៗទៀតជាច្រើន។

១ . ជម្ងឺពុកឆ្អឹង  អ្នកស្រាវជ្រាវជាច្រើនបង្ហាញថា ជម្ងឺពុកឆ្អឹងធ្វើឱ្យបាត់បង់ឆ្អឹងនៅជុំវិញឫសធ្មេញ កំហាប់ឆ្អឹងចុះខ្សោយ ជាលំដាប់ដែលជាហេតុធ្វើឱ្យអ្នកជម្ងឺឆាប់បាត់បង់ឆ្អឹង និងអាចធ្វើឱ្យរលាកអញ្ចាញធ្មេញ។

២ . ជម្ងឺបេះដូង អ្នកស្រាវជ្រាវរកឃើញថា អ្នកជម្ងឺអញ្ចាញធ្មេញប្រឈមមុខជាមួយជម្ងឺបេះដូងរហូតដល់ទៅពីរដង បើប្រៀបធៀបជាមួយ អ្នកដែលគ្មានជម្ងឺអញ្ចាញធ្មេញ។ មេរោគនៅក្នុងអញ្ចាញធ្មេញបានចូលដោយផ្ទាល់នៅក្នុងសរសៃឈាម ហើយតោងភ្ជាប់នឹងសរសៃឈាមបេះដូង និងបញ្ចេញជាតិពុល បង្កើតបានជាកំណកឈាម ដែលអាចធ្វើឱ្យស្ទះសរសៃឈាមចិញ្ចឹមបេះដូង។ បេះដូង មិនអាចទទួលឈាម និង អុកស៊ីសែន គ្រប់គ្រាន់ ជាហេតុធ្វើឱ្យបេះដូងលែងដំណើរការ។ ម្យ៉ាងទៀតជាតិពុលរបស់មេរោគ ជម្ងឺអញ្ចាញធ្មេញ ធ្វើឱ្យ សរសៃឈាមរលាកហើម ដូច្នេះសរសៃឈាមរួមតូចខុសធម្មតាដែលជាហេតុធ្វើឱ្យអ្នកជម្ងឺមានសម្ពាធឈាម ខ្ពស់អាចគ្រោះថ្នាក់ដល់អាយុជីវិត។

៣ . ជម្ងឺដាច់សរសៃឈាមខួរក្បាល មានការស្រាវជ្រាវជាច្រើន បានចង្អុលបង្ហាញពីទំនាក់ទំនង រវាង ជម្ងឺរាក់ស៊ីធ្មេញ និង បញ្ហាដាច់សរសៃឈាមខួរក្បាល។ ការស្រាវជ្រាវនោះបានបង្ហាញថា អ្នកដែលដាច់សរសៃឈាមខួរក្បាលភាគច្រើនតែងតែមាន ជម្ងឺរាក់ស៊ីធ្មេញបង្គួរ ឬធ្ងន់ធ្ងរ។

៤ . ទារកកើតមិនគ្រប់ខែ ស្ដ្រីមានផ្ទៃពោះហើយមានជម្ងឺរាក់ស៊ីធ្មេញ ប្រឈមមុខ នឹងការសម្រាលកូនមុនខែ រហូតដល់ប្រាំពីរដង បើប្រៀបធៀបនឹង ស្ដ្រីមានផ្ទៃពោះមិនមានជម្ងឺរាក់ស៊ីធ្មេញ។ ការស្រាវជ្រាវច្រើនណាស់ អះអាងពីជម្ងឺរាក់ស៊ីធ្មេញ បានជះឥទ្ធិពលដល់ ការវិវឌ្ឍន៍ របស់ទារកនៅក្នុងផ្ទៃ។ មេរោគជម្ងឺរាក់ស៊ីធ្មេញអាចឆ្លងកាត់សុកទារកបាន ហើយបញ្ចេញជាតិពុលដោយផ្ទាល់ ទៅដល់ទារកដែលនៅក្នុងផ្ទៃម្ដាយ។

 . ជម្ងឺទឹកនោមផ្អែម  អ្នកជម្ងឺទឹកនោមផ្អែមដែលមានជម្ងឺរាក់ស៊ីធ្មេញ និងមិនបានព្យាបាល ពិបាកនៅក្នុងការបន្ថយជាតិស្ករនៅក្នុងឈាម។ ជម្ងឺរាក់ស៊ីធ្មេញធ្ងន់ធ្ងរបានបង្កើនជាតិស្ករនៅក្នុងឈាម ជាកត្ដាមួយបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកជម្ងឺទឹក នោមផ្អែមដែលមានជាតិស្ករខ្ពស់នៅក្នុងឈាម។

៦ . ជម្ងឺផ្លូវដង្ហើម  មេរោគនៅក្នុងមាត់ ជាពិសេសមេរោគជម្ងឺអញ្ចាញធ្មេញ អាចធ្វើដំណើរពីក្នុងមាត់ទៅសួត តាមរយៈ ការដកដង្ហើមនិយាយស្ដី ឬការលេបទឹកមាត់ ដែលជាហេតុធ្វើឱ្យមានជម្ងឺផ្លូវដង្ហើម ឬជម្ងឺសួតរ៉ាំរ៉ៃ។ ចំពោះអ្នកជម្ងឺដែលមានបញ្ហា ប្រព័ន្ធដង្ហើម ហើយមានជម្ងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ ទៀតនោះ វារឹតតែធ្វើឱ្យជម្ងឺផ្លូវដង្ហើមពិបាកក្នុងការព្យាបាល។

វិធីព្យាបាលជម្ងឺអញ្ចាញធ្មេញ

ការព្យាបាលជម្ងឺនេះអាចធ្វើឡើងដោយសារការវះកាត់ និងមិនបាច់វះកាត់។

  • ការព្យាបាលដោយមិនបាច់វះកាត់  ក្នុងករណីជម្ងឺអញ្ចាញនៅមានកម្រិតស្រាល ការព្យាបាលអាចមានត្រឹមតែប្រើថ្នាំប្រឆាំងមេរោគក្នុងរយៈពេលមួយសមស្របតាមស្ថានភាពជម្ងឺ និងកោសសម្អាតកំបោរធ្មេញចេញ។
  • ការព្យាបាលដោយវិធីវះកាត់  ការព្យាបាលដោយវិធីនេះ គឺពេលទន្ដបណ្ឌិតរកឃើញថា កោសិកាអញ្ចាញ និងឆ្អឹងជុំវិញធ្មេញរងការខូចខាតធ្ងន់ធ្ងរ ដែលមិនអាចជួសជុលបានដោយវិធីផ្សេង។ ជាទូទៅការវះកាត់ព្យាបាលមានការវះកាត់បន្ថយជម្រៅ អញ្ចាញធ្មេញវះកាត់បណ្ដុះកោសិកា និងប៉ះប៉ូវជាលិកាឡើងវិញ វះកាត់កែសោភ័ណភាពជើងអញ្ចាញធ្មេញជាដើម។

វិធីបង្ការជម្ងឺអញ្ចាញធ្មេញ

ការរក្សានូវអនាម័យមាត់ធ្មេញបានល្អ គឺជាគន្លឹះដើម្បីរក្សាធ្មេញឱ្យល្អអស់មួយជីវិត។ ដូច្នេះលោកអ្នកត្រូវពិនិត្យធ្មេញនៅគ្លីនិកធ្មេញឱ្យបានទៀងទាត់ ដើម្បីសម្អាតយ៉ាងហោចណាស់៦ខែម្ដង។ ការសម្អាតធ្មេញខ្លួនឯងនៅផ្ទះដោយដុសសម្អាត ប្រើខ្សែរូតធ្មេញយកកម្ទេចចំណីជាប់នៅចន្លោះធ្មេញ ជាមធ្យោបាយរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញធ្មេញបានល្អ។ បើសិនមិនបានសម្អាតវាអាច នឹងមានដង្កូវស៊ីធ្មេញរលាកអញ្ចាញធ្មេញជាដើម។ ដូច្នេះលោកអ្នកគួរដុសធ្មេញឱ្យបាន២-៣ដងក្នុងមួយថ្ងៃ ពិសេសក្រោយពេល ទទួលទានអាហារ និងមុនពេលចូលគេង។

ដំបូន្មានអ្នកប្រឹក្សា

បើសិនជាលោកអ្នកឱ្យតម្លៃសុខភាពមាត់ធ្មេញដូចសុខភាពទូទៅដែរនោះ ជម្ងឺអញ្ចាញធ្មេញគឺជារឿងមួយគួរឱ្យយកចិត្ដ ទុកដាក់ណាស់។ មានពេលខ្លះលោកអ្នកអាចត្រួតពិនិត្យវាយតម្លៃសុខភាពអញ្ចាញធ្មេញលោកអ្នកនៅពេលដែលលោកអ្នកមានជម្ងឺ បេះដូង ទឹកនោមផ្អែមជម្ងឺផ្លូវដង្ហើមជម្ងឺពុកឆ្អឹងជាដើម ឬពេលលោកអ្នកមានបំណងចង់បានកូន។ លើសពីនេះគឹក្នុងករណីសមាជិក គ្រួសារមានកើតជម្ងឺរាក់ស៊ីធ្មេញបាត់បង់ធ្មេញអស់ច្រើន ឬពេលលោកអ្នកមានបញ្ហារលាកក្នុងមាត់ ធុំក្លិន ឈាមអញ្ចាញញឹកញាប់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

ប្រភពឯកសារ៖ សុខភាពកម្ពុជា៖ ជម្ងឺអញ្ចាញធ្មេញ អាចជាឃាដករបំផ្លាញសុខភាព


 

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: