ប្រតិបតិ្តការ របស់ ក្រុមហ៊ុនមូលបត្រកម្ពុជា


ក-ប្រតិបតិ្តការទីផ្សារ

ក-១ ការចាប់ផ្តើមការជួញដូរ

មុននឹងចាប់ផ្តើមការជួញដូរ វិនិយោគិនទាំងអស់ត្រូវអនុវត្តជំហ៊ានងាយៗដូចខាងក្រោម៖

ជ្រើសរើសក្រុមហ៊ុនមូលបត្រ

 • វិនិយោគិន ត្រូវជ្រើសរើស ក្រុមហ៊ុនមូលបត្រ ដែលជាសមាជិករបស់ ផ.ម.ក. ដើម្បីធ្វើជា អ្នកតំណាងរបស់ខ្លួន ក្នុង ការជួញដូរមូលបត្រ ។

បើកគណនីជួញដូរ

 • នៅពេលជ្រើសរើស ក្រុមហ៊ុនមូលបត្រ រួចហើយ វិនិយោគិន ត្រូវបើកគណនីជួញដូរមួយ នៅ ក្រុមហ៊ុនមូលបត្រនោះ ដែលនឹងបន្តបើកឲ្យខ្លួន នូវគណនីសាច់ប្រាក់មួយ នៅ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ និ ងគណនីមូលបត្រ នៅ ប្រតិបត្តិកររក្សាទុកមូលបត្រ របស់ ផ.ម.ក.

* វិនិយោគិម្នាក់អាចបើកគណនីជួញដូរតែមួយគត់នៅក្រុមហ៊ុនមូលបត្រមួយ។

 • សម្រាប់វិនិយោគិនជាតិ
  • ដំណើការលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
 • សម្រាប់វិនិយោគិនបរទេស
  • ដំណើការលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
 • ដាក់បញ្ជា
  • វិនិយោគិនបង្គាប់ឲ្យក្រុមហ៊ុនមូលបត្ររបស់ខ្លួនដាក់បញ្ជាមកកាន់ ផ.ម.ក. ដោយបញ្ជាក់ប្រាប់ យ៉ាងហោច នូវ ព័ត៌មានសំខាន់ៗ ដូចខាងក្រោម៖
   • ១. ឈ្មោះមូលបត្រ
   • ២.បរិមាណ
   • ៣.ថ្លៃ
   • ៤.ប្រភេទនៃបញ្ជាទិញ ឬបញ្ជាលក់។
  • វិនិយោគិន អាចបង្គាប់ ទៅ ក្រុមហ៊ុនមូលបត្រ ឲ្យដាក់បញ្ជា ដោយប្រើប្រាស់ មធ្យោបាយទំនាក់ទំនង ណាមួយខាងក្រោម៖
   • ១.ឯកសារជាលាយលក្ខណ៍អក្សរ
   • ២.ពាក្យសំដី
   • ៣.សារអេឡិចត្រូនិក
   • ៤.មធ្យោបាយអេឡិចត្រូនិចដទៃទៀត

ក-២ នីតិវិធីមូលដ្ឋាននៃការជួញដូរ

 • ការបើកគណនី និងការដាក់បញ្ជា
  • ដើម្បីអាចធ្វើការជួញដូរ នៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) វិនិយោគិនទាំងឡាយ ត្រូវបើក គណនីជួញដូរមួយជាមុនសិន នៅ ក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិករបស់ផ.ម.ក.។ មួយថ្ងៃក្រោយមក ទើប វិនិយោគិន អាចបង្គាប់ឲ្យ ក្រុមហ៊ុនមូលបត្រ នោះ (ដែលដើរតួនាទីជាអន្តរការី) ដាក់បញ្ជាមកកាន់ផ.ម.ក.។ វិនិយោគិន អាចដាក់បញ្ជាបាន លុះត្រា មានសាច់ប្រាក់ យ៉ាងហោចណាស់ មួយរយភាគរយ (សម្រាប់បញ្ជាទិញ) ឬបរិមាណមូលបត្រយ៉ាងហោចណាស់ មួយរយភាគរយ (សម្រាប់បញ្ជាលក់)។ នៅពេល បញ្ជាត្រូវបានបញ្ចូន សាច់ប្រាក់ និង មូលបត្រទាំងនេះ នឹងត្រូវបានបង្កកទុកដោ យក្រុមហ៊ុនមូលបត្រ ក្នុងគោលបំណង ដើម្បី ទុកទូទាត់ ឬ បង្កកទុករហូតដល់បញ្ជានោះអស់សុពលភាព ។
 • ការអនុវត្តការជួញដូរ និងការជូនដំណឹង
  • ប្រព័ន្ធជួញដូររបស់ ផ.ម.ក.ធ្វើការផ្គូផ្គង និងអនុវត្តបញ្ជានានាដែលត្រូវបានបញ្ជូនមក ដោយយោងទៅតាម គោលការណ៏ដេញថ្លៃ ដែលបានកំណត់ទុកជាមុន ហើយបន្ទាប់មក ជូនដំណឹងអំពីលទ្ធផល នៃ ការជួញដូរនោះ ទៅកាន់ ក្រុមហុ៑នមូលបត្រជាសមាជិក ដែលពាក់ព័ន្ធ និងក្រោយមកក្រុមហុ៑នមូលបត្រនោះ ជូនដំណឹងបន្ត ទៅ អតិថិជនរបស់ខ្លួន (ដែលជាវិនិយោគិន)។
 • ការទូទាត់
  • នៅពេលព័ត៌មានជួញដូរត្រូវបានបញ្ជាក់ដោយអតិថិជនពាក់ព័ន្ធរួចហើយ សមាជិកទាំងអស់ ដែលតាងនាមឲ្យអតិថិជនរបស់ខ្លួន ត្រូវបង់ប្រាក់សម្រាប់ មូលបត្រ ដែលបានទិញ ឬ បញ្ជូនមូលបត្រ ដែលបានលក់ទៅកាន់ភាគីម្ខាងទៀត (ដែលជាសមាជិកដែរ) ដោយប្រើប្រាស់ សាច់ប្រាក់ ឬ មូលបត្រ ដែលត្រូវបានបង្កកទុកកន្លងមកនោះ។

(១) វិនិយោគិនបើកគណនីជួញដូរ (គណនីសាច់ប្រាក់និងគណនីមូលបត្រ) នៅក្រុមហ៊ុនមូលបត្រមួយ នៅមួយថ្ងៃមុនថ្ងៃជួញដូរ។
(២) វិនិយោគិនផ្តល់សេចក្តីបង្គាប់ឲ្យដាក់បញ្ជា (ទិញឬលក់) ទៅកាន់ក្រុមហ៊ុនមូលបត្រ ជាលាយលក្ខណ៍អក្សរ ពាក្យសំដី (ថតទុក) ឬ មធ្យោបាយ អេឡិចត្រូនិចនានា។
(៣) ក្រុមហ៊ុនមូលបត្រដាក់បញ្ជាទៅតាមការបង្គាប់មកកាន់ ផ.ម.ក. ប៉ុន្តែមុននឹងដាក់បញ្ជា ក្រុមហ៊ុនមូលបត្របានបង្កកទុក រួចហើយ នូវ សាច់ប្រាក់ ឬ បរិមាណមូលបត្រ យ៉ាងហោចមួយរយភាគរយនៃបញ្ជានីមួយៗ។
(៤) បញ្ជាទាំងឡាយ ត្រូវបានផ្គូផ្គង នៅក្នុង ប្រព័ន្ធជួញដូររបស់ ផ.ម.ក. ទៅតាម គោលការណ៏ដេញថ្លៃ ដែលបានកំណត់ទុកជាមុន។
(៥) ផ.ម.ក. ជូនដំណឹងអំពី លទ្ធផល នៃ ការជួញដូរ ទៅកាន់ ក្រុមហ៊ុនមូលបត្រ នៅថ្ងៃ T+0 ។
(៦) ក្រុមហ៊ុនមូលបត្រ បញ្ជាក់លទ្ធផល នៃ ការជួញដូរដែលពាក់ព័ន្ធ ជាមួយ អតិថិជននីមួយៗរបស់ខ្លួន (នៅ T+0) ។
(៧) ក្នុងករណីមានកំហុសឆ្គងប្រតិបត្តិការ បង្កឡើងដោយ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនមូលបត្រ នោះត្រូវដាក់ពាក្យស្នើសុំមកកាន់ ផ.ម.ក. ដើម្បី កែតម្រូវ មុនពេលថ្ងៃត្រង់នៃថ្ងៃ T+1 ។ បន្ទាប់ពីកំហុសឆ្គង ត្រូវបានកែតម្រូវហើយ ដំណើរការក្នុងចំនុចទី៥ និងទី៦ នឹងត្រូវអនុវត្តម្តងទៀត។
(៨) វិនិយោគិន បង់ប្រាក់ ឬ បញ្ចូន មូលបត្រ តាមរយៈក្រុមហ៊ុនមូលបត្រ ។ ប៉ុន្តែជាក់ស្តែង គឺ ក្រុមហ៊ុនមូលបត្រ ប្រើប្រាស់ សាច់ប្រាក់មូលបត្រ របស់ អតិថិជន ដែលបានបង្កកទុកដើម្បីទូទាត់ ដោយសុំ ឬ មិនបាច់សុំការអនុញ្ញាតពីអតិថិជនឡើយ ។
(៩) ក្រុមហ៊ុនមូលបត្រទូទាត់ការជួញដូរក្នុងនាមវិនិយោគិននៅ ផ.ម.ក.

ក-៣ ប្រតិបត្តិការទីផ្សារ

 • ម៉ោងជួញដូរ
  • ការជួញដូរចាប់ផ្តើមពីម៉ោង ០៨:00 ព្រឹក រហូតដល់ម៉ោង ១១:៣០ ព្រឹក។ ការអនុវត្តការជួញដូរមានពីរដងក្នុងមួយថ្ងៃ គឺនៅម៉ោង ០៩:00ព្រឹក និង ម៉ោង ១១:៣0ព្រឹក។
 • ថ្ងៃជួញដូរ
  • ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ។
 • ប្រភេទនៃបញ្ជា
  • បញ្ជាមានកំណត់៖ បញ្ជាដែលថ្លៃទិញគឺជាថ្លៃហ៑ានទិញខ្ពស់បំផុត ឬបញ្ជាដែលថ្លៃលក់គឺជាថ្លៃហ៑ានលក់ទាបបំផុត។
   ឧទាហរណ៍៖ បញ្ជាទិញមានកំណត់មួយដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ៤០,០០០រៀលឬថោកជាងនេះ ហើយចំណែកឯបញ្ជាលក់មានកំណត់ដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ ៤០,០០០រៀលឬខ្ពស់ជាងនេះ។
 • ថ្លៃមូលដ្ឋាន
  • ជាទូទៅ ថ្លៃមូលដ្ឋានគឺជាថ្លៃបិទនៃថ្ងៃជួញដូរចុងក្រោយ។
   ថ្លៃមូលដ្ឋានសម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិចុះបញ្ជីលក់ដំបូងត្រូវស្ថិតនៅចន្លោះ៩០%និង១៥០% នៃថ្លៃមូលបត្រកម្មសិទ្ធិបោះផ្សាយលក់ជាលើកដំបូង (ថ្លៃ IPO ដែលបានកំណត់នៅក្នុងឯកសារផ្តល់ព័ត៌មានដែលបានចុះបញ្ជីនៅ គ.ម.ក.)។
   ក្នុងករណីដែលមានសិទ្ធិកម្មសិទ្ធិករមូលបត្រដូចជា ការបង្កើនឬបន្ថយមូលធន ការបែងចែកភាគលាភជាភាគហុ៑ន ការបំបែកភាគហុ៑ន ។ល ។ នោះថ្លៃមូលដ្ឋាននឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ ដោយប្រព័ន្ធរបស់ ផ.ម.ក.តាមរយៈការប្រើប្រាស់នូវរូបមន្តមួយជាក់លាក់។
   ក្នុងករណីថ្លៃមូលបត្រដែលបានគណនា ទាបជាងឯកតាគម្លាតថ្លៃ នោះថ្លៃមូលដ្ឋានត្រូវបង្គត់ឡើងឲ្យស្មើនឹងឯកតាគម្លាតថ្លៃ។
 • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃ
  • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃត្រូវស្មើនឹង Å៥% (បូក/ដកប្រាំភាគរយ)នៃថ្លៃមូលដ្ឋាន។
 • ឯកតាជួញដូរ និង ឯកតាគម្លាតថ្លៃ
  • ចំនួនឯកតាជួញដូរមូលបត្រកម្មសិទ្ធិអប្បបរមានៅផ.ម.ក. គឺ ០១ (មួយ)ឯកតាមូលបត្រ។
   បម្រែបម្រួលថ្លៃមូលបត្រកម្មសិទ្ធិអប្បបរមាគឺយោងទៅតាមឯកតាគម្លាតថ្លៃដូចខាងក្រោម (ទឹកប្រាក់ទាំងអស់គិតជារៀល)។
  • ថ្លៃមូលដ្ឋាន (P) ឯកតាគម្លាតថ្លៃ ឧទាហរណ៍ថ្លៃបញ្ជាដែលខុស ឧទាហរណ៍ថ្លៃបញ្ជាដែលត្រឹមត្រូវ
   P < ៥០,០០០ ៥០ ៤៥,៥២៥; ១០,១១២; ៣០,០៧៥ ៤៥,៥៥០; ១០,១០០; ៣០,០៥០
   ៥០,០០០ ≤ P < ៥០០,០០០ ២៥០ ១០០,២០០; ៥៧,៥៦០; ៤១០,៩៥០ ១០០,២៥០; ៥៧,៥០០; ៤១០,៧៥០
   P ≥ ៥០០,០០០ ៥០០ ៦០០,៤០០; ៧៨៤,២៥០ ៦០០,០០០; ៧៨៤,៥០០
 • សុពលភាពនៃបញ្ជា
  • បញ្ជានីមួយៗមានសុពលភាពចាប់ពីពេលដែលទទួលបាននៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. រហូតដល់ពេលដែលបញ្ជានោះត្រូវបានអនុវត្តនៅអំឡុងវគ្គជួញដូរនៃថ្ងៃតែមួយ។
 • ការកែប្រែ និងការលុបចោលបញ្ជាដែលបានបញ្ជូន
  • ការកែប្រែឬការលុបចោលបញ្ជាអាចធ្វើទៅបាន ដរាបណាបញ្ជានោះមិនទាន់ត្រូវបានអនុវត្ត។ ពេលវេលាបញ្ជាក់ពីការទទួលបញ្ជានៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ត្រូវកំណត់សាជាថ្មី នៅពេលដែលមានការកែប្រែថ្លៃឬ ការបង្កើនបរិមាណនៃបញ្ជា។
 • គោលការណ៍ដេញថ្លៃ
  • រាល់ការជួញដូរទាំងអស់ត្រូវបានអនុវត្តតាមរយៈការប្រើប្រាស់វិធីសាស្ត្រដេញថ្លៃ ដោយយកថ្លៃតែមួយ។
  • អាទិភាពនៃបញ្ជាទិញ និងបញ្ជាលក់៖
   • ១. ថ្លៃ
    • បញ្ជាលក់ដែលមានថ្លៃទាបជាង មានអាទិភាពលើបញ្ជាលក់ដែលមានថ្លៃខ្ពស់ជាង។
    • បញ្ជាទិញដែលមានថ្លៃខ្ពស់ជាង មានអាទិភាពលើបញ្ជាទិញដែលមានថ្លៃទាបជាង។
   • ២. ពេលវេលា
    • ក្នុងករណីបញ្ជាមានថ្លៃដូចគ្នា បញ្ជាដែលទទួលបានមុនមានអាទិភាពលើបញ្ជាដែលទទួលបានក្រោយ។
 • ឧទាហរណ៍
 • វិធីសាស្រ្តនិងយន្តការនៃការអនុវត្តការជួញដូរ
  • មូលបត្រទាំងអស់ដែលជួញដូរនៅ ផ.ម.ក. ត្រូវបានអនុវត្តនៅថ្លៃកំណត់មួយដែលហៅថា ថ្លៃផ្គូផ្គង។
 • កាលបរិច្ឆេទអិចឌីវីដឹនដ៏ ឬអិចរាយថ៏
  • កាលបរិច្ឆេទអិចឌីវីដឹនដ៏ (Ex-Dividend) ឬអិចរាយថ៏ (Ex-Right) គឺកាលបរិច្ឆេទជួញដូរនៅរយៈកាល០១ (មួយ) ថ្ងៃ មុនកាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុននិកដែលត្រូវទទួលបានភាគលាភ ឬសិទ្ធិ។

 ក-៤ ការផ្សាយជាសាធារណៈនូវព័ត៌មានទីផ្សារ

ផ.ម.ក. ផ្តល់ជូននូវទិន្នន័យទីផ្សារដ៏មានប្រសិទ្ធិភាព នៅក្នុងបរិស្ថានមួយដែលផ្អែកលើភាពយុត្តិធម៌ តម្លាភាព ភាពមានសណ្តាប់ធ្នាប់ និងវិធានជាគោល។ វិនិយោគិននិងអ្នកចូលរួមទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ពីព័ត៌មានទីផ្សារដែលងាយស្រួលយល់និងត្រឹមត្រូវ ដែលបានផ្តល់ឲ្យគ្រប់ភាគីទាំងអស់ក្នុងពេលដំណាលគ្នា។ ក្នុងន័យនេះ ផ.ម.ក. ផ្សព្វផ្សាយជាសាធារណៈនូវទិន្នន័យទីផ្សារដូចខាងក្រោម៖

 • ថ្លៃបើក និង ថ្លៃបិទ
 • បរិមាណ និង តម្លៃសរុបនៃការជួញដូរ
 • ថ្លៃមូលដ្ឋាន
 • សន្ទស្សន៍
 • ព័ត៌មានដែលមានប្រយោជន៍ដទៃទៀត។

ក-៥ ការត្រួតពិនិត្យ/ឃ្លាំមើលទីផ្សារ

ដើម្បីធានាបាននូវសុច្ចរិតភាពទីផ្សារនិងការការពារវិនិយោគិន ផ.ម.ក.ការឃ្លាំមើលទីផ្សារដើម្បីកំណត់អត្តសញ្ញាណមូលបត្រដែលជាប់សង្ស័យថាមានការជួញដូរមិនប្រក្រតី តាមរយៈការតាមដានឥរិយាបថនៃការជួញដូរ បម្រែបម្រួលថ្លៃ ទំហំជួញដូរ កម្រិតនៃទំនាក់ទំនងរវាងថ្លៃនិងការជួញដូរ និងព័ត៌មានលម្អិតនៃពាក្យចចាមអារ៉ាម។

បុគ្គលណាដែលត្រូវបានរកឃើញថាបានប្រព្រឹត្តដោយចេតនានូវការជួញដូរផ្ទៃក្នុងឬឧបាយកលទីផ្សារ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ និងបទបញ្ញត្តិនានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ- ការផាត់ទាត់ និង ការទួទាត់

 • តើអ្វីជាការផាត់ទាត់?

  • ការផាត់ទាត់គឺជាលំដាប់នៃដំណើរការដែល Central Counter-party (CCP)ចាត់ចែងធានាលើការទូទាត់ដោយការបន្សុទ្ធ ឬកាត់កង nettingឥណទាន និងបំណុលទាំងឡាយរវាងអ្នកលក់ និងអ្នកទិញ។
   • Central Counter- party (CCP)
   • សំដៅលើអង្គភាពដែលទទួលយកកាតព្វកិច្ចជាអ្នកទិញចំពោះអ្នកលក់ទាំងអស់ និងជាអ្នកលក់ចំពោះអ្នកទិញទាំងអស់។ តាមវិធីនេះ អ្នកទិញ និងអ្នកលក់មិនមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមកទេ ផ្ទុយទៅវិញត្រូវមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះ CCP។
    ក្នុងករណីនេះផ្សារមូលបត្រកម្ពុជា (ផ.ម.ក)មានតួនាទីជា CCPនៅក្នុងផ្សារមូលបត្រកម្ពុជា។
   • ការបន្សុទ្ធ ឬការកាត់កង (Netting):
   • គឺជាដំណើរការនៃការកាត់បន្ថយកាតព្វកិច្ចឥណទាន ឬឥណពន្ធរបស់អ្នកជួញដូរជាច្រើន ពីចំនួនច្រើនទៅចំនួនតិច។ តាមរយៈការបន្សុទ្ធ ផ.ម.ក. គណនាទំហំដែលត្រូវទូទាត់ចុងក្រោយ។ បន្ទាប់ពីការបន្សុទ្ធ កាតព្វកិច្ចឥណទាន ឬឥណពន្ធដើមត្រូវបានជំនួសដោយកាតព្វកិច្ចឥណទាន ឬឥណពន្ធតែមួយ។
    ទំហំដែលត្រូវទូទាត់ចុងក្រោយ ត្រូវបានគណនាតាមរបៀបដូចខាងក្រោម៖

    • ករណីមូលបត្រ៖ ទទួលបានដោយធ្វើការបន្សុទ្ធបរិមាណបានលក់សរុប និងបរិមាណបានទិញសរុប ចំពោះប្រភេទមូលបត្រមួយ និងចំពោះសមាជិកនីមួយៗ។
    • ករណីសាច់ប្រាក់៖ ទទួលបានដោយធ្វើការផាត់ទាត់តម្លៃបានទិញសរុប និងតម្លៃបានលក់សរុបចំពោះសមាជិកនីមួយៗ។
 • តើអ្វីជាការទូទាត់?

  • ការទូទាត់គឺជាការបញ្ចប់ប្រតិបត្តិការ ដែលអ្នកលក់ផ្ទេរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុទៅឲ្យអ្នកទិញ ហើយអ្នកទិញផ្ទេរសាច់ប្រាក់ទៅឲ្យអ្នកលក់។
   • លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
    • វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
     DVP3 ជាដំណើរការនៃការប្រគល់មូលបត្រ ដែលត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៃការប្រគល់សាច់ប្រាក់ ដោយផ្អែកលើមូលដ្ឋានបន្សុទ្ធ (បន្សុទ្ធមូលបត្រ និង បន្សុទ្ធសាច់ប្រាក់) ។វាត្រូវបានកើតឡើងនៅចុងគ្រានៃវដ្តដំណើរការប្រតិបត្តិការ។
    • ពេលវេលានៃការទូទាត់៖ ម៉ោង៨ និង៣០ នាទីព្រឹក (T+2)
     សមាជិកត្រូវផ្ទេរមូលបត្រ និងសាច់ប្រាក់ដែលត្រូវទូទាត់ទៅគណនីរបស់ ផ.ម.ក. នៅមុនម៉ោង ៨:៣០ព្រឹក នៅកាលបរិច្ឆេទទូទាត់ ហើយផ.ម.ក. ត្រូវទូទាត់មូលបត្រ និងសាច់ប្រាក់បន្ដទៅឲ្យសមាជិកដែលត្រូវទទួលការទូទាត់ បន្ទាប់ពីម៉ោង ៨:៣០ព្រឹក នៅថ្ងៃដដែលនៃកាលបរិច្ឆេទទូទាត់។
    • ភ្នាក់ងារទូទាត់សាច់ប្រាក់ (ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង ធនាគារ BIDC) មានតួនាទីបំពេញកាតព្វកិច្ចទូទាត់សាច់ប្រាក់។

គ- ការរក្សាទុកមូលបត្រ

 • តើការរក្សាទុកមូលបត្រគីជាអ្វី?
  • ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។
   ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។
 • អត្ថប្រយោជន៍
  • នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី (Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់ និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
   សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។
 • ការបើកគណនី
  • បុគ្គលដែលអាចបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ បុគ្គលដែលមានបំណងបើកគណនីមូលបត្រត្រូវបំពេញបែបបទបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ។ គ្រប់គណនីមូលបត្រទាំងអស់ រួមមានគណនីមូលបត្ររបស់សមាជិក ឬ អតិថិជនត្រូវបានបង្កើតឡើងក្នុង ប្រព័ន្ធ Ledger (ledger system) របស់ ផ.ម.ក. ដែលផ្ទុកផងដែរនូវទិន្នន័យលម្អិតនៃប្រតិបត្តិការរបស់សមាជិក និងអតិថិជន ព្រមទាំងទិន្នន័យលម្អិតនៃបញ្ជីភាគហ៊ុនិក។
 • ការដាក់ផ្ញើមូលបត្រ
  • ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ :
   • ប្រភេទមូលបត្រ
   • ចំនួននៃការបោះផ្សាយ
   • ឈ្មោះមូលបត្រ
   • អក្សរកូដ
   • ចំនួនមូលបត្រសរុប
   • កាលបរិចេ្ឆទបោះផ្សាយ
   • កាលបរិចេ្ឆទចុះបញ្ជី
   • ព័ត៌មានផេ្សងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពមូលបត្រ

ប្រភពឯកសារ៖ ក្រុមហ៊ុនមូលបត្រកម្ពុជា

Advertisements

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: