មូល​ហេតុ និង​វិធី​ព្យាបាល ពងបែក​ក្នុងមាត់


ជម្ងឺពងបែកក្នុងមាត់ជាជម្ងឺមួយដែលមិនអាចធ្វើការសន្និដ្ឋានពីមូលហេតុពិតប្រាកដរបស់វាបានទេថា តើជម្ងឺនេះវាកើតឡើងដោយសារមូលហេតុអ្វីខ្លះនោះ ។ ព្រោះជម្ងឺនេះ កើតឡើងជាញឹកញាប់ ហើយជាសះស្បើយទៅវិញ ដោយឯកឯងមិនចាំបាច់ព្យាបាលឡើយ។ មានប្រជាជននៅលើពិភពលោកប្រហែលជា ២៥ភាគរយ បានកើតមានជម្ងឺនេះ ដែលបណ្ដាលឱ្យមាន ការឈឺចាប់នៅក្នុងមាត់ និង ពិបាកក្នុងការទទួលទានអាហារផងដែរ។

លោកវេជ្ជបណ្ឌិត សុក សំអាត ប្រធានផ្នែកត្រចៀកច្រមុះ និងបំពងក នៃមន្ទីរពេទ្យព្រះអង្គឌួង មានវត្ដមានបកស្រាយបំភ្លឺនូវប្រធានបទមួយ ស្ដីអំពី ជម្ងឺពងបែកក្នុងមាត់ ជូនប្រិយមិត្ដអ្នកអានដើម្បីស្វែងយល់តាមរយៈ ទស្សនាវដ្ដីសុខភាពយើង។

លក្ខណៈជម្ងឺពងបែកក្នុងមាត់

ជម្ងឺពងបែកក្នុងមាត់ គឺសំដៅដល់ជម្ងឺមួយប្រភេទដែលកើតមាននៅក្នុងមាត់ ដែលភាគច្រើនកើតមាននៅលើ មនុស្សក្មេង និង យុវវ័យ។ ប្រជាជន នៅលើពិភពលោកមានប្រហែលជា ២៥ភាគរយ បានកើតជម្ងឺនេះ ដោយចាប់ផ្ដើមដំបូងឡើង ជម្ងឺពងបែកក្នុងមាត់ មាន ពងទឹកតូច ឬធំ ទៅតាមសណ្ឋាននីមួយៗរបស់វា។ ហើយពងទឹកនេះក៏បានធ្លាយទឹករួចក្លាយទៅជា ដំបៅរលាកសើស្បែក ដែលស៊ីស្បែករាក់ ឬ ជ្រៅ ទៅតាមកម្រិតនីមួយៗរបស់វានៅក្នុងមាត់រួចក៏បង្កទៅជាជម្ងឺពងបែកក្នុងមាត់។

ប្រភេទ និងរោគសញ្ញាជម្ងឺពងបែកក្នុងមាត់

ជម្ងឺពងបែកក្នុងមាត់ត្រូវបានបែងចែកជា៣កម្រិត។

១ . ប្រភេទកម្រិតទី១ ឬកម្រិតស្រាល ៖ ជាប្រភេទកម្រិតស្រាល មានការឈឺចាប់បន្ដិចបន្ដួច មានពងតូចៗនៅលើស្បែកខាងក្រៅសើៗ ហើយដំបៅមិនស៊ីជ្រៅឡើយ ហើយឆាប់ជាសះស្បើយ តែក្នុងរយៈពេលពី ៧ ទៅ ១០ថ្ងៃ តែប៉ុណ្ណោះដោយមិនទុកស្លាក ស្នាមអ្វីទាំងអស់។ ពងបែក កម្រិតតូច មានទំហំតូចប្រហែលជា ១មីលីម៉ែត្រ ឬយ៉ាងធំ ១សង់ទីម៉ែត្រ ហើយមានប្រជាជនប្រហែល៨៥ ភាគរយ បានកើត ជម្ងឺពងបែកក្នុង មាត់ប្រភេទនេះ។

២ . ប្រភេទកម្រិតទី២ ឬកម្រិតធ្ងន់ ៖ ជាប្រភេទកម្រិតធ្ងន់ មានការឈឺចាប់ខ្លាំង មានពងតិចជាង ពងប្រភេទកម្រិតតូច និង មានដំបៅស៊ីជ្រៅ ដល់ស្បែកខាងក្នុង ហើយជាសះស្បើយក្នុងរយៈពេលពី ៦សប្ដាហ៍ ទៅ ៨សប្ដាហ៍ ដោយបន្សល់ទុកស្លាកស្នាម។ ពងបែកប្រភេទកម្រិតធំ មានទំហំពី ២ ទៅ ៣សង់ទីម៉ែត្រ និង មានប្រជាជនប្រមាណ ១០ភាគរយ បានកើត ជម្ងឺពងបែកក្នុងមាត់ស្ថិតក្នុង កម្រិតនេះ។

៣ . ប្រភេទកម្រិតទី៣ ឬកម្រិតមានអែប៉េស ៖ ជាប្រភេទដែលមានទម្រង់ជា អែប៉េស ដែលកម្រកើតមានហើយដំបៅ មានច្រើន និង មានទំហំចាប់ពី ១ ទៅ ២សង់ទីម៉ែត្រ ផ្ដុំគ្នាជាកញ្ចុំៗ នៅលើស្បែកខាងក្រៅ ។ ការជាសះស្បើយ គឺក្នុងរយៈពេលចាប់ពី ៧ ទៅ ១០ថ្ងៃ តែប៉ុណ្ណោះ ដោយគ្មានទុកបន្សល់ នូវស្ លាកស្នាមអ្វីឡើយ ដូចគ្នានឹងពងបែកប្រភេទកម្រិតតូចដែរ ។

មូលហេតុពងបែកក្នុងមាត់

ពិបាកក្នុងការសន្និដ្ឋានពីមូលហេតុពិតប្រាកដនៃជម្ងឺពងបែកក្នុងមាត់ណាស់ ប៉ុន្ដែមានមូលហេតុមួយចំនួនដែលធ្វើឱ្យមាន ការសង្ស័យ។

  • ការប៉ះទង្គិចសាច់ក្នុងមាត់
  • អាលែស៊ីស្បែកក្នុងមាត់ដែលបណ្ដាលមកពីការទទួលទានចំណីអាហារ ដូចជាក្ដៅ ត្រជាក់ ផ្អែមជាដើម
  • កង្វះជាតិវីតាមីនបេ១ បេ២
  • មានវីរុសអែប៉េស និងមានវីរុសផ្សេងៗទៀតដែលកើតមាននៅក្នុងមាត់
  • ជម្ងឺរលាកពោះវៀន
  • លោកអ្នកខ្លះសម្អាតធ្មេញញឹកញាប់ពេក ក៏ធ្វើឱ្យមានអាលែស៊ីស្បែកក្នុងមាត់ដែរបណ្ដាលឱ្យក្លាយទៅជាមានពងបែក មាត់ព្រោះនៅក្នុងថ្នាំដុះធ្មេញ និងថ្នាំខ្ពុរមាត់ទាំងនោះមានជាតិសូដ្យូម ឡូរីល សុលផាតជាដើម។
  • អ្នកជម្ងឺអេដស៍ និងអ្នកកើតមហារីកគ្រាប់ឈាមក៏មានពងបែកក្នុងមាត់ដែរ។

វិធីព្យាបាលពងបែកក្នុងមាត់

គេមិនអាចព្យាបាលឱ្យជាដាច់នោះទេ ព្រោះជម្ងឺនេះកើតឡើងជាញឹកញាប់ និង ជាសះស្បើយទៅវិញដោយឯកឯង ។ ប៉ុន្ដែ គេអាចព្យាបាលវាបានបណ្ដោះអាសន្ន ដូចជា ក្នុងករណីមាន ពងបែកក្នុងមាត់ រួមផ្សំនឹងការឈឺចាប់ត្រូវប្រើឱសថ ដើម្បីបំបាត់ការឈឺចាប់ ។ ចំពោះលោកអ្នកមាន ពងបែកក្នុងមាត់កម្រិតតូច ត្រូវប្រើថ្នាំខ្ពុរមាត់ណាដែលបំបាត់ការឈឺចាប់ និង ជាតិថ្នាំផ្សះអាចធ្វើឱ្យជា ឆាប់រហ័ស។ ផ្ទុយទៅវិញ បើមានពងបែកក្នុងមាត់ប្រភេទកម្រិតធំវិញ ត្រូវប្រើថ្នាំប៉ូម៉ាត ដែលជួយបំបាត់ការឈឺចាប់ ដែលមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលឱ្យជាសះស្បើយរយៈពេលខ្លី។

ផលប៉ះពាល់ពងបែកក្នុងមាត់

ជម្ងឺពងបែកក្នុងមាត់ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដូចជា ធ្វើឱ្យលោកអ្នកមានការឈឺចាប់នៅក្នុងមាត់ ពិបាកក្នុងការ ទំពាចំណីអាហារ មិនបានស្រួល និង មិនម៉ត់ល្អ អាចឱ្យក្រពះលោកអ្នករលាកដោយសារក្រពះពិបាកកិនរំលាយអាហារជាដើម។ ចំណែក ពោះវៀន ដែលត្រូវស្រូបសារធាតុចំណីអាហារបន្ដពីក្រពះទៅចិញ្ចឹមសរីរាង្គក៏មិនសូវបានល្អដែរ ។

ដំបូន្មានអ្នកឯកទេស

ទោះបីជាជម្ងឺពងបែកក្នុងមាត់ជាជម្ងឺដែលកើតបាត់ៗ និង ជាសះស្បើយដោយឯកឯងក៏ដោយ ប៉ុន្ដែអ្នកជម្ងឺ ក៏មិនត្រូវធ្វេសប្រហែស ក្នុងការព្យាបាលដែរ។ ព្រោះពងទឹកខ្លះដែលកើតមកវាស៊ីជ្រៅបន្ដិចម្ដងៗ រហូតធ្វើឱ្យមានដំបៅដល់ស្បែកស្រទាប់ខាងក្នុង ហើយមិនព្រមជាសះស្បើយឯកឯងសោះនោះ វាក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ ដូច្នេះអ្នកជម្ងឺគួរទៅជួបគ្រូពេទ្យឯកទេស ជាបន្ទាន់ ដើម្បីព្យាបាលទាន់ពេល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: