របាំ នៅ កម្ពុជា


ដើម្បីជាការឆ្លើយតបតាមសំណូមពរ របស់សាធារណជន ក្រុមការងារ គេហទំព័រសាលារាជធានីភ្នំពេញ បានសិក្សា ស្រាវជ្រាវនូវឯកសារមួយចំនួនស្តី អំពីរបាំខ្មែរ ដែលជាកេរ្តិ៍ដំណែល ដ៍ថ្លៃថ្លារបស់ដូនតាបានបន្សល់ទុកឲ្យ កូនចៅខ្មែរជំនាន់ក្រោយ។ សាលារាជធានីភ្នំពេញ សូមដកស្រង់នូវខ្លឹមសារ មួយចំនួន ស្តីពីរបាំនៅប្រទេសកម្ពុជា ចេញពីសៀវភៅ របាំខ្មែរ (Khmer Dances ) ឆ្នាំ២០០១ ដែលជា ស្នាដៃនិពន្ធរបស់ ឯកឧត្តម ពេជ្រ ទុំក្រវិល អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ជាប្រធានគណៈ កម្មការស្រាវជ្រាវ សិល្បៈ វប្បធម៌ ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានខ្លឹមសារសង្ខេបដូចតទៅ ៖
របាំ ក៍ដូចជា ល្ខោន តន្រ្តី ចម្រៀង កំណាព្យ ចម្លាក់ និងទម្រង់សិល្បៈដទៃទៀតដែរ ហើយសុទ្ធតែជាតម្រូវ ការ របស់ជីវិតខ្មែរយើងទាំងអស់គ្នា។ ខ្មែរយករបាំដើម្បីរាំថ្វាយអារក្ខ អ្នកតា សុំសេចក្តីសុខ… រាំបួងសួងសុំទឹកភ្លៀង សម្រាប់ធ្វើស្រែចម្ការ… រាំបន់ស្រន់សុំឲ្យវត្ថុសក្តិសិទ្ធិជួយបំបាត់ឧបទ្រព្យចង្រៃ… រាំដើម្បីសុំសុខសប្បាយ ក្នុងពេលប្តូរ ភូមិមករស់នៅក្នុងភូមិថ្មី… រហូតដល់រាំដើម្បី កែកំសាន្ត ឬបំបាត់ការនឿយហត់ក្រោយពេលធ្វើពលកម្មនានា ក្នុង ជីវិតថែមទៀតផង ។

ជាទូទៅ របាំនៅប្រទេសកម្ពុជា មានលក្ខណៈខុសៗគ្នា ទាំងប្រភព កំណើត រូបភាព ពណ៌សម្បុរ និងតួនាទីក្នុងសង្គមផងដែរ ដូចជា ៖
របាំខ្លះមានប្រភពចេញមកពីសាសនាព្រាហ្មណ៍រួចធ្វើដំណើរឆ្លងកាត់ជា ច្រើនដំណាក់កាលរហូតមកដល់សម័យពុទ្ធសាសនាមហាយាន រួចហិន យាន ដែលជាប្រភេទសិល្បៈទេវៈ ដែលគេប៉ាន់ស្មានថាជាស្នាដែច្នៃប្រឌិត របស់ អ្នកប្រាជ្ញរាជបណ្ឌិត រួចក្រោយមកបានដិតជាប់ក្នុងពិធីនានានៃប្រះបរម រាជវាំង ។
របាំខ្លះទៀត មានប្រភពចេញមកពីជំនឿអារក្ខអ្នកតា (ជំនឿខ្មែរដើម) ហើយជារបាំដែលត្រូវបានថែបន្តពីជំនាន់មួយ ទៅជំនាន់មួយទៀត ដេលគេរាប់ថាជាមរតក “បន្តត្រកូល” របស់ជនជាតិខ្មែរ និងគ្រប់ជនជាតិភាគតិចដែលរស់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតាមតំបន់ខុសៗគ្នា និងមានទម្លាប់ខុសៗគ្នាខ្លះផង ដែលអ្នកស្រាវជ្រាវ យល់ ឃើញថា គឺជាស្នាដែច្នៃប្រឌិតដែលចេញមកពីប្រភព មហាជន ប្រជាជន អ្នកស្រែចម្ការ . . . ។
មានរបាំមួយប្រភេទទៀត ជារបាំដែលមានប្រជាប្រិយ៍ធំធេងនៅក្នុងប្រទេសកម្ពុជា ទាំងមូល ពោលគឺ នៅទីណា កន្លែងណា ក៍មានរបាំនេះដូចគ្នាទាំងអស់ ទោះជានៅ ទីក្រុង ឬជនបទ តំបន់ភ្នំ តំបន់វាលទំនាប ឬតំបន់មាត់ សមុទ្រក្តី . . . និងមាន លក្ខណៈពិសេសមួយទៀត គឺប្រជាជនទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី ចេះរាំរបាំ នេះទាំងអស់គ្នា ។
ចំណែកឯតួនាទីរបាំនេះនៅក្នុងសង្គមវិញ គឺសម្រាប់កែកំសាន្ត ឬជាប្រភេទរបាំសម្រាប់លំហែកាយ និងធ្វើឲ្យ សប្បាយចិត្តបំបាត់ការនឿយហត់ ពីពលកម្មនានា ។ ដោយប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរណ៍ទៅដោយរបាំ ដែលមានប្រភេទខុសៗគ្នា ទើបខ្មែរយើងមានការនិយមចែករបាំទាំងនោះជាបីក្រុម ហើយឲ្យឈ្មោះខុសៗគ្នាទៅតាម លក្ខណៈ ពិសេសរបស់ក្រុមរបាំនីមួយៗគឺ : របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណី និងរបាំប្រជាប្រិយ៍ ។

១- របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ :

របាំឬល្ខោនក្បាច់បុរាណខ្មែរ ឬ របាំឬល្ខោនព្រះរាជទ្រព្យ គឺជាទម្រង់ដែលបានកើតមានជា ច្រើនសតវត្សរ៍មក ហើយនៅក្នុងប្រទេសកម្ពុជា ដែលជាទម្រង់ប្រភពជាសិល្បៈសក្ការៈ ( សិល្បៈ ទេវៈ )

ចេញពីសាសនាព្រាហ្មណ៍ ហើយក៍ជាទម្រង់ដែលមានប្រណិតភាពខ្ពស់ជាងគេបំផុត បើប្រៀបធៀប ទៅនឹងទម្រង់សិល្បៈ ទស្សនីយភាពដ៍ទៃ ទៀតក្នុងប្រទេសកម្ពុជា។ តាំងពីការកកើតរបាំនេះមក ទម្រង់របាំនេះគឺ ជាទម្រង់របាំស្រី ព្រោះអ្នកសម្តែងទាំងអស់សុទ្ធតែស្រីៗ ទោះជាតួអង្គប្រុស ក៍ដោយ។ ឯរបៀប សម្តែងវិញក៍មានលក្ខណៈខុសគ្នាច្រើនពីទម្រង់ល្ខោនដទៃទៀត ដែលមាន ជាង២០ទម្រង់នៅប្រទេសកម្ពុជា។ ពេលសម្តែង សិល្បការិនី នៃរបាំបុរាណទាំងអស់មិនមាន ច្រៀងខ្លួនឯងឡើយ ហើយក៍ មិនបញ្ចេញកាយវិការត្រាប់ទៅតាមពាក្យពោលដូចល្ខោនខោល ឬល្ខោនប្រុស ល្ខោនពាក់មុខឡើយ តែត្រូវបញ្ចេញនូវកាយវិការដែលមានវេយ្យាករណ៍ត្រឹមត្រូវ “ ជាភាសាកាយវិការ ” ដែលមានអត្ថន័យ ស្របទៅតាមទំនុកច្រៀងចម្រៀងជាពួក ដែល មានតួនាទីច្រៀងជូនរបាំ ឬល្ខោននេះ ដែល ភាគច្រើនមានសុទ្ធតែជាស្រីៗ ។របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ មានជាអាទិ៍ដូចជា របាំជូនពរ របាំទេព មនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខាឡា របាំសុវណ្ណមច្ឆា របាំព្រាហ្មណ៍ របាំទៀន។ល។ រីឯវង់តន្រ្តីជូនរបាំ នេះក៍មានលក្ខណៈ ជាសិល្បៈ សក្ការៈដែរ ដែលមានឈ្មោះថា វង់ភ្លេងពិណពាទ្យ។

 ២- របាំប្រពៃណីខ្មែរ :

របាំប្រពៃណីខ្មែរ គឺជារបាំទាំងឡាយដែលស្ថិតនៅជាប់នឹងពិធីប្រពៃណី ឬពិធីដំណរត្រកូលដ៍ យូរលង់មកហើយ របស់ជនជាតិខ្មែរ ឬជនជាតិដ៍ទៃទៀតទាំងអស់ដែលរស់នៅលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងតំបន់ខុសៗគ្នា ទាំងមានការនិយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តីនៅតាម តំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាបទន្លេមេគង្គ និងតំបន់មាត់ សមុទ្រ ។ របាំប្រពៃណី ដែលក្រុមស្រាវជ្រាវ បានទៅសិក្សារៀនសូត្រ ហើយចម្លងមកពីប្រជាជនពីគ្រប់តំបន់ទាំងអស់ រួមមាន :

 ១-របាំត្រុដិ  ១១-របាំកន្តែរ៉ែ  ២១-វាយគួយ  ៣១-របាំបរគោ
 ២-របាំត្រុដិនាងម៉េវ  ១២-របាំច្រម  ២២-ចាក់គ្រើល  ៣២-របាំច្រូតស្រូវ
 ៣-របាំក្ងោកប៉ៃលិន  ១៣-របាំវាយក្រាប់  ២៣-ត្បាល់កាប់  ៣៣-របាំបិកលក្ខណ៍
 ៤-របាំបក់ស្រូវ  ១៤-របាំអន្ទង់ហែន  ២៤-អារក្ខចាម  ៣៤-របាំកន្សែងស្នេហ៍
 ៥-របាំក្ងោកពោធិសាត់  ១៥-របាំគោះត្រឡោក  ២៥-របាំស្នា  ៣៥-របាំចាក់អង្រ្កង
 ៦-របាំបេះក្រវ៉ាញ  ១៦-របាំគោះអង្រែ  ២៦-របាំនេសាទ  ៣៦-របាំឆៃយ៉ាំ
 ៧-របាំសែនភ្លយ  ១៧-របាំតូណែទីន  ២៧-របាំកង្កែប  ៣៧-របាំដាល់អំបុក
 ៨-របាំស្នែងទន្សោង  ១៨-កាប់ក្របីផឹកស្រា  ២៨-អាពាហ៍ពិពាហ៍បក្សី  ៣៨-របាំស្គរ
 ៩-របាំព័ទ្ធរ៉ុង  ១៩-រាំវង់ភូមិថ្មី  ២៩-របាំស្ករត្នាត  ៣៩-របាំគងសួយ
 ១០-របាំភ្លយសយ  ២០-របាំគែន ៣០-របាំក្អម ៤០-របាំគងស្មៀង

នៅមានរបាំប្រពៃណីជាច្រើនទៀត ដែលស្ថិតនៅក្នុងដៃប្រជាជន ដែលយើងមិនទាន់ បានរៀនសូត្រកត់ត្រាទុក ឬតម្លើងជាផ្ទាំងទស្សនីយភាព ដើម្បីផ្សព្វផ្សាយជាទូលំទូលាយនៅឡើយ ពិសេស គឺរបាំដែលជាប់នឹងពិធីទំនៀម ទំលាប់ប្រពៃណីរបស់ខ្មែរ និងជនជាតិនានាដែលស្ថិតនៅក្នុង តំបន់ដាច់ស្រយាល ទាំងតំបន់ព្រៃភ្នំ ទាំងតំបន់ទំនាប និងទាំងតំបន់បាត់សមុទ្រផងដែលយើងត្រូវតែ មានទិសដៅធ្វើការសិក្សាស្រាវជ្រាវ ចងក្រង កត់ត្រាទុក និងតម្លើង ជាបន្តទៅទៀត ។

៣- របាំប្រជាប្រិយខ្មែរ ( រាំវង់ រាំក្បាច់ ) :

មិនខុសអ្វីពីល្បែងប្រជាប្រិយចោលឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គុញ ស្តេចចង់ ឬល្បែងទៀតដែល ខ្មែរនិយមនាំគ្នាលេងកំសាន្តក្នុងពិធីបុណ្យប្រពៃណីនានា ពិសេសគឺបុណ្យ ចូលឆ្នាំ ។ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយម ជាទូទៅនៅក្នុងទូទាំង ប្រទេស ទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំ ក៏ដូចជានៅវាលទំនាប ឬក៏តំបន់មាត់សមុទ្រ ។ របាំប្រជាប្រិយខ្មែរនេះ ជាប្រភេទរបាំដែលងាយចាំ ងាយចេះ ហើយងាយក្នុងការរៀបចំសម្តែងទៀត ផង ។ អាស្រ័យហេតុនេះ ទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា នាម៉ឺនសព្វមុខមន្ត្រី រហូត ដល់ប្រជារាស្ត្រ ទាំងក្មេង ទាំងចាស់ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា ។
ឯពាក្យថារាំវង់ គឺជាលក្ខណៈពិសេសមួយសម្រាប់សម្គាល់រូបភាបនៃរបាំនេះ ពោលគឺពេលគេ នាំគ្នារាំបន្តគ្នាជា រង្វង់មូល ។ ហើយរបាំសម្រាប់រាំលេងកំសាន្ត ឬក៏រាំដើម្បីបំបាត់ការនឿយហត់ក្រោយ ពីការបំពេញពលកម្មនានារួច។
ចំពោះប្រវត្តិកំណើតនៃរបាំរាំវង់នេះវិញ បើយើងពឹងផ្អែកលើឯកសារសរសេរ ដែលមានបន្តិចបន្តួច និងពឹងផ្អែកលើ ភាពជាក់ស្តែងក្នុងជីវិតដែលមានប្រព្រឹត្ត ដល់យើងសព្វថ្ងៃនេះ យើងជឿថាៈ សិល្បៈរាំវង់នេះមានអាយុច្រើនសតវត្ស ណាស់មកហើយ នៅលើទឹកដីនៃមាតុភូមិកម្ពុជានេះ។ ព្រោះតាំងពីបុព្វេ ដ៏យូរលង់…….ទាំងជនជាតិខ្មែរ និងជនជាតិ ឯទៀតដែលស្ថិតក្នុងអំបូរជាមួយ គ្នាដូចជា ព្នង គ្រឹង ទំពួន ព្រៅ……. មានការទាក់ទងនឹងការរាំជាវង់ ឬ ជារង្វង់មូលនេះ ជាច្រើន។

  • បងប្អូនជនជាតិខ្មែរលើនៅភូមិភាគឥសាននៃប្រទេស ឬតំបន់ព្រៃភ្នំនៃភូមិ ភាគដទៃទៀតនិយម រាំលេងកំសាន្តនៅ ជុំវិញភ្នក់ភ្លើង នាពេលរាត្រី ។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះ មានអាយុច្រើនរាប់ពាន់ឆ្នាំមកហើយ ហើយ នៅមាន សេសសល់រហូតដល់សព្វថ្ងៃនេះ ។
  • ក្នុងពិធីលៀងអារក្ខ ឬឡើងអ្នកតា ( ជំនឿខ្មែរដើម មានតាំងពីយូរលង់មុន សម័យដែលព្រហ្មញ្ញ សាសនា និង ព្រះពុទ្ធសាសនា ហូរចូលមកក្នុង តំបន់ជ្រោយសុវណ្ណភូមិ ពោលគឺតាំងពីមុន ៣០៩ ឆ្នាំ មុនគ.ស ព្រះតេជ គុណប៉ាងខាត់…) ជនជាតិខ្មែរ តែងតែនាំគ្នាសង់រោងតូចមួយ ដោយធ្វើរាជ វត្តិព័ទ្ធជុំវិញ ហើយរូបមេមត់ ( អ្នកចូលរូប ) តែងតែរាំជារង្វង់មូល នៅជុំវិញរោងនោះក្នុងពេលប្រារព្ធ ពិធីលៀងអារក្ខនេះ ។
  • ឯពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពួន ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ គេអាចឃើញ មានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ផង ហើយដែលបងប្អូន ថែរក្សាឱ្យគង់វង្សរហូតមកដល់សព្វថ្ងៃនេះផងនោះក៏មានទម្លាប់រាំជាវង់ ឬជារង្វង់មូលផងដែរ។

លើសពីនេះទៅទៀត បងប្អូនជនជាតិ ព្រៅ ព្នង គ្រឹង ទំពួន នៅប្រកាន់ភ្ជាប់ទំនៀម “ រាំ វង់ភូមិថ្មី “ ដែលភាសា ជនជាតិនិយាយថាៈ “រ៉ាំវង់ស្រ៊ុកហាន់ទើម“។ របាំរាំវង់ភូមិថ្មី គេមានទម្លាប់ធ្វើ នៅក្នុងពេលប្តូរភូមិពីភូមិចាស់ ទៅ រស់នៅក្នុងភូមិថ្មី។ តាមធម្មតាក្នុងរយៈពេលពីបីទៅប្រាំពីរឆ្នាំមុននឹង ប្តូរភូមិ ឬចាកចេញពីភូមិចាស់ មេកន្រ្ទាញ និងចាស់ទុំក្នុងភូមិ តែងនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿរបស់ ខ្លួនដើម្បីរកកន្លែងដីថ្មី ដែលមានលក្ខណៈភូមិសាស្ត្រល្អ មានទឹកគ្រប់គ្រាន់ និងជាកន្លែងដែលអាច ការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបានល្អ។ ពេលផ្សងរើសរក ដីថ្មីបានហើយ ទើបគេនាំគ្នាធ្វើ ពិធីកំណត់ឆ្នាំសម្រាប់រស់នៅ គឺធ្វើឱ្យដឹងថា តើពួកគេអាចរស់នៅបានប៉ុន្មានឆ្នាំ នៅនឹងភូមិថ្មីនោះ?។ ពិធីកំណត់ឆ្នាំសម្រាប់រស់នៅនេះ ប្រព្រឹត្តទៅដោយមេកន្រ្ទាញ និងចាស់ទុំក្នុងភូមិយកប្រទាល មកចិតទម្លាក់ មកលើដីចំនួនប្រាំពីរចំណិត។ បើប្រទាលនោះក្រឡាប់ប៉ុន្មានចំណិតនោះគេជឿថា គេអាចរស់ក្នុងភូមិ ថ្មីនោះបានប៉ុណ្ណឹងឆ្នាំដែរ ពោលគឺតាមចំនួនចំណិតប្រទាលដែលក្រឡាប់នោះ។ ដូចជាបើប្រទាលក្រឡាប់បី ឬប្រាំ ចំណិត នោះគេអាចរស់នៅទីនោះបានបី ឬប្រាំឆ្នាំដែរ។ ហើយជំនឿនេះ មានរៀងរហូតតាំងពីបុព្វេយូរលង់ណាស់មក ហើយរហូតដល់សព្វថ្ងៃនេះ។ ពេលធ្វើពិធីផ្សងរកដីថ្មីបាន ហើយមេកន្រ្ទាញ ក៏ប្រកាសឱ្យអ្នកស្រុកអ្នកភូមិរុះរើពី ភូមិចាស់ទៅរៀបចំផ្ទះសម្បែងនៅភូមិថ្មី។ ពេលនាំគ្នាចូលទៅភូមិថ្មីជាដំបូង គេនាំគ្នាប្រារព្ធពិធីសម្តែងរបាំរាំវង់ភូមិ ថ្មីនេះមុនគេបង្អស់។

បើតាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មាន ដែលយើងទទួលបានពីចាស់ទុំ ជាច្រើនបានបញ្ជាក់ថា នៅ ប្រទេសកម្ពុជា របាំប្រជាប្រិយ រាំវង់ រាំក្បាច់នេះបានរីកចំរើនយ៉ាងខ្លាំងនៅ ក្នុងសតវត្សទី ២០ នេះ។ ហើយក៏ប្រហែល នៅក្នុងពេលនោះ ដែរ ដែលឥទ្ធិពលនៃពាក្យបរទេសដូចជាពាក្យថា រាំ “ ឡាំថូន “ ឬឡក “ ឡាំថូន “ ( ថូនគឺស្គរ ) ត្រូវខ្មែរយកមកប្រើ ព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈ ដែលបោះទីតាំងក្នុងព្រៃជ្រៅៗ តំបន់ភ្នំដងរែក តំបន់ជ្រាល ឱរ៉ាល់ ភ្នំក្រវ៉ាញ តំបន់ភាគឥសាន្តនៃប្រទេស ( ដែលអាចចងសម្ព័ន្ធជាមួយឥស្សឡៈឡាវ ) ឬតំបន់ មាត់សមុទ្រក្តី ច្រើននាំគ្នាលេងរាំវង់ ដោយប្រើតែស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈ ងាយស្រួលក្នុងការកំសាន្ត ទៅតាមកាលៈទេសៈនៃការតស៊ូ និងការរស់នៅដោយយកព្រៃជ្រៅជាមូលដ្ឋានបង្អែក។ សូមបញ្ជាក់ថា ស្គរដៃនេះ ជាស្គរនៃវង់ភ្លេងអារក្ស ឬវង់ភ្លេងប្រពៃណី ភ្លេងការ របស់ ជនជាតិខ្មែរដែលមានកំណើតរាប់ពាន់ឆ្នាំមកហើយ។ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ ក៏បានរីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃ ពេលខ្លះគេរាំជាមួយវង់ភ្លេងខ្មែរ ដែលមាន ឧបករណ៍ ស្គរ ទ្រ រនាត និងឧបករណ៍ច្រើនផ្សេងៗទៀត រហូតដល់ វង់តន្ត្រីសម័យយ៉ាងទំនើប ដែលយើងឃើញរហូត ដល់សព្វថ្ងៃនេះផង៕

ប្រភពឯកសារ៖សាលារាជធានីភ្នំពេញ អំពីរបាំនៅកម្ពុជា

តាមដាន

Get every new post delivered to your Inbox.

Join 529 other followers

%d bloggers like this: