បារី​ផ្តាច់​ជីវិត​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ និង​ ៣០​នាក់​ក្នុង​មួយ​ថ្ងៃ​


បើទោះបីជា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោក បានដឹងអំពី ផលប៉ះពាល់ នៃ ការជក់បារីក៏ដោយ ក៏អត្រា នៃ អ្នកស្លាប់ ដោយ សារថ្នាំជក់ ឬ ការជក់បារី នៅមានចំនួនច្រើន នៅឡើយ។ ការជក់បារី មិនត្រឹមតែ ធ្វើឲ្យប៉ះពាល់ ដល់ សុខភាព តែប៉ុណ្ណោះទេ តែក៏បណ្តាលឲ្យ  បាត់បង់ លំនឹងថវិការ ឬ ប្រាក់ចំណូលគ្រួសារ ដោយសារអ្នកជក់ផងដែរ។ យោងតាម ទិន្នន័យតួលេខ របស់ អង្គការ សុខភាពពិភពលោក (WHO) បានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ការជក់បារី បានឆក់យកជីវិត ប្រជាពលរដ្ឋកម្ពុជា ដល់ទៅ ចំនួនមួយម៉ឺននាក់ ក្នុងមួយឆ្នាំ។

ប្រជាពលរដ្ឋខ្មែរទូទៅ អ្នកដែលមិនចេះជក់បារី ភាគច្រើន គឺជាអ្នកនៅទីក្រុង និង នៅតាម ទីប្រជុំជននានា ចំណែកឯប្រជាពលរដ្ឋ ឬ ប្រជាកសិករ នៅតាម តំបន់ជនបទស្រុកស្រែចម្ការ ភាគច្រើន សុទ្ធតែជក់បារី ដែលវាបានក្លាយទៅជា ទម្លាប់ របស់ពួកគាត់ទៅហើយ ។ មានអ្នកខ្លះ នៅពេល ញៀនបារី ខ្លាំងពេក ពួកគាត់ សុខចិត្តអត់បាយ វាប្រសើរជាង មិនបានជក់បារី ។

ការជក់បារីស្ទើរ ទៅក្លាយទៅជាទម្លាប់របស់មនុស្ស ទៅហើយ នៅ លើពិភពលោក។ បើយើងសង្កេត មើលរបាយការណ៍ នៃ ការស្លាប់ដោយសារ ការជក់បារី នៅ ទូទាំងពិភពលោក នៅមិនទាន់មាន ការថយចុះច្រើន នៅឡើយ គឺកាន់តែមាន ការកើនឡើយ នៅតាមបណ្តា ប្រទេសមួយចំនួន ទៅវិញ មិនថាប្រទេសនោះ ជាប្រទេសអ្នកមាន ឬ ប្រទេសអ្នកក្រខ្សត់ក្តី នោះទេ។ ការជក់បារី បានបណ្តាលឲ្យ អ្នកជក់ មានបញ្ហាសុខភាព និងជម្ងឺដូចជា៖

១. ជ្រុះសក់ (Hair Lools)

២. ភ្នែកឡើងបាយ (Cataracts)

៣. ស្បែកជ្រួញ (Wrinkling)

៤. ការស្តាប់ថយចុះ (Hearing Lools)

៥ . មហារីកស្បែក (Skin Cancer)

៦. ពុកធ្មេញ (Tooth Decay)

៧. ហើមសួត (Emphysema)

៨. ពុកឆ្អឹង (Osteoporosis)

៩. កើតជម្ងឺបេះដូង (Heart Disease)

១០. ដំបៅក្រពះ (Stomatch Ulcer)

១១. ម្រាមដៃមានពណ៌មិនល្អ (Discoloured Fingers)

១២. មហារីកស្បូន និងរលូតកូន (Uterine Cancer and Miscarriage)

១៣. ខូចទឹកកាម (Sperm Deformed)

១៤. កើតត្រជុះមាន់ ( Psoriasis)

១៥. ដំបៅរលួយ (Gargerene)

១៦. មហារីក (Cancer)

បើយោងតាមរបាយការណ៍ របស់ អង្គការសុខភាពពិភពលោក ដែលហៅកាត់ជា ភាសាអង់គ្លេសថា (WHO) ប្រចាំប្រទេ សកម្ពុជា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅលើពិភពលោក មានមនុស្សស្លាប់ ដោយការប្រើប្រាស់ ថ្នាំជក់ មានចំនួនប្រាំមួយលាននាក់ និង ប្រាំមួយសែននាក់ផ្សេងទៀត បានស្លាប់ ដោយសារ ការស្រូបផ្សែងបារីពីគេ ។ ដោយឡែកសម្រាប់ ប្រទេសកម្ពុជា មានមនុស្សស្លាប់ ចំនួនមួយម៉ឺននាក់ ហើយថាការ ជក់បារីធ្វើឱ្យកើត ជម្ងឺមហា រីកសួត ជម្ងឺលើសឈាម ជម្ងឺបេះដូង ហើមសួត រលាកទងសួត និង ជម្ងឺគ្រោះថ្នាក់ ដល់ សរសៃឈាមក្នុងខួរក្បាលជាដើម។ របាយការណ៍ដដែលនេះ បានបន្តថា ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ បានចំណាយប្រាក់ ចំនួនមួយម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីព្យាបាលជម្ងឺ ដែលបង្កឡើងពី ការប្រើប្រាស់ ថ្នាំជក់ ។ ហើយនាបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជា ចំនួនពីរលាននាក់ ជាអ្នកជក់បារី និង ប្រើប្រាស់ថ្នាំជក់ ក្នុងនោះមាន បុរស ចំនួន ៤២.៥ ភាគរយ ស្ត្រីជក់បារី ចំនួន៣.៥ ភាគរយ និង អ្នកចុកថ្នាំចំនួនប្រហែល ១៤ភាគរយ។ រីឯអ្នកប្រើប្រាស់ថ្នាំជក់ទាំងអស់នោះ មានអាយុចាប់ពី ដប់ប្រាំបីឆ្នាំ ឡើងទៅ។

បើទោះបីជាមាន អង្គការសុខភាពមួយចំនួន បានទៅផ្សព្វផ្សាយ នៅតាម តំបន់ជនបទស្រុក ស្រែចម្ការ ដើម្បីពន្យល់ ឬ ហាមប្រាម ប្រជាពលរដ្ឋ មិនឱ្យជក់បារី ដែលនាំឱ្យខូចសុខភាពយ៉ាងណាក្តី ប៉ុន្តែប្រជាពលរដ្ឋ នៅតា មជនបទភាគច្រើន  មិនបានចាប់អារម្មណ៍ ក្នុងការឈប់ជក់បារីឡើយ។ ពួកគាត់ បាននិយាយថា ចាស់ៗ នៅក្នុងស្រុកភូមិគាត់មួយចំនួន បានជក់បារីរហូតដល់ អាយុចិតសិប ទៅ ប៉ែតសិបឆ្នាំ ហើយនៅតែមិនឃើញ ពួកគាត់ មានជម្ងឺតម្កាត់អ្វី ផង ឃើញតែសុខភាព របស់ ពួកគាត់ នៅ រឹងមាំដដែល មិនដែលឃើញមាន ជម្ងឺអ្វីកើតឡើង ដល់ ពួកគាត់ផង។ ការយល់ឃើញ យ៉ាងដូច្នេះ បានបន្តក្តីបារម្ភ និង កត្តាគ្រោះថ្នាក់ជាច្រើន ដល់ បញ្ហាសុខភាព របស់ ប្រជាពលរដ្ឋកម្ពុជា ដែលមានទំនៀមទម្លាប់នេះ ជាប់រហូតមក ដល់ បច្ចុប្បន្ន និង នៅមិនទាន់សាបរលាបនៅឡើយ។

កាលពីឆ្នាំ២០១១ បើយោងតាម របាយការណ៍ របស់ អង្គការសុខភាពពិភពលោក បានរាយការណ៍ ឲ្យដឹងថា ចំនួនមនុស្ស ដែលស្លាប់ ដោយសារ ការជក់បារី មាន ដល់ទៅជាង ៥លាននាក់ ឯណោះ។  ជម្ងឺដែលបង្កឲ្យមាន មនុស្សស្លាប់យ៉ាងច្រើន ដោយសារ ការជក់បារី និង ការទទួលស្រូបយក ផ្សែងបារី ដោយពុំដឹងខ្លួនពីគេ មានដូចជាជម្ងឺបេះដូង ជម្ងឺដាច់សសៃឈាមខួរក្បាល ជម្ងឺមហារីក ជម្ងឺថ្លើម និង ជម្ងឺផ្សេងៗទៀត។ ក្នុងនោះ ចំនួន១ភាគ៤ ឬ ស្មើនឹង ៦០ម៉ឺននាក់ ជាកុមារបានស្លាប់ ដោយសារ ការរងនូវផលប៉ះពាល់ ដោយ ការស្រូបផ្សែងបារី ពី អ្នកជក់បារី។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ នាយកគ្រប់គ្រង កម្មវិធីផ្តួចផ្តើមគ្មានថ្នាំជក់ និង ការលើក កម្ពស់ សុខភាព របស់ អង្គការសុខភាពពិភពលោក ធ្លាប់បាន លើកឡើងប្រាប់ ដល់ អ្នកសារព័ត៌មាន ក្នុង ស្រុកមួយយ៉ាង ដូច្នេះថា“ការជក់បារី ធ្វើឱ្យប៉ះ ពាល់ដល់ សុខភាពយ៉ាងធ្ងន់ ដូចជាកើតជម្ងឺ មហារីកសួត ជម្ងឺហើមសួត ជម្ងឺរលាកទងសួត និង ធ្វើឱ្យប៉ះពាល់ ដល់ សរសៃឈាម ក្នុង ខួរក្បាល។ ក្នុងមួយថ្ងៃៗ យ៉ាងហោចណាស់ ក៏មាន ប្រជាពលរដ្ឋកម្ពុជា ចំនួន សាមសិបនាក់ បានស្លាប់ ដោយសារ ជម្ងឺមក ពី ការជក់បារី និង ការប្រើប្រាស់ថ្នាំជក់។ អ្នកដែលបានស្លាប់ ដោយសារតែ ជម្ងឺកើតមកពី ការជក់បារីនោះ គឺ មានអាយុចាប់ពី សាមសិបឆ្នាំ ឡើងទៅ”។

ថ្នាំជក់ ឬបារី គឺជាបុព្វហេតុដ៏ចម្បងមួយ នៃ មរណភាព នៅលើ ពិភពលោក ពោល គឺក្នុងចំណោម មនុស្សពេញវ័យ១០នាក់ មានម្នាក់ស្លាប់ ព្រោះ ឥទ្ធិពលបារី។ ក្នុងមួយឆ្នាំៗ ជម្ងឺបង្កមកពីបារី និង ផ្សែងបារី បានសម្លាប់មនុស្សជិត ៦លាននាក់ នៅលើ ពិភពលោក ក្នុងនោះ ជាងកន្លះលាននាក់ ជា មនុស្ស ស្រូបផ្សែងបារី ពី អ្នកជក់បារី។ ដោយឡែក ចំនួន នៃ ជនរងគ្រោះ អាចនឹងកើនឡើង ដល់ ៨លាននាក់ ពីពេលនេះដល់ ឆ្នាំ២០៣០។ ក្នុងនោះ ជនរងគ្រោះ ជាង៨០%  ជាប្រជាជន រស់នៅក្នុងប្រទេសក្រីក្រ ឬ ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលតិច និង មធ្យម។

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២

ប្រភពឯកសារ៖ សុខភាពកម្ពុជាបារីផ្តាច់ជីវិតប្រជាពលរដ្ឋកម្ពុជា១ម៉ឺននាក់ក្នុងមួយឆ្នាំ និងក្នុងមួយថ្ងៃ៣០នាក់

តាមដាន

Get every new post delivered to your Inbox.

Join 529 other followers

%d bloggers like this: