ហេតុអ្វីបានជា មានសង្គ្រាមផ្ទុះ ឡើងនៅឧបទ្វីប កូរ៉េ?


Sunday, 07 April 2013 13:03 ប្រែសម្រួលៈ ដើមអម្ពិល(DAP)ID-067

បន្ទាប់ពីស្ថានភាព នៅឧបទ្វីបកូរ៉េ ឈានទៅរកភាពតានតឹង កាន់តែខ្លាំង ធ្វើឲ្យមានមជ្ឈដ្ឋាន ជាច្រើន ចោទ សំណួរថា មូលហេតុអ្វីបានជា ប្រជាជាតិមួយ រស់នៅលើទឹកដី តែមួយ ជាតិសាសន៍តែមួយ ក្រោមថ្នាក់ ដឹកនាំតែមួយ បែរជាអាចឈាន ទៅរកការផ្ទុះជម្លោះ ស៊ីសាច់ហុតឈាមបែបនេះ?

ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងទៅនឹងស្ថានភាព នៃប្រទេសកូរ៉េ មុនពេលមានសង្រ្គាម និង ក្នុងពេល មានសង្រ្គាមផ្ទុះឡើង ដែលអាចឆ្លើយតបបានខ្លះៗ ទៅនឹងការចោទសំណួរ ខាងលើ។

I.ស្ថានភាពទូទៅនៃឧបទ្វីបកូរ៉េ
ប្រទេសកូរ៉េ គឺជាឧបទ្វីបមួយស្ថិតនៅភូមិភាគអាស៊ីប៉ែកខាងកើត ឬអាស៊ីបូព៌ា។ ចាប់តាំងពីឆ្នាំ ១៩៤៨ មក ប្រទេសនេះ ត្រូវបានបែងចែកជាពីរ គឺសាធារណរដ្ឋកូរ៉េ ដែលជាទូទៅហៅថាកូរ៉េខាងត្បូង មានរដ្ឋធានីឈ្មោះថា “សេអ៊ូល” ប្រកាន់យករបបសេរី ។ ឯភាគខាងជើងមានឈ្មោះថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឬហៅថាកូរ៉េខាងជើង ដែលមានរដ្ឋធានីឈ្មោះថា “ព្យុងយ៉ាង” ប្រកាន់យករបបកុម្មុយនីស្ត។ ទឹកដីនៃឧបទ្វីបកូរ៉េ លាតសន្ធឹងពីភាគឦសាន នៃប្រទេសចិន ឆ្ពោះទៅទិសខាងត្បូង។ ផ្ទៃដីនៃប្រទេសកូរ៉េខាងជើង មានទំហំធំ ជាងប្រទេសកូរ៉េខាងត្បូង បន្តិច ប៉ុន្តែប្រទេសកូរ៉េខាងត្បូង មានចំនួនប្រជាជន ស្ទើរស្មើនឹងពីរដង នៃប្រទេស កូរ៉េខាងជើង។ តំបន់ទំនាបឆ្នេរស្ថិតនៅតាមបណ្តោយ ភាគខាងលិច ភាគឦសាន និងភាគខាងត្បូង នៃឧបទ្វីបនេះ ហើយទឹកដីដែលនៅសល់ភាគច្រើន គ្របដណ្តប់ដោយភ្នំ។ ប្រជាជនកូរ៉េ ភាគច្រើនរស់នៅ តាមតំបន់ឆ្នេរ និងនៅតាមបណ្តោយ ដងទនេ្លនានា។

រហូតដល់ដើមឆ្នាំ១៩០០ សេដ្ឋកិច្ចប្រទេសកូរ៉េ ត្រូវពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម ហើយជាក់ស្តែង ប្រជាជនកូរ៉េ ស្ទើរទាំងអស់មានមុខរបរជាកសិករ។ រយៈពេលក្រោយមកប្រទេសនេះ មានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា។ បច្ចុប្បន្នវិស័យឧស្សាហកម្ម ក្នុងប្រទេសនេះមានការរីកចំរើនខ្លាំងជាង វិស័យកសិកម្ម ទាំងក្នុងប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង។ ភាពរីកចម្រើនក្នុងប្រទេសកូរ៉េ ខាងត្បូង បានជំរុញឲ្យប្រទេសនេះ ក្លាយជាប្រទេសមួយ ដែលមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បំផុតក្នុងពិភពលោក។

អ្នកវិទ្យាសាស្រ្តបានបង្ហាញភស្ថុតាងថា មានប្រជាជនកូរ៉េបានរស់នៅលើទឹកដីនៃឧបទ្វីបនេះ យ៉ាងហោច ណាស់តាំងពី ៣ម៉ឺនឆ្នាំ មុនមកម៉្លេះ។ ជនជាតិកូរ៉េ និងជនបរទេសផ្សេងៗបានរស់នៅលើឧបទ្វីបកូរ៉េ តាំងពី សម័យ បុរាណរហូតមកដល់ឆ្នាំ១៩០០។

II.ប្រវត្តិឧបទ្វីបកូរ៉េមុនការដាក់អណានិគមរបស់ជប៉ុន

អ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាង ដែលបង្ហាញថា មនុស្សបានរស់នៅលើភាគនិរតី នៃឧបទ្វីបកូរ៉េ កាលពី៣ម៉ឺនឆ្នាំមុន។ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលដឹងពីបុរេប្រវត្តិរបស់ប្រទេស កូរ៉េបច្ចុប្បន្ននេះ។ ប្រហែលឆ្នាំ២៣០០មុនគ.ស ប្រទេសកូរ៉េបានកើតឡើងដំបូងនៅតាមដងទន្លេ Taedong ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង។ ក្នុងឆ្នាំ១០៨មុន គ.ស ប្រទេសចិនបានច្បាំង ដណ្តើមយកទឹកដីនៃ ភាគខាងជើង នៃឧបទ្វីបនេះ និងបានបង្កើតជាអាណាខេត្ត ចំនួនបួននៅទីនោះ។ ពួកកុលសម្ព័ន្ធ កូរ៉េបានវាយបកវិញ យកជ័យជម្នះ ដោយដណ្តើមយកខេត្តបីក្នុងឆ្នាំ ៧៥មុនគ.ស ។ ចំណែកខេត្តមួយទៀតមានឈ្មោះថាខេត្ត លីឡាង នៅតែស្ថិតក្រោមការត្រួតត្រារបស់ប្រទេសចិនដដែល ។

ក្នុងឆ្នាំ ១០០នៃគ.ស កុលសម្ព័ន្ធ ៣ ទៅ ៤ បានរួបរួមគ្នាបង្កើតបានជារដ្ឋមួយមានឈ្មោះថា កូគូរីយ៉ូ ដែល ស្ថិតនៅប៉ែកឦសាននៃឧបទ្វីបនេះ។ រដ្ឋពីរផ្សេងទៀតមានឈ្មោះថា រដ្ឋប៉ាអ៊ីឆេ ស្ថិតនៅ ភាគនិរតី និងរដ្ឋស៊ីលឡា ស្ថិតនៅភាគអាគ្នេយ៍ត្រូវ បានបង្កើតចុងឆ្នាំ២០០នៃ គ.ស។ អ្នកប្រវត្តិសាស្រ្ត ហៅរដ្ឋទាំងបីថា ព្រះរាជា ណាចក្រទាំងបី។ ក្នុងឆ្នាំ៣១៣ រដ្ឋកូគូរីយ៉ូ បានវាយដណ្តើមយករដ្ឋលីឡាង និងបានត្រួតត្រា លើទឹកដីពាក់កណ្តាល ភាគខាងជើងនៃប្រទេសកូរ៉េបច្ចុប្បន្ន ។

អ្នកកាន់ពុទ្ធសាសនាបានសិក្សារៀនសូត្រពីប្រទេសចិន បានធ្វើឲ្យសាសនានេះក្លាយជាសាសនាសំខាន់ នៅក្នុងរាជាណាចក្រទាំងបី ក្នុងឆ្នាំ៣០០ និង៤០០។
រដ្ឋស៊ីលឡា បានវាយដណ្តើមយកទឹកដីរដ្ឋប៉ាអ៊ីឆេ និងរដ្ឋកូរីយ៉ូក្នុងឆ្នាំ៦៦០ ដូច្នេះហើយវាបាន ត្រួតត្រា ទូទាំងផ្ទៃដីឧបទ្វីបកូរ៉េ។ សិល្បៈ និងការរៀនសូត្ររបស់ជនជាតិកូរ៉េបានរីកចម្រើនឡើងនៅ ២០០ឆ្នាំបន្ទាប់។ លិទ្ធិខុងជឺបានហូរចូលក្នុងឧបទ្វីបនេះពីប្រទេសចិន ហើយមានឥទ្ធិលលើផ្នត់គំនិត និងចរិយារបស់ ជន ជាតិកូរ៉េ។ ក្នុងឆ្នាំ៨០០ រដ្ឋស៊ីលឡាត្រូវបានបែកបាក់ ក្នុងខណៈពេលដែលរាជា ណាចក្រមួយនេះ បាត់បង់ ម្ចាស់ការលើអតីតរដ្ឋកូគូរីយ៉ូ និងប៉ាអ៊ីឆេ។ ប៉ុន្តែក្នុងឆ្នាំ៩៣២ ឧត្តមសេនីយ៍ម្នាក់ ឈ្នោះ វ៉ាង កន បានរួបរួមគ្នា ជាមួយ រដ្ឋស៊ីលឡា បង្កើតរដ្ឋមួយដោយបានដាក់ឈ្មោះថា កូរីយ៉ូ(ពាក្យថាកូរ៉េ គឺចេញ ពីថាកូរីយ៉ូនេះឯង)។ រដ្ឋបានសាងសង់សាលារៀនជាច្រើន និងបានលើកទឹកចិត្តឲ្យមានការបោះពុម្ភ សៀវភៅសិក្សាទៀតផង។ ជនជាតិកូរ៉េបានបង្កើតម៉ាស៊ីនបោះពុម្ភដែលអាចចល័តបានដំបូងបំផុតក្នុងឆ្នាំ ១២៣៤។

កុលសម្ព័ន្ធម៉ុងហ្គោលីដែលមកពីទិសខាងជើងបានវាយលុកចូលប្រទេសកូរីយ៉ូម្តងហើយ ម្តង ទៀត តាំងពីឆ្នាំ១២៣០រហូតដណ្តើមបានក្នុងឆ្នាំ១២៥៩។ ប្រទេសកូរីយ៉ូបានវាយដណ្តើមបានជ័យ ជម្នះក្នុង ឆ្នាំ១៣៦៨។ ក្រុមទាំងពីរនេះបានវាយប្រយុទ្ធ គ្នាដើម្បីត្រួតត្រារហូតដល់ឆ្នាំ១៣៨៨ គឺនៅពេល ដែល ឧត្តមសេនីយ័ យី ស៊ុងជី បានដឹកនាំក្រុមម្ខាងដើម្បីទាមទាររកសន្តិភាព។ ឧត្តមសេនីយ៍ យី បានក្លាយជា ព្រះរាជានៃប្រទេសកូរីយ៉ូក្នុងឆ្នាំ ១៣៩២ និងបានប្តូរឈ្មោះរដ្ឋទៅជា ជូ ស៊ុន។ បច្ចុប្បន្ន ប្រជាជនកូរ៉េខាងជើង បានប្រើឈ្មោះ ជូ ស៊ុន សម្រាប់ហៅឈ្មោះ ប្រទេសរបស់ពួកគេ។ ចំណែក ប្រទេសកូរ៉េខាងត្បូង បានប្រើឈ្មោះថា Taehan។

លោក យី បានបន្តពូជពង្សសន្តតិវង្សរហូត ដល់ផុតខ្សែស្រឡាយនៅឆ្នាំ ១៩១០។ លោក យី បានឈប់ ប្រតិបត្តិតាមព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ កើតឡើងតាំងពីឆ្នាំ ៧០០មក។ ឥទ្ធិពល នៃព្រះពុទ្ធ សាសនា ត្រូវបានថយចុះ និងបាត់ការនិយមជឿនៅក្នុងប្រទេសកូរ៉េម្តងទៀតរហូតដល់ឆ្នាំ ១៩០០។ លោក យី និងមេដឹកនាំផ្សេង ទៀតដែលដើរតាមគាត់បានបង្រួបបង្រួមប្រទេសកូរ៉េឡើងវិញ។

ប្រទេសជប៉ុនបានវាយចូលប្រទេសកូរ៉េក្នុងឆ្នាំ១៥៩០ ប៉ុន្តែត្រូវបរាជ័យ ហើយដកថយវិញ។ កងកម្លាំង ម៉ាន់ជូ ដែលមកពីទិសខាងជើងបានឈ្លានពានប្រទេសកូរ៉េ ក្នុងឆ្នាំ១៦៣០។ ពួកម៉ាន់ជូបានបង្ខំជនជាតិកូរ៉េ ឲ្យចុះចូល តែខ្សែ ស្រឡាយគ្រួសារយីនៅតែបន្តជាស្តេចដដែល។ នៅដើមឆ្នាំ១៦០០ មេដឹកនាំប្រទេស កូរ៉េ បានបំបិទ មិនឲ្យមានទំនាក់ទំនង ជាមួយបរទេសអស់ជិត២០០ឆ្នាំ។ សាសនទូតរ៉ូម៉ាំងកាតូលិកមកពីទ្វីបអ៊ឺរ៉ុប បានចូលទៅ ក្នុងប្រទេសកូរ៉េដំបូងក្នុងអំឡុងឆ្នាំ ១៨៣០។ ប៉ុន្តែអាជ្ញាធរ ឬរដ្ឋអំណាចកូរ៉េ បានធ្វើទុក្ខទោសទៅ លើសាស នទូតទាំងនោះ ព្រមទាំងបានសម្លាប់ជនជាតិកូរ៉េដែលកាន់សាសនា កាតូលិកទាំងនោះអស់រាប់ពាន់ នាក់។ ក្នុងអំឡុងពេលនោះដែរ ប្រទេសកូរ៉េត្រូវបានគេហៅថា ព្រះរាជាណាចក្រ តាបស ពីព្រោះប្រទេសនេះមាន ទំនាក់ ទំនង តិចតួចបំផុតជាមួយបរទេស លើកលែងតែប្រទេសចិន និងជប៉ុនប៉ុណ្ណោះ។

III. ឧបទ្វីបកូរ៉េក្រោមនឹមអាណានិគម

ក្នុងឆ្នាំ ១៨៧៦ ប្រទេសជប៉ុនបានបង្ខំប្រទេសកូរ៉េបើកកំពង់ផែដើម្បីធ្វើពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុបបានចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្ម ជាមួយប្រទេសកូរ៉េ ក្នុងឆ្នាំ១៨៨០។ ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសចិន ក្នុងសម័យ សង្គ្រាមជប៉ុន-ចិន ក្នុងឆ្នាំ១៨៩៤ ដល់ឆ្នាំ១៨៩៥ ដូច្នេះឥទ្ធិពលប្រទេសជប៉ុនលើប្រទេសកូរ៉េមាន ឥទ្ធិពលខ្លាំងជាងប្រទេសចិន។ ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសរុស្ស៊ី ក្នុងសម័យសង្រ្គាមរុស្ស៊ី-ជប៉ុន(១៩០៤-១៩០៥) ហើយបង្ខំឲ្យប្រទេសរុស្ស៊ីទទួលស្គាល់ឥទ្ធិពលរបស់ខ្លួននៅក្នុង ប្រទេសកូរ៉េ ចាប់ពីពេលនោះមកប្រទេស ជប៉ុនបានត្រួតត្រាប្រទេសកូរ៉េ ចាប់ពីឆ្នាំ១៩១០មក។

ប្រទេស ជប៉ុនបានត្រួតត្រាប្រទេស កូរ៉េ ក្នុងឋានៈជាអាណាព្យាបាល ប៉ុន្តែគ្រាន់តែដើម្បីទាញយកផលចំណេញ សម្រាប់ពួកគេតែប៉ុណ្ណោះ។ ជាក់ស្តែងប្រទេស ជប៉ុនបានរឹបអូសយកទិន្នផលកសិកម្ម និងជំនួញយ៉ាងច្រើន ពីប្រទេស កូរ៉េ។ ក្នុងឆ្នាំ១៩៣០ ជប៉ុនបានសាងសង់រោងចក្រឧស្សាហកម្មធុនធ្ងន់ជាច្រើនកន្លែងក្នុងប្រទេស កូរ៉េ ដើម្បីផ្គត់ផ្គង់ទៅប្រទេស ជប៉ុនវិញប៉ុណ្ណោះ ក្នុងនោះមានដូចជារោងចក្រធាតុគីមី ដែក ដែកថែបគ្រឿងម៉ាស៊ីន និងផលិតផលជាច្រើនមុខទៀត។ ក្នុងអំឡុងឆ្នាំ ជនជាតិជប៉ុនបានបង្ខំជនជាតិកូរ៉េ ប្រើប្រាស់ឈ្មោះជាភាសា ជប៉ុន ព្រមទាំងហាមការប្រើប្រាស់ភាសាកូរ៉េ។ ប្រជាជនកូរ៉េជាច្រើន ត្រូវបានបង្ខំឲ្យចូលធ្វើសង្គ្រាមជាមួយជប៉ុន ក្នុងសម័យសង្រ្គាមលោកលើកទីII។ប្រជាជនខ្លះ ត្រូវបានបញ្ជូនទៅធ្វើការនៅតាមរោងចក្រ តាមអណ្តូងរ៉ែក្នុង ប្រទេសកូរ៉េ និងតំបន់ផ្សេងៗ នៅទ្វីបអាស៊ី ខណៈដែលប្រជាជនផ្សេងទៀត ត្រូវចូលហាត់រៀន នៅក្នុងជួរកងទ័ពរបស់ជប៉ុន។

IV. បុព្វហេតុសង្គ្រាម

ដោយទឹកដីកូរ៉េធ្លាប់ស្ថិតនៅក្រោមអាណានិគមជប៉ុនតាំងពីឆ្នាំ១៩១០ ម្ល៉ោះហើយបានជានៅក្នុងសង្គ្រាម លោកលើកទី២ កងទ័ពជប៉ុន បានវាយសម្រុកមកលើទឹកដីនេះ ក្នុងគោលបំណងដើម្បី ពង្រឹងកម្លាំង យុទ្ធសាស្រ្ត នៅចុងបូព៌ា។ នឹមត្រួតត្រារបស់ជប៉ុនបានបន្ត រហូតដល់ឆ្នាំ១៩៤៥ ទើបត្រូវបានបញ្ចប់ គឺនៅពេល ដែលជប៉ុនបានចាញ់សង្គ្រាម លោកលើកទីពីរ។ បន្ទាប់ពីបរាជ័យរបស់ជប៉ុនរួចមក ទាហានសហរដ្ឋអាមេរិក បាន ចូលទៅបោះទីតាំងនៅពាក់កណ្តាលភាគខាងត្បូង នៃប្រទេសកូរ៉េ ខណៈដែលកងទ័ពសហភាព សូវៀត ចូលទៅបោះទីតាំងពាក់កណ្តាលប្រទេសកូរ៉េភាគខាងជើង ត្រឹមខ្សែទី ៣៨។ អាចនិយាយបានថា នេះជាចំណុច ចាប់ផ្តើមនៃការបែងចែកប្រទេសកូរ៉េជាពីរ ដោយសារតែវត្តមានរបស់បរទេស ក្នុងទឹកដីនេះ ។

កងទ័ពសហភាពសូវៀត និងកងទ័ពសហរដ្ឋអាមេរិក បានចូលមកកាន់កាប់នៅលើទឹកដីកូរ៉េ ដោយប្រើលេសថា ងាយស្រួលដកហូត និងកាត់បន្ថយគ្រឿងសព្វាវុធពីកងទ័ពជប៉ុន ដែលបោះទីតាំងក្នុងទឹកដីកូរ៉េ។ ការពិតទៅទង្វើនេះហាក់ផ្ទុយទៅនឹងសេចក្តីប្រកាសទីក្រុងប៉ុតស្តាំ ឆ្នាំ១៩៤៥ ដែលសង្កត់ធ្ងន់ថា ឧបទ្វីបកូរ៉េ ត្រូវរំដោះឲ្យផុតពីការគ្រប់គ្រងរបស់បរទេស ។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េ បែរជាត្រូវ បានកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅត្រង់តំបន់ភាគខាងជើង ហើយភាគខាងត្បូងត្រូវ បានកាន់កាប់ដោយ កងទ័ពសហរដ្ឋអាមេរិកទៅវិញ។

សហរដ្ឋអាមេរិក និងសហភាពសូវៀត បានព្យាយាមបង្កើតផែនការបង្រួបបង្រួមជាតិក្នុងប្រទេសកូរ៉េឡើងវិញ តែពួកគេត្រូវបរាជ័យហើយសហរដ្ឋអាមេរិក បានដាក់បញ្ហានេះ ទៅអង្គការសហប្រជាជាតិ ដោះស្រាយក្នុងឆ្នាំ១៩៤៧ ។

អង្គការសហប្រជាជាតិចង់ឲ្យមានបោះឆ្នោតជ្រើសរើស រដ្ឋាភិបាលមួយសម្រាប់ប្រទេសកូរ៉េ។ ប៉ុន្តែសហភាពសូវៀត បានបដិសេធមិនអនុញ្ញាត ឲ្យតំណាងរបស់ អង្គការសហប្រជាជាតិ ចូលទៅកាន់ ភាគខាងជើងឡើយ។ ចំណែកនៅភាគខាងត្បូងវិញ តំណាងអង្គការសហប្រជាជាតិ បានស្នើច្បាប់ ដឹកនាំការបោះឆ្នោត ទៅកាន់សភាជាតិដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ក្នុងឆ្នាំ១៩៤៨។ បន្ទាប់មករដ្ឋសភាក៏បានអនុម័តដាក់ចេញជារដ្ឋធម្មនុញ្ញ ហើយក្នុងខែកក្កដា ឆ្នាំ១៩៤៨ រដ្ឋសភាបាន បោះឆ្នោត ជ្រើសតាំងលោក ស៊ីង ម៉ាន់រី ធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ ដែលបានប្រកាសបង្កើត ឡើងនៅថ្ងៃ ទី១៥ ខែសីហា ឆ្នាំ១៩៤៨។ ចំណែកប្រទេសកូរ៉េខាងជើងវិញ ពួកអ្នកកាន់លទ្ធិកុម្មុយនីស្ត ក៏បានប្រកាស បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែរ គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨។
រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រទាញប្រទង់គ្នា ទៅវិញទៅមកដើម្បីធ្វើជាមេដឹកនាំប្រទេសកូរ៉េទាំងមូល។ ឪ

ក្នុងខែធ្នូ ឆ្នាំ១៩៤៨ សហភាពសូវៀតបានប្រកាសដកទ័ពទាំងអស់របស់ខ្លួន ចេញពីប្រទេសកូរ៉េខាងជើង ខណៈដែលសហរដ្ឋអាមេរិកក៏ដកកម្លាំងរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង នៅក្នុងពាក់កណ្តាលឆ្នាំ ១៩៤៩ផងដែរ។ កងទ័ពកូរ៉េខាងជើងបានចូលឈ្លានពានប្រទេសកូរ៉េខាងត្បូង ក្នុងខែមិថុនា ឆ្នាំ១៩៥០។ ពេលនោះហើយសង្គ្រាមរវាងប្រជាជាតិកូរ៉េបានចាប់ផ្តើមឡើង។ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៥០ ប្រទេសកូរ៉េបានក្លាយជាសមរភូមិប្រយុទ្ធ ស្របពេលដែលសង្គ្រាមត្រជាក់កំពុងតែពុះពោរ។

V.សង្គ្រាមកូរ៉េ
សង្គ្រាមរវាងប្រជាជាតិកូរ៉េ គឺជាសង្គ្រាមដំបូងបំផុតដែលអង្គការសហប្រជាជាតិបានដើរតួនាទី ជាកងកម្លាំងយោធា។ សង្គ្រាមនេះជា ចម្បាំងដ៏ធំមួយសម្រាប់អង្គការសហប្រជាជាតិ ដែលទើបតែបង្កើត ឡើងបានប្រាំឆ្នាំដំបូងប៉ុណ្ណោះ។ សង្គ្រាមកូរ៉េ បានចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ គឺនៅពេល ដែលកងកម្លាំងកុម្មុយនីស្ត របស់កូរ៉េខាងជើង បានឈ្លានពានចូលទឹកដីរបស់កូរ៉េខាងត្បូង។ អង្គការសហប្រជាជាតិហៅ ការឈ្លានពាននេះថាជាការរំលោភបំពានទៅលើសន្តិភាពអន្តរជាតិ(Violation of International Peace) ព្រមទាំងបានស្នើរសុំឲ្យ ពួកកុម្មុយនីស្តដកទ័ពចេញ ពីប្រទេស កូរ៉េខាងត្បូង ប៉ុន្តែពួក កុម្មុយនីស្តនៅតែបន្តប្រយុទ្ធ ដោយមិនខ្វល់ពីសំណើរ របស់អង្គការសហប្រជាជាតិឡើយ។ បន្ទាប់មកអង្គការសហប្រជាជាតិបានស្នើសុំប្រទេសជាសមាជិករបស់ខ្លួននូវកងកម្លាំង ជួយប្រទេស កូរ៉េ ខាងត្បូង។ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំង១៦ បានបញ្ជូនកងយោធា ទៅកាន់ប្រទេស កូរ៉េខាងត្បូង ហើយប្រទេសជាសមាជិកចំនួន៤១ ផ្សេងទៀតបានផ្តល់ជាសម្ភារៈសឹក និងស្បៀងអាហារ ហើយមានប្រទេសមួយចំនួនទៀតបានផ្តល់ជាជំនួយផ្សេងៗ។

គួរបញ្ជាក់ថាសហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រហែល៩០ភាគរយនៃកងកម្លាំង គ្រឿងសព្វាវុធ និងគ្រឿង ផ្គត់ផ្គង់ផ្សេងៗទៀត ទៅប្រទេស កូរ៉េខាងត្បូង។ ចំណែកប្រទេស ចិន និងសហភាពសូវៀត ជាអ្នកផ្តល់ការ ឧបត្ថម្ភ និងជួយប្រយុទ្ធសម្រាប់ប្រទេស កូរ៉េខាងជើង។
សង្គ្រាមកូរ៉េបានបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ គឺនៅពេលដែលអង្គការសហប្រជាជាតិ និងប្រទេស កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ សន្ធិសញ្ញាសន្តិភាព(Permanent Peace) រវាងប្រទេស កូរ៉េខាងជើង និងខាងត្បូង មិនត្រូវបានចុះហត្ថលេខាឡើយ។ ទោះជាយ៉ាងណាក៏ដោយ កង កម្លាំងយោធាសហរដ្ឋអាមេរិក នៅតែឈរជើងនៅក្នុងប្រទេស កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ បញ្ហាជម្លោះទាំងឡាយ ដែលអាចកើតមានរវាងប្រទេសទាំងពីរ។
សង្គ្រាមកូរ៉េ គឺជាសង្គ្រាមបង្ហូរឈាមដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។ ជនស៊ីវិលកូរ៉េខាងត្បូង ប្រមាណជាមួយលាននាក់ ត្រូវបានសម្លាប់ និងជាច្រើនលាន នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះ សម្បែង។ កងទាហានកូរ៉េខាងត្បូង រួមនឹងទាហានរបស់អង្គការសហប្រជាជាតិ ប្រមាណជា៥៨០ពាន់នាក់ និងទាហានរបស់កូរ៉េខាងជើងប្រមាណជា ១៦០០ពាន់នាក់ត្រូវស្លាប់ និងរបួស។
VI.ការបញ្ចប់សង្គ្រាម

ក្តីរំពឹងថាសន្តិភាពនឹងកើតមានឡើង ក៏ចាប់ផ្តើមលេចឡើងខ្លះៗ នៅពេលដែលលោក យ៉ាកុបម៉ាលិក ជាគណៈប្រតិភូសហភាពសូវៀតបានធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ និងបានធ្វើការស្នើសុំបញ្ឈប់ សង្គ្រាមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៥១។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥១ នៅក្នុងទីក្រុង វ៉ាស៊ីនតោន លោក រីត វេ បានឲ្យជាយោបល់ផ្សេងៗដើម្បីរៀបចំការប្រជុំ រវាងមេដឹកនាំទ័ពសម្ព័ន្ធមិត្ត និងមន្រ្តីយោធាកុម្មុយនីស្ត ក្នុងការពិភាក្សាដើម្បីផ្អាកសង្គ្រាម ។ កិច្ចប្រជុំពិភាក្សាបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥១។ ការពិភាក្សានេះបានបន្តជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទើបគូទាំងសងខាងបានយល់ព្រមថា ខ្សែបន្ទាត់ប្រយុទ្ធដែលកើតមាន គួរតែជាខ្សែបន្ទាត់បែងចែក រវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលទៅលើភាគីទាំងសងខាង។
ទោះបីជាយ៉ាងនេះក្តី នៅមានវិបត្តិមួយចំនួនទៀតចោទជាបញ្ហា ជាពិសេសការធ្វើមាតុភូមិនិវត្តន៍ ដោយចេតនារបស់ ពួកអ្នកទោសជាប់គុក ឬជនឈ្លើយសឹកសង្គ្រាម។

ទីបញ្ជាការរបស់អង្គការសហប្រជាជាតិបានទទូចថា ជនឈ្លើយសឹកទាំងពីរប្រទេស ត្រូវបានអនុញ្ញាតឲ្យ ជ្រើសរើស ថាតើគួរ ឬមិនគួរត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញ។ អ្នកទោសជនជាតិចិន របស់សម្ព័ន្ធមិត្ត ដែលចាប់បានក្នុងពេលសង្គ្រាម បានបង្កនូវការតវ៉ាដោយហិង្សា ប្រឆាំងនឹងការបង្ខំឲ្យពួកគេ ត្រឡប់ទៅផ្ទះរបស់ ខ្លួនវិញ។ ពួកកុម្មុយនីស្តមិនយល់ព្រមតាមការទទូចរបស់អង្គការសហប្រជាជាតិ ដោយមិនទទួល ស្គាល់ថាលទិ្ធកុម្មុយនីសមានកំហុសនោះទេ។
នៅចុងខែ មេសា ឆ្នាំ១៩៥២ កិច្ចពិភាក្សាបញ្ចប់សង្គ្រាមត្រូវបាន ឈប់ផ្អាកដោយការមិនឯកភាពគ្នាជុំវិញបញ្ហាការធ្វើមាតុភូមិនិវត្តន៍ដោយចេតនា។ ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅតាមខ្សែបន្ទាត់សមរភូមិ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៥២ ទីបញ្ជាការអង្គការសហប្រជាជាតិបានលើកកាលវេលាកិច្ចប្រជុំពិភាក្សាក្នុងបញ្ហាបញ្ចប់សង្គ្រាមនេះ ដោយនិយាយថាកិច្ចពិភាក្សានេះគួរបន្តធ្វើនៅពេលណាដែលពួកកុម្មុយនីស បានត្រៀមរួចរាល់ក្នុងការឲ្យយោបល់សម្រាប់ដោះស្រាយបញ្ហាមួយដែលនៅសល់គឺ បញ្ហាការធ្វើមាតុភូមនិវត្តន៍ដោយចេតនា។
លោកឧត្តមសេនីយ៍ Mark W. Clark បានមកជំនួសតំណែងលោក រីត វេ ក្នុងឋានៈជាមេ បញ្ជាការនៃទីបញ្ជាការរបស់អង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៥២។ បន្ទាប់មកនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៩៥៣ នាយករដ្ឋមន្ត្រីសហភាពសូវៀត លោក យ៉ូសេប ស្តាលីន បានទទួលមរណៈភាព។ បន្ទាប់ពីមរណៈភាពរបស់លោក ស្តាលីន មេដឹកនាំសូវៀតបានចាប់ផ្តើមពិភាក្សាលើដំណោះស្រាយរាល់ជម្លោះទាំងឡាយតាមផ្លូវសន្តិភាព។ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៥៣ ពួកកុម្មុយនីស្ត បានយល់ព្រមលើកសំណើរដំបូងរបស់អង្គការសហប្រជាជាតិក្នុងការផ្លាស់ប្តូរជនឈ្លើយសឹកណាដែល មានជម្ងឺ និងមានរបួស។ ពួកកុម្មុយនីស្តក៏បានចង្អុលផងដែរថា កិច្ចពិភាក្សាបញ្ចប់សង្គ្រាមគួរតែធ្វើបន្តទៀត។ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ហើយការប្រយុទ្ធគ្នាត្រូវបញ្ចប់។ តំបន់ការពារ ឬតំបន់ស ត្រូវបានបែងចែកជាពីរផ្នែក ដោយតំបន់នេះមានទទឹង៤គីឡូម៉ែត្រ តាមបណ្តោយខ្សែបន្ទាត់សមរភូមិចុងក្រោយ។ ទឹកដីនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងប្រមាណជា ៣.៨៨០គីឡូម៉ែត្រការ៉េ។ ភាគីទាំងពីរបានយល់ព្រមមិនបង្កើនកម្លាំងយោធារបស់ខ្លួនទៀតទេ។ គណៈកម្មការយុទ្ធសន្តិភាព រួមជាមួយនឹងតំណាងនៃប្រទេសទាំងពីរបានរៀបចំឲ្យដំណើរការនូវពាក្យ យុទ្ធសន្តិភាព។ បន្ទាប់ពីយុទ្ធសន្តិភាពនេះត្រូវបានចុះហត្ថលេខា ភាគីទាំងសងខាងបានដាក់បន្ទុកទៅលើគ្នាទៅវិញទៅមកតាមរយៈការធ្វើទារណ្ឌកម្ម ការបង្អត់អាហារអ្នកទោស និងបទឧក្រិដ្ឋនៃសង្រ្គាមផ្សេងៗទៀត។ ប្រទេសកូរ៉េខាងជើង និងពួកកុម្មុយនីស្តចិនត្រូវបានគេចោទថា បានបញ្ចុះបញ្ចូលប្តូរគំនិត។ មហាសន្និបាទរបស់អង្គការសហប្រជាជាតិក៏មានការយល់ចំពោះការសម្រេច ចិត្តទូទៅក្នុងការដាក់ទោសទៅលើទង្វើបែបនេះ។
នៅទីបញ្ជាការអង្គការសហប្រជាជាតិ និងពួកកុម្មុយនីស្តបានបញ្ចប់ការដោះដូរជនឈ្លើយសឹក ចំនួន៨៨.៥៩៩នាក់នៅក្នុងខែកញ្ញា ឆ្នាំ១៩៥៣។ គណកម្មការជនមាតុភូមិនិវត្តន៍អព្យាក្រិត្យរបស់ជាតិ បានទទួលយកនូវសិទ្ធព្យាបាល របស់អ្នកទោសណាដែលមិនត្រឡប់ទៅ ស្រុកកំណើតរបស់ខ្លួនវិញ។ យុទ្ធសន្តិភាពបានបន្ថែមថា ប្រតិភូ ឬអ្នកទស្សនាទាំងឡាយណា ដែលមកពីប្រទេសផ្សេងៗអាចទស្សនា ឬសួរសុខទុក្ខអ្នកទោសទាំងនោះ និងអាចសាកល្បងបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅផ្ទះ របស់ពួកគេវិញបាន។ មានអ្នកទោសជនជាតិចិនចំនួន ១៤២.២៧នាក់ និងជនជាតិកូរ៉េខាងជើង ៧៥៨នាក់ កូរ៉េខាងត្បូង៣២៥នាក់ អាមេរិក២១នាក់ និងអង់គ្លេសម្នាក់១នាក់ មិនព្រមត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញឡើយ។ ក្រោយមក មានអ្នកទោសមួយចំនួនក្នុងចំណោមអ្នកទោសទាំងនោះ បានផ្លាស់ប្តូរគំនិតចង់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ។

ដោយសារតែប្រទេសកូរ៉េទាំងពីរធ្លាប់មានស្នាមរបួសក្នុងអតីតកាល រួមជាមួយនឹងបញ្ហាមួយ ចំនួនដែលពុំអាចដោះស្រាយបានដាច់ស្រលះ និងបញ្ហាផ្សេងៗចេះតែកើតមានឡើងជាបន្តបន្ទាប់ បណ្តាលឲ្យប្រទេសទាំងពីរ ពិបាកវិលទៅបង្រួបបង្រួមជាប្រទេសតែមួយបាន។ អ្វីដែលសំខាន់បំផុតនោះ ភាគីខាងជើង ព្យាយាមពង្រីកអំណាចខាងគ្រឿងសព្វាវុធ និងអាវុធនុយក្លេអែរ ដែលធ្វើឲ្យសហគមន៍ អន្តរជាតិរួមជាមួយកូរ៉េខាងត្បូងព្យាយាមគ្រប់មធ្យោបាយប្រឆាំងជាមួយប្រទេសកុម្មុយនីសមួយនេះ។ អ្វីដែលសំខាន់បំផុតនោះគឺ បន្ទាប់ពីជប៉ុនដកថយចេញទៅ ប្រទេសកូរ៉េ មានមហាអំណាចនៅពី ក្រោយខ្នង រៀងៗខ្លួន ស្របពេលដែលមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នា ក្នុងសម័យសង្រ្គាមត្រជាក់ផងនោះ ជាមូលហេតុមួយ ដែលធ្វើឲ្យកូរ៉េដែលធ្លាប់ជាប្រទេសតែមួយ ប្រែក្លាយជាប្រទេសពីរផ្សេងគ្នា ពិបាកបំផុត ក្នុងការវិលទៅរកការបង្រួបបង្រួមជាប្រជាជាតិតែមួយ៕

ប្រភពឯកសារ៖ គេហទំព័រដើមអម្ពិល

About these ads

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 529 other followers

%d bloggers like this: